(ភូមា)៖ ក្រោយទទួលបានឯករាជ្យពីចក្រភពអង់គ្លេសនៅថ្ងៃទី០៤ ខែមករា ឆ្នាំ១៩៤៨ នោះមក ភូមាបានបង្កើតឱ្យមានរបបសាធារណរដ្ឋ តាមបែបសភានិយម ដោយមានការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីក្នុងអាណត្តិ ឆ្នាំម្ដង ប៉ុន្តែចាប់ពីទសវត្សរ៍៦០មក រដ្ឋសហព័ន្ធមួយនេះបានកើតមានរដ្ឋប្រហារយោធាជាបន្តបន្ទាប់ ហើយពេលខ្លះក៏មានទាំងរដ្ឋប្រហារពីរជាន់ថែមទៀត។
តើអ្នកដឹងទេថា រដ្ឋប្រហារយោធានៅប្រទេសភូមា ឬមីយ៉ាន់ម៉ាកើតឡើងដំបូងនៅឆ្នាំណា ហើយអ្នកដឹកនាំធ្វើរដ្ឋប្រហារ និងនាយករដ្ឋមន្ត្រីដែលត្រូវគេធ្វើរដ្ឋប្រហារទម្លាក់ពីតំណែងកាលណោះ ជាអ្នកណា?
ក្នុងពេលដែលលោក អ៊ូ នូ (U Nu) កំពុងកាន់តំណែងជានាយករដ្ឋមន្ត្រីសហព័ន្ធមីយ៉ាន់ម៉ា ១៩៦០-១៩៦២ លោកឧត្តមសេនីយ៍ នេ វីន (Ne Win) ក៏បានឡើងកាន់តំណែងជាអគ្គមេបញ្ជាការយោធារបស់មីយ៉ាន់ម៉ា។ ក្នុងតំណែងនោះ លោកឧត្តមសេនីយ៍ នេ វីន បានអភិវឌ្ឍកងយោធាមីយ៉ាន់ម៉ាយ៉ាងខ្លាំងពូកែ ទាំងផ្នែកស៊ើបការណ៍ និងកងចម្បាំង។ ខណៈដែលអំណាចរដ្ឋាភិបាលស៊ីវិលរបស់លោក អ៊ូ នូ កាន់តែទន់ខ្សោយទៅៗ លោកឧត្តមសេនីយ៍ នេ វីន ក៏បានធ្វើរដ្ឋប្រហាររឹបអូសអំណាចពីនាយករដ្ឋមន្ត្រីរបស់ខ្លួនទាំងស្រុងនៅឆ្នាំ១៩៦២ ហើយចាប់ផ្តើមរបបគ្រប់គ្រងផ្តាច់ការអស់រយៈពេល ២៦ ឆ្នាំ នៅប្រទេសមីយ៉ាន់ម៉ា។
ប្រទេសភូមាធ្វើដំណើរទៅកាន់របបសង្គមនិយម ក្រោមការបញ្ជារបស់ឧត្តមសេនីយ៍ នេ វីន ដោយលោកបានប្រមូលយកគោលការណ៍ និងទ្រឹស្តីផ្សេងៗមកផ្សែផ្សំគ្នា ដើម្បីបង្កើតរបបគ្រប់គ្រងថ្មីមួយមានលក្ខណៈផ្ដាច់ការ ដែលជនជាតិភូមាហៅថា «របបនេវីន»។ របបនេះបានធ្វើឱ្យរំជើបរំជួលទូទាំងប្រទេសមីយ៉ាន់ម៉ា ជាពិសេសមានការរឹបអូសអាជីវកម្មឯកជនមកធ្វើជារបស់រដ្ឋ ដែលធ្វើឱ្យកើតឡើងនូវវិបត្តិកង្វះខាតទំនិញ។ ចំណែកសារព័ត៌មានត្រូវកំណត់សិទ្ធិ ដើម្បីរក្សាសាមគ្គីជាតិ ហើយបានប្រកាសឈប់ឱ្យប្រើក្រដាសប្រាក់ ១០០យ៉ាត់ ៧៥យ៉ាត់ ៣៥យ៉ាត់ និង ២៥យ៉ាត់ ដែលធ្វើឱ្យលុយមីយ៉ាន់ម៉ាកាលណោះមានតម្លៃស្មើនឹងក្រដាសទទេ។
ភូមាក្លាយជាប្រទេសក្រលំបាកគ្រប់កន្លែង ហើយអ្វីដែលសំខាន់ គឺឧត្តមសនីយ៍ នេ វីន បានប្រកាសកាត់ផ្តាច់សម្ពន្ធភាពជាមួយបរទេសគ្រប់ផ្នែក។ ចាប់តាំងពីពេលនោះមក ភូមាត្រូវគេហៅថា «ឥសីអាស៊ី»។
