(មីយ៉ាន់ម៉ា)៖ លោកស្រី អង់សាន ស៊ូជី (Aung San Suu Kyi) គឺជាអតីតទីប្រឹក្សារដ្ឋរបស់ប្រទេសមីយ៉ាន់ម៉ា (Former State Counsellor of Myanmar) ដែលបានក្លាយជាបុគ្គលដ៏ឆ្នើមម្នាក់ទទួលបានពានរង្វាន់ និងមេដាយកិត្តិយសជាច្រើនសន្ធឹកសន្ធាប់ ព្រមទាំងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អន្តរជាតិ។
លោកស្រី អង់សាន ស៊ូជី គឺជាអ្នកនយោបាយជនជាតិមីយ៉ាន់ម៉ា និងជាមេដឹកនាំបក្សប្រឆាំងដ៏សំខាន់ប្រចាំប្រទេសមីយ៉ាម៉ា ដែលមានឈ្មោះថា សម្ព័ន្ធភាពជាតិដើម្បីប្រជាធិបតេយ្យ (NLD)។ មុនក្លាយជាបុគ្គល្បីល្បាញលើឆាកអន្តរជាតិ លោកស្រីត្រូវជាប់ឃុំនៅក្នុងលំនៅដ្ឋានរបស់ខ្លួនក្នុងរយៈពេលជាង ២១ ឆ្នាំទៅហើយ រហូតជាប់ឈ្មោះក្លាយជាអ្នកទោសនយោបាយដែលជាប់ឃុំឃាំងយូរជាងគេលើពិភពលោក ពោលគិតចាប់ពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៨៩ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១០។
នាថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៣ អ្នកនយោបាយដ៏ស្វិតស្វាញរូបនេះ បានប្រកាសក្នុងគេហទំព័រនៃវេទិកាសេដ្ឋកិច្ចពិភពលោកថា លោកស្រីមានបំណងចង់ឈរឈ្មោះជាបេក្ខជនប្រធានាធិបតីសម្រាប់ការបោះឆ្នោតឆ្នាំ២០១៥។ នៅទីបំផុត ព្រឹត្តិការណ៍បោះឆ្នោតដោយសេរី និងយុត្តិធម៌ដ៏កម្រក្នុងប្រវត្តិសាស្ត្រប្រទេសមីយ៉ាន់ម៉ា ត្រូវបានរៀបចំឡើងនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៥ ហើយលទ្ធផលបានបង្ហាញថា អតីតអ្នកទោសរូបនេះទទួលបានសំឡេងគាំទ្រភ្លូកទឹកភ្លូកដី។ ការបោះឆ្នោតសកលនៅមីយ៉ាន់ម៉ានាចុងឆ្នាំ២០២០ លោកស្រី អង់សាន ស៊ូជី ក៏បន្តការឈ្នះម្តងទៀតដែរ ប៉ុន្តែត្រូវបានធ្វើរដ្ឋប្រហារដោយយោធា មុនលោកស្រីស្បថចូលកាន់តំណែងជាផ្លូវការ។
សូមបញ្ជាក់ថា យោធាមីយ៉ាន់ម៉ា ក្រោមការដឹកនាំរបស់អគ្គមេបញ្ជាការលោក មីន អោងលាង (Min Aung Hlaing) បានធ្វើរដ្ឋប្រហារនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ដោយអះអាងថាជាការឆ្លើយតបទៅនឹងការបោះឆ្នោតសកលកាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលបានបង្ហាញថាគណបក្សរបស់លោកស្រី អង់សាន ស៊ូជី ជាអ្នកឈ្នះយ៉ាងភ្លូកទឹកភ្លូកដី។
