(ភ្នំពេញ)៖ បច្ចុប្បន្ននៅប្រទេសកម្ពុជា គេបានរកឃើញថាមានពពួកពានរចំនួន ១១ ប្រភេទ ដែលភាគច្រើនរស់នៅតាមតំបន់ព្រៃឈើតំបន់ខ្ពង់រាប ដែលមានរយៈកម្ពស់ខ្ពស់ជាង ១,៦០០ ម៉ែត្រពីនីវ៉ូទឹកសមុទ្រ និងមាននៅតាមតំបន់ទំនាប តំបន់ព្រៃលិចទឹក និងព្រៃកោងកាងជាដើម ខណៈប្រភេទស្វាខ្លះក៏មានសមត្ថភាពហែលទឹកយ៉ាងជំនាញទៀតផង។
ដោយសារសម្បូរចំណីអាហារ និងទីជម្រកគ្រប់គ្រាន់ ក្រុមពានរដែលរស់នៅប្រទេសកម្ពុជាមានលទ្ធភាពខ្ពស់ក្នុងការបន្តពូជទាំងក្នុងមជ្ឈដ្ឋានធម្មជាតិ និងការអភិរក្សក្រៅតំបន់ ប៉ុន្តែជាអកុសល ប្រភេទស្វាខ្លះក៏កំពុងរងគ្រោះថ្នាក់ពីការទាក់ចាប់ ការបរបាញ់ ដើម្បីយកទៅធ្វើអាជីវកម្ម និងនាំចេញទៅបរទេស សម្រាប់បម្រើឱ្យការធ្វើពិសោធន៍ស្រាវជ្រាវប្រភេទថ្នាំព្យាបាលជំងឺផ្សេងៗ ព្រោះលក្ខណៈចិត្តសាស្ត្រ និងរូបសាស្ត្ររបស់អម្បូរពានរទាំងនោះមានភាពស្រដៀងគ្នាច្រើននឹងចិត្តសាស្ត្រ ឬរូបសាស្ត្ររបស់មនុស្ស។ រីឯប្រភេទខ្លះត្រូវស្លាប់ដោយសារមានមេរោគចម្លង (Zonotic Diseases)។ ពពួកពានរទាំងនេះត្រូវបានអ្នកជំនាញបញ្ជាក់ថា ក៏មានរស់នៅរ៉ាយប៉ាយជុំវិញពិភពលោកផងដែរ។
ខាងក្រោមនេះជាប្រភេទ លក្ខណៈភិនភាគ និងការរស់នៅរបស់អម្បូរពានរនៅប្រទេសកម្ពុជា៖
* ស្វាក្ដាម
ស្វាក្ដាមមានការផ្លាស់ប្ដូរពណ៌ ២ ដំណាក់កាលសំខាន់ៗទៅតាមអាយុ ភេទ និងទីតាំងរស់នៅរបស់វា។ ជាទូទៅ ពួកវាប្រែពណ៌ពីប្រផេះភ្លឺទៅពណ៌ក្រហមភ្លឺ នៅពេលដែលពួកវារស់នៅក្នុងព្រៃ ចំណែកឯពពួកស្វារបស់នៅមាត់សមុទ្រ ភាគច្រើនមានពណ៌ភ្លឺឆើតជាងស្វាក្ដាមដែលរស់នៅតាមតំបន់ផ្សេងៗទៀត។ ពីក្បាលដល់កន្ទុយមានប្រវែងចាប់ពី ៩២-១០៩ សង់ទីម៉ែត្រ ហើយកន្ទុយរបស់វាវែងជាងគេក្នុងចំណោមប្រភេទស្វានានានៅទ្វីបអាស៉ី។
ស្វាប្រភេទនេះច្រើនតែរស់នៅតំបន់ព្រៃស្ទើរតែទាំងអស់ ដូចជាព្រៃស្រោង ព្រៃពាក់កណ្ដាលស្រោង ព្រៃឫស្សី តំបន់វាលភក់ ព្រៃលិចទឹក ព្រៃកោងកាង តំបន់កសិកម្ម តាមបណ្ដោយឆ្នេរខ្សាច់ ឆ្នេរកោះ ហើយក៏មាននៅតំបន់ឧទ្យានអង្គរផងដែរ។
ចំណីរបស់វាមានដូចជាផ្លែឈើ ស្លឹកឈើ ក្ដាម បង្កង ពពួកសិប្បីសត្វ សត្វល្អិតជាដើម។ វាជាសត្វដែលមានការស្ទាត់ជំនាញក្នុងការហែលទឹក។ ស្វាឈ្មោលអាចមុជទឹកបានចម្ងាយរហូតដល់ទៅ ៥០ ម៉ែត្រ។ ពួកវាចូលចិត្តរស់នៅជាហ្វូងធំៗរហូតដល់ ១០០ ក្បាល។ ស្វាក្ដាមកើតកូនម្ដងបានតែមួយក្បាលគត់ បន្ទាប់ពីពពោះអស់រយៈពេល ៥-៦ ខែ។
