(ពិភពលោក)៖ តាំងពីអ្នកវិទ្យាសាស្ត្របង្កើតឱ្យមានឧបករណ៍ទំនាក់ទំនងតាមរយៈសារជាសំឡេងក្ដី សារជាអក្សរ ជារូបភាពក្ដី ឬប្រព័ន្ធវីដេអូដែលអាចមើលឃើញគ្នាទៅវិញទៅមកក្ដី គឺសុទ្ធតែបានចូលរួមជួយឱ្យការរស់នៅរបស់ប្រជាជនកាន់តែល្អប្រសើរ តួយ៉ាងដូចជាការបង្កើតវិទ្យុទាក់ទងលើកដំបូងនោះជាដើម គឺបានរួមចំណែកជួយសង្គ្រោះជីវិតមនុស្សឱ្យផុតពីគ្រោះថ្នាក់មិនតិចនោះឡើយ។
វិទ្យុទាក់ទងដំបូងត្រូវបានបង្កើតឡើងដោយអ្នកវិទ្យាសាស្ត្រជនជាតិអ៉ីតាលីម្នាក់មានឈ្មោះថា ហ្កាចលីលម៉ូ ម៉ារខូនី (Sir Guglielmo Marconi)។ លោកកើតនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ១៨៧៤ នៅទីក្រុងប៉ូឡូញ៉ា (Bologna) ភាគខាងជើងប្រទេសអ៉ីតាលី ដែលកាលណោះនៅជាព្រះរាជាណាចក្រអ៉ីតាលី ក្រោមរបបរាជានិយម។
ចាប់ពីវ័យកុមារដល់វ័យជំទង់ ម៉ារខូនីចាប់ចិត្តអំពីភ្លើងអគ្គិសនីយ៉ាងខ្លាំង ហើយចូលចិត្តអានសៀវភៅផ្សេងៗដែលទាក់ទងនឹងភ្លើងអគ្គិសនីនេះ ដោយក្នុងពេលអានសៀវភៅម្ដងៗ គេតែងព្យាយាមពិសោធន៍បន្ថែមដោយខ្លួនឯង។ សៀវភៅដែលលោកងប់ខ្លាំងជាងគេ គឺសៀវភៅរបស់អ្នកវិទ្យាសាស្ត្រម្នាក់មានឈ្មោះថា ហេនរីច ហឺត្ស (Heinrich Hertz) ដែលអធិប្បាយពីការបញ្ជួនចរន្តអគ្គិសនីពីលោហៈមួយដុំទៅលោហៈមួយដុំទៀតក្នុងបន្ទប់ជាមួយគ្នា ដោយមិនចាំបាច់ឱ្យមានខ្សែចម្លងអគ្គិសនី លោហៈនោះគេហៅថា អេទែរ (Ether)។ មុខការដំបូងដែលយុវជនម៉ារខូនីបង្កើតឡើង គឺកណ្ដឹងអគ្គិសនី ហើយទទួលបានការកើតសរសើរពីឪពុករបស់លោក រហូតដល់ថ្នាក់ហ៊ានចំណាយប្រាក់បង្កើតបន្ទប់ពិសោធន៍មួយនៅក្នុងផ្ទះទៀតផង។
តពីនោះមក ម៉ារខូនីបានពិសោធន៍គ្រឿងវិទ្យុទាក់ទងរបស់ខ្លួនជាលើកដំបូង ដោយមានបងប្រុសរបស់លោកឈ្មោះ អាល់ហ្វុនសូ ម៉ារខូនី (Alfonso Marconi) ទៅចាំស្ដាប់នៅទីឆ្ងាយពីបន្ទប់ពិសោធន៍ប្រមាណជាង ១ គីឡូម៉ែត្រ ហើយឱ្យលើកទង់បក់ក្នុងពេលដែលទទួលសំឡេងបាន។ តមកទៀត ម៉ារខូនី បានឱ្យបងប្រុសរបសខ្លួនទៅតាំងគ្រឿងចាំស្ដាបសំឡេងនៅលើកន្លែងមួយដែលមានភ្នំនៅរាំងកណ្ដាលរវាងគ្រឿងបញ្ជូន និងគ្រឿងទទួលសំឡេង ពេលនោះនៅមិនទាន់បានឮសំឡេងសមប្រាថ្នានៅឡើយទេ។
ម៉ារខូនីបានព្យាយាមលក់ផលិតកម្មវិទ្យុទាក់ទងរបស់ខ្លួនទៅឱ្យរដ្ឋាភិបាលអ៉ីតាលី តែរាជការអ៉ីតាលីពុំទាន់ជឿជាក់នៅឡើយទេ ទើបមិនទទួលទិញយកឧបករណ៍ថ្មីនេះ។ ដូច្នេះហើយទើបម៉ារខូនីសម្រេចចិត្តជាថ្មីថានឹងយកទៅលក់់ឱ្យរាជការចក្រភពអង់គ្លេស ខណៈម្ដាយរបស់លោកជាជនជាតិអៀរឡង់ដែលចំណុះក្រោមចក្រភពអង់គ្លេសស្រាប់ (នៅក្នុងចក្រភពអង់គ្លេសមានប្រទេសចំនួន ៤៖ អង់គ្លេស វែល ស្កត់ឡង់ និងអៀរឡង់ខាងជើង)។
