(ពិភពលោក)៖ កាលពីដើមឡើយ មនុស្សបានជឿតាមទ្រឹស្ដីសាសនាថា ផែនដីយើងគឺជាចំណុចកណ្ដាលនៃចក្រវាឡ ហើយព្រះច័ន្ទ និងព្រះអាទិត្យគឺធ្វើដំណើរវិលជុំវិញផែនដី ប៉ុន្តែក្រោយមកអ្នកវិទ្យាសាស្ត្រក៏បានបកស្រាយផ្ទុយវិញថា ផែនដីមិនមែនជាចំណុចកណ្ដាលនៃចក្រវាឡឡើយ ហើយព្រះអាទិត្យក៏មិនមែនវិលជុំវិញផែនដីដែរ គឺផែនដីទៅវិញទេដែលវិលជុំវិញព្រះអាទិត្យនោះ ហើយភពចំនួន ៧ ទៀតក្នុងប្រព័ន្ធព្រះអាទិត្យ ក៏វិលជុំវិញព្រះអាទិត្យដូចភពផែនដីដែរ។
ទោះបីជាអ្នកវិទ្យាសាស្ត្រជំនាន់មុន រកឃើញការពិតជាក់ស្ដែងយ៉ាងនេះក៏ដោយ ប៉ុន្តែរហូតដល់ដើមសតវត្សរ៍ទី១៧ នៅមិនទាន់មានអ្នកណាម្នាក់អាចពន្យល់បានថា ហេតុអ្វីបានជាភពទាំង ៨ ក្នុងប្រព័ន្ធព្រះអាទិត្យ វិលជុំវិញព្រះអាទិត្យ? បាននៅឡើយទេ ដោយពួកគេគ្រាន់តែចោទសួរគ្នាទៅវិញទៅមក ឬបកស្រាយយ៉ាងនេះយ៉ាងនោះ ដែលមិនអាចទទួលយកបាន។ រហូតដល់ពាក់កណ្ដាលទី២ នៃសតវត្សរ៍ទី១៧ ទើបអាថ៌កំបាំងនេះត្រូវបានរកឃើញដោយអ្នកប្រាជ្ញជនជាតិអង់គ្លេសម្នាក់ គឺលោក អ៉ីសាក់ ញូវតុន (Isaac Newton)។
អ៉ីសាក់ ញូវតុន កើតនៅថ្ងៃទី២៥ ខែធ្នូ គ្រិស្ដសករាជ ១៦៤២ នៅភូមិតូចមួយឈ្មោះ វួលស្តប (Woolsthorpe) ស្ថិតក្នុងស្រុកខេស្តេវិនខាងត្បូង (South Kesteven) នៃតំបន់លីនខូលស្សឺរ (Lincolnshire) ប្រទេសអង់គ្លេស។ លោកធ្លាប់ជានិស្សិតសិក្សានៅសាកលវិទ្យាល័យខេមប្រ៊ីច (University of Cambridge) នៃចក្រភពអង់គ្លេស ហើយក៏ជាអ្នកចូលចិត្តស្រាវជ្រាវអំពីបាតុភូតដែលកើតឡើងនៅលើពិភពលោក និងចក្រវាឡ។ ម្យ៉ាងវិញទៀត លោកក៏ចូលចិត្តកែច្នៃបង្កើតឧបករណ៍ប្រើប្រាស់មួយចំនួនផងដែរ ខណៈឧបករណ៍ដែលធ្វើឱ្យលោកល្បីល្បាញនោះ គឺការអភិវឌ្ឍន៍កែវយឹតចាស់ឱ្យកាន់តែសម្បូរបែប ងាយស្រួលប្រើប្រាស់ជាងមុន និងបន្តប្រើប្រាស់រហូតដល់ពេលបច្ចុប្បន្ន។
