(បារីស)៖ ទួរអេហ្វហ្វែល (Tour Eiffel) ជាសំណង់ស្ថាបត្យកម្មដ៏ខ្ពស់មួយនៅទីក្រុងបារីស ប្រទេសបារាំង ដែលសង់ឡើងដោយគ្រោងដែកស្ថិតនៅសួនសាធារណៈ ហ្សង់ឌឺម៉ាស (Champ de Mars) ជាប់នឹងស្ទឹងសែនបារីស (Cygnes River)។ ហេតុអ្វីបានជាបារាំងសាងសង់អគារដែកនេះឡើង?
អគារទួរអេហ្វហ្វែល សង់ដោយជាងមានថ្វីដៃជាតិបារាំងឈ្មោះ ហ្គូសស្តាវ អេហ្វហ្វែល (Gustave Eiffel) និងក្រុមរបស់គាត់។ ប៉មនេះមានកម្ពស់ ៣២៤ ម៉ែត្រ ប្រើដែកសរុបអស់ចំនួន ៧ ពាន់តោន។
ដំបូងឡើយ គេសង់អគារនេះជាបណ្តោះអាសន្នសម្រាប់អ្នកមកទស្សនាតាំងពិពណ៌ពិភពលោកក្នុងឆ្នាំ១៨៨៩ និងដើម្បីអបអរសាទរខួបគម្រប់ ១០០ ឆ្នាំនៃបដិវត្តបារាំងផងដែរ។ ទួរអេហ្វហ្វែលមានថ្នាក់ ៣ ជាន់ ដែលគេអាចទិញសំបុត្រទៅមើលទស្សនីយភាពនៅខាងលើបាន ដោយឡើងតាមជណ្តើរជើង និងជណ្តើរយន្ត។ នៅខាងក្នុងអគារមានប្រៃសណីយ៍ សារមន្ទីរ ហាងលក់វត្ថុអនុស្សាវរីយ៍ និងហាងលក់ទំនិញផ្សេងៗ។
នៅក្នុងអំឡុងពេលសាងសង់មានមតិរិះគន់ជាច្រើនអំពីទ្រង់ទ្រាយប៉មនេះថាជាស្នាដៃគ្មានសិល្បៈ សាងសង់ឡើងដោយគ្រាន់តែខ្វែងដែកចុះឡើងៗ ពុំបានគិតតាមគោលការណ៍វិទ្យាសាស្ត្រអ្វីឡើយ។
លុះក្រោយមកនៅឆ្នាំ១៩០៩ ទួរអេហ្វហ្វែលត្រូវគេប្រើធ្វើជាមជ្ឈមណ្ឌលបញ្ជូនសំឡេងវិទ្យុ និងនៅតែបន្តរហូតមកទល់បច្ចុប្បន្ន។ គេចាត់ទុកទីនេះជានិម្មិតរូបតំណាងក្រុងប៉ារីស និងជាតំបន់ទេសចរណ៍ដ៏សំខាន់មួយនៅក្នុងប្រទេសបារាំងផងដែរ៕