(អាមេរិក)៖ ចាប់តាំងពីការបង្កើតរដ្ឋាភិបាល រហូតដល់ពេលបច្ចុប្បន្ននេះ (គិតត្រឹមឆ្នាំ២០២០) សហរដ្ឋអាមេរិក មានប្រធានាធិបតីចំនួន ៤៥រូបហើយ។ ក្នុងចំណោមនេះ មានប្រធានាធិបតី ២៥រូប កាន់តំណែងបានត្រឹមតែ ១អាណត្តិ ហើយក្នុងនោះមានប្រធានាធិបតីខ្លះ កាន់តំណែងបានតិចជាង ១អាណត្តិតែប៉ុណ្ណោះ ដែលវាកើតឡើងដោយសារតែការចាញ់ឆ្នោត គេលួចធ្វើឃាត និងស្លាប់ដោយសារជំងឺពេលកំពុងកាន់តំណែង។ តើអ្នកដឹងទេ ប្រមុខសេតវិមានទាំង ២៥រូប ដែលកាន់តំណែងត្រឹម ១អាណត្តិ និងតិចជាង ១អាណត្តិទាំងនោះ មានឈ្មោះអ្វីខ្លះ?
Fresh News Plus សូមបង្ហាញជូនប្រិយមិត្តដូចតទៅ៖
* ១៖ ប្រធានាធិបតីអាមេរិកទី២ លោក ចន អាដាមស៍ (John Adams)។ លោក ចន អាដាមស៍ កើតនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ១៧៣៥ និងស្លាប់ទៅវិញនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ១៨២៦។ លោកបានកាន់តំណែងជាប្រមុខសេតវិមាន ចំនួន១អាណត្តិ គឺចាប់ពីឆ្នាំ១៧៩៧ ដល់ឆ្នាំ១៨០១។
* ២៖ ប្រធានាធិបតីអាមេរិកទី៦ លោក ចន ឃ្វីនស៉ី អាដាមស៍ (John Quincy Adams)។ លោក ចន ឃ្វីនស៉ី អាដាមស៍ កើតនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ១៧៦៧ និងស្លាប់ទៅវិញនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ១៨៤៨។ លោកបានកាន់តំណែងជាប្រមុខសេតវិមាន ចំនួន១អាណត្តិ គឺចាប់ពីឆ្នាំ១៨២៥ ដល់ឆ្នាំ១៨២៩។
* ៣៖ ប្រធានាធិបតីអាមេរិកទី៨ លោក ម៉ារទីន វ៉ានប៊ូរីន (Martin Van Buren)។ លោក ម៉ារទីន វ៉ានប៊ូរីន កើតនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ១៧៨២ និងស្លាប់ទៅវិញនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ១៨៦២។ លោកបានកាន់តំណែងជាប្រមុខសេតវិមាន ចំនួន១អាណត្តិ គឺចាប់ពីឆ្នាំ១៨៣៧ ដល់ឆ្នាំ១៨៤១។
* ៤៖ ប្រធានាធិបតីអាមេរិកទី៩ លោក វីល្លាម ហេនរី ហារីសុន (William Henry Harrison)។ លោក វីល្លាម ហេនរី ហារីសុន កើតនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ១៧៧៣ និងស្លាប់ទៅវិញនៅថ្ងៃទី៤ ខែមេសា ឆ្នាំ១៨៤១។ លោកបានកាន់តំណែងជាប្រមុខសេតវិមាន នៅឆ្នាំ១៨៤១ ប៉ុន្តែទើបកាន់តំណែងបានត្រឹម ៣២ថ្ងៃ ក៏ស្លាប់ទៅវិញ។ ប្រវត្តិសាស្ត្រអាមេរិកកំណត់ទុកថា អតីតប្រធានាធិបតីរូបនេះ កាន់តំណែងបានខ្លីជាងគេ។