ក្រោយរដ្ឋប្រហារដែលបានរងការថ្កោលទោសយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ យោធាបានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេលមួយឆ្នាំ ហើយប្រគល់អំណាចគ្រប់យ៉ាងលោកអគ្គមេបញ្ជាការយោធា មីន អោងលាង ព្រមទាំងសន្យាថានឹងរៀបចំការបោះឆ្នោតសកលថ្មីមួយដោយសេរី និងយុត្តិធម៌ នៅក្រោយការបញ្ចប់ការដាក់ប្រទេសក្នុងគ្រាអាសន្ន ប៉ុន្តែទោះជាយ៉ាងណា កាលបរិច្ឆេទជាក់លាក់នៃការរៀបចំការបោះឆ្នោតនោះនៅមិនទាន់មានការបញ្ជាក់ឡើយ។
Fresh News Plus នឹងបង្ហាញប្រវត្តិសង្ខេបៗខ្លះ ពីដំណើរជីវិតដ៏ជូចត់របស់លោកស្រី អង់សាន ស៊ូជី ក្នុងឆាកនយោបាយដូចខាងក្រោមនេះ៖
១៖ ជីវិតផ្ទាល់ខ្លួន
លោកស្រី អង់សាន ស៊ូជី កើតនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ១៩៤៥ នៅក្នុងទីក្រុងរ៉ង់ហ្គូន (Rangoon) ប្រទេសមីយ៉ាន់ម៉ា ដែលបច្ចុប្បន្នត្រូវបានគេប្រែឈ្មោះថា ទីក្រុងយ៉ាងហ្គូន (Yangon)។ ឪពុករបស់លោកស្រី គឺលោក អង់សាន ជាអ្នកស្វែងរកឯករាជ្យជាតិពីចក្រភពអង់គ្លេសជូនប្រទេសមីយ៉ាន់ម៉ាក្នុងឆ្នាំ១៩៤៧ តែជាអកុសល លោកត្រូវបានគូប្រជែងធ្វើឃាតក្នុងឆ្នាំនោះតែម្តង។ ហេតុនេះ លោកស្រី ស៊ូជី ត្រូវរស់នៅ និងធំដឹងក្តីឡើងជាមួយម្តាយដែលមានឈ្មោះថា ឃីន ជី (Khin Kyi) និងបងប្អូនប្រុសពីរនាក់ទៀត ដែលក្នុងនោះម្នាក់ត្រូវស្លាប់ដោយសារលង់ទឹក និងម្នាក់ទៀតបានទៅរស់នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក។
ក្រោយមក គ្រួសារលោកស្រី អង់សាន ស៊ូជី បានផ្លាស់ទីលំនៅ ធ្វើឲ្យក្មេងស្រីម្នាក់នេះជួបជាមួយមនុស្សដែលមានប្រវត្តិរស់នៅ និន្នាការនយោបាយ និងសាសនាខុសៗគ្នាជាច្រើន។ បន្ទាប់ពីការចំណាយពេលជាច្រើនក្នុងការសិក្សានៅសាលាភាសាបរទេស គឺវិទ្យាល័យភាសាអង់គ្លេសមេតូឌីស្ត (Methodist English High School) ធ្វើឲ្យលោកស្រី អង់សាន ស៊ូជី ក្លាយជាមនុស្សដែលស្ទាត់ជំនាញផ្នែកភាសាបរទេស។
ម្តាយលោកស្រីក៏ជាតួអង្គនយោបាយដ៏សំខាន់មួយរូបផងដែរ ហើយធ្លាប់ត្រូវបានគេតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំនៅប្រទេសឥណ្ឌា និងនេប៉ាល់។ ហេតុនេះ លោកស្រី អង់សាន ស៊ូជី ត្រូវផ្លាស់ទីលំនៅតាមម្តាយ ហើយបន្តការសិក្សានៅបរទេសអស់រយៈពេលជាច្រើនឆ្នាំ រហូតបានជួបជាមួយស្វាមីរបស់លោកស្រីដែលជាជនជាតិបរទេស គឺលោកវេជ្ជបណ្ឌិត ម៉ៃឃើល អារីស (Dr. Michael Aris)។ លោកស្រីបានរៀបអាពាហ៍ពិពាហ៍នៅថ្ងៃទី០១ ខែមករា ឆ្នាំ១៩៧២ ហើយមានកូនប្រុសចំនួន ២ នាក់។