ភាពអំណត់រមែងតែមានទីបញ្ចប់! នៅពេលសេដ្ឋកិច្ច និងសង្គមបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្រោមរបបនេវីន។ លុះដល់ថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៨៨ តាមផ្លូវគ្មានកន្លែងទំនេរឡើយ ពីព្រោះតែគ្រប់ទីកន្លែងមានមនុស្សប្រមូលផ្តុំគ្នាយ៉ាងច្រើនកុះករទាំងអស់ ពោរពេញទៅដោយចំហាយនៃភាពចង្អៀតចង្អល់ចិត្តយ៉ាងខ្លាំង។ ការលំបាក និងការគាបសង្កត់ ធ្វើឱ្យកើតនូវការក្រោកឡើងរបស់មហាជនគ្រប់ផ្នែក ទាំងចលនារបស់និស្សិត ព្រះសង្ឃ ជនជាតិភាគតិច ជាតិសាសន៍ផ្សេងៗ និងប្រជាជនទូទៅ។
ការផ្ទុះបាតុកម្មទូទាំងប្រទេសមីយ៉ាន់ម៉ានេះគេឱ្យឈ្មោះថា «ព្រឹត្តិការណ៍ ៨៨៨៨»។ ចម្រៀងប្រជាជនត្រូវបានបន្លឺឡើងលាយឡំជាមួយស្នូរកាំភ្លើងក្ដុងក្ដាំង «យើងស្រឡាញ់ពួកអ្នក ពួកអ្នកជាបងប្អូនរបស់យើង យើងត្រូវការសេរីភាព ពួកអ្នកជាទាហានរបស់ប្រជាជន សូមមេត្តានៅខាងយើង យើងគ្រាន់តែត្រូការសេរីភាពតែប៉ុណ្ណោះ»។ នេះគឺជាបទចម្រៀងរបស់បាតុករដែលមកធ្វើបាតុកម្មដោយសន្តិភាពបានបន្លឺឡើង ខណៈដែលទាហានចាប់ផ្តើមបាញ់រះមកលើក្រុមបាតុករ។
ការតស៊ូនេះប្រើពេល ៥ ថ្ងៃ មនុស្សស្លាប់ជិត ១០,០០០ នាក់ ក្លិនឆ្អាបឈាមបានសាយភាយគ្រប់ទីកន្លែង ដោយប្រជាពលរដ្ឋស្លូតត្រង់ និស្សិត បញ្ញវន្ត និងអ្នកស្នេហាជាតិជាច្រើនទៀតបានស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធម។
ហេតុការណ៍លើកនោះ ត្រូវបានបញ្ចប់ដោយការធ្វើរដ្ឋប្រហារមួយជាន់ទៀត ក្រោមការដឹកនាំរបស់ឧត្តមសេនីយ៍ ស ម៉ោង (Saw Maung) នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ១៩៨៨ ហើយលោក ស ម៉ោង ក៏បានសន្យាថានឹងរៀបចំឱ្យមានការបោះឆ្នោតសកលមួយឡើង។ ទីបំផុត នៅក្នុងឆ្នាំ១៩៩០ ការបោះឆ្នោតសកលក៏បានប្រព្រឹត្តទៅដូចការសន្យារបស់លោកឧត្តមសេនីយ៍ ស ម៉ោង ពិតមែន ដែលកាលណោះគណបក្សសម្ព័ន្ធភាពជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) របស់លោកស្រី អោងសាន ស៊ូជី ក៏បានចូលរួមជាបេក្ខភាពក្នុងការបោះឆ្នោតនេះដែរ។
សម្រាប់ជនជាតិភូមា ទោះបីជាថ្ងៃនេះ បុគ្គលដែលធ្វើរដ្ឋប្រហារ និងគ្រប់គ្រងប្រទេសដល់ទៅ ២៦ ឆ្នាំ ត្រូវបញ្ចប់តួនាទីរបស់ខ្លួនទៅហើយក្ដី តែមេរោគដ៏កាចសាហាវនេះនៅតែសេសសល់ និងបន្តរាតត្បាតនៅឡើយ តួយ៉ាងដូចជារដ្ឋប្រហារនាពេលថ្មីៗនេះជាដើម៕