* ៥៖ ប្រធានាធិបតីអាមេរិកទី១០ លោក ចន ថាយល័រ (John Tyler)។ លោក ចន ថយល័រ កើតនៅថ្ងៃទី២៩ ខែមិនា ឆ្នាំ១៧៩០ និងស្លាប់ទៅវិញនៅថ្ងៃទី១៨ ខែមករា ឆ្នាំ១៨៦២។ លោកបានកាន់តំណែងជាប្រមុខសេតវិមាន ចំនួន១អាណត្តិ គឺចាប់ពីឆ្នាំ១៨៤១ ដល់ឆ្នាំ១៨៤៥។ លោក ថាយល័រ គឺជាអតីតអនុប្រធានាធិបតីអាមេរិកដំបូងគេ ដែលទទួលបានតំណែងប្រធានាធិបតី បន្ទាប់ពីមរណភាពរបស់លោក ហារីសុន។
* ៦៖ ប្រធានាធិបតីអាមេរិកទី១១ លោក ជែមស៍ ខេ ផក (James K. Polk)។ លោក ជែមស៍ ខេ ផក កើតនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ១៧៩៥ និងស្លាប់ទៅវិញនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៨៤៩។ លោកបានកាន់តំណែងជាប្រមុខសេតវិមាន ចំនួន១អាណត្តិ គឺចាប់ពីឆ្នាំ១៨៤៥ ដល់ឆ្នាំ១៨៤៩។
* ៧៖ ប្រធានាធិបតីអាមេរិកទី១២ លោក ហ្សាក់គ្រី ថេល័រ (Zachary Taylor)។ លោក ហ្សាក់គ្រី ថេល័រ កើតនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ១៧៨៤ និងស្លាប់ទៅវិញនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ១៨៥០។ លោកបានកាន់តំណែងជាប្រមុខសេតវិមាន មិនទាន់បាន១អាណត្តិផង ក៏ទទួលមរណភាពទៅ គឺលោកបានបម្រើការងារចាប់ពីខែមិនា ឆ្នាំ១៨៤៩ ដល់ខែកក្កដា ឆ្នាំ១៨៥០។
* ៨៖ ប្រធានាធិបតីអាមេរិកទី១៣ លោក មីលឡាដ ហ្វីលម៉ (Millard Fillmore)។ លោក មីលឡាដ ហ្វីលម៉ កើតនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៨០០ និងស្លាប់ទៅវិញនៅថ្ងៃទី៨ ខែមិនា ឆ្នាំ១៨៧៤។ លោកបានកាន់តំណែងជាប្រមុខសេតវិមាន ជំនួសលោក ហ្សាក់គ្រី ថេល័រ ជិតបាន១អាណត្តិ គឺចាប់ពីឆ្នាំ១៨៥០ ដល់ឆ្នាំ១៨៥៣។
* ៩៖ ប្រធានាធិបតីអាមេរិកទី១៤ លោក ហ្វ្រង់ឃ្លីន ភីយៀស (Franklin Pierce)។ លោក ហ្វ្រង់ឃ្លីន ភីយៀស កើតនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ១៨០៤ និងស្លាប់ទៅវិញនៅថ្ងៃទី៨ ខែតុលា ឆ្នាំ១៨៦៩។ លោកបានកាន់តំណែងជាប្រមុខសេតវិមាន ចំនួន១អាណត្តិ គឺចាប់ពីឆ្នាំ១៨៥៣ ដល់ឆ្នាំ១៨៥៧។
* ១០៖ ប្រធានាធិបតីអាមេរិកទី១៥ លោក ជែមស៍ ប៊ូខ្នាន់ (James Buchanan)។ លោក ជែមស៍ ប៊ូខ្នាន់ កើតនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ១៧៩១ និងស្លាប់ទៅវិញថ្ងៃទី១ ខែមិថុនា ឆ្នាំ១៨៦៨។ លោកបានកាន់តំណែងជាប្រមុខសេតវិមាន ចំនួន១អាណត្តិ គឺចាប់ពីឆ្នាំ១៨៥៧ ដល់ឆ្នាំ១៨៦១។ អតីតប្រធានាធិបតីរូបនេះ ពេញមួយជីវិតរបស់លោកគ្មានគូរស្រករនោះទេ មានន័យថា លោកមិនយកប្រពន្ធឡើយ។