បន្ទាប់ពីការបំពេញការងារនៅក្រៅប្រទេសបានមួយរយៈ នៅឆ្នាំ១៩៨៨ លោកស្រី អង់សាន ស៊ូជី បានវិលត្រឡប់មកមាតុវិញ ហើយបានដឹកនាំចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យ។ ជាអកុសលស្វាមីលោកស្រីមានជំងឺមហារីកក្រពីងប្រូស្តាត ហើយស្លាប់បាត់បង់ជីវិតនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ១៩៩៩ ក្នុងជន្មាយុ ៥៣ ឆ្នាំ។ ក្នុងពេលនោះ លោកស្រីត្រូវហែលឆ្លងការឈឺចាប់ជាច្រើន។ ចាប់តាំងពីការជាប់ឃុំឃាំងក្នុងលំនៅដ្ឋានជាលើកដំបូងក្នុងឆ្នាំ១៩៨៩ លោកស្រីមានឱកាសជួបស្វាមីត្រឹមតែ ៥ ដងប៉ុណ្ណោះ មុនពេលលោកស្លាប់បាត់បង់ជីវិត។ មិនតែប៉ុណ្ណោះ ស្ត្រីមេម៉ាយរូបនេះក៏ត្រូវបានគេបំបែកចេញពីកូនៗផងដែរ ដោយពួកគេត្រូវរស់នៅចក្រភពអង់គ្លេសរហូតដល់ឆ្នាំ២០១១ ទើបពួកគេអាចជួបគ្នាជាថ្មីម្តងទៀត។
នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០០៨ បន្ទាប់ពីព្យុះស៉ីក្លូននាគី (Nargis) វាយប្រហារប្រទេសមីយ៉ាន់ម៉ា ធ្វើឲ្យលំនៅដ្ឋានចាស់ទ្រុឌទ្រោមរបស់លោកស្រីត្រូវខូចខាតដំបូល និងត្រូវកាត់ផ្តាច់ពីប្រព័ន្ធអគ្គិសនី ហេតុនេះលោកស្រីត្រូវប្រើប្រាស់ទៀនសម្រាប់ដុតបំភ្លឺនៅពេលរាត្រី ព្រោះលំនៅដ្ឋានលោកស្រីគ្មានម៉ាស៉ីនភ្លើងនោះទេ។ តែនៅខែសីហា ឆ្នាំ២០០៩ ទើបមានព័ត៌មានឲ្យដឹងថា គេហដ្ឋានរបស់លោកស្រីត្រូវបានគេជួសជុលជាថ្មី។
២៖ ការប្រលូកក្នុងឆាកនយោបាយដំបូង
លោកស្រី អង់សាន ស៊ូជី បានវិលត្រឡប់ចូលប្រទេសកំណើតវិញក្នុងឆ្នាំ១៩៨៨ ស្របពេលដែលមេដឹកនាំយោធានិយម និងជាមេដឹកនាំបក្សកាន់អំណាចបានចុះចេញពីតំណែង។ ហេតុនេះ ការធ្វើបាតុកម្មដើម្បីទាមទាមលទ្ធិប្រជាធិបតេយ្យទ្រង់ទ្រាយធំមួយបានផ្ទុះឡើងនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៨៨ រហូតជាប់ឈ្មោះថាជាការងើបបះបោរ ៨៨៨៨ (8888 Uprising) ដោយមានលោកស្រីផ្ទាល់ជាអ្នកដឹកនាំ។ ទោះយ៉ាងនេះក្តី នៅខែកញ្ញា ឆ្នាំដដែល ក្រុមយោធានិយមបានធ្វើរដ្ឋប្រហារ និងឡើងកាន់អំណាចបន្ត។
លោកស្រី អង់សាន ស៊ូជី បានប្រឡូកក្នុងការងារនយោបាយ ដើម្បីស្វែងរកលទ្ធិប្រជាធិបតេយ្យជូនប្រទេសមីយ៉ាន់ម៉ា ហើយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ១៩៨៨ លោកស្រីក៏បានជួយបង្កើតគណបក្សសម្ព័ន្ធភាពជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) ឱ្យលេចជារូបរាងឡើង។ តាំងពីឆ្នាំ១៩៨៩ មក លោកស្រីត្រូវបានគេឃុំឃាំងក្នុងលំនៅដ្ឋានជាច្រើនលើកច្រើនសារហូតដល់ឆ្នាំ២០១០ ទើបលោកស្រីត្រូវបានដោះលែងឱ្យនៅក្រៅឃុំវិញ។
ក្នុងអំឡុងនៃការចាប់ខ្លួន លោកស្រីអាចមានជម្រើសនៅក្រៅឃុំបាន លុះត្រាតែចាកចេញទៅក្រៅប្រទេស តែលោកស្រីបដិសេធសំណើនេះ។ គួរជម្រាបថា គ្រប់ពេលនៅក្រោមការឃុំឃាំងនៅក្នុងផ្ទះ លោកស្រីបានពលីជីវិតជាមួយនឹងការភាវនាធម៌របស់ពុទ្ធសាសនា និងសិក្សាពីការស្តីប្រដៅរបស់ព្រះពុទ្ធ។
