(ចិន)៖ ក្រៅពីមហាកំពែង និងព្រះបរមរាជវាំងក្រុងប៉េកាំង ប្រទេសចិនក៏នៅមានសំណង់ស្ថាបត្យកម្មដ៏ល្បីល្បាញមួយទៀតដែរ នោះគឺវិមានព័រសឺឡែនណានជីង (Porcelain Tower of Nanjing) ដែលជារតនសម្បត្តិដ៏ល្អវិចិត្រតាំងពីសតវត្សរ៍ទី១៥ ក្នុងសម័យរាជវង្សម៉េង (Ming 1368-1644)។
វិមានខ្ពស់ស្កឹមស្កៃត្រដឹងទ្រមេឃ កាំរស្មីភ្លឺជះនាពេលរាត្រី នោះហើយគឺជាវិមានព័រសឺឡែនណានជីង ដែលកំពុងសម្ដែងឫទ្ធនៅតាមច្រាំងខាងត្បូងនៃទន្លេឈិនហ្វៃ (Qinhuai) ក្បែរទីក្រុងណានជីង ខេត្តជាំងស៊ូ (Jiangsu) ប្រទេសចិន។
វិមាននេះធ្លាប់ជាផ្នែកមួយនៃមហាប្រាសាទប៉ាវអឺន (Bao'en) ដែលត្រូវបានកសាងឡើងនៅសតវត្សរ៍ទី១៥ ក្នុងរជ្ជកាលព្រះចៅអធិរាជ យ៉ុងឡឹ (Yongle 1402-1424) នៃរាជវង្សម៉េង ដើម្បីរំលឹកដល់ព្រះមាតា និងព្រះបិតារបស់ទ្រង់។
វិមានព័រសឺឡែនណានជីង ជាសំណង់ស្ថាបត្យកម្មបុរាណចិន មានរាងអដ្ឋកោណ កម្ពស់ ៩ ជាន់ ស្មើនឹង ៧៩ ម៉ែត្រ។ ដំបូលវិមានប្រក់ដោយក្បឿងព័រសឺឡែនពណ៌បៃតង នៅតាមរឹមដំបូលមានព្យួរកណ្តឹងចំនួន ៨០ និងតុបតែងដោយគោមភ្លើងចំនួន ១៤០។ នៅកំពូលចេតិយមានរាងជារង្វង់មូល បិទមាស ចំណែកឯតួវិមានវិញមានតម្រៀបឥដ្ឋ និងតុបតែងលម្អដោយក្បឿងព័រសឺឡែន។ ព្រះចៅអធិរាជ យ៉ុងឡឹ បានបញ្ជាឱ្យគេបញ្ចុះវត្ថុមានតម្លៃជាច្រើន មានដូចជា មាស ប្រាក់ កែវមណី ជាមួយនឹងចម្លាក់ក្បូរក្បាច់រចនាដ៏ចម្រុះសម្បូរបែបតាមលំនាំរចនាប័ទ្មបុរាណចិន។
ចំណេរកាលក្រោយមក រាជវង្សម៉េងរបស់ជនជាតិហានក៏បានដួលរលំក្រោមស្នាដៃរបស់រាជវង្សឆេង (Qing 1644-1912) នៅគ្រិស្ដសករាជ ១៦៤៤។ ចំណែកទឹកដីចិនទាំងមូល រួមទាំងវិមានព័រសឺឡែនណានជីងនេះក៏ធ្លាក់ក្រោមគ្រប់គ្រងរបស់រាជការឆេងដែរ។
ស្ថាបត្យកម្មរបស់ចិនមួយនេះ ត្រូវបានផ្សព្វផ្សាយទៅកាន់ពិភពលោកដំបូងក្នុងពេលពួកបស្ចិមលោកឡើងច្រាំងចូលទឹកដីចិន ក្នុងនោះលោក យ៉ូហាន នីអេហូហ្វ (Johan Nieuhof) អ្នករុករកជនជាតិដាច់នៅហូឡង់ (Dutch) បានទៅដល់ទីតាំងវិមានណានជីងនេះមុនគេ ក្នុងពេលដែលលោកបានទៅដល់មហាឆេងនៅចន្លោះគ្រិស្ដសករាជ ១៦៥៥-១៦៥៧។
ក្នុងសម័យរាជវង្សឆេងនោះ ប្រទេសចិនបានកើតមានបដិវត្តថាយភីង (Taiping) នៅចន្លោះគ្រិស្ដសករាជ ១៨៥០-១៨៦៤ ដែលជាចលនាបះបោរដ៏ធំមួយបង្កឡើងដោយជនជាតិហានទៅលើរាជការឆេង។ ក្នុងពេលកើតមានសង្គ្រាមស៉ីវិលនេះ ខាងពួកថាយភីងបានបំផ្លិចបំផ្លាញផ្នែកជាច្រើននៃវិមានណានជីងរបស់ដូនតាខ្លួន។ គេបានកត់ត្រាទុកថា នៅគ្រិស្ដសករាជ ១៨៥២ វិមាននេះត្រូវពួកថាយភីងទម្លុះកម្ទេចចោលធ្វើឱ្យខូចខាតយ៉ាងដំណំ ហើយថែមទាំងបានលួចយកវត្ថុមានតម្លៃផ្សេងៗអស់រលីង។
រហូតដល់ឆ្នាំ២០១០ អ្នកជំនួញជនជាតិចិនម្នាក់ គឺលោក វ៉ាង ជានលីង (Wang Jianlin) បានបរិច្ចាគថវិកាផ្ទាល់ខ្លួនប្រមាណ ១,០០០ លានយ័ន ឬស្មើនឹង ១៥៦ លានដុល្លារអាមេរិក ដល់រដ្ឋបាលក្រុងណានជីង ដើម្បីប្រើប្រាស់ក្នុងការកសាងវិមានថ្មីមួយតាមបែបលំនាំដើមឡើងវិញ។ លុះដល់ខែធ្នូ ឆ្នាំ២០១៥ ការកសាងវិមានថ្មីតាមការគ្រោងទុកនោះក៏បានចាប់ផ្ដើមឡើងជាផ្លូវការ បន្ទាប់ពីនោះមក សំណង់វិមានណានជីងថ្មីក៏បានលេចត្រដែតឡើងបន្តិចម្ដងៗ នៅតាមច្រាំងខាងត្បូងនៃទន្លេឈិនហ្វៃ ខាងក្រៅទីក្រុងណានជីងបច្ចុប្បន្ន បានសេចក្ដីថាវិមានណានជីងដែលលោកអ្នកឃើញនាពេលបច្ចុប្បន្ន គឺត្រូវបានសាងសង់ថ្មីទាំងស្រុង៕