(ប៉ារីស)៖ កាលពីសតវត្សរ៍ទី១៧ មានតែព្រះរាជវាំងវែរសៃយ៍ (Palace of Versailles) នោះទេ ដែលជាព្រះបរមរាជវាំងដ៏ប្រណីតអស្ចារ្យជាងគេ ខណៈទីគង់ប្រថាប់របស់អធិរាជបារាំងមួយនេះ គឺកសាងឡើងអំពីថ្មកែវចម្រុះពណ៌ និងរក្សាទុកនូវវត្ថុបុរាណ កែវមណី ចម្លាក់ គំនូរ និងវត្ថុប្រណីតៗជាច្រើនទៀត ពិសេសគឺសាលកញ្ចក់ដ៏អស្ចារ្យមួយដែលមានអាយុកាលជាង ៣០០ ឆ្នាំមកហើយ។
ព្រះរាជវាំងវែរសៃយ៍ ត្រូវបានកសាងឡើងក្នុងរជ្ជកាលព្រះចៅល្វីទី១៤ (Louis XVI) ដែលបានសោយរាជ្យនៅចក្រភពបារាំងចាប់ពីគ្រិស្ដសករាជ ១៦៤៣-១៧១៥។ ដើមឡើយ ទីតាំងនេះគ្រាន់តែជាព្រះរាជឧទ្យានបរបាញ់របស់ព្រះចៅល្វីទី១៣ (Louis XIII) ដែលជាព្រះរាជបិតារបស់ព្រះចៅល្វីទី១៤។ លុះដល់ពេលព្រះចៅល្វីទី១៤ ស្នងរាជ្យសម្បត្តិបន្តពីព្រះបិតា ព្រះអង្គក៏បានសព្វព្រះទ័យប្រែក្លាយឧទ្យានចាស់នោះទៅជាព្រះរាជវាំងថ្មីដ៏ប្រណីតបំផុត។
នៅគ្រិស្ដសករាជ ១៦៦១ ព្រះចៅល្វីទី១៤ បានចេញព្រះរាជឱង្ការឱ្យវិស្វករដ៏ល្បីឈ្មោះម្នាក់ គឺលោក អង់ដ្រេ ឡឺណូត្រ (André Le Nôtre) ចាប់ផ្ដើមគូរប្លង់ព្រះរាជវាំងថ្មី។ បន្ទាប់ពីបានពិនិត្យ និងកែសម្រួលផ្នែកមួយចំនួនលើគំរូប្លង់ស្ថាបត្យកម្មនេះហើយ ព្រះរាជាល្វីទី១៤ ក៏បានរាជានុញ្ញាតឱ្យលោក អង់ដ្រេ ដឹកនាំការសាងសង់ព្រះរាជវាំងថ្មីនេះតែម្ដង។
លោក អង់ដ្រេ ឡឺណូត្រ បានជ្រើសយកថ្មកែវចម្រុះពណ៌លេខមួយមកសាងសង់ព្រះរាជវាំងថ្មីនេះ ដោយនៅផ្នែកខាងក្នុងចែកចេញជាបន្ទប់ និងសាលជាច្រើន បន្ទប់នីមួយៗត្រូវបានតុបតែងលម្អទៅដោយកែវមណីដ៏មានតម្លៃជាច្រើន និងមានរូបចម្លាក់ វត្ថុបុរាណផ្សេងៗ និងរូបគំនូរដែលគូរដោយវិចិត្រករល្បីៗជាច្រើននាក់ផងដែរ។ កន្លែងដែលទទួលបានការកោតសរសើរបំផុតនោះ គឺសាលកញ្ចក់ Hall of Mirrors ដែលលម្អទៅដោយកញ្ចប់ សសរថ្មកែវចម្រុះពណ៌ រូបចម្លាក់ រូបគំនូរនៅតាមពិដាន អំពូលកែវ ក្បូរក្បាច់រចនាដ៏ល្អប្រណីត ព្រមទាំងវត្ថុបុរាណមានតម្លៃជាច្រើនទៀត។
គេបានចំណាយពេលអស់រយៈពេលជាង ៤០ ឆ្នាំ ទើបសម្រេចបានព្រះបរមរាជវាំងដ៏ប្រណីតអស្ចារ្យថ្វាយព្រះរាជា។ លុះដល់គ្រិស្ដសករាជ ១៦៨២ ព្រះចៅល្វីទី១៤ ក៏បានផ្លាស់ទៅគង់នៅរាជវាំងថ្មីនេះមុនការកសាងរួចរាល់ទាំងស្រុង និងបានផ្លាសទាំងស្ថាប័នរាជការទៅកាន់ទីនោះផងដែរ។ បន្ទាប់ពីរជ្ជកាលព្រះចៅល្វីទី១៤ ព្រះរាជវាំងវែរសៃយ៍ក៏នៅតែបន្តជាព្រះរាជដំណាក់របស់អធិរាជបារាំងក្រោយៗទៀត ដោយព្រះមហាក្សត្រទាំងនោះបានតុបតែងលម្អព្រះរាជវាំងនេះបន្ថែមទៀត។