៣៖ ការចាប់ខ្លួន និងការដោះលែង
* ថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៨៩៖ ត្រូវបានឃុំឃាំងក្នុងលំនៅដ្ឋាន ក្រោមច្បាប់អាជ្ញាសឹករបស់ប្រទេសមីយ៉ាន់ម៉ា ដែលអនុញ្ញាតឱ្យឃុំខ្លួនមនុស្សដោយមិនចាំបាច់មានការចោទប្រកាន់។
* ថ្ងៃទី១០ ខែកក្កដា ឆ្នាំ១៩៩៥៖ ដោះលែងពីការឃុំឃាំង។
* ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០០០៖ ត្រូវឃុំឃាំងក្នុងលំនៅដ្ឋានជាថ្មី។
* ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០០២៖ ដោះលែងជាថ្មី បន្ទាប់ពីការឃុំឃាំងរយៈពេល ១៩ ខែ។
* ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០០៣៖ ត្រូវបានចាប់ខ្លួនរយៈពេល ៣ ខែដោយសម្ងាត់ ក្រោយមកទើបបញ្ជូនទៅឃុំឃាំងនៅក្នុងគេហដ្ឋានដូចដើមវិញ។
* ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០០៧៖ ការឃុំឃាំងក្នុងគេហដ្ឋានត្រូវពន្យាពេលដល់ ១ ឆ្នាំ បើទោះបីជាមានការស្នើសុំដោយផ្ទាល់ពីអគ្គលេខាធិការ ២ រូបរបស់អង្គការសហប្រជាជាតិក្តី។
* ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៧៖ ត្រូវឃុំខ្លួនជាបន្ត រហូតជំរុញឱ្យមានការធ្វើបាតុកម្មក្នុងទីក្រុងចំនួន ១២ ទូទាំងពិភពលោក។
* ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០០៩៖ បុរសជនជាតិអាម៉េរិកម្នាក់ គឺលោក ចន យែតថឺវ៍ (John Yettaw) បានហែលឆ្លងកាត់បឹងអ៉ីនយ៉ា (Inya) ទៅកាន់ផ្ទះរបស់លោកស្រី អង់សាន ស៊ូជី ដោយគ្មានការអញ្ជើញ ហើយត្រូវបានចាប់ខ្លួនក្នុងរយៈពេល ៣ ថ្ងៃបន្ទាប់ នៅពេលលោកត្រៀមត្រឡប់មកវិញ។ លោកស្រី អង់សាន ស៊ូជី ក៏ត្រូវបានចោទប្រកាន់ផងដែរពីបទអនុញ្ញាតឱ្យបុរសរូបនេះស្នាក់នៅក្នុងលំនៅដ្ឋានរបស់ខ្លួន។
* ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១០៖ ត្រូវបានដោះលែងរហូតមកទល់បច្ចុប្បន្ន។
៤៖ ការបោះឆ្នោតសកលឆ្នាំ១៩៩០
ក្នុងព្រឹត្តិការណ៍បោះឆ្នោតសកលឆ្នាំ១៩៩០ គណបក្ស NLD របស់លោកស្រី អង់សាន ស៊ូជី ទទួលបានសំឡេងគាំទ្រ ៥៩ ភាគរយ និងទទួលបានអាសនៈ ៣៩២ ក្នុងចំណោម ៤៨៥ អាសនៈ ក្នុងសភាដែលស្មើនឹង ៨៥ ភាគរយ។ ទោះបីជាយ៉ាងនេះក្តី លោកស្រីមិនអាចកាន់អំណាចបានឡើយ ផ្ទុយទៅវិញលទ្ធផលបោះឆ្នោតត្រូវបានចាត់ទុកជាមោឃៈ ហើយមេដឹកនាំយោធានិយមមិនព្រមប្រគល់អំណាចដល់លោកស្រីឡើយ។ លោកស្រី អង់សាន ស៊ូជី បែរជាត្រូវគេដាក់ឃុំក្នុងគេហដ្ឋានរបស់ខ្លួនក្នុងទីក្រុងរ៉ង់ហ្គូនទៅវិញ តែអ្នកទោសនយោបាយរូបនេះនៅតែមានឱកាសទទួលបានពានរង្វាន់ និងមេដាយកិត្តិយសជាច្រើន។
