(ពិភពលោក)៖ បច្ចុប្បន្ននេះ គេអាចឃើញកុំព្យូរទ័រជាច្រើនមានរូបរាងខុសគ្នាៗ ដោយខ្លះតូច ខ្លះធំ ខ្លះធ្ងន់ ខ្លះស្រាល ហើយខ្លះទៀតវែង ខ្លះទៀតខ្លីជាដើម។ កុំព្យូទ័រនៅសម័យបច្ចុប្បន្ននេះដែរ ត្រូវបានចែកចេញជាកុំព្យូរទ័រលើតុ (Desktop) និងកុំព្យូទ័រយួរដៃ (Laptop)។
ចំពោះកុំព្យូទ័រយួរដៃ គេអាចស្ពាយតាមខ្លួនបានថែមទៀត ប៉ុន្តែបើគេបានដឹងទំហំកុំព្យូទ័រពីអតីតកាលវិញនោះ ច្បាស់ជាមានការភ្ញាក់ផ្អើលមិនខាន។ សូមជម្រាបថា កុំព្យូរទ័រនៅសម័យបង្កើតឡើងដំបូងៗមានទំហំធំជាងសម័យបច្ចុប្បន្នឆ្ងាយណាស់ ពោលគឺធំប្រហែលបន្ទប់តូចមួយឯណោះ។
Fresh News Plus សូមបង្ហាញចំណេះដឹងទូទៅស្តីពីការវិវត្តដោយសង្ខេបរបស់កុំព្យូទ័រ ដូចខាងក្រោមនេះ៖
អ្នកបង្កើតឲ្យមានកុំព្យូរទ័រដំបូងគេមានឈ្មោះថា ឆាល បាបប៊ែក (Charles Babbage) ដែលជាអ្នកវិទ្យាសាស្ត្រផ្នែកតក្កវិទ្យា និងគណិតវិទ្យាជនជាតិអង់គ្លេសនៅឆ្នាំ១៨២២។ គំនិតនៃការបង្កើតកុំព្យូទ័រនោះ មិនទាន់អាចបង្កើតវាបាននោះទេ រហូតដល់ឆ្នាំ១៩៤៣។
កុំព្យូទ័រដំបូងមានឈ្មោះថា អេនីអេខ ENIAC (Eletronic Numerical Intergrator And Calculator) ត្រូវបានផលិតដោយមនុស្ស ២ រូប គឺលោក ជេ. ផ្រេស្ពឺរ អេខខឺត (J. Presper Eckert) និងលោក ចន ម៉ាច្លី (John Mauchly) នៅសាកលវិទ្យាល័យផេនស៉ីវែនា Pennsylvania សហរដ្ឋអាមេរិក។ ទោះជាបង្កើតដំបូងនៅឆ្នាំ១៩៤៣ ប៉ុន្តែវាមានរូបរាងជាផ្លូវការនៅឆ្នាំ១៩៤៦ ជាពេលវេលាដែលសង្គ្រាមលោកលើកទី២ ត្រូវបានបញ្ចប់។
រហូតមកដល់បច្ចុប្បន្ននេះ កុំព្យូទ័របានវិវត្តខ្លួន ៤ ជំនាន់រួចមកហើយ រួមមាន៖
* ជំនាន់ទី១ (១៩៤៦-១៩៥៤)៖ បច្ចេកវិទ្យារបស់វាពេលនោះ គឺផ្អែកលើអំពូលចង្កៀងអគ្គិសនីស្វ័យប្រវត្តិ (Vacuum tubes) ដែលមានចំនួនប្រហែល ១៨,០០០ អំពូល មានទំហំប្រមាណ ១៣៩.៣៥ ម៉ែត្រក្រឡា ឬប្រហែលបន្ទប់តូចមួយ។ បើនិយាយពីទម្ងន់វិញ មានប្រមាណ ៥០ តោន ហើយប្រសិទ្ធភាពរបស់វាពេលនោះស្ទើរតែ ២% នៃម៉ាស៉ីនកុំព្យូទ័របច្ចុប្បន្ន។