ក្រោយសម្រេចបានសមិទ្ធនៃការអភិវឌ្ឍកែវយឹតថ្មីនេះហើយ នៅគ្រិស្ដសករាជ ១៦៧១ ញូវតុនបានទទួលតំណែងជាសាស្ត្រាចារ្យគណិតវិទ្យានៅសាកលវិទ្យាល័យខេមប្រ៊ិច ទោះជាលោកមានអាយុត្រឹមតែ ២៩ ឆ្នាំក៏ដោយ។ នៅឆ្នាំបន្ទាប់ លោកក៏ទទួលបានការជ្រើសរើសធ្វើជាសមាជិកនៃសមាគមស្រាវជ្រាវវិទ្យាសាស្ត្ររបស់ព្រះមហាក្សត្រអង់គ្លេស ក្នុងរជ្ជកាលព្រះចៅជេមទី២ (King James II)។
អ្នកវិទ្យាសាស្ត្រសម័យនោះ បានរៀនចេះដឹងតាមការស្រាវជ្រាវរបស់អ្នកប្រាជ្ញអ៉ីតាលី លោក កាលីឡេ (Galilei)។ ទ្រឹស្ដីរបស់តារាវិទូ កាលីឡេ បានពន្យល់ថា ពិភពលោកយើងនេះមិនមែននៅកណ្ដាលចក្រវាឡឡើយ គឺព្រះអាទិត្យទៅវិញទេដែលនៅចំកណ្ដាលចក្រវាឡ។ ពិភពលោកយើងក៏មិននៅនឹងថ្កល់ដែរ គឺវិលជុំវិញខ្លួនឯងមួយថ្ងៃមួយជុំ និងវិលជុំវិញព្រះអាទិត្យមួយឆ្នាំមួយជុំ។ ទោះជាមានទ្រឹស្ដីយ៉ាងនេះក្ដី ប៉ុន្តែកាលីឡេមិនបានដឹងថា ហេតុអ្វីបានជាភពផែនដី និងភពផ្សេងទៀតវិលជុំវិញព្រះអាទិត្យនោះឡើយ? ហើយក៏គ្មានអ្នកណាដឹងថា ហេតុអ្វីបានជាព្រះច័ន្ទវិលជុំវិញផែនដីនោះដែរ? រហូតដល់មានការស្រាវជ្រាវរបស់ អ៉ីសាក់ ញូវតុន ទើបពិភពលោកបានយល់អំពីរឿងនេះ។
នៅក្នុងយប់មួយ ញូវតុនបានអង្គុយមើលព្រះច័ន្ទ ហើយនឹកឆ្ងល់ថា ហេតុអ្វីបានជាព្រះច័ន្ទវិលជុំវិញផែនដីយ៉ាងដូច្នេះ? ខណៈនោះ ញូវតុនក៏បានឮសំឡេងផ្លែប៉ោមជ្រុះ ហើយក៏ងាកទៅមើលផ្លែប៉ោមភ្លាមៗដោយយកចិត្តទុកដាក់ ទើបកើតគំនិតនឹកឡើងថា ផ្លែប៉ោមជ្រុះមក ព្រោះកម្លាំងស្រូបទាញរបស់ផែនដី។ ញូវតុនបានពិសោធន៍បន្តទៀត ដោយយកដុំឥដ្ឋតូចមួយចងនឹងចុងខ្សែ ហើយចាប់ចុងខ្សែម្ខាងទៀតគ្រវីយ៉ាងខ្លាំង ឥដ្ឋនោះបានវិលជុំវិញខ្លួនរបស់ញូវតុន ទើបលោកទាញបានសម្មតកម្មថា ហេតុទាំងអម្បាលម៉ាននេះ កើតឡើងក៏ព្រោះតែកម្លាំងដែលទាញនៅចុងខ្សែម្ខាងនោះឯង។ ដូច្នេះហើយទើបបានជា អ៉ីសាក់ ញូវតុន អាចសរុបគំនិតបានថា ភពផែនដីយើងនេះមានការស្រូបទាញឱ្យព្រះច័ន្ទវិលជុំវិញខ្លួន ហើយព្រះអាទិត្យក៏ស្រូបទាញភពផែនដី និងភពដទៃទៀតក្នុងប្រព័ន្ធព្រះអាទិត្យឱ្យវិលជុំវិញខ្លួនឯងដូច្នេះដែរ។
បន្ទាប់ពីញូវតុនទាញបានសម្មតកម្មនេះរួចហើយ លោកក៏បានបង្កើតជាទ្រឹស្ដីបទពិសេសមួយ ដោយពន្យល់តាមរូបមន្តគណិតវិទ្យា និងសរសេរដោយដៃនៅលើក្រដាសសៀវភៅទុកសម្រាប់ខ្លួនឯង ប៉ុន្តែលោកមិនបានយកទ្រឹស្ដីនេះទៅចុះផ្សាយភ្លាមៗនោះទេ។