៥៖ ការវាយប្រហារឆ្នាំ១៩៩៦
កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៩៦ ក្បួនរថយន្តរបស់លោកស្រី អង់សាន ស៊ូជី ត្រូវរងការវាយប្រហារ ដោយមានមនុស្សមួយក្រុមមានគ្នាប្រមាណ ២០០ នាក់ បានប្រើប្រាស់ច្រវាក់ដំបងដែក និងដុំថ្ម ដើម្បីវាយប្រហារក្បួនរថយន្តរបស់លោកស្រី។ ក្នុងហេតុការណ៍នេះ ត្រូវបានគេជឿជាក់ថាបង្កឡើងដោយសមាគមសម្ព័ន្ធសាមគ្គីភាព និងអភិវឌ្ឍន៍ ហៅកាត់ថា USDA ដែលបានជួលមនុស្សបង្កការវាយប្រហារនេះឡើង។
៦៖ ការអន្តរាគមន៍ពី UN
ក្នុងអំឡុងនៃការជាប់ឃុំខ្លូនក្នុងលំនៅដ្ឋាន អង្គការសហប្រជាជាតិ (UN) បានផ្តោតការយកចិត្តទុកដាក់ខ្ពស់ ដើម្បីជួយអន្តរាគមន៍ក្នុងគោលដៅដោះលែងលោកស្រី អង់សាន ស៊ូជី។ អង្គការសហប្រជាជាតិមានបំណងចង់ធ្វើជាអ្នកសម្របសម្រួលកិច្ចចរចារវាងមេដឹកនាំយោធានិយម និងលោកស្រី។
ជាលទ្ធផល នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០០២ កន្លងទៅនេះ ក្រោមកិច្ចចរចាដោយសម្ងាត់ដឹកនាំដោយ UN រដ្ឋាភិបាលបានសម្រេចដោះលែងលោកស្រី។ យ៉ាងនេះក្តី លោកស្រីត្រូវបានគេចាប់ខ្លួនឃុំឃាំងជាថ្មីម្តងហើយម្តងទៀត ក្រោមហេតុផលផ្សេងៗគ្នា។
៧៖ បាតុកម្មប្រឆាំងរដ្ឋាភិបាលឆ្នាំ២០០៧
នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០០៧ បន្ទាប់ពីមានការកើនឡើងនូវតម្លៃប្រេង បាតុកម្មប្រឆាំងរដ្ឋាភិបាលមួយបានផ្ទុះឡើង ដែលដឹកនាំដោយព្រះសង្ឃពុទ្ធសាសនា និងគាំទ្រលោកស្រី អង់សាន ស៊ូជី។ បាតុកម្មនេះបានបន្តជារៀងរាល់ថ្ងៃ បើទោះបីជារងការបង្ក្រាបពីសំណាក់កម្លាំងយោធារដ្ឋាភិបាលក្តី។ ទោះបីជាស្ថិតនៅក្រោមដំណាក់កាលនៃការឃុំឃាំង តែលោកស្រី អង់សាន ស៊ូជី បាន បង្ហាញវត្តមានដើម្បីទទួលពរជ័យពីសំណាក់ព្រះសង្ឃដែលធ្វើបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យទាំងនោះ។
៨៖ សម្ពាធពីអន្តរជាតិលើពួកយោធា និងការបោះឆ្នោតសកលឆ្នាំ២០១០
បើទោះបីជាមានសេចក្តីប្រកាសថា លោកស្រី អង់សាន ស៊ូជី អាចនឹងត្រូវបានដោះលែង ហើយមានអាចរៀបចំគណបក្សរបស់លោកស្រីជាថ្មីក្តី តែស្ត្រីរូបនេះនៅតែមិនត្រូវបានអនុញ្ញាតឱ្យឈរឈ្មោះសម្រាប់ការបោះឆ្នោតឡើយ។ បញ្ហានេះជំរុញឱ្យអន្តរជាតិកាន់តែចាប់អារម្មណ៍ និងដាក់សម្ពាធលើរបបយោធានិយមមួយនេះ។ ជាក់ស្តែង លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក បារ៉ាក់ អូបាម៉ា ក្នុងអំឡុងនៃកិច្ចប្រជុំអាស៊ានឆ្នាំ២០០៩ បានជំរុញឱ្យមានការដោះលែងអ្នកទោសនយោបាយ ជាពិសេសលោកស្រី អង់សាន ស៊ូជី ផ្ទាល់តែម្តង។
