(បរទេស)៖ ចំនួនទ្វីបនៅលើផែនដី ជាទូទៅ ត្រូវគេចាត់ទុកថាមាន ៧ ឬ ៦ ប៉ុន្តែពេលខ្លះគេនិយាយតែ ៤ ប៉ុណ្ណោះ ខណៈទ្វីបមួយចំនួនត្រូវគេរាប់បញ្ចូលជាទ្វីបតែមួយ ដូចជា ទ្វីបអាមេរិក ដែលជាការរួមបញ្ចូលគ្នារវាងទ្វីបអាមេរិកខាងជើង និងទ្វីបអាមេរិកខាងត្បូង ក៏ដូចជាទ្វីបអាហ្រ្វូ-អឺរ៉ាស៉ី (Afro-Eurasia) ដែលជាការរួមបញ្ចូលគ្នារវាងទ្វីបអាហ្រ្វិក ទ្វីបអឺរ៉ុប និងទ្វីបអាស៉ី។ ជាមួយគ្នានោះ ក៏តែងមានការរួមបញ្ចូលគ្នារវាងតែទ្វីបអាស៉ី និងទ្វីបអឺរ៉ុបផងដែរ ដែលគេហៅថា អឺរ៉ាស៉ី (Eurasia)។
ការរាប់ចូលគ្នានៃទ្វីបទាំងប៉ុន្មានខាងលើ គឺដោយសារតែពួកគេមានព្រំប្រទល់ជាប់គ្នានៅលើដី ដោយព្រំប្រទល់រវាងទ្វីបអាមេរិកខាងជើង និងខាងត្បូង ព្រមទាំងព្រំប្រទល់រវាងទ្វីបអាហ្រ្វិក និងអាស៉ី គឺមិនសូវពិបាកនឹងបែងចែងឡើយ ដោយសារដីដែលពួកវាជាប់គ្នានោះពុំមានទំហំធំប៉ុន្មានទេ ប៉ុន្តែសម្រាប់ព្រំប្រទល់រវាងទ្វីបអឺរ៉ុប និងទ្វីបអាស៉ី ទើបពិបាកនឹងកំណត់ច្បាស់លាស់ ដោយសារដីដែលនៅជាប់គ្នានោះមានទំហំធំ និងស្មុគស្មាញ។
តាមពិតទៅបើតាមជាក់ស្តែង អឺរ៉ុប និងអាស៉ី ជាទ្វីបតែមួយប៉ុណ្ណោះ ដោយសារពួកវាស្ថិតនៅលើដីមួយដ៏ធំសម្បើមបំផុតនៅលើផែនដី។ គំនិតនៃការបែងចែកដាច់ដោយឡែកពីគ្នារវាងអឺរ៉ុប និងអាស៉ីបែបនេះ កើតចេញមកដំបូងកាលពីពីសម័យក្រិកបុរាណ ដែលបានយកសមុទ្រមួយចំនួនធ្វើជាព្រំដែននៃទ្វីបទាំងពីរ។ ពួកក្រិកចាត់ទុកដែនដីដែលពួកគេស្គាល់នៅភាគលិចជា «អឺរ៉ុប» ហើយដែនដីភាគខាងកើតដែលនៅឆ្ងាយជា «អាស៉ី»។
រហូតមកដល់សម័យទំនើបនេះគេបានកំណត់និយមន័យថ្មី និងកំណត់បាននូវព្រំប្រទល់រវាងទ្វីបអឺរ៉ុប និងអាស៉ី ក្នុងនោះរួមមាននៅសមុទ្រអេជៀន (Aegean sea) ដែលនៅចន្លោះប្រទេសក្រិក និងតួកគី, ច្រកសមុទ្រម៉ាម៉ារ៉ា (Sea of Marmara ) របស់ប្រទេសតួកគី, សមុទ្រខ្មៅ (Black sea), ជួរភ្នំហ្គ្រេតថឺរ Greater Caucasus ដែលលាតសន្ធឹងកាត់ប្រទេសរុស្ស៉ី ហ្សកហ្ស៉ី និងអាស៊ែបៃហ្សង់, សមុទ្រកាស្ពៀន (Caspian sea) ក្រៅពីនោះក៏មានជួរភ្នំអ៊ូរ៉ាល់ និងទន្លេអ៊ូរ៉ាល់ (Ural) រហូតដល់ឈូងសមុទ្រការ៉ា (Kara sea) ដែលស្ថិតក្នុងដែនដីប្រទេសរុស្ស៉ី។ ប៉ុន្តែទោះជាយ៉ាងណា ការកំណត់នេះក៏នៅមានតែភាពចម្រូងចម្រាសដដែល។
យ៉ាងណាមិញ តាមរយៈនិយមន័យនេះ ប្រទេសមួយចំនួនត្រូវស្ថិតនៅខាងទ្វីបអឺរ៉ុបផង និងទ្វីបអាស៉ីផង ដូចជា ប្រទេសតួកគី រុស្ស៉ី កាហ្សាក់ស្ថាន ហ្សកហ្ស៉ី អាស៊ែបៃហ្សង់ជាដើម៕