* ១១៖ ប្រធានាធិបតីអាមេរិកទី១៦ លោក អាប្រាហាំ លីនខុន (Abraham Lincoln)។ លោក អាប្រាហាំ លីនខុន កើតនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ១៨០៩ និងស្លាប់ទៅវិញនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ១៨៦៥។ លោកបានកាន់តំណែងជាប្រមុខសេតវិមាន ចំនួន១អាណត្តិ គឺចាប់ពីឆ្នាំ១៨៦១ ដល់ឆ្នាំ១៨៦៥។ តាមពិតទៅលោក លីនខុន បានឈ្នះឆ្នោត ១អាណតិ្តទៀត ប៉ុន្តែនៅសល់ត្រឹម ៤២ថ្ងៃ នៃអាណត្តិទី២នោះ លោកក៏ត្រូវគេបាញ់សម្លាប់តែម្តង ហើយតំណែងប្រធានាធិបតីនោះ ត្រូវស្នងដោយអនុប្រធានាធិបតី ដែលនឹងត្រូវក្លាយជាប្រធានាធិបតីទី១៧ របស់សហរដ្ឋអាមេរិក។
* ១២៖ ប្រធានាធិបតីអាមេរិកទី១៧ លោក អ៉ីនឌ្រូ ចនសុន (Andrew Johnson)។ លោក អ៉ីនឌ្រូ ចនសុន កើតនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៨០៨ និងស្លាប់ទៅវិញនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ១៨៧៥។ អតីតប្រធានាធិបតីរូបនេះ បានកាន់តំណែងជាប្រមុខសេតវិមាន ចំនួន១អាណត្តិ គឺចាប់ពីឆ្នាំ១៨៦៥ ដល់ឆ្នាំ១៨៦៩ ដែលជាអាណត្តិទី២ របស់លោក អាប្រាហាំ លីនខុន បន្ទាប់ពីឃាតកម្ម។
* ១៣៖ ប្រធានាធិបតីអាមេរិកទី១៩ លោក រ៉ូធ័រហ្វដ ប៊ី. ហេយេ (Rutherford B. Hayes)។ លោក រ៉ូធ័រហ្វដ ប៊ី. ហេយេ កើតនៅថ្ងៃទី៤ ខែតុលា ឆ្នាំ១៨២២ និងស្លាប់ទៅវិញនៅថ្ងៃទី១៧ ខែមករា ឆ្នាំ១៨៩៣។ លោកបានកាន់តំណែងជាប្រមុខសេតវិមាន ចំនួន ១អាណត្តិ គឺចាប់ពីឆ្នាំ១៨៧៧ ដល់ឆ្នាំ១៨៨១។
* ១៤៖ ប្រធានាធិបតីអាមេរិកទី២០ លោក ជែមស៍ អេ. ហ្ការហ្វៀលដ៍ (James A. Garfield)។ លោក ជែមស៍ អេ. ហ្ការហ្វៀលដ៍ កើតនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ១៨៣១ និងស្លាប់ទៅវិញនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៨៨១។ លោកបានកាន់តំណែងជាប្រមុខសេតវិមាន នៅឆ្នាំ១៨៨១ មានត្រឹមរយៈពេល ២០០ថ្ងៃ ក៏ត្រូវបានគេធ្វើឃាត។
* ១៥៖ ប្រធានាធិបតីអាមេរិកទី២១ លោក ឆេស្ទ័រ អេ. អាធ័រ (Chester A. Arthur)។ លោក ឆេស្ទ័រ អេ. អាធ័រ កើតនៅថ្ងៃទី៥ ខែតុលា ឆ្នាំ១៨២៩ និងស្លាប់ទៅវិញនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ១៨៨៦។ លោកបានកាន់តំណែងជាប្រមុខសេតវិមាន ចំនួន ១អាណត្តិ ជំនួសអាណត្តិលោក ហ្ការហ្វៀលដ៍ ដែលត្រូវបានគេធ្វើឃាត គឺចាប់ពីឆ្នាំ១៨៨១ ដល់ឆ្នាំ១៨៨៥។
* ១៦៖ ប្រធានាធិបតីអាមេរិកទី២៣ លោក ប៊ីនចាមីន ហ៊ែរីសុន (Benjamin Harrison)។ លោក ប៊ីនចាមីន ហ៊ែរីសុន កើតនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ១៨៣៣ និងស្លាប់ទៅវិញនៅថ្ងៃទី១៣ ខែមិនា ឆ្នាំ១៩០១។ លោកបានកាន់តំណែងជាប្រមុខសេតវិមាន ចំនួន ១អាណត្តិ គឺចាប់ពីឆ្នាំ១៨៨៩ ដល់ឆ្នាំ១៨៩៣។
