(បរទេស)៖ ធនធានទឹកសាប គឺជាធនធានទឹកបានមកពីធម្មជាតិ ដែលមិនមែនជាទឹកសមុទ្រ ឬផ្ទុកសារធាតុអំបិល ខណៈទឹកសាបមានវត្តមាននៅតាមស្រះ បឹង អូរ ទន្លេ និងតំបន់ផ្ទាំងទឹកកកនៅលើផែនដី ហើយទឹកនៅក្រោមដីក៏ជាទឹកសាបផងដែរ។
ជាការពិតណាស់ ក្នុងចំណោមទឹកលើភពរផែនដី មានតែ ៣ ភាគរយប៉ុណ្ណោះជាទឹកសាប ហើយក្នុងនោះមានត្រឹម ០.៥ ភាគរយប៉ុណ្ណោះ ដែលអាចប្រើប្រាស់បាន។ ប្រភពចម្បងនៃវត្តមានទឹកសាបនៅលើផែនដី គឺការធ្លាក់ទឹកសន្សើម ការធ្លាក់ភ្លៀង និងការធ្លាក់ព្រិលពីបរិយាកាស។
មានប្រទេសខ្លះដែលមានធនធានទឹកសាបធំជាងគេ ហើយប្រទេសទាំងនេះទទួលបានអត្ថប្រយោជន៍យ៉ាងសម្បូរបែបពីធនធានទឹកសាបដ៏ធំរបស់ពួកគេ ក្នុងនោះមានដូចជា៖
១៖ ប្រទេសប្រស៉ីល
ប្រេស៉ីលគឺជាប្រទេសដែលមានបរិមាណទឹកសាបដែលអាចប្រើប្រាស់ឡើងវិញខ្ពស់ជាងគេបំផុត គឺមានបរិមាណសរុបប្រមាណជាង ៨,២៣៣ គីឡូម៉ែតគូបឯណោះ។ បរិមាណទឹកសាបនៃប្រទេសប្រេស៊ីលគឺមានអត្រាស្មើនឹង ១២ ភាគរយនៃធនធានទឹកសាបទាំងអស់នៅទូទាំងពិភពលោក។
នៅតំបន់ព្រៃអាម៉ាហ្សូនរបស់ប្រេស៉ីលមានទឹកសាប ៧០ ភាគរយនៃបរិមាណទឹកសាបទាំងអស់ ដែលមានក្នុងប្រទេសអាមេរិកខាងត្បូងនេះ។ បើទោះបីជាប្រទេសនេះសម្បូរទៅដោយធនធានទឹកសាបច្រើនយ៉ាងណាក្ដី ក៏នៅតែមានតំបន់មួយចំនួនត្រូវប្រឈមមុខនឹងបញ្ហាគ្រោះរាំងស្ងួត ជាក់ស្ដែងដូចជាតំបន់សៅភូឡូ (Sao Paulo) ដែលមានប្រជាជនប្រេស៉ីលរស់នៅច្រើនបំផុត។ រីឯនៅតាមបណ្តាទីក្រុងមួយចំនួន ក៏នៅតែបន្តជួបប្រទះវិបត្តិកង្វះទឹកសាបផងដែរ។
២៖ ប្រទេសរុស្ស៉ី
ប្រភពទឹកសាបនៅក្នុងប្រទេសរុស្ស៉ី រួមមាន ទន្លេ បឹង និងអាងស្តុកទឹកសិប្បនិម្មិតដែលសាងសង់ដោយមនុស្ស។ បឹងបៃកាល់ (Baikal) ដែលជាបឹងទឹកសាបមានទំហំធំ និងមានជម្រៅជ្រៅជាងគេបំផុតលើពិភពលោក មានទីតាំងនៅក្នុងប្រទេសនេះឯង។ បរិមាណទឹកសាបនៅក្នុងបឹងនោះមានអត្រាស្មើនឹង ១/៥ នៃបរិមាណទឹកសាបទាំងអស់នៅលើពិភពលោក។
បឹងនេះបានកើតឡើងពីភាពប្រេះស្រាំនៃការធ្វើចលនារបស់សំបកផែនដី ប៉ុន្តែគេសង្គេតឃើញថាបរិមាណទឹកសាប ដែលមាននៅក្នុងបឹងបៃកាល់កំពុងតែថយចុះបន្តិចម្តងៗ ដោយសារការប្រែប្រួលអាកាសធាតុ។ បឹងនេះក៏ជាជម្រករបស់សត្វភេជាច្រើនក្បាលផងដែរ។ សរុបមក ធនធានទឹកសាបទាំងអស់នៅក្នុងប្រទេសរុស្ស៉ីមានបរិមាណសរុបចំនួន ៤,៥០៨ គីឡូម៉ែត្រគូប។
៣៖ សហរដ្ឋអាមេរិក
