(សហរដ្ឋអាមេរិក)៖ រយៈពេល ២២៥ លានឆ្នាំមកហើយ ដែលផែនដីបានបង្កើតស្នាមប្រេះដ៏ចម្លែកជាងគេមួយនៅ Grand Canyon ប៉ុន្តែទីតាំងដ៏គួរឱ្យខ្លាចនេះបែរជារំលេចបាននូវទេសភាពប្លែក គួរឱ្យចាប់អារម្មណ៍សម្រាប់ភ្ញៀវទេសចរទៅវិញ។
Grand Canyon គឺជាឧទ្យានជាតិមួយស្ថិតនៅក្បែរទន្លេខូឡូរ៉ាដូ (Colorado river) រដ្ឋអារីហ្សូណា (Arizona state) សហរដ្ឋអាមេរិក ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩១៩ មកម្ល៉េះ។ ឧទ្យាននេះពោរពេញដោយភ្នំថ្មភក់ពណ៌ក្រហម និងពណ៌ចម្រុះផ្សេងទៀត ដែលមានស្នាមប្រេះបែកជាក្រហូងច្រូងច្រាងធំៗ និងពុំមានដើមរុក្ខជាតិដុះសូម្បីតែមួយដើម។
លក្ខណៈដ៏ចម្លែកនៅ Grand Canyon កើតឡើងដោយសារឥទ្ធិពលរបស់ទន្លេខូឡូរ៉ាដូដែលហូរកាត់តំបន់ខ្ពង់រាប ទើបបណ្ដាលឱ្យបរិវេណនោះត្រូវសឹករិចរិល និងប្រេះបែកថ្ម ខណៈដំណើរវិវត្តនៃធម្មជាតិនេះត្រូវបានគេបញ្ជាក់ថា បានកើតឡើងតាំងពីប្រមាណ ២២៥ លានឆ្នាំមុនមកម្ល៉េះ។ វាមានជម្រៅរហូតដល់ជិត ២ គីឡូម៉ែត្រ និងមានផ្ទៃ ៤,៩២៦ ម៉ែត្រក្រឡា។
កាលពីដើមឡើយ ខូឡូរ៉ាដូ គ្រាន់តែជាកូនទន្លេតូចមួយប៉ុណ្ណោះ តែនៅពេលដែលស្រទាប់ផែនដីឡើងខ្ពស់ ធ្វើឱ្យជម្រាលកាន់តែចោត ទឹកហូរកាន់តែខ្លាំង និងហូរច្រោះតាមជ្រលងថ្ម បង្កើតបានជារណ្ដៅជ្រៅៗ។
បរិវេណច្រាំងដ៏ចោតរបស់ Grand Canyon ជាចំណុចដែលទន្លេខូឡូរ៉ាដូ និងទន្លេវ៉ឺដ (Verde river) ហូរប្រសព្វគ្នា ដែលបង្កើតបានជារចនាសម្ព័ន្ធខាងភូមិសាស្ត្រ អាកាសធាតុ និងប្រវត្តិសាស្ត្រដែលមានលក្ខណៈខុសគ្នាជាច្រើន។
ក្រៅពីនេះ នៅត្រង់បរិវេណមាត់ស្នាមប្រេះនៃជ្រលងភ្នំផ្សេងៗ គេរកឃើញស្លាកស្នាមអរិយធម៌របស់ជនជាតិដើមនៅទ្វីបអាមេរិក ដែលនៅមានសេសសល់មកដល់សព្វថ្ងៃ សម្រាប់ភ្ញៀវទេសចរចូលឱ្យទស្សនាផងដែរ៕