(ស៉ីប)៖ ស៉ីព (Cyprus) មានឈ្មោះជាផ្លូវការថា សាធារណរដ្ឋស៉ីព (Republic of Cyprus) គឺជាកោះមានអធិបតេយ្យមួយ នៅក្នុងសមុទ្រមេឌីទែរ៉ាណេភាគខាងកើត។ វាជាកោះដែលធំជាងគេលំដាប់ទី៣ និងមានប្រជាជនច្រើនជាងគេលំដាប់ទី៣ នៅសមុទ្រមេឌីទែរ៉ាណេ។ សាធារណរដ្ឋស៉ីព បានបើកឲ្យជនបរទេសលើពិភពលោកអាចចូលសញ្ជាតិបាន។

តើអ្នកដឹងទេ វិធីចូលសញ្ជាតិស៉ីពមានអ្វីខ្លះ? ចង់ជ្រាបច្បាស់ សូមអានអត្ថបទចំណេះដឹងទូទៅស្តីពីវិធីស្របច្បាប់ ៤យ៉ាង ដើម្បីចូលសញ្ជាតិស៉ីព របស់ Fresh News Plus ដូចតទៅ៖

ចំណាប់អារម្មណ៍ ដែលចង់ក្លាយជាពលរដ្ឋរបស់ស៉ីព បានកើនឡើងយ៉ាងខ្លាំងនៅពេលដែលប្រជាជនមិនមែនស្ថិតនៅក្នុងសហគមន៍អឺរ៉ុប បានប្រើកម្មវិធីវិនិយោគស៉ីព ដែលផ្តល់លិខិតឆ្លងដែនស៉ីព ដល់វិនិយោគិន។ វីធីស្របច្បាប់ ៤យ៉ាង ដែលធ្វើឲ្យជនបរទេស ទទួលបានសញ្ជាតិស៉ីព រួមមាន៖ គោលការណ៍សញ្ជាតិអាស្រ័យលើទីលំនៅជាច្រើនឆ្នាំ, អាពាហ៍ពិពាហ៍ជាមួយជនជាតិស៉ីព, មានដើមកំណើតជាជនជាតិស៉ីព, និងគោលការណ៍ដែលគេហៅថា កម្មវិធីវិនិយោគ (ដែលកម្មវិធីនេះ ត្រូវបានលុបចោលវិញ តាំងពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០)។

១៖ គោលការណ៍សញ្ជាតិអាស្រ័យលើទីលំនៅជាច្រើនឆ្នាំ (ប្រភេទ M127)

ការដាក់ពាក្យសុំសញ្ជាតិស៉ីព អាចត្រូវបានដាក់ដោយជនបរទេស ដែលបានបញ្ចប់ការស្នាក់នៅស្របច្បាប់សរុប ៧ឆ្នាំ នៅស៉ីព (ឬ២៥៥៥ ថ្ងៃនៃការស្នាក់នៅស៉ីព) មុនកាលបរិច្ឆេទដាក់ពាក្យសុំ។ អ្នកដាក់ពាក្យសុំត្រូវតែស្នាក់បន្តនៅស៉ីព រហូតដល់មួយឆ្នាំចុងក្រោយមុនពេលដាក់ពាក្យសុំ។ ក្នុងករណីអ្នកដាក់ពាក្យសុំដែលជាកូនៗ ឬឪពុកម្តាយរបស់ពលរដ្ឋស៉ីព ពេលវេលាដែលត្រូវការគឺ ៥ឆ្នាំ ឬលើសពីនេះគឺ ៧ឆ្នាំ។

២៖ ការទទួលបានសញ្ជាតិស៉ីព តាមរយៈអាពាហ៍ពិពាហ៍ជាមួយជនជាតិស៉ីព (ប្រភេទ M125)

ប្តី ឬប្រពន្ធបរទេសរបស់ស៉ីព ដែលបានរៀបអាពាហ៍ពិពាហ៍ ៣ឆ្នាំ និងមានទីលំនៅ ២ឆ្នាំ នៅស៉ីព មុនកាលបរិច្ឆេទនៃពាក្យសុំ មានសិទ្ធិដាក់ពាក្យសុំសញ្ជាតិស៉ីពបាន។ ដូចគ្នានេះផងដែរ ប្តី ឬប្រពន្ធរបស់ស៉ីព ដែលកំពុងរស់នៅបរទេស ក៏មានសិទ្ធិដាក់ពាក្យសុំចូលសញ្ជាតិស៉ីព នៅពេលដែលពួកគេបានរៀបអាពាហ៍ពិពាហ៍យ៉ាងហោចណាស់ ៣ឆ្នាំ។ ក្នុងករណីនេះ គូស្វាមីភរិយា ត្រូវពន្យល់ពីមូលហេតុដែលចង់បានសញ្ជាតិស៉ីព។ ប្រសិនបើគូស្វាមីភរិយា បានរៀបអាពាហ៍ពិពាហ៍រយៈពេល ៥ឆ្នាំ ហើយមានកូនយ៉ាងតិច១ គឺមិនចាំបាច់ផ្តល់ការពន្យល់ដូចការបង្ហាញខាងលើនោះទេ។

