(អ៉ីតាលី)៖ ប្រសិនបើអ្នកស្គាល់តារាវិទូ កាលីឡេ អ្នកប្រាកដជាស្គាល់ឈ្មោះសាធារណរដ្ឋវេនិស (Republic of Venice) ជាក់ជាមិនខាន ព្រោះជាស្រុកកំណើតរបស់លោកផ្ទាល់ ខណៈប្រទេសមួយនេះបានរលុបចេញពីផែនទីពិភពលោកបាត់ទៅហើយ ប៉ុន្តែបានបន្សល់ទុកកេរដំណែលដ៏អស្ចារ្យជាច្រើនរហូតដល់ពេលបច្ចុប្បន្ន នោះគឺទីក្រុងវេនិស (Venice) ដ៏ល្បីល្បាញ។
ទីក្រុងវេនិស គឺជារដ្ឋធានីនៃអតីតសាធារណរដ្ឋវេនិស ឬហៅតាមភាសាអ៉ីតាលីថា សាធារណរដ្ឋវេណេហ្សា (Repubblica di Venezia) ដែលមានប្រវត្តិកកើតឡើងតាំងពីគ្រិស្ដសករាជ ៤២១ មកម្ល៉េះ។ ទីក្រុងដ៏ចម្លែកនេះមានសណ្ឋានជាបណ្ដុំកោះតូចៗជាច្រើន តភ្ជាប់គ្នាគួរជាទីគយគន់ក្នុងបរិវេណច្រាំងភាគពាយព្យនៃសមុទ្រអាឌ្រីយ៉ាទិច (Adriatic)។
បច្ចុប្បន្ន ទីក្រុងដ៏ស្រស់ស្អាតប្រៀបបាននឹងឋានសួគ៌លោកិយមួយនេះ មានទីតាំងស្ថិតនៅភាគខាងជើងប្រទេសអ៉ីតាលី បន្ទាប់ពីទឹកដីមួយចំណែកធំរបស់សាធារណរដ្ឋវេណេហ្សា ធ្លាក់មកក្នុងកណ្ដាប់ដៃព្រះរាជាណាចក្រអ៉ីតាលី (Kingdom of Italy) កាលពីគ្រិស្ដសករាជ ១៨៦៦។
ទីក្រុងវេនិសទទួលបានភាពល្បីល្បាញយ៉ាងខ្លាំងចំពោះមនុស្សម្នាលើសកលលោក ដែលជាទីក្រុងកំពង់ផែបុរាណដ៏សំខាន់បំផុតមួយ មានស្ទឹង-ប្រឡាយ-ព្រែកយ៉ាងច្រើនខ្វាត់ខ្វែង ចំណែកឯអគារបែបបុរាណខ្ពស់ៗក៏ត្រូវបានសាងសង់ឡើងនៅជាប់នឹងទឹកស្ទឹងទាំងនោះផងដែរ។ ក្រុងវេនិសទទួលបានរហស្សនាមថ្មីថា រាជិនីនៃសមុទ្រអាឌ្រីយ៉ាទិច (Queen of the Adriatic) ឬជាទីក្រុងគង្គា (City of Water) ឬជាទីក្រុងស្ពានចម្លង (City of Bridges) និងជាទីក្រុងនៃពន្លឺ (City of Light) ដែលបានទាក់ទាញភ្ញៀវទេសចរឱ្យទៅទស្សនាយ៉ាងច្រើនកុះករ។
ដោយសារផ្ទះសម្បែងភាគច្រើនស្ថិតនៅតាមមាត់ស្ទឹង ទើបចាំបាច់តម្រូវឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរត្រូវប្រើទូកសម្រាប់ធ្វើដំណើរទៅកាន់កន្លែងផ្សេងៗ ម៉្លោះហើយទើបនិម្មិតសញ្ញាប្រចាំទីនោះ គឺជាទូកចែវកុងដូឡា (Gondola)។ ទូកចែកុងដូឡា បានប្រើជាសេវាកម្មដឹកជញ្ជូនភ្ញៀវទេសចរទស្សនាទីក្រុងតាមដងស្ទឹងក្នុងក្រុងវេនិស។ ក្នុងចំណោមទូកនីមួយៗអាចផ្ទុកមនុស្សបានដល់ទៅ ៥-៦ នាក់ មានពេលខ្លះអ្នកចែវទូកច្រៀងកំដរអ្នកដំណើរបណ្ដើរអុំទូកបណ្ដើរទៀតផង។
ទីក្រុងវេនិស ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូនៅគ្រិស្ដសករាជ ១៩៨៧ និងបានទាក់ទាញភ្ញៀវទេសចរជាច្រើនឱ្យទៅទស្សនាសម្រស់ទីក្រុងដ៏ស្រស់ល្អប្លែកមួយនេះ៕