* ជំនាន់ទី២ (១៩៥៥-១៩៦៤)៖ បច្ចេកវិទ្យារបស់វាគឺផ្អែកលើត្រង់ស៉ីស្ទ័រ (Transistor) ហើយមានប្រភេទអង្គចងចាំ។ ជាបន្តបន្ទាប់គេអាចបង្កើតបាននូវភាពជំនាញរបស់វា ដោយកម្មវិធីកុំព្យូទ័រត្រូវបានសរសេរក្នុងភាសាកម្រិតខ្ពស់ (High Level Language) សម្រាប់បង្កើតកម្មវិធីឯករាជ្យកម្រិតខ្ពស់ ដូចជា Basic, Fortran, Cobol.... ដែលហៅថា ភាសា Compiler (Compiler គឺជាកម្មវិធីពិសេសដែលបកប្រែកម្មវិធីសរសេរក្នុងភាសាកម្រិតខ្ពស់ទៅក្នុងម៉ាស៉ីន ដែលកាន់តែបន្ថយពេល បន្ថយកម្លាំង ក្នុងការរៀបចំ និងអនុវត្តកម្មវិធី)។ ម៉ាស៉ីនកុំព្យូទ័រពេលនោះ មានទំហំប៉ុនតុមួយ ហើយប្រសិទ្ធិភាពរបស់វាពេលនោះប្រហែល ១០% នៃម៉ាស៉ីនកុំព្យូទ័របច្ចុប្បន្ន។
* ជំនាន់ទី៣ (១៩៦៥-១៩៧៤)៖ បច្ចេកវិទ្យារបស់វា គឺផ្អែកលើអាយស៉ី (IC= Intergrated Circuit) ដែលធ្វើឲ្យបន្ថយថ្លៃដើម ដោយអាចបង្កើតបានកាន់តែច្រើន និងបានរហ័សបំផុត សម្បូរបែប ស្វ័យប្រវត្តិ ភាវូបនីយកម្មខ្ពស់ ក្នុងការរៀបចំ និងការគ្រប់គ្រងព័ត៌មាន។ ម៉ាស៉ីនកុំព្យូទ័រពេលនោះ មានទំហំតូចដាក់លើតុបាន (Desktop) ឬអាចយួរនឹងដៃបាន (Laptop)។
* ជំនាន់ទី៤ (១៩៧៥ ដល់បច្ចុប្បន្ន)៖ ចាប់តាំងពីឆ្នាំ១៩៧៥ មក គេក៏បានពង្រីកប្រសិទ្ធភាពគ្រប់គ្រង និងការងាររបស់កុំព្យូទ័របញ្ចូលជាខ្នាតធំ LSI (Larger Scale Intergrated) និងខ្នាតធំបំផុត VSI (Very Scale Intergrated) ដែលអាចបញ្ចូលការងារស្មុគស្មាញនានាច្រើនទៅក្នុងប្រព័ន្ធតែមួយក្នុងកម្រិតខ្នាតតូចបំផុត។
តើកុំព្យូទ័រជាអ្វី?
កុំព្យូទ័រ ជាម៉ាស៉ីនគិត (គណិតម៉ាស៉ីន) និងជាម៉ាស៉ីនសម្រាប់បញ្ចូលព័ត៌មានក្នុងការអនុវត្តអ្វីមួយ។ ដំណើរការគិតរបស់វារហ័សជាងការគិតរបស់មនុស្ស តែវាគ្មានប្រាជ្ញាសម្រាប់គិតទេ គឺមនុស្សជាអ្នកបង្កើត និងធ្វើឲ្យវាចេះគិត។ និយាយឲ្យចំ វាគឺជាដំណឹងសាស្ត្រ ឬព័ត៌មានវិទ្យា ដែលពាក្យបារាំងហៅថា អាំងហ្វ័រម៉ាទិក Informatique (Information + Automatique) មានន័យថា ព័ត៌មានដោយស្វ័យប្រវត្តិ។ ដូច្នេះកុំព្យូទ័រជាឧបករណ៍មួយជំនួយក្នុងការគណនា ធ្វើប្លង់ គ្រប់គ្រងវិភាគ ព្យាករណ៍ និងរក្សាទិន្នន័យ ជាពិសេសជួយធ្វើការងារឲ្យបានលឿន៕
Charles Babage តក្កករ និងជាគណិតវិទូ ជនជាតិអង់គ្លេស ដែលជាអ្នកបង្កើតកុំព្យូទ័រដំបូងគេ
កុំព្យូទ័រជំនាន់ទី១ អំឡុងឆ្នាំ១៩៤៦ ឈ្មោះ ENIAC
កុំព្យូទ័រជំនាន់ទី២ នៅឆ្នាំ១៩៥៥
កុំព្យូទ័រជំនាន់ទី៣ នៅឆ្នាំ១៩៦៥
កុំព្យូទ័រជំនាន់ទី៤ ឆ្នាំ១៩៧៦
ប្រភេទកុំព្យូទ័របច្ចុប្បន្ន
លោក j. presper eckert និងលោក john mauchly