កិត្តិសព្ទរបស់ម៉ារខូនីក្នុងការបង្កើតវិទ្យុទាក់ទងនេះ បានផ្សាយទៅដល់អង់គ្លេសមុននឹងលោកទៅដល់ទឹកដីនេះទៅទៀត ខណៈក្រុមអ្នកវិទ្យាសាស្ត្រនៅចក្រភពអង់គ្លេសជាច្រើនកំពុងរង់ចាំលោក។ ក្នុងចំណោមក្រុមអ្នកវិទ្យាសាស្ត្រនោះ មានឯកឧត្តម វីល្លៀម ហេនរី ព្រីស (Sir William Henry Preece) គឺជាមេជាងឯកម្នាក់នៃក្រុមប្រៃសណីយ៍នៅអង់គ្លេស។នៅពេលម៉ារខូនីទៅដល់អង់គ្លេសហើយ ឯកឧត្តម វីល្លៀម បានអនុញ្ញាតឱ្យម៉ារខូនីប្រើបន្ទប់ពិសោធន៍មួយដោយឡែក។ នៅទីនេះ ម៉ារខូនីអាបញ្ជូនរលកវិទ្យុទាក់ទងរបស់ខ្លួនបានកាន់តែឆ្ងាយឡើងៗ។
កាលបើម៉ារខូនីសុំច្បាប់បង្កើតវិទ្យុទាក់ទងនៅឆ្នាំ១៨៩៦ បានហើយ ប្រជាជនក៏កើតមានទំនុកចិត្តចំពោះការងាររបស់លោកកាន់តែច្រើនឡើងៗ រហូតដល់មានអ្នកខ្លះឧបត្ថម្ភប្រាប់ដើម្បីធ្វើជាដើមទុនក្នុងការបង្កើតវិទ្យុទាក់ទងនេះតាមសើន (សើន គឺជាប៉មបញ្ចាំងភ្លើងសម្រាប់ឱ្យនាវិកដឹងថាជាកំពង់ផែ) និងនៅលើនាវា ដែលជាហេតុញ៉ាំងឱ្យម៉ារខូនីមាននូវសោមនស្សយ៉ាងក្រៃលែង។ សេចក្ដីប្រាថ្នារបស់លោក គឺដើម្បីនឹងប្រើផលិតកម្មនេះជួយក្នុងការធ្វើដំណើរតាមនាវាសមុទ្រ។
បន្តបន្ទាប់មកទៀត ផលិតផលវិទ្យុទាក់ទងរបស់លោក ម៉ារខូនី ក៏កាន់តែល្បីល្បាញ និងមានអ្នកប្រើប្រាស់ច្រើនឡើងៗ ប៉ុន្តែទន្ទឹមនឹងនោះ ក៏កើតមានបញ្ហាមកជាមួយគ្នាផងដែរ គឺដោយសារការបញ្ជូនសារសំឡេងតាមរយៈវិទ្យុទាក់ទងនោះ ឆ្លងសំឡេងគ្នារញ៉េរញ៉ៃស្ដាប់គ្នាពុំសូវបាន ពីព្រោះតែកាលណោះវិទ្យុទាក់ទងនេះមិនទាន់មានលេខប្រេកង់ដាច់ដោយឡែកពីគ្នា ដូច្នេះហើយឱ្យតែអ្នកណាមានវិទ្យុទាក់ទងនេះ សុទ្ធតែអាចស្ដាប់សារសំឡេងដែលបញ្ចូនពីអ្នកដទៃបានទាំងអស់គ្នា ជាហេតុធ្វើឱ្យការសម្ងាត់ត្រូវបែកធ្លាយ និងមានការរិះគន់ខ្លះពីសំណាក់អ្នកប្រើប្រាស់។ ជួបនូវបញ្ហាដូច្នេះ ម៉ារខូនីបានព្យាយាមកែប្រែវិទ្យុទាក់ទងរបស់លោកសាជាថ្មី គឺចាត់ការបញ្ជូនព័ត៌មានក្នុងរលកធាតុអាកាសផ្សេងៗគ្នា ពោលគឺគាត់បានរកឃើញការបង្កើតឱ្យប្រេកង់ផ្សេងគ្នាឡើង ដើម្បីកុំឱ្យការបញ្ជូនសំឡេងមានការឆ្លងលាយឡំគ្នាដូចមុន។ នៅដំណាក់កាលនេះ វិទ្យុទាក់ទងរបស់លោកអាចឆ្លងឆ្លើយគ្នាបានពីទ្វីបអឺរ៉ុបទៅដល់សហរដ្ឋអាមេរិកដែលមានមហាសមុទ្រអាត្លង់ទិកនៅកណ្ដាល។
