(ចក្រវាឡ)៖ បច្ចុប្បន្ន អ្នកតារាសាស្ត្របានរកឃើញព្រះច័ន្ទរបស់ភពព្រហស្បតិ៍ដល់ទៅ ៧៩ ដួងឯណោះ ប៉ុន្តែព្រះច័ន្ទដែលល្បីល្បាញជាងគេមានតែ ៤ ដួងប៉ុណ្ណោះ ដែលពួកវាត្រូវបានរកឃើញតាំងពីជាង ៣០០ ឆ្នាំមុន។ តើអ្នកដឹងទេថា ព្រះច័ន្ទរបស់ភពព្រហស្បតិ៍ត្រូវបានរកឃើញដំបូងនៅឆ្នាំណា ដោយអ្នកណា ហើយព្រះច័ន្ទទាំង ៤ ដួងនោះមានឈ្មោះអ្វីខ្លះ?
កាលពីគ្រិស្ដសករាជ ១៦១០ តារាវិទូជនជាតិអ៉ីតាលី លោក កាលីលេអូ កាលីឡេ (Galileo Galilei) បានប្រើកែវយឹតដែលលោកបានបង្កើតឡើងដំបូង ដើម្បីឆ្លុះមើលទៅកាន់ភពព្រហស្បតិ៍ (Jupiter) ហើយបានប្រទះឃើញតារាតូចៗចំនួន ៤ ដួងស្ថិតនៅក្បែរភពយក្សនេះ។ ដំបូងឡើយ គឺនៅថ្ងៃទី០៧ ខែមករា លោកបានឆ្លុះមើលឃើញតែតារា ៣ ដួងប៉ុណ្ណោះ ដែលស្ថិតនៅឈមគ្នាជាជួរនៅជិតភពព្រហស្បតិ៍។ តាមការសង្កេតជាបន្តបន្ទាប់មកឃើញថា តារាទាំងនោះបានផ្លាស់ទីចេញពីទីតាំងដើម ដែលហាក់ដូចជាខុសពីដំណើរផ្លាស់ទីទូទៅរបស់តារាផ្សេងៗ។ រហូតមកដល់ថ្ងៃទី១០ ខែមករា ឆ្នាំដដែល លោក កាលីឡេ បានសង្កេតឃើញថាមានតារាមួយដួងបានបាត់ខ្លួន លោកក៏បានសង្កេតមើលបន្តទៅទៀត ទើបរកឃើញថាវាបាត់ខ្លួនដោយសារបាំងពីក្រោយភពព្រហស្បតិ៍ ទើបលោកបានសន្មតថា តាមពិតតារាទាំងបីដួងនោះគឺជាតារារណបគោចរជុំវិញភពព្រហស្បតិ៍ ឬជាព្រះច័ន្ទរបស់ភពព្រហស្បតិ៍នេះឯង។
មកដល់ថ្ងៃទី១៣ ខែឆ្នាំដដែល លោក កាលីឡេ បានរកឃើញព្រះច័ន្ទមួយទៀត ហើយបានដាក់ឈ្មោះឱ្យព្រះច័ន្ទទីបួននេះថា មេឌីស៊ាន (The Medicean Stars) ដោយយកតាមព្រះនាមរបស់ព្រះអង្គម្ចាស់ កូស៊ីម៉ូ នៃរាជវង្សមេឌីស៊ី (Cosimo de’ Medici) ដែលជាសិស្សជំនិតរបស់លោក។ ចំណែកព្រះច័ន្ទ ៣ ដួងទៀត គឺលោកបានដាក់ឈ្មោះឱ្យថា ហ្វ្រាន់ស៉ីស្កូ (Francesco) កាឡូ (Carlo) និងឡូរិនហ្សូ (Lorenzo) ដោយយកតាមព្រះនាមរបស់បងប្អូនព្រះអង្គម្ចាស់ កូស៉ីម៉ូ ចំនួន ៣ អង្គទៀត។
រហូតដល់គ្រិស្ដសករាជ ១៦១៤ តារាវិទូជនជាតិអាល្លឺម៉ង់ម្នាក់ទៀត គឺលោក ស៉ីម៉ុន ម៉ារ្យូស (Simon Marius) បានអះអាងថា លោកបានរកឃើញតារារណបរបស់ភពព្រហស្បតិ៍ទាំងបួនដួងនេះដូចគ្នា ហើយក៏បានប្រសិទ្ធនាមថ្មីដល់ពួកវាឡើងវិញ ក្នុងនោះរួមមាន៖ អាយអូ (Io) យូរ៉ូប៉ា (Europa) ហ្គេនីមីដ (Ganymede) និងខាលលីស្តូ (Callisto)។ ការដាក់ឈ្មោះថ្មីឱ្យតារារណបទាំងបួនដួងនេះ គឺធ្វើឡើងតាមសំណើរបស់លោក ចូហាណ្ណេស ខេប្លឺ (Johannes Kepler) ដែលជាតារាវិទូជនជាតិអាល្លឺម៉ង់ដូចគ្នា។ ម្យ៉ាងវិញទៀត ឈ្មោះថ្មីទាំងបួននេះគឺយកតាមព្រះនាមរបស់ទេវី ៤ អង្គ ដែលជាមហេសីរបស់ស្ដេចអាទិទេពហ្ស៊ូស (Zeus) នៅក្នុងទេវកថាក្រិកបុរាណ។
ឈ្មោះទាំងនេះក៏ត្រូវបានទទួលស្គាល់ជាផ្លូវការ និងប្រើប្រាស់ជាប់មករហូតដល់ពេលបច្ចុប្បន្ន ហើយគេក៏បានហៅតារារណបទាំងនោះថា «ព្រះច័ន្ទកាលីឡេ ឬ Galilean Moons» ដើម្បីជាកិត្តិយសដល់លោក កាលីលេអូ កាលីឡេ ដែលបានរកឃើញពួកវាមុនដំបូងគេបង្អស់។
សូមជម្រាបថា នៅគ្រិស្ដសករាជ ១៨៩២ តារាវិទូសញ្ជាតិអាមេរិកម្នាក់ គឺលោក អេដវ៉ឺដ អ៉ីមែរសុន បាណាដ (Edward Emerson Barnard) បានបន្តរកឃើញព្រះច័ន្ទទី៥ របស់ភពព្រហស្បតិ៍ ហើយគាត់បានដាក់ឈ្មោះឱ្យតារារណបនេះថា អាម៉ាលធា (Amalthea) ដោយយកតាមព្រះនាមមាតាចិញ្ចឹមរបស់ស្ដេចអាទិទេពហ្ស៊ូស (Zeus) ក្នុងទេវកថាក្រិកបុរាណខាងលើនោះដែរ។
សូមជម្រាបថា បច្ចុប្បន្នអង្គការណាសាបានរកឃើញតារារណបភពព្រហស្បតិ៍ទាំងអស់ចំនួន ៧៩ ដួង ក្នុងនោះ ៥៣ ដួងមានឈ្មោះផ្លូវការរួចហើយ ខណៈ ២៦ ដួងទៀតមិនទាន់មានឈ្មោះផ្លូវការនៅឡើយទេ៕