ក្រៅពីប្រទេសកម្ពុជា វាក៏មានរស់នៅប្រទេសថៃ ម៉ាឡេស៉ី ហ្វីលីពីន កោះស៊ូម៉ាត្រា កោះបរណេអូ កោះជ្វា និងកោះបាលីជាដើម។ ស្វាក្ដាមកំពុងរងគ្រោះដោយសារការទាក់ចាប់ ដើម្បីយកទៅលក់ឱ្យឈ្មួញបរទេស។
* ស្វាត្រោស
ក្បាល ដងខ្លួន និងផ្នែកកន្ទុយរបស់ស្វាត្រោសមានពណ៌ចាស់ជាងស្វាក្ដាម ផ្នែកចំហៀងនៃដងខ្លួនមានពណ៌ភ្លឺរលោង។ កន្ទុយមានប្រវែង ១/៣ នៃប្រវែងក្បាលដងខ្លួន ហើយមានកន្ទុយកោងជាទំពក់បះទៅលើ។ នៅលើក្បាលមានក្រយៅពណ៌ត្នោតចាស់ ដែលមានរោមខ្លីបះត្រង់ៗ មើលទៅរាងដូចមួកកាតិប។ នៅជុំវិញមុខមានរោមកញ្ចុំពណ៌ប្រផេះចាស់បះត្រង់ព័ទ្ធជុំវិញស្ទើរតែលុបត្រចៀកបាត់។ ពណ៌របស់ពួកវាប្រែប្រូលទៅតាមអាយុ និងភេទ។ ទម្ងន់របស់ស្វាត្រោសញីស្រាលជាងពាក់កណ្ដាលនៃស្វាឈ្មោល។ ជាធម្មតា ស្វាត្រោសឈ្មោលជំទង់មានទម្ងន់ចាប់ពី ១១-១៣.៥ គីឡូក្រាម។
ស្វោត្រោសរស់នៅព្រៃស្រោង ព្រៃពាក់កណ្ដាលស្រោង និងព្រៃល្បោះជាហ្វូងៗចាប់ពី ៥-៦ ក្បាល ឬរហូតដល់ ៤០ ក្បាលក៏មាន ហើយចូលចិត្តដើរចល័តគ្រប់ទិសទីពេញព្រៃដែលវារស់នៅ ឬឆ្លងពីព្រៃមួយទៅព្រៃមួយទៀត។ ចំណីរបស់វាមានផ្លែឈើ ផ្កាឈើ គ្រាប់ធុញ្ញជាតិ និងសត្វល្អិត។
ស្វាត្រោសមានវត្តមានស្ទើរតែគ្រប់ទីកន្លែងទូទាំងតំបន់ព្រៃក្នុងប្រទេសកម្ពុជា លើកលែងតែតំបន់ព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាប។ ក្រៅពីនេះ វាក៏មានវត្តមាននៅប្រទេសឥណ្ឌា បង់ក្លាដេស ភូមា ថៃ ឡាវ វៀតណាម និងខេត្តយូណាន ប្រទេសចិនផងដែរ។ វាក៏ជាប្រភេទស្វាដែលរងការទាក់ចាប់ ដើម្បីយកទៅធ្វើអាជីវកម្មជួញដូរផងដែរ។
* ស្វាអង្កត់
ស្វាអង្កត់មានភិនភាគដូចស្វាត្រោសបេះបិទ ទាស់តែមានមាធធំជាងស្វាត្រោសបន្តិច និងមានមុខពណ៌ក្រហម។ វាមានទម្ងន់ជាមធ្យមចាប់ពី ៨-១២ គីឡូក្រាម។ ផ្នែកខាងលើនៃដងខ្លួនមានពណ៌ប្រែប្រួលពីខ្មៅស្រាលទៅត្នោតស្រាល បន្ទាប់មកទៅជាក្រហមព្រឿងៗ ដែលអាស្រ័យទៅតាមអាយុ និងទីកន្លែងរស់នៅ។ ស្វាឈ្មោលពេញវ័យមានរោមដុះពីក្រោមចង្កាច្រើនជាងពុកចង្កា។ ស្បែកមុខមានពណ៌ក្រហមត្នោត ហើយមានពណ៌ក្រហមខ្លាំងនៅពេលអាកាសធាតុក្ដៅ និងនៅរដូវបន្តពូជ។ នៅពេលចាស់ទៅ ផ្នែកខាងខ្នងរហូតដល់ស្មាមានរោមវែងហើយក្រាស់ ផ្ទៃមុខមានរោមស្ដើង ថ្ងាសទំពែកលយទៅមុខរាងចោត។ ផ្នែកត្រគាក កន្ទុយមានរោមខ្លីហើយស្ដើង និងមានប្រវែងតិចជាង ១០% នៃប្រវែងពីក្បាលដល់ដងខ្លួន។