លុះដល់គ្រិស្ដសករាជ ១៦៨៤ តារាវិទូជនជាតិអង់គ្លេសម្នាក់ទៀត គឺលោក អេតម៉ុនដ៍ ហេល្លី (Edmond Halley) បានស្វែងរកកិច្ចពិភាក្សាជាមួយបណ្ដាអ្នកប្រាជ្ញនានា ដើម្បីស្រាយចម្ងល់ពាក់ព័ន្ធនឹងចលនារង្វិលរបស់ភព ហើយលោកក៏បានធ្វើដំណើរទៅសាកលវិទ្យាល័យខេមប្រ៊ិច ដើម្បីជជែកជាមួយ អ៉ីសាក់ ញូវតុន អំពីចលនាភពនេះ។ នៅពេលពិភាក្សាគ្នានោះ អេតម៉ុន ហេល្លី បានភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដឹងថាញូវតុនអាចបំបែកចម្ងល់ដ៏សំខាន់មួយនេះបាន ទើបលោកបានបញ្ចុះបញ្ចូលឱ្យញូវតុនបញ្ចេញស្នាដៃសរសេរសៀវភៅ ដើម្បីបោះពុម្ភផ្សាយប្រាប់មនុស្សនៅលើពិភពលោក។ ក្រោយពេលញូវតុនយល់ព្រមអំពីរឿងនេះហើយ លោក អេតម៉ុន ហេល្លី ក៏បានរាយការណ៍ទៅកាន់រាជបណ្ឌិត្យសភាអង់គ្លេស អំពីការរកឃើញថ្មីដ៏អស្ចារ្យរបស់ អ៉ីសាក់ ញូវតុន។
នៅគ្រិស្ដសករាជ ១៦៨៧ ញូវតុនក៏បានសរសេរសៀវភៅមួយក្បាលមានចំណងជើងថា ហ្វីឡូសូហ្វាយយែ ណាត់ឆឺរ៉ាល់លីស ព្រីនស៉ីបព្យា ម៉ាធីម៉ាទីកា (Philosophiæ Naturalis Principia Mathematica) ដែលមានការពន្យល់យ៉ាងក្បោះក្បាយអំពីទ្រឹស្ដីទំនាញសកល។
ទ្រឹស្ដីទំនាញសកលនេះ គឺជាការបកស្រាយចម្ងល់យ៉ាងសំខាន់បំផុតទាក់ទងទៅនឹងចលនារបស់ភពដែលវិលជុំវិញព្រះអាទិត្យ និងចលនារបស់ព្រះច័ន្ទដែលវិលជុំវិញផែនដី។ នៅទីបំផុត បណ្ដាអ្នកប្រាជ្ញ និងអ្នកវិទ្យាសាស្ត្រអឺរ៉ុបនៅសម័យនោះ ក៏បានយល់អំពីបាតុភូតទំនាញសកលនេះ និងបានបន្តផ្សព្វផ្សាយប្រាប់មនុស្សទូទាំងពិភពលោកយ៉ាងសុះសាយ។
អ៉ីសាក់ ញូវតុន បានក្លាយជាសមាជិកសភាអង់គ្លេស និងក្រោយមកក៏បានទទួលគោរម្យងារ «ឯកឧត្តម ឬ Sir» ពីព្រះមហាក្សត្រីយានី អេនន៍ អធិរាជនៃចក្រភពអង់គ្លេស (Anne, Queen of Great Britain)។ ឯកឧត្តម អ៉ីសាក់ ញូវតុន បានទទួលមរណភាពនៅថ្ងៃ៣០ ខែមីនា គ្រិស្ដសករាជ ១៧២៧ ក្នុងជន្មាយុ ៨៥ ឆ្នាំ នៅស្រុកខេនស៉ីងតុន (Kensington) ចក្រភពអង់គ្លេស៕