(បរទេស)៖ ថ្ងៃទី០១ ខែមករា គឺជាថ្ងៃចូលឆ្នាំថ្មីនៃឆ្នាំសកល បើគិតតាមប្រតិទិនអន្តរជាតិ ហៅថា Gregorian Calendar ដែលប្រើប្រាស់ជុំវិញពិភពលោក ប៉ុន្តែតាមពិតទៅ បុណ្យចូលឆ្នាំថ្មីបែបនេះ ក៏តែងតែត្រូវប្រារព្ធឡើងដាច់ដោយឡែករៀងៗខ្លួនជារៀងរាល់ឆ្នាំ នៅតាមតំបន់ដែលមានប្រពៃណីខុសៗគ្នាផងដែរ ដោយសឹងតែពីរទៅបីខែមានបុណ្យចូលឆ្នាំថ្មីម្តង។
តួយ៉ាង មិនយូរប៉ុន្មានក្រោយថ្ងៃឆ្លងឆ្នាំសកលឡើយនោះ គឺកំឡុងខែមករា ឬខែកុម្ភៈ បុណ្យចូលឆ្នាំថ្មីហៅថា Lunar New Year តែងប្រារព្ធឡើងនៅក្នុងប្រទេសចិន វៀតណាម និងកូរ៉េខាងត្បូង។ ការចូលឆ្នាំថ្មីនៅតាមតំបន់ភាគច្រើន គឺយោងទៅតាមប្រតិទិនចន្ទគតិ ដូច្នេះហើយពេលវេលាចូលឆ្នាំថ្មីពីមួយឆ្នាំទៅមួយឆ្នាំ គឺមិនទៀងទាត់ដូចថ្ងៃចូលឆ្នាំសកល ដែលផ្អែកលើប្រតិទិនអន្តរជាតិ ឬប្រតិទិនសូរិយគតិនោះទេ។
សម្រាប់នៅខែមីនា បុណ្យចូលឆ្នាំថ្មីហៅថា Persian New Year តែងប្រារព្ធឡើងនៅប្រទេសអ៉ីរ៉ង់ អាហ្វហ្កានីស្ថាន អ៉ីរ៉ាក់ តួកគី និងស៉ីរី ព្រមទាំងប្រទេសដទៃទៀតនៅតំបន់អាស៉ីកណ្តាល។ រីឯនៅប្រទេសឥណ្ឌា បុណ្យចូលឆ្នាំថ្មី Hindu New Year តែងប្រារព្ធឡើងនៅក្នុងថ្ងៃផ្សេងៗគ្នាក្នុងខែមីនា និងមេសា ដោយផ្អែកលើតំបន់នីមួយៗ ខណៈតំបន់ខ្លះប្រើប្រតិទិនចន្ទគិត និងតំបន់ខ្លះប្រើប្រតិទិនសូរិយគតិ។
ចំណែកនៅចន្លោះថ្ងៃ១៣-១៦ ខែមេសា រៀងរាល់ឆ្នាំ បុណ្យចូលឆ្នាំថ្មីហៅថា Songkran តែងប្រារព្ធឡើងនៅក្នុងប្រទេសកម្ពុជា ថៃ មីយ៉ាន់ម៉ា និងឡាវ ខណៈថ្ងៃចូលឆ្នាំនេះធ្លាប់មានការប្រែប្រួលពីមុនមក ដោយសារយោងលើប្រតិទិនចន្ទគតិហិណ្ឌូ ប៉ុន្តែឥឡូវមិនដូច្នោះទៀតឡើយ។ ដោយឡែក នៅតាមប្រទេសមូស្លីមក៏មានប្រារព្ធបុណ្យចូលឆ្នាំថ្មីដែរ ដោយយោងទៅតាមប្រតិទិនចន្ទគតិឥស្លាមរបស់ពួកគេ ប៉ុន្តែបុណ្យចូលឆ្នាំ Islamic New Year គឺជាការចូលឆ្នាំថ្មីតាមតំបន់តែមួយគត់ ដែលអាចកើតឡើងនៅខែមួយណាក៏បាន ព្រោះប្រតិទិនឥស្លាមខ្លីជាងប្រតិទិនអន្តរជាតិខ្លាំង។
គួរបញ្ជាក់ថា ជាចុងក្រោយនៅខែកញ្ញា គឺជាខែដែលជនជាតិជ្វីបប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីខ្លួន ហៅថា Rosh Hashanah នៅក្នុងប្រទេសអ៉ីស្រាអែល៕