វាជាសត្វចូលចិត្តរស់នៅតំបន់ខ្ពស់ៗ ព្រៃស្រោង និងពាក់កណ្ដាលស្រោងក្នុងព្រៃធម្មជាតិ និងព្រៃដុះឡើងវិញដែលមានរយៈកម្ពស់រហូតដល់ ២,០០០ ម៉ែត្រ ហើយវាចំណាយពេលច្រើននៅលើដីដើម្បីរកចំណី។ ពួកវាស៉ីគ្រាប់រុក្ខជាតិ ផ្លែឈើ មើមឈើ និងប្រភេទសត្វល្អិតតូចៗជាអាហារ។ ពួកគេវាក៏ចូលចិត្តរស់ជាក្រុមធំផងដែរ ដែលអាចមានរហូតដល់ ៥០ ក្បាល។
ស្វាអង្កត់ច្រើនមានវត្តមាននៅភាគខាងលិចទន្លេមេគង្គ និងខាងកើតទន្លេមេគង្គនៃប្រទេសកម្ពុជា។ ក្រៅពីនេះច្រើនមាននៅភាគឦសានប្រទេសឥណ្ឌា ភាគខាងត្បូងប្រទេសចិន និងប្រទេសម៉ាឡេស៉ី ថៃ ឡាវ មីយ៉ាន់ម៉ា។
* ស្វាព្រាម
ស្វាព្រាមមានពណ៌ខ្មៅប្រផេះពាសពេញដងខ្លួន។ ផ្ទៃមុខមានពណ៌ខ្មៅ ផ្នែកច្រមុះ និងមាត់មានពណ៌សប្រផេះ។ ស្វាព្រាមមានដុះកញ្ចុំពុកមាត់វែងពណ៌សដុះព័ទ្ធជុំវិញផ្ទៃមុខស្ទើរតែលុបបាត់ត្រចៀក។ រោមក្បាលដុះវែងកញ្ចុំខ្ពស់ ហើយកាន់តែវែងទៅៗចំពោះស្វាចាស់។ កូនស្វានៅតូចមានពណ៌ទឹកក្រូចខ្ចី មានប្រអប់ដៃ និងប្រអប់ជើងពណ៌ខ្មៅ និងគ្មានរោមកញ្ចុំនៅលើក្បាលដូចស្វាចាស់នោះទេ។ នៅពេលពេញវ័យ វាប្រែពណ៌រោមប្រផេះដែលដុះលាតសន្ធឹងរាលដល់ប្រអប់ជើង និងកន្ទុយ ហើយការប្រែពណ៌នេះចាប់ផ្ដើមក្រោមអាយុ ៣ ខែ។ ស្វាព្រាមនេះមានពណ៌ប្លែកគ្នាជាច្រើន អាស្រ័យតាមតំបន់ដែលវារស់នៅ ដូចជាតំបន់ក្បែរមាត់ទន្លេ ឬស្ទឹង តំបន់វាលភក់ តំបន់ព្រៃស្រោង ព្រៃពាក់កណ្ដាលស្រោង។
ស្វាព្រាមត្រូវបានគេប្រទះឃើញរស់នៅព្រៃស្រោង ព្រៃពាក់កណ្ដាលស្រោង តំបន់ឆ្នេរសមុទ្រ ព្រៃកោងកាងជាដើម។ ពួកវារស់នៅលើដើមឈើ ហើយអាចចុះដើរម្ដងម្កាល ដើម្បីរត់លេង និងលិឍដីដែលមានសារធាតុខនិក។ ចំណីរបស់វាមានត្រួយឈើ មើមឈើ ផ្លែឈើ ផ្លែកកោះ ត្រសេក ផ្កា និងសត្វល្អិតជាដើម។ វារស់នៅជាក្រុមដែលមានចំនួន ១០-៤០ ក្បាល ឬច្រើនជាងនេះ ហើយជួនកាលពួកនេះក៏រស់នៅក្នុងព្រៃរួមគ្នាជាមួយសត្វទោចដែរ។ ម្យ៉ាងទៀត ស្វាព្រាមជាសត្វចូលចិត្តស្ងៀមស្ងាត់បំផុត ប្រសិនបើចាប់វាយកមកចិញ្ចឹម ដោយបំបែកពីមេបារបស់វានោះ វាប្រាកដជាយំស្រែកទាល់តែស្លាប់។