* ១៧៖ ប្រធានាធិបតីអាមេរិកទី២៥ លោក វិល្លាម ម៉ាក់ឃិនឡី (William Mckinley)។ លោក វិល្លាម ម៉ាក់ឃិនឡី កើតនៅថ្ងៃទី២៩ ខែមករា ឆ្នាំ១៨៤៣ និងស្លាប់ទៅវិញនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ១៩០១។ លោកបានកាន់តំណែងជាប្រមុខសេតវិមាន ចំនួន ១អាណត្តិ ចាប់ពីឆ្នាំ១៨៩៧ ដល់ឆ្នាំ១៩០១ ដែលជាឆ្នាំលោកត្រូវបានគេធ្វើឃាត។ តាមពិតលោកជាប់ឆ្នោតបាន ២អាណត្តិដែរ ប៉ុន្តែសល់ពេល ៦ខែ មុនឡើងកាន់តំណែងនៅអាណត្តិថ្មី លោកក៏ត្រូវគេធ្វើឃាត ហើយតំណែងនោះត្រូវធ្លាក់ទៅលើអនុប្រធានាធិបតី ដែលនឹងត្រូវក្លាយជាប្រធានាធិបតីទី២៦។
* ១៨៖ ប្រធានាធិបតីអាមេរិកទី២៧ លោក វិល្លាម ហូវ៉ាដ ថាហ្វ (William Howard Taft)។ លោក វិល្លាម ហូវ៉ាដ ថាហ្វ កើតនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ១៨៥៧ និងស្លាប់ទៅវិញនៅថ្ងៃទី៨ ខែមិនា ឆ្នាំ១៩៣០។ លោកបានកាន់តំណែងជាប្រមុខសេតវិមាន ចំនួន ១អាណត្តិ គឺចាប់ពីឆ្នាំ១៩០៩ ដល់ឆ្នាំ១៩១៣។ ក្រោយតំណែងជាប្រធានាធិបតី លោកបានជាប់ជាប្រធានតុលាការកំពូលទី១០ របស់សហរដ្ឋអាមេរិក ចាប់ពីឆ្នាំ១៩២១ ដល់ឆ្នាំ១៩៣០។ បើតាមប្រវតិ្តសាស្ត្រអាមេរិក លោកជាបុគ្គលតែម្នាក់គត់ដែលបានកាន់តំណែងជាប្រមុខដឹកនាំស្ថាប័នកំពូល ដល់ទៅ២។
* ១៩៖ ប្រធានាធិបតីអាមេរិកទី២៩ លោក វ៉រិន ជី ហារឌីង (Warren G. Harding)។ លោក វ៉រិន ជី ហារឌីង កើតនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ១៨៦៥ និងស្លាប់ទៅវិញនៅថ្ងៃទី២ ខែសីហា ឆ្នាំ១៩២៣។ លោកបានកាន់តំណែងជាប្រមុខសេតវិមាន បានត្រឹមតែប្រមាណកន្លះអាណត្តិក៏ស្លាប់ទៅវិញ គឺចាប់ពីឆ្នាំ១៩២១ ដល់ឆ្នាំ១៩២៣។
* ២០៖ ប្រធានាធិបតីអាមេរិកទី៣១ លោក ហ៊ែរបឺត ហ៊ូវែរ (Herbert Hoover)។ លោក ហ៊ែរបឺត ហ៊ូវែរ កើតនៅថ្ងៃទី១០ ខែសីហា ឆ្នាំ១៨៧៤ និងស្លាប់ទៅវិញនៅថ្ងៃទី២០ ខែតុលា ឆ្នាំ១៩៦៤។ លោកបានកាន់តំណែងជាប្រមុខសេតវិមាន ចំនួន ១អាណត្តិ គឺចាប់ពីឆ្នាំ១៩២៩ ដល់ឆ្នាំ១៩៣៣។
* ២១៖ ប្រធានាធិបតីអាមេរិកទី៣៥ លោក ចន អេហ្វ ខេនឌី (John F. Kennedy)។ លោក ចន អេហ្វ ខេនឌី កើតនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ១៩១៧ និងស្លាប់ទៅវិញនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ១៩៦៣។ លោកបានកាន់តំណែងជាប្រមុខសេតវិមាន មិនបាន១អាណត្តិទេ គឺចាប់ពីឆ្នាំ១៩៦១ ដល់ឆ្នាំ១៩៦៣ ក៏ត្រូវគេធ្វើឃាត។