ដោយឡែក នាយករដ្ឋមន្ត្រីអង់គ្លេស លោក ហ្គ័រដុន ប្រោន (Gordon Brown) បានព្រមានដល់រដ្ឋាភិបាលមីយ៉ាន់ម៉ាផងដែរ ដោយដាក់សម្ពាធផ្នែកទំនាក់ទំនងការទូត និងសេដ្ឋកិច្ច។ ក្នុងអំឡុងពេលនោះ លោកស្រី អង់សាន ស៊ូជី មានឱកាសបានជួបជាមួយថ្នាក់ដឹកនាំរដ្ឋជាច្រើន ព្រមទាំងបានបើកកិច្ចពិភាក្សាជាមួយមន្ត្រីសំខាន់ៗ ប៉ុន្តែស្ថិតក្រោមការតាមដានយ៉ាងហ្មត់ចត់ពីសំណាក់រដ្ឋាភិបាល។ នៅទីបំផុត នៅថ្ងៃរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១០ អ្នកទោសនយោបាយរូបនេះត្រូវបានដោះលែងឲ្យមានសេរីភាពវិញ។
៩៖ ការបោះឆ្នោតសភាឆ្នាំ២០១២
នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១២ គណបក្ស NLD របស់លោកស្រី អង់សាន ស៊ូជី បានប្រកាសថាពីជ័យជម្នះក្នុងការបោះឆ្នោតសភា ដោយទទួលបាន ៤៣ អាសនៈក្នុងចំណោម ៤៥ អាសនៈ ព្រមទាំងបានប្រកាសជាផ្លូវការថា លោកស្រីជាមេដឹកនាំបក្សប្រឆាំងក្នុងសភាជាន់ទាបប្រចាំប្រទេសមីយ៉ាន់ម៉ា។ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១២ សមាជិកសភារបស់គណបក្ស NLD រួមទាំងលោកស្រីផ្ទាល់បានស្បថចូលកាន់តំណែង។
នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១២ ស្រ្តីដ៏លេចធ្លោរូបនេះបានប្រកាសក្នុងគេហទំព័រវេទិកាសេដ្ឋកិច្ចពិភពលោកថា លោកស្រីមានបំណងចង់ឈរឈ្មោះជាបេក្ខជនប្រធានាធិបតីសម្រាប់ការបោះឆ្នោតឆ្នាំ២០១៥។ យ៉ាងនេះក្តី ក្នុងរដ្ឋធម្មនុញ្ញក្នុងពេលបច្ចុប្បន្ន ដែលបានចូលជាធរមានកាលពីឆ្នាំ២០០៨ បានរារាំងលោកស្រីមិនឱ្យកាន់តំណែងប្រធានាធិបតីឡើយ ដោយសារចោទថាលោកស្រីជាស្រ្តីមេម៉ាយ និងជាម្តាយរបស់ជនបរទេសដែលវិធានការនេះ ត្រូវបានតាក់តែងឡើងជាផ្នែកមួយដើម្បីគ្រាន់តែបង្ការលោកស្រីមិនឱ្យទទួលសិទ្ធិកាន់អំណាចប៉ុណ្ណោះ។
បច្ចុប្បន្ន ពិភពលោកកំពុងផ្តោតការយកចិត្តទុកដាក់ខ្ពស់ទៅលើប្រទេសអាស៉ីអាគ្នេយ៍មួយនេះ ដែលកំពុងបោះជំហានទៅរកលទ្ធិប្រជាធិបតេយ្យបន្តិចម្តងៗ ស្របពេលដែលលទ្ធផលបោះឆ្នោតបានបង្ហាញថា លោកស្រី អង់សាន ស៊ូជី ទទួលបានសំឡេងគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់។ អ្នកវិភាគជាច្រើនបានចោទសំណួរថា តើលោកស្រីអាចឈោងចាប់តំណែងជាប្រធានាធិបតីប្រទេសមីយ៉ាន់ម៉ាបានដែរឬទេ បើអំណាចយោធានៅក្នុងប្រទេសនេះនៅតែខ្លាំងដដែល៕