ស្វាព្រាមមានវត្តមានរស់នៅតំបន់ជួរភ្នំក្រវាញ តំបន់ជុំវិញបឹងទន្លេសាប ភូមិភាគខាងជើងបឹងទន្លេសាប និងព្រំប្រទល់កម្ពុជា-វៀតណាម។ ក្រៅពីនេះ វាក៏មានវត្តមានរស់នៅភាគខាងត្បូងប្រទេសចិន ប្រទេសភូមា រហូតដល់ភាគខាងត្បូងឥណ្ឌូចិន និងភាគខាងត្បូងប្រទេសថៃផងដែរ។
* ស្វាកន្ទុយស
ស្វាកន្ទុយសនេះជាប្រភេទស្វាដែលមានពណ៌សម្បុរឆើតខុសប្លែកពីប្រភេទស្វាដទៃនៅប្រទេសកម្ពុជា។ ស្វាឈ្មោល ជាទូទៅមានមាឌធំជាងស្វាញី ចំណែកឯរូបរាង និងពណ៌របស់វាមានលក្ខណៈងាយស្រួលក្នុងការកំណត់ចំណាំណាស់ និងមានរោមក្រាស់ដុះពេញលើដងខ្លួន។ ផ្នែកក្បាលមានពណ៌ត្នោតខ្ចី កន្ទុយមានពណ៌សចាប់ពីគល់រហូតដល់ចុងកន្ទុយ រីឯដៃ និងជើងមានពណ៌ខ្មៅ។ ផ្ទៃមុខមានពណ៌លឿងស្រាលដោយមានរោមវែងៗពណ៌សចុះព័ទ្ធជុំវិញ លើកលែងតែជុំវិញរង្វង់ភ្នែកទាំងពីរមានពណ៌ពងមាន់។ ដងខ្លួនមានពណ៌ប្រផេះ ចំណែកឯផ្នែកខាងក្រោមនៃដងខ្លួនមានរោមប្រផេះស្រាល ហើយនៅលើថ្ងាស និងផ្នែកខាងមុខមានរោមពណ៌ខ្មៅ។
ជារឿយៗ វាចូលចិត្តរស់នៅជាក្រុមតាមដើមឈើខ្ពស់ៗនៅក្នុងព្រៃស្រោង និងព្រៃពាក់កណ្ដាលស្រោង។ វារស់នៅជាក្រុមដែលមានចំនួនរហូតដល់ជាង ១០ ក្បាល ដោយមានមេបា និងកូន ជួនកាលក្រុមរបស់វាមានច្រើនរហូតដល់ ៣០ ក្បាល។
ចំណីរបស់វាមានដូចជាគ្រាប់ធុញ្ញជាតិ ត្រួយឈើ ផ្កាឈើ និងផ្លែឈើ។ នៅពេលមានការគំរាមកំហែង ឬការរំខានណាមួយពីសកម្មភាពផ្សេងៗ វាតែងតែបន្លឺសំឡេងជាសញ្ញាប្រាប់គ្នាវាឱ្យគេចរកកន្លែងសម្ងំលាក់ខ្លួននៅលើចុងឈើខ្ពស់ៗ។ ស្វាឈ្មោលជាមេក្រុមគ្រប់គ្រងស្វាញីក្នុងហ្វូងរបស់វា។
ស្វាកន្ទុយសមានវត្តមាននៅរស់ភាគខាងកើតទន្លេមេគង្គនៃតំបន់ខ្ពស់រាបឦសានប្រទេសកម្ពុជា។ តាមការស្រាវជ្រាវបានបង្ហាញពីវត្តមានអម្បូរស្វាប្រភេទនេះមាន ២ អនុប្រភេទទៀត គឺស្វាកន្ទុយសជើងប្រផេះ និងស្វាកន្ទុយសជើងក្រហម។ ទោះបីជាយ៉ាងណា គេមិនទាន់មានទិន្នន័យគ្រប់គ្រាន់អំពីរបាយនៃការរស់នៅរបស់វាថាមាននៅប្រទេសណាខ្លះនោះទេ។
ក្រៅពីស្វាទាំង ៦ ប្រភេទនេះ នៅប្រទេសកម្ពុជាក៏មានវត្តមានរបស់សត្វទោច ៣ ប្រភេទ និងសត្វរញី ២ ប្រភេទទៀតដែរ រួមមានទោច ទោចមកុដ ទោចថ្ពាល់លឿង រញីប្រផេះ និងរញីភ្លើង ដែលសុទ្ធតែត្រូវបានចាត់បញ្ចូលជាអម្បូរពានរដូចគ្នាផងដែរ៕