ធនធានទឹកសាបអាចប្រើប្រាស់បានឡើងវិញនៅក្នុងសហរដ្ឋអាមេរិក មានបរិមាណប្រហែល ៣,០៦៩ គីឡូម៉ែត្រគូប។ ទឹកសាបភាគច្រើនរបស់អាមេរិកគឺជាទឹកនៅផ្ទៃខាងលើដែលមានបរិមាណ ៧០ ភាគរយ និងទឹកដែលនៅក្រោមដីមាន ៣០ ភាគរយ។ ក្រៅពីបឹងដែលជាប្រភពទឹកសាបចម្បងនៅសហរដ្ឋអាមេរិក ក៏រួមមានប្រភពមកពីទីតាំងផ្សេងទៀតផងដែរ មានដូចជាទន្លេ ស្រះ និងអាងស្តុកទឹកជាច្រើនទៀត។
សហរដ្ឋអាមេរិកគឺជាប្រទេសមួយដែលសម្បូរទៅដោយបឹងជាច្រើនកន្លែង បូករួមជាមួយនឹងបឹងយក្ស Great Lakes ដែលជាបឹងមួយមានឈ្មោះល្បីល្បាញជាងគេនៅលើពិភពលោកនេះ។
៤៖ ប្រទេសកាណាដា
បរិមាណទឹកសាបដែលអាចប្រើប្រាស់ឡើងវិញនៅក្នុងប្រទេសកាណាដា មានប្រហែលជាង ២,៩០២ គីឡូម៉ែត្រគូប។ ភាគច្រើនទឹកសាបនៅកាណាដា មានវត្តមាននៅតាមបណ្ដាញទន្លេ និងបឹងផ្សេងៗជាច្រើន។ ទឹកសាបនៅកាណាដាបានផ្តល់ជាប្រភពទឹកសម្រាប់ប្រើប្រាស់ទៅដល់ប្រជាជនប្រមាណជាង ៨,០០០,០០០ នាក់ និងចូលរួមជាចំណែកទ្រទ្រង់ដល់វិស័យកសិកម្មប្រមាណ ១/៤ នៅក្នុងប្រទេស។
៥៖ ប្រទេសចិន
ចិនស្ថិតក្នុងចំណាត់ថ្នាក់ទី៥ នៃប្រទេសដែលមានបរិមាណទឹកសាបច្រើនជាងគេបំផុត ដោយចិនមានប្រមាណជាង ២,៨៤០ គីឡូម៉ែត្រគូប។ បឹងប៉យ៉ាង (Poyang) ដែលមានទីតាំងស្ថិតនៅក្នុងខេត្តជាំងស៊ី (Jiangxi) គឺជាបឹងទឹកសាបដែលមានទំហំធំជាងគេបំផុតនៅក្នុងប្រទេសចិន។ ទន្លេស៊ីន ទន្លេស៊ីវ និងទន្លេកាន សុទ្ធតែត្រូវបញ្ចេញទឹកចូលទៅក្នុងបឹងនេះ។ បរិមាណទឹកបឹងប៉យ៉ាងតែងប្រែប្រួលមិនទៀតទាត់ឡើយ ដោយអាស្រ័យទៅតាមរដូវកាល។
គួរបញ្ជាក់ថា ប្រទេសដែលមានធនធានទឹកសាបច្រើន ក៏អាចទទួលបានអត្ថប្រយោជន៍សម្បូរបែបតាមនោះដែរ។ តួយ៉ាងវាមានសារៈសំខាន់ក្នុងការទ្រទ្រង់នូវជីវិតប្រព័ន្ធជីវចម្រុះ ការផលិតស្បៀងអាហារ និងការផលិតថាមពលវារីអគ្គិសនីជាដើម។ ក្រៅពីនេះ សត្វក៏ចូលចិត្តទៅធ្វើជម្រកនៅតាមតំបន់ទឹកសាបផងដែរ។
ជាធម្មតា បណ្តាប្រទេសដែលមានបរិមាណទឹកសាបច្រើន កម្រជួបប្រទះបញ្ហាខ្វះខាតការផ្គត់ផ្គង់ទឹកសាបនៅតាមគ្រួសារណាស់។ ទោះជាយ៉ាងណាក្តី ដោយសារភាពអន់ខ្សោយនៃការតភ្ជាប់បណ្តាញផ្គត់ផ្គង់ទឹក និងបញ្ហាបំពុលទឹក ប្រទេសទាំងនេះនៅតែអាចប្រឈមនឹងបញ្ហាខ្វះខាតទឹកសាបប្រើប្រាស់។
រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ អ្នកវិទ្យាសាស្រ្តបានសង្កេតឃើញថា បរិមាណធនធានទឹកសាបមានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ ដែលបញ្ហាបម្រែបម្រួលអាកាសធាតុពិភពលោក គឺជាដែលជាហេតុផលដ៏ចម្បងមួយ ដែលធ្វើឲ្យថយចុះបរិមាណធនធានទឹកសាបលើផែនដី៕