(អាស៉ី)៖ កន្លងទៅថ្មីៗនេះ តំណែងកំពូលមហាសេដ្ឋីប្រចាំទ្វីបអាស៉ីបានធ្លាក់ទៅលើមហាសេដ្ឋីជនជាតិចិនម្នាក់ ដែលមិនសូវជាមានឈ្មោះបោះសំឡេងប៉ុន្មានទេ នោះគឺលោក ចុង សានសាន (Zhong Shanshan) ដោយតម្លៃទ្រព្យសម្បត្តិសរុបរបស់លោកបានស្ទុះលោតឡើងកប់ពពកកាលពីឆ្នាំមុន ដោយសារតែក្រុមហ៊ុនផលិតទឹកបរិសុទ្ធ និងក្រុមហ៊ុនផលិតវ៉ាក់សាំង។
កាលពីខែមករា ឆ្នាំ២០២០ លោក ចុង គឺមានឈ្មោះជាមហាសេដ្ឋីពាន់លានមួយរូបស្រេចទៅហើយ ជាមួយទ្រព្យសម្បត្តិសរុបខ្ទង់ ៧ ពាន់លានដុល្លារ។ ក្នុងឆ្នាំ២០២០ តម្លៃទ្រព្យរបស់មហាសេដ្ឋីចិនរូបនេះបានកើនឡើងដល់ទៅរាប់សិបពាន់លានដុល្លារ ដែលជួយធ្វើឲ្យលោកក្លាយជាមនុស្សមានជាងគេបំផុតម្នាក់នៅទ្វីបអាស៉ី ក្នុងពេលមិនដល់មួយឆ្នាំឡើយ។
នៅខែកញ្ញា ឆ្នាំមុន ឈ្មោះរបស់លោក ចុង បានលេចឡើងព្រោងព្រាតលើបណ្តាញសារព័ត៌មាន សម្រាប់ការក្លាយជាអ្នកមានទ្រព្យច្រើនជាងគេបង្អស់ប្រចាំប្រទេសចិន ក្រោយផ្តួលស្ថាបនិកក្រុមហ៊ុន Alibaba លោក ជេក ម៉ា (Jack Ma)។ ត្រឹមប៉ុន្មានខែក្រោយមក គឺនៅចុងខែធ្នូ ឆ្នាំ២០២០ ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីវ័យ ៦៦ ឆ្នាំរូបនេះ បានបន្តលោតឡើង ១៧ ពាន់លានដុល្លារថែមទៀត ហើយធ្វើឲ្យលោកក្លាយជាអ្នកមានជាងគេបំផុតប្រចាំទ្វីបអាស៉ីទាំងមូល បន្ទាប់វ៉ាដាច់កំពូលមហាសេដ្ឋីជនជាតិឥណ្ឌា លោក ម៉ាក់កេស អាមបានី (Mukesh Ambani)។
តម្លៃទ្រព្យសម្បត្តិរបស់លោក ចុង សានសាន បានកើនខ្ពស់បំផុតដល់ ៩៥ ពាន់លានដុល្លារ កាលពីកំឡុងដើមខែមករា ឆ្នាំ២០២១ ខណៈគិតត្រឹមខែកុម្ភៈ ឆ្នាំ២០២១ ទ្រព្យសម្បត្តិលោកស្ថិតនៅ ៩៤.៣ ពាន់លានដុល្លារ ហើយលោកឈរនៅលេខរៀងទី៧ នៃបញ្ជីកំពូលមហាសេដ្ឋីប្រចាំពិភពលោកទាំងមូល, នេះបើតាមតារាង Bloomberg's Billionaires Index។