ក្នុងពេលផ្ទុះឡើងនូវបដិវត្តន៍ផ្ដួលរំលំរបបរាជានិយមនៅបារាំង នាគ្រិស្ដសករាជ ១៧៨៩ បានបង្ខំឱ្យព្រះចៅល្វីទី១៦ (Louis XVI) ភៀសព្រះកាយចេញពីរាជវាំងវែរសៃយ៍ទៅកាន់ទីក្រុងប៉ារីសវិញ។ ពួកបដិវត្តន៍បានបំផ្លិចបំផ្លាញផ្នែកខ្លះនៃព្រះរាជវាំងវែរសៃយ៍ ហើយក្រោយមកព្រះរាជវាំងនេះក៏លែងក្លាយជាទីគង់ប្រថាប់របស់ព្រះរាជាតទៅទៀតហើយ។ រហូតដល់គ្រិស្ដសករាជ ១៨៣៧ អធិរាជថ្មីនៃចក្រភពបារាំង គឺព្រះចៅល្វីហ្វីលីព (Louis-Philippe) ក៏បានចេញព្រះរាជឱង្ការដាក់ព្រះរាជវាំងវែរសៃយ៍ជាសារៈមន្ទីរប្រវត្តិសាស្រ្តនៃប្រទេសបារាំង។
បន្ទប់នានានៅក្នុងសារៈមន្ទីរជាតិវែរសៃយ៍ ត្រូវបានប្តូរទៅជាកន្លែងតាំងផ្ទាំងគំនូរ និងរូបចម្លាក់ថ្មីៗរបស់បុគ្គលអស្ចារ្យ និងរូបគំនូរដែលទាក់ទងនឹងព្រឹត្តិការណ៍សំខាន់ៗនៅក្នុងប្រវត្តិសាស្ត្របារាំង។ នៅដើមសតវត្សទី២០ ចំនួនគំនូរ និងរូបចម្លាក់ទាំងនេះត្រូវបានពង្រីកកាន់តែច្រើនឡើងៗ ហើយរដ្ឋាភិបាលបានជួសជុលផ្នែករងការបំផ្លាញក្នុងសម័យបដិវត្តន៍នោះ ឱ្យដូចទៅនឹងព្រះរាជវាំងដើមវិញ។
សូមជម្រាបថា ព្រះរាជវាំងវែរសៃយ៍ក៏ជាកន្លែងដ៏សំខាន់មួយដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ប្រវត្តិសាស្រ្តពិភពលោកជាច្រើន ដូចជា សន្ធិសញ្ញា Peace of Paris ឆ្នាំ១៧៨៣ ត្រូវបានចុះហត្ថលេខានៅក្នុងរាជវាំងនេះ ដើម្បីបញ្ជាក់អំពីការបញ្ចប់សង្គ្រាមបដិវត្តន៍នៅសហរដ្ឋអាមេរិក។ ការប្រកាសចាញ់សង្គ្រាមរបស់បារាំងដែលច្បាំងចាញ់អាល្លឺម៉ង់ (Proclamation of the German Empire) ក៏បានធ្វើឡើងនៅសាលកញ្ចក់ Hall of Mirrors នៃព្រះរាជវាំងនេះ ហើយសន្ធិសញ្ញាបញ្ចប់សង្រ្គាមលោកលើកទី១ (Treaty of Versailles) ឆ្នាំ១៩១៩ និងសន្ធិសញ្ញាបញ្ចប់សង្គ្រាមលោកលើកទី២ (Treaty of Versailles WW2) ឆ្នាំ១៩៤៥ ក៏បានចុះហត្ថលេខានៅទីនេះដែរ ព្រមទាំងមានព្រឹត្តិការណ៍សំខាន់ៗជាច្រើនផ្សេងទៀត។
ព្រះរាជវាំងវែរសៃយ៍ ត្រូវបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នៅឆ្នាំ១៩៧៩ ដោយវាជាសមិទ្ធផលសិល្បៈដ៏អស្ចារ្យមួយកាលពីសតវត្សរ៍ទី១៧។ បច្ចុប្បន្ន ព្រះរាជវាំងវែរសៃយ៍ទទួលបានការកើតសរសើរថាជាស្ថាបត្យកម្មដ៏ស្រស់ស្អាត និងមានតម្លៃបំផុតរបស់ប្រទេសបារាំង ព្រមទាំងធ្លាប់បានជាប់ក្នុងចំណាត់ថ្នាក់អច្ឆរិយវត្ថុពិភពលោកទៀតផង៕