នៅឆ្នាំ១៩០៩ មានហេតុការណ៍មួយបានកើតឡើង ដោយនាវាសមុទ្រចំនួនពីរគ្រឿង មួយមានឈ្មោះ Republic និងមួយទៀតមានឈ្មោះ Florida បានធ្វើដំណើរនៅលើមហាសមុទ្រអាត្លង់ទិក ខណៈនៅតាមផ្លូវនោះមានការចុះអព្ទយ៉ាងក្រាស់ធ្វើឱ្យនាវិកមើលអ្វីមិនឃើញ។ ភ្លាមៗនោះ អនុនាវីឯកនៃនាវា Republic បានបញ្ជូនសារសំឡេងស្នើសុំជំនួយពីសហរដ្ឋអាមេរិក ដើម្បីជួយនាំផ្លូវទៅកាន់កន្លែងដែលមានសុវត្ថិភាព រដ្ឋការសហរដ្ឋអាមេរិកក៏បានបញ្ជូននាវាចេញអន្តរាគមន៍ភ្លាម រហូតដល់ជួយសង្គ្រោះនាវា Republic និងនាវា Florida បានដោយជោគជ័យ។ ប៉ុន្តែនៅក្នុងការជួយសង្គ្រោះនោះមានចំណុចខ្វះខាតមួយបានលេចចេញឡើង គឺនៅពេលដែលនាវារបស់សហរដ្ឋអាមេរិកចេញទៅជួយនាវា Republic និងនាវា Florida គេត្រូវប្រើពេលយូរទម្រាំរកឃើញទីតាំងរបស់នាវារងគ្រោះទាំងពីរនេះ ដែលធ្វើឱ្យម៉ារខូនីខិតខំអភិវឌ្ឍន៍វិទ្យុទាក់ទងរបស់លោកបន្ថែមទៀត ដោយលោកបានធ្វើឱ្យការទាក់ទងតាមរយៈវិទ្យុនេះ អាចរកឃើញទីតាំងរបស់អ្នកប្រើប្រាស់កាន់តែងាយស្រួល។
បីឆ្នាំក្រោយមកទៀត ក៏មានហេតុការណ៍គ្រោះថ្នាក់ដ៏ល្បីកក្រើកមួយ គឺការលិចនាវាទីតានិក (Titanic) នៅមហាសមុទ្រអាត្លង់តិក ដែលមានមនុស្សស្លាប់ដល់ទៅជាង ១,៥០០ នាក់ តែយ៉ាងណាក៏នៅមានអ្នកផុតពីសេចក្ដីស្លាប់ប្រមាណជាង ៧០០ នាក់ដែរ នេះក៏ព្រោះតែការបញ្ជូនសារសំឡេងសុំជំនួយតាមរយៈវិទ្យុទាក់ទងដែលផលិតដោយម៉ារខូនីនេះឯង។
ក្នុងជន្មាយុ៤០ឆ្នាំ កិត្តិសព្ទរបស់ម៉ារខូនីកាន់តែផ្សព្វផ្សាយទូលំទូលាយ បន្ទាប់ពីលោកទទួលបានគោរមងារជាអភិជនជាន់ខ្ពស់ ឬហៅថា Marquess ពីព្រះមហាក្សត្រអ៉ីតាលី ព្រះចៅវីចទ័រអេមម៉ាញូអ៊ែលទី៣ (King Victor Emmanuel III) ស្របពេលជាមួយគ្នានោះ ព្រះមហាក្សត្រចក្រភពអង់គ្លេស ព្រះចៅចចទី៥ (George V) ក៏បានប្រោសព្រះរាជទាននូវគ្រឿងឥស្សរិយយស និងគោរមងារជាឯកឧត្តម (Sir) ជូនដលម៉ារខូនីផងដែរ។
នៅក្នុសម័យសង្គ្រាមលោកលើកទីមួយ ចន្លោះឆ្នាំ១៩១៤-១៩១៨ ម៉ារខូនីបានព្យាយាមយ៉ាងខ្លាំងក្នុងការរៀបចំវិទ្យុទាក់ទង ដើម្បីជួយដល់ប្រទេសអ៉ីតាលីរបស់លោក។ នៅឆ្នាំ១៩២៩ នៅតាមស្រុកនានានៃប្រទេសអ៉ីតាលីមានវិទ្យុទាក់ទងប្រើប្រាស់គ្រប់គ្រាន់ទាំងអស់ ក្រោមជំនួយបច្ចេកទេសរបស់ឯកឧត្តម ម៉ារខូនី។ ឯកឧត្តម ហ្កាចលីលម៉ូ ម៉ារខូនី បានទទួលមរណភាពនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៣៧ នៅទីក្រុងរ៉ូម ប្រទេសអ៉ីតាលី ក្នុងជន្មាយុ៦៣ឆ្នាំ៕