(ឥណ្ឌា)៖ ថាច់ម៉ាហាល់ (Taj Mahal) គឺជាវិមានហ្លួងដ៏ប្រណីតបំផុតមួយ រំលេចខ្លួនយ៉ាងស្រស់ស្អាតគាប់ភ្នែកលើច្រាំងទន្លេនៃប្រទេសឥណ្ឌា។ រចនាប័ទ្មវិមាននេះមិនដូចរចនាប័ទ្មក្នុងវប្បធម៌ហិណ្ឌូឡើយ ដោយមើលទៅមានរាងដូចវិហារឥស្លាមមួយយ៉ាងអញ្ចឹង ខណៈរឿងរ៉ាវនៅពីក្រោយការសាងសង់មហាវិមាននេះ មានដំណើរដើមទងវែងឆ្ងាយប្រៀបដូចកថានិទានកាលពីព្រេងនាយ។
បច្ចុប្បន្ន វិមានថាច់ម៉ាហាល់ មានទីតាំងស្ថិតនៅជាប់ទន្លេយ៉ាមូណា (Yamuna) ក្នុងទីក្រុងអ:ហ្គ្រា (Agra) នៃរដ្ឋឧត្តរប្រទេស (Uttar Pradesh) សាធារណរដ្ឋឥណ្ឌា។
គេបានកត់ត្រាថា ថាច់ម៉ាហាល់ គឺជាមរតកសេចក្តីស្រឡាញ់ដ៏អស្ចារ្យបំផុតនៅក្នុងលោក និងជាស្ថាបត្យកម្មដែលទទួលបានការលើកសរសេីរអំពីក្បូរក្បាច់រចនាល្អវិចិត្រ និងមានទម្រង់សមសួនអស្ចារ្យបំផុត ក្រោមស្នាព្រះហស្ដរបស់ព្រះចៅអធិរាជ សះចាហាន់ (Emperor Shah Jahan) នៃចក្រភពម៉ូហ្គោល (Mughal Empire, Mogul or Moghul Empire)។
ព្រះចៅសះចាហាន់ ទ្រង់បានចេញព្រះរាជឱង្ការឱ្យសាងវិមាននេះឡើងដើម្បីតម្កល់ព្រះសពព្រះមហេសីទីបីរបស់ព្រះអង្គ មានព្រះនាម ម៉ុមតាសស្មាហាល់ (Mumtaz Mahal) ឬព្រះម៉ែថាច់ម៉ាហាល់ ដែលបានសោយទិវង្គតនៅពេលប្រសូតបុត្រាអង្គទី១៤ នាអំលុងគ្រិស្ដសករាជ ១៦៣១ ដែលធ្វើឲ្យព្រះបាទសះចាហាន់មានទុក្ខក្រៀមក្រំយ៉ាងខ្លាំង ហើយព្រះអង្គក៏បានចាត់ចែងសង់វិមាននេះឡើង ដើម្បីបង្ហាញពីព្រះទ័យស្រឡាញ់ចំពោះព្រះរាជិនីអង្គនេះ។
ថាច់ម៉ាហាល់សាងសង់ឡើងពីថ្មកែវពណ៌សសុទ្ធ ដោយយកតាមលំនាំស្ថាបត្យកម្មរបស់ជនជាតិពែក្ស។ ការសាងសង់មហាវិមាននេះ គឺមានចូលរួមពីក្រុមស្ថាបត្យករប្រមាណ ២០,០០០ នាក់ ស្ថិតក្រោមការគ្រប់គ្រងរបស់វិស្វករ អ៊ូស្តាត អះម៉េដ ឡាហូរី (Ustad Ahmad Lahauri) និងចំណាយពេលអស់ប្រមាណ ២១ ឆ្នាំ ពោលគឺចាប់ពីគ្រិស្ដសករាជ ១៦៣២-១៦៥៣។
នៅចំកណ្តាលវិមានមានប៉មកម្ពស់ ៦០ ម៉ែត្រ ឡោមព័ទ្ធដោយប៉មតូចៗទាំង ៤ ជ្រុង រីឯនៅផ្នែកខាងក្នុង ប្រដាប់ដោយថ្មកែវប្រហោងដាំត្បូងកណ្ដៀង និងត្បូងទទឹម។ នៅខាងក្រោមដំបូលប៉មដ៏ធំនោះមានមឈូសថ្មកែវបញ្ឆោត ប៉ុន្តែព្រះសពពិតត្រូវបានបញ្ចុះនៅក្នុងរូងក្រោមដី ដែលនៅចំពីក្រោមមឈូសបញ្ឆោតនោះឯង។
ស្ថាបត្យកម្មនេះត្រូវបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូនៅគ្រិស្ដសករា ១៩៨៣ និងបានជាប់ឈ្មោះជាសំណង់អច្ឆរិយៈមួយក្នុងចំណោមអច្ឆរិយវត្ថុទាំង ៧ លើពិភពលោកចាប់ពីគ្រិស្ដសករាជ ២០០០-២០០៧ ផងដែរ៕