លោក ចុង ជាប្រធានក្រុមហ៊ុនពីរ ដោយមួយជាក្រុមហ៊ុនផលិតទឹកបរិសុទ្ធឈ្មោះ ណងហ្វូ ស្ព្រីង (Nongfu Spring) និងមួយទៀតជាក្រុមហ៊ុនផលិតវ៉ាក់សាំងឈ្មោះ ប៉ីជីង វ៉ានថាយ ប្យោឡូជីខល ហ្វាម៉ាស៉ី អ៉ីនថឺប្រាយស៍ (Beijing Wantai Biological Pharmacy Enterprise) ដែលផលិតឧបករណ៍ធ្វើតេស្តរកជំងឺកូវីដ១៩ និងកំពុងតែអភិវឌ្ឍវ៉ាក់សាំងបង្ការជំងឺរាតត្បាតសកលនេះផងដែរ។ បន្ទាប់ពីការបោះផ្សាយលក់មូលបត្ររបស់ក្រុមហ៊ុនទាំងពីរជាសាធារណៈជាលើកដំបូង កាលពីឆ្នាំ២០២០ ទ្រព្យសម្បត្តិរបស់លោក ចុង ក៏បានបន្តស្ទុះឡើងខ្ពស់ រហូតនាំឲ្យលោកក្លាយជាកំពូលមហាសេដ្ឋីប្រចាំអាស៉ី។
យោងតាមប្រព័ន្ធផ្សព្វផ្សាយនៅប្រទេសចិន លោក ចុង សានសាន គឺជាបុគ្គលដែលកម្របង្ហាញខ្លួនជាសាធារណៈ និងផ្តល់បទសម្ភាសន៍ជាមួយអ្នកព័ត៌មានណាស់។ លោកធ្លាប់និយាយថា «ខ្ញុំជាមនុស្សចូលចិត្តភាពនៅស្ងប់ស្ងាត់តែឯង ហើយខ្ញុំមិនខ្វល់ថាមហាសេដ្ឋីដទៃទៀត កំពុងធ្វើអ្វីឬគិតបែបណាឡើយ»។ លោកត្រូវបណ្តាញសារព័ត៌មានចិនដាក់រហស្សនាមឲ្យថា «ចចកទោល»។ ការដែលលោកបែបនេះ គឺប្រហែលដោយសារតែប្រវត្តិតូចទាបរបស់លោក ចុង។
គួរបញ្ជាក់ថា លោក ចុង សានសាន កើតនៅទីក្រុងហាងចូវ (Hangzhou) នៃខេត្តចឺជាន (Zhejian) ភាគខាងកើតប្រទេសចិន នាឆ្នាំ១៩៥៤។ ទម្រាំក្លាយខ្លួនជាមនុស្សមានទ្រព្យដ៏ស្តុកស្តម្ភបែបនេះ លោក ចុង ត្រូវបង្ខំចិត្តបោះបង់ចោលការសិក្សាថ្នាក់បឋមសិក្សា ហើយបានចំណាយពេលប៉ុន្មានឆ្នាំធ្វើការកម្មករសំណង់ មុនបានការងារជាអ្នករាយការណ៍ព័ត៌មានក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ហើយអំឡុងចុងទសវត្សរ៍ដដែលនេះ លោកបានចាប់ផ្តើមសាកល្បងលើមុខជំនួញចម្រុះជាច្រើន រួមមានតាំងពីការបង្កើតស្ថាប័នព័ត៌មាន កសិដ្ឋានបណ្តុះផ្សិត និងអាជីវកម្មលក់វាំងននជាដើម។ ក្រោយមក លោកបានបង្កើតក្រុមហ៊ុនផ្នែកវេជ្ជសាស្រ្តមួយឈ្មោះថា យ៉ាងសេងថាង (Yangshengtang) ដែលបច្ចុប្បន្នជាក្រុមហ៊ុន ប៉ីជីង វ៉ានថាយ នេះឯង។ នៅឆ្នាំ១៩៩៦ លោកក៏បានបង្កើតក្រុមហ៊ុន ណងហ្វូ ស្ព្រីង ឡើងថែមទៀត និងជោគជ័យរហូតមកទល់ពេលនេះ៕