(អាស៊ាន)៖ ទោះបីជានៅសតវត្សរ៍ទី១៩ ទ្វីបអាស៊ីស្ទើរតែទាំងមូលបានធ្លាក់ក្រោមនឹមអាណានិគមរបស់ពួកអឺរ៉ុបក៏ពិតមែន ប៉ុន្តែចក្រភពអង់គ្លេស និងចក្រភពបារាំង បានទុកនគរមួយជាតំបន់ទ្រនប់រវាងដែនអាណានិគមពួកគេ ដោយមិនមានការដណ្ដើមគ្នាត្រួតត្រានោះឡើយ។ តើតំបន់ទ្រនប់រវាងអាណានិគមធំៗទាំងពីរនេះស្ថិតនៅប្រទេស ហើយមានមូលហេតុអ្វីខ្លះដែលជួយឱ្យប្រទេសនេះរួចផុតពីនឹមអាណានិគម?
ឈានដល់សតវត្សរ៍ទី១៥ ពិភពលោកក៏បានស្គាល់នូវរសជាតិធ្លាក់នៅក្រោមនឹមអាណានិគមរបស់ពួកមហាអំណាចអឺរ៉ុបជាបន្តបន្ទាប់។ មហាអំណាចអឺរ៉ុបដែលលិចធ្លោជាងគេ រួមមាន៖ ចក្រភពព័រទុយហ្កាល់ ចក្រភពអេស្ប៉ាញ និងហូឡង់ ឬសាធារណរដ្ឋដាត្ឆ (Dutch Republic) ដែលជាមហាអំណាចចាស់ ក្រោយមកមានចក្រភពអង់គ្លេស និងចក្រភពបារាំង ដែលជាមហាអំណាចថ្មី។
នៅគ្រិស្ដសករាជ ១៤៩៨ កងទ័ពជើងទឹករបស់ចក្រភពព័រទុយហ្កាល់បានចូលឈ្លានពានរដ្ឋហ្គោអា (Goa) របស់ប្រទេសឥណ្ឌា និងបានឆ្លងមហាសមុទ្រឥណ្ឌាបន្តមកដល់ទឹកដីអាស៉ីអាគ្នេយ៍ ដើម្បីចូលឈ្លានពានជ្រោយម៉ាឡាកានៅគ្រិស្ដសករាជ ១៥១១។
នៅគ្រិស្ដសករាជ ១៥៦៥ ចក្រភពអេស្ប៉ាញបានលើកទ័ពជើងទឹកមកច្បាំងដណ្ដើមយកអាណាចក្រសេប៊ូ (Cebu) ហើយក្រោយមកក៏បានបង្កើតរដ្ឋធានីម៉ានីលនៅគ្រិស្ដសករាជ ១៥៧១ ដែលចំណុះក្រោមអំណាចកងទ័ពព័រទុយហ្កាល់។
កងទ័ពហូឡង់បានធ្វើដំណើរដ៏វែងឆ្ងាយតាមផ្លូវសមុទ្រទៅដល់ទឹកដីជប៉ុននៅគ្រិស្ដសករាជ ១៦០០។ ប្រមាណ ១៩ ឆ្នាំក្រោយមក ហូឡង់ក៏បានដណ្ដើមយករាជធានីជ័យកាតា ឬហ្សាការតា ពីអាណាចក្រម៉ាចាប៉ាហិត (Majapahit) របស់ពួកជ្វាដែលកាន់សាសនាឥស្លាម និងបានប្ដូរឈ្មោះទីក្រុងជ័យកាតាទៅជាទីក្រុងប៉ាត់តាវៀ (Batavia)។
វត្តមានរបស់កងទ័ពអាណានិគមទាំងបីខាងលើនេះ ហាក់មិនទាន់មានការប្រកួតប្រជែងគ្នាខ្លាំង ហើយក៏មិនទាន់ចូលជ្រៅទៅដល់បណ្ដានគរនៅលើដែនដីគោកនៅឡើយដែរ។ ទីតាំងដែលពួកគេត្រូវការ ភាគច្រើនគឺស្ថិតនៅតាមច្រាំងសមុទ្រ។ គេត្រូវរង់ចាំដល់មានវត្តមានរបសអង់គ្លេស និងបារាំងដែលចេញទ័ពមកដល់ទ្វីបអាស៉ីក្រោយគេនៅសតវត្សរ៍ទី១៨ ទើបព្រឹត្តិការណ៍អាណានិគមនៅលើទ្វីបមួយនេះចាប់ផ្ដើមពុះកញ្ជ្រោលខ្លាំងឡើងៗ។
ចក្រភពអង់គ្លេសបានលើកទ័ពចូលទន្ទ្រានយកទឹកដីឥណ្ឌាទាំងមូលនៅដើមសតវត្សរទី១៨។ ក្រោយមក ក៏បានបន្តវាយយកប្រទេសភូមា ម៉ាឡេស៉ី ព្រុយណេ និងដែនដីហុងកុងពីមហាឆេង (Qing 1644-1912)។
ចំណែកឯកងទ័ពចក្រភពបារាំងក៏បានមកដល់ទឹកដីឥណ្ឌូចិននៅគ្រិស្ដសករាជ ១៨៥៨ និងដាក់អាណានិគមលើប្រទេសកម្ពុជា អាណាចក្រតុងកឹង អាណាចក្រអណ្ណាម និងដែនដីកម្ពុជាក្រោម ក្រោយមកបានដណ្ដើមយកអាណាចក្រហ្លួងព្រះបាងរបស់លាវពីសៀម និងផ្នែកខ្លះនៅប្រទេសចិន។
និយាយរួម នៅដើមសតវត្សរ៍ទី២០ មុនសង្គ្រាមលោកលើកទី១ ទឹកដីចក្រភពឥណ្ឌា និងអាស៉ីអាគ្នេយ៍បានធ្លាក់ក្រោមនឹមអាណានិគមរបស់មហាអំណាចអឺរ៉ុបស្ទើរតែទាំងស្រុង លើកលែងតែប្រទេសសៀមតែមួយគត់ដែលអាចរួចផុតពីក្រញ៉ាំលោកខាងលិច នេះក៏ដោយសារចក្រភពអង់គ្លេស និងចក្រភពបារាំងបានព្រមព្រៀងគ្នានៅគ្រិស្ដសករាជ ១៨៩៦ ដោយទុកអាណាចក្រសៀមជាតំបន់ទ្រនាប់ ឬជាតំបន់ «ស» រវាងដែនដីអាណានិគមរបស់មហាអំណាចទាំងពីរ។
ការកំណត់តំបន់ទ្រនប់នេះ គឺដើម្បីជៀសវាងជម្លោះគ្រប់គ្រងដែនដីត្រួតគ្នានាពេលអនាគត ដោយបារាំង និងអង់គ្លេសបានរួមគ្នាធានាឯករាជ្យរបស់សៀម ប៉ុន្តែយ៉ាងណាសៀមក៏បានរបូតនគរលាវឱ្យទៅបារាំងទាំងបង្ខំចិត្តផងដែរ៕