៣៖ ការទទួលបានសញ្ជាតិស៉ីព ដោយសារមានដើមកំណើតជាជនជាតិស៉ីព

* ពាក្យសុំវិញ្ញាបនប័ត្រកំណើតកុងស៊ុល (ប្រភេទ M121)៖ ប្រភេទនេះ សម្រាប់មនុស្សមិនទាន់ពេញវ័យ ឬមនុស្សពេញវ័យ ដែលកើតនៅបរទេស បន្ទាប់ពីថ្ងៃទី១៦ ខែសីហា ឆ្នាំ១៩៦០ ហើយឪពុករបស់ពួកគេ គឺជាពលរដ្ឋស៉ីព នៅពួកគេពេលកើត ហើយដោយអ្នកដែលកើតក្រោយថ្ងៃទី១១ ខែមិថុនា ឆ្នាំ១៩៩៩ ដែលម្តាយរបស់ពួកគេជាពលរដ្ឋស៉ីព នៅពេលពួកគេកើត។

* ពាក្យសុំចុះឈ្មោះសម្រាប់មនុស្សមិនទាន់ពេញវ័យ (ប្រភេទ M126)៖ ប្រភេទនេះ សម្រាប់មនុស្សមិនទាន់ពេញវ័យ ដែលកើតមុនថ្ងៃទី១១ ខែមិថុនា ឆ្នាំ១៩៩៩ នៅកោះស៉ីព ឬនៅបរទេស ហើយម្តាយរបស់ពួកគេជាពលរដ្ឋស៉ីព និងឪពុកជាជនបរទេស ឬសម្រាប់មនុស្សមិនទាន់ពេញវ័យ ដែលឪពុកពួកគេបានទទួលសញ្ជាតិស៉ីព បន្ទាប់ពីពួកគេកើត។ ប្រភេទនេះ ក៏អនុវត្តបានដែរសម្រាប់មនុស្សមិនទាន់ពេញវ័យ ដែលឪពុក ឬម្តាយទទួលបានសញ្ជាតិស៉ីព ដោយគោលការណ៍សញ្ជាតិអាស្រ័យលើទីលំនៅជាច្រើនឆ្នាំ ឬតាមរយៈការចុះឈ្មោះដោយសារអាពាហ៍ពិពាហ៍។

៤៖ ការទទួលបានសញ្ជាតិស៉ីព ដោយសារកម្មវិធីវិនិយោគស៉ីព

មានគោលនយោបាយមួយរបស់ស៉ីព ដើម្បីទាក់ទាញការវិនិយោគបរទេស បានបង្កើតកម្មវិធីវិនិយោគស៉ីព (Cyprus Investment Programme)។ វាផ្តល់ឱកាសដល់វិនិយោគិន ក្នុងការទទួលបានលិខិតឆ្លងដែនស៉ីពសម្រាប់ពួកគេ និងគ្រួសាររបស់ពួកគេ ជាមួយនឹងការវិនិយោគដែលចាប់ផ្តើមពី ២លានអឺរ៉ូ។ គួររម្លឹកថា កម្មវិធីនេះ ត្រូវបានលុបចោលវិញ តាំងពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០។

សូមជម្រាបថា ប្រទេសស៉ីប មានទីតាំងនៅភាគខាងជើងប្រទេសអេហ្ស៉ីព ភាគពាយ័ព្យប្រទេសលីបង់ ប៉ាឡេស្ទីន និងអ៉ីស្រាអែល ភាគខាងលិចប្រទេសស៉ីរី ភាគអាគ្នេយ៍ប្រទេសក្រិក និងភាគខាងត្បូងនៃប្រទេសទួរគី។ នីកូស៉ី (Nicosia) គឺជារដ្ឋធានី និងជាទីក្រុងធំបំផុតរបស់ប្រទេសស៉ីព៕

ស៉ីព មើលតាមរយៈផ្កាយរណប

ស៉ីព មើលក្នុងផែនទីពិភពលោក

សមុទ្រមេឌីទែរ៉ាណេ

ឆ្នេរសមុទ្រនៅស៉ីព

ទេសភាពទីក្រុងនីកូស៉ី ប្រទេសស៉ីព