(អាមេរិក)៖ ប្រធានាធិបតីទី៩ របស់សហរដ្ឋអាមេរិក គឺលោក វីល្លាម ហេនរី ហារីសុន (William Henry Harrison) កើតនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ១៧៧៣ និងស្លាប់ទៅវិញនៅថ្ងៃទី៤ ខែមេសា ឆ្នាំ១៨៤១។ ប្រមុខសេតវិមានរូបនេះ បានកាន់តំណែងនៅឆ្នាំ១៨៤១ ប៉ុន្តែទើបកាន់តំណែងបានត្រឹម ៣២ថ្ងៃ ក៏ស្លាប់ទៅ ដែលប្រការនេះនាំឱ្យប្រវត្តិសាស្ត្រអាមេរិកកត់ត្រាទុកថា គាត់គឺជាប្រធានាធិបតី ដែលកាន់តំណែងបានខ្លីជាងគេបំផុត។
តើលោក ហារីសុន ស្លាប់ដោយសារមូលហេតុអ្វី? យោងតាមគេហទំព័របស់សេតវិមាន បានឱ្យដឹងថា ប្រធានាធិបតីរូបនេះ ស្លាប់ដោយសារជំងឺរលាគសួត។
Fresh News Plus សូមបង្ហាញរឿងហេតុនៃការស្លាប់របស់ លោក ហារីសុន ដូចខាងក្រោមនេះ៖
ដើមហេតុដំបូងដោយសារ លោកបានឡើងថ្លែងសុន្ទរកថាដំបូង ក្នុងនាមជាប្រធានាធិបតី មានរយៈពេលរហូតដល់ទៅជិត ២ម៉ោង។ អំឡុងពេលថ្លែងសុន្ទរកថានោះ ប្រមុខសេតវិមានថ្មីរូបនេះ មិនបានពាក់អាវធំ ឬមួកនោះទេ។ ក្នុងនាមធ្លាប់ជាទាហាន ជាកសិករ និងជាប្រភេទមនុស្សធ្វើការក្រៅផ្ទះ (outdoorsman) លោក ហារីសុន បានចំណាយពេលវេលាជាច្រើនស្ទើរតែពេញមួយជីវិត ជាមួយអាកាសធាតុត្រជាក់ៗ។ ប៉ុន្តែពេលធ្វើជាប្រធានាធិបតីនេះ គាត់មិនក្មេងទៀតដែរ ហើយនៅពេលគាត់ថ្លែងសុន្ទរកថា ដោយមានសម្លៀកបំពាក់ទទឹកជោគបែបនេះ ជាលទ្ធផលនាំឱ្យគាត់គ្រុនរងា។ ប៉ុន្មានថ្ងៃក្រោយមក គាត់បានកើតជំងឺផ្តាសាយ ដែលវិវត្តន៍ទៅជាជំងឺរលាគសួត (pneumonia)។
ក្រុមគ្រូពេទ្យជាច្រើន ត្រូវបានហៅឱ្យចូលព្យាបាលជំងឺគាត់ ប៉ុន្តែការអនុវត្តវេជ្ជសាស្រ្តរបស់ពួកគេសម័យនោះ គឺនៅឆៅនៅឡើយ។ សម័យនោះ គេព្យាបាលគាត់ដោយការយកពែងក្តៅស្រូបកម្តៅ និងបង្ហូរឈាម ដែលគេជឿថា អាចនាំមេរោគជំងឺផ្តាសាយចេញពីខ្លួនបាន។ ទោះជាយ៉ាងណា សកម្មភាពទាំងអស់នេះ បានធ្វើឱ្យលោក ហារីសុន កាន់តែចុះខ្សោយថែមទៀត ហើយមិនយូរប៉ុន្មានគាត់ក៏ស្លាប់ទៅ។
ពិតប្រាកដណាស់ ត្រឹមមួយខែប៉ុណ្ណោះ បន្ទាប់ពីបានធ្វើសច្ចាប្រណិធានចូលកាន់តំណែង លោក ហារីសុន បានទទួលមរណភាព។ នោះជាប្រធានាធិបតី ដែលឡើងកាន់តំណែងបានខ្លីជាងគេបំផុត ក្នុងប្រវត្តិសាស្ត្រអាមេរិកមិនធ្លាប់មានពីមុនមក។ សពរបស់លោកត្រូវបានគេបូជា នៅជិតផ្ទះរបស់លោក ក្នុងទីក្រុង North Bend រដ្ឋ Ohio ៕
លោក វីល្លាម ហេនរី ហារីសុន កាលនៅរស់
លោក វីល្លាម ហេនរី ហារីសុន ធ្លាក់ខ្លួនឈឺ
លោក វីល្លាម ហេនរី ហារីសុន ថ្លែងសុន្ទរកថា (រូបតំណាង)
កន្លែងបញ្ចុះសព លោក វីល្លាម ហេនរី ហារីសុន
វិមានរំលឹកអនុស្សាវរីយ៍របស់លោក វីល្លាម ហេនរី ហារីសុន