* ២២៖ ប្រធានាធិបតីអាមេរិកទី៣៨ លោក ជឺរ៉ាល់ អ ហ្វដ (Gerald R. Ford)។ លោក ជឺរ៉ាល់ អ ហ្វដ កើតនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩១៣ និងស្លាប់ទៅវិញនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០០៦។ លោកបានកាន់តំណែងជាប្រមុខសេតវិមាន ចំនួន ១អាណត្តិ ចាប់ពីឆ្នាំ១៩៧៤ ដល់ឆ្នាំ១៩៧៧។
* ២៣៖ ប្រធានាធិបតីអាមេរិកទី៣៩ លោក ជីមី ខាតធ័រ (Jimmy Carter)។ លោក ជីមី ខាតធ័រ កើតនៅថ្ងៃទី១ ខែតុលា ឆ្នាំ១៩២៤ ហើយគិតត្រឹមឆ្នាំ២០២១ លោកមានអាយុ ៩៦ឆ្នាំ។ លោកបានកាន់តំណែងជាប្រមុខសេតវិមាន ចំនួន ១អាណត្តិ គឺចាប់ពីឆ្នាំ១៩៧៧ ដល់ឆ្នាំ១៩៨១។
* ២៤៖ ប្រធានាធិបតីអាមេរិកទី៤១ លោក ចច អេច ដាប់ប៊ឹលយូ ប៊ូស (George H. W. Bush)។ លោក ប៊ូស កើតថ្ងៃទី១២ ខែមិថុនា ឆ្នាំ១៩២៤ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨។ លោកបានកាន់តំណែងជាប្រមុខសេតវិមាន ចំនួន ១អាណត្តិ គឺចាប់ពីឆ្នាំ១៩៨៩ ដល់ឆ្នាំ១៩៩៣។
* ២៥៖ ប្រធានាធិបតីអាមេរិកទី៤៥ លោក ដូណាល់ ត្រាំ (Donald Trump)។ លោក ដូណាល់ ត្រាំ កើតនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ១៩៤៦ ហើយគិតត្រឹមឆ្នាំ២០២១ លោកមានអាយុ ៧៥ឆ្នាំ។ លោកបានកាន់តំណែងជាប្រមុខសេតវិមាន ចំនួន ១អាណត្តិ គឺចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២០ បន្ទាប់ពីចាញ់ឆ្នោតលោក ចូ បៃដិន (Joe Biden)។
សូមជម្រាបថា អ្នកដែលបានកាន់តំណែងយូរជាង គឺប្រធានាធិបតីអាមេរិកទី៣២ លោក ហ្វ្រង់គ្លីន រ៉ូស្វែល (Franklin D. Roosevelt) ដែលបានកាន់តំណែងចំនួន ៤អាណត្តិជាប់ៗគ្នាឯណោះ។ លោក ហ្វ្រង់គ្លីន រ៉ូស្វែល កើតនៅថ្ងៃទី៣០ ខែមករា ឆ្នាំ១៨៨២ និងស្លាប់ទៅវិញនៅថ្ងៃទី១២ ខែមេសា ឆ្នាំ១៩៤៥។ លោកបានកាន់តំណែងជាប្រមុខសេតវិមាន ចំនួន ៤អាណត្តិជាប់ៗគ្នា គឺអាណត្តិទី១ ចាប់ពីឆ្នាំ១៩៣២ ដល់ឆ្នាំ១៩៣៦ អាណត្តិទី២ ចាប់ពីឆ្នាំ១៩៣៦ ដល់ឆ្នាំ១៩៤០ អាណត្តិទី៣ ចាប់ពីឆ្នាំ១៩៤០ដល់ឆ្នាំ១៩៤៤ ប៉ុន្តែពេលជាប់ឆ្នោតនៅអាណត្តិទី៤ នៅឆ្នាំ១៩៤៤ គាត់ក៏ស្លាប់ទៅ ដែលវាជារយៈពេលតិចជាង ៣ខែប៉ុណ្ណោះ មុនលោកឡើងកាន់តំណែងពេញសិទ្ធិ។
ក្រោយមកទៀត រដ្ឋធម្មនុញ្ញអាមេរិកបានកំណត់ឲ្យបុគ្គល ១រូប កាន់តំណែងជាប្រធានាធិបតី តែ២អាណត្តិប៉ុណ្ណោះ ហើយក្នុង ១អាណត្តិៗ មានរយៈពេល ៤ឆ្នាំដដែល៕