(អាស៊ាន)៖ ដូចលោកអ្នកបានដឹងហើយថា ភ្នំដែលខ្ពស់ជាងគេនៅលើពិភពលោក គឺភ្នំអេវឺរ៉េស (Mount Everest) ដែលមានរយៈកម្ពស់ ៨,៨៤៩ ម៉ែត្រ ប៉ុន្តែតើអ្នកដឹងទេថា នៅតំបន់អាស៉ីអាគ្នេយ៍យើងនេះ ភ្នំមួយណាដែលមានរយៈកម្ពស់ខ្ពស់ជាងគេបំផុត មានកម្ពស់ប៉ុន្មានម៉ែត្រ ហើយស្ថិតនៅប្រទេសណា?
ភ្នំកាកាបូរ៉ាហ្ស៉ី (Hkakabo Razi) គឺជាភ្នំដែលខ្ពស់ជាងគេនៅតំបន់អាស៉ីអាគ្នេយ៍ ដែលមានរយៈកម្ពស់ ៥,៨៨១ ម៉ែត្រ ពោលគឺទាបជាងភ្នំអេវឺរ៉េសចំនួន ២,៩៦៨ ម៉ែត្រ។ វាមានទីតាំងស្ថិតនៅក្នុងរដ្ឋកាឈិន (State of Kachin) ភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ជាប់តំបន់ស្វយ័តទីបេ។
យោងតាមទីតាំងភូមិសាស្ត្រ ភ្នំកាកាបូរ៉ាហ្ស៉ីនេះក៏ជាបណ្ដាញនៃជួរភ្នំហេមពាន្ត ឬជួភ្នំហិមាល័យ (Himalayan) ផងដែរ ខណៈភ្នំអេវឺរ៉េសក៏ស្ថិតនៅលើជួរភ្នំហិមាល័យនេះដូចគ្នា។
ថ្វីដ្បិតកំពូលភ្នំកាកាបូរ៉ាហ្ស៉ីទាបជាងភ្នំអេវឺរ៉េសក៏ពិតមែន ប៉ុន្តែការឡើងទៅលើកំពូលភ្នំនេះ គឺត្រូវចំណាយពេលយូរជាងការឡើងទៅកាន់កំពូលភ្នំអេវឺរ៉េស។ ជាទូទៅ ការឡើងទៅកាន់កំពូលភ្នំអេវឺរ៉េសនៅប្រទេសនេប៉ាល់ ត្រូវចំណាយពេលចាប់ពី ២-៣ សប្ដាហ៍ រីឯការឡើងទៅកាន់កំពូលភ្នំកាកាបូរ៉ាហ្ស៉ីនៅមីយ៉ាន់ម៉ា ត្រូវចំណាយពេលដល់ទៅជាងមួយខែ។
ប្រការនេះ គឺជាពិតជាត្រូវចិត្តសម្រាប់អ្នកដែលចង់ឡើងភ្នំខ្ពស់ៗដោយការផ្សងព្រេង ឬចង់បំបែកឯតទគ្គកម្មជាដើម ពីព្រោះតែការធ្វើដំណើរឡើងទៅកាន់កំពូលភ្នំខ្ពស់ជាងគេនៅអាស៉ីអាគ្នេយ៍មួយនេះ មិនទាន់មានអ្នកនាំផ្លូវនៅឡើយទេ។
លោក តាកាស្ស៉ី អូហ្សាគិ (Takashi Ozaki ជនជាតិជប៉ុន) និងលោក យីម៉ា យ៉ាល់សេន (Nyima Gyaltsen ជនជាតិមីយ៉ាន់ម៉ា) គឺជាអ្នកដែលបានឡើងទៅកាន់កំពូលភ្នំកាកាបូរ៉ាហ្ស៉ីដំបូងគេបង្អស់ គឺពួកគេធ្វើបាននៅឆ្នាំ១៩៩៦៕