(អឺរ៉ុប)៖ ដូចយើងដឹងហើយថា ដើម្បីទប់ទល់ឥទ្ធិពលកុម្មុយនីស្តនៅទ្វីបអាស៉ី សហរដ្ឋអាមេរិកបានបំផុសគំនិតជាមួយសម្ព័ន្ធមិត្តបង្កើតអង្គការយោធាមួយឈ្មោះថា សេអាតូ (SEATO)។ ស្រដៀងគ្នាដែរ ដើម្បីទប់ទល់ឥទ្ធិពលកុម្មុយនិស្តនៅទ្វីបអឺរ៉ុប សហរដ្ឋអាមេរិកបានបំផុសគំនិតជាមួយសម្ព័ន្ធមិត្តបង្កើតអង្គការយោធាមួយឈ្មោះថា ណាតូ ឬអូតង់។ បង្កើតឡើងដំបូងមានប្រទេសសមាជិកត្រឹមតែ ១២ ប៉ុណ្ណោះ ខណៈមកដល់ពេលបច្ចុប្បន្ន (គិតត្រឹមឆ្នាំ២០២០) អង្គការណាតូមានប្រទេសសមាជិករហូតដល់ទៅ ៣០ ឯណោះ។
តើអ្នកដឹងទេថា អង្គការណាតូត្រូវបានបង្កើតឡើងដោយរបៀបណា?
Fresh News Plus សូមចែករំលែកចំណេះដឹងទូទៅ ស្តីពីការបង្កើតអង្គការណាតូ ដូចខាងក្រោមនេះ៖
* សេចក្តីផ្តើម
ណាតូ (NATO) ហៅតាមភាសាអង់គ្លេសមកពីពាក្យ North Atlantic Treaty Organization ឬហៅតាមភាសាបារាំងថា អូតង់ (OTAN) មកពីពាក្យ Organisation du traité de l'Atlantique Nord។ នៅឆ្នាំ១៩៤៩ ដោយមើលឃើញពីចក្ខុវិស័យនៃការពង្រីកឥទ្ធិពលលទ្ធិកុម្មុយនីស្តបន្ថែមទៀត និងដើម្បីរក្សាឥទ្ធិពលលទ្ធិសេរីបានជំរុញឱ្យសហរដ្ឋអាមេរិក និងប្រទេសនៅអឺរ៉ុប ១១ ផ្សេងទៀត បង្កើតអង្គការណាតូ។ សហភាពសូវៀត និងបណ្តាប្រទេសកុម្មុយនីស្តផ្សេងទៀតនៅតំបន់អឺរ៉ុបខាងកើតក៏បានបង្កើតសម្ព័ន្ធមិត្តមួយក្រុមដែរ ក្រោមឆន្ទៈនៃកតិកាសញ្ញាវ៉ាសូវី (the Warsaw Pact) ក្នុងឆ្នាំ១៩៥៥ ដើម្បីរក្សាឥទ្ធិពលលទ្ធិកុម្មុយនីស្ត។
ការទាញយកបណ្តាប្រទេសនៅទ្វីបអឺរ៉ុបឱ្យដើរតាមឥទ្ធិពលសេរីពីសហរដ្ឋអាមេរិក និងកុម្មុយនីស្តពីសហភាពសូវៀតបានធ្វើឱ្យពួកគេមានភាពខុសគ្នា ផ្នែកនយោបាយពេញទ្វីបអឺរ៉ុបទាំងមូល ដែលប្រការនេះបានកើតឡើងតាំងសម័យសង្គ្រាមលោកលើកទី២ (១៩៣៩-១៩៤៥)។ សកម្មភាពប្រទាញប្រទង់នេះបានផ្តល់ឱ្យនូវក្របខណ្ឌសម្រាប់ការប្រឈមមុខដាក់គ្នាផ្នែកយោធា ដែលបន្តរហូតដល់សម័យសង្គ្រាមត្រជាក់ថែមទៀតផង (១៩៤៥-១៩៩១)។
* អំពីការចែកផ្លូវគ្នារបស់ពួកអឺរ៉ុប
ជម្លោះរវាងបណ្តាប្រទេសភាគខាងលិច (សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង និងប្រទេសមួយចំនួនទៀត) ជាមួយប្លុកកុម្មុយនីស្តខាងកើត ដែលដឹកនាំដោយសាធារណរដ្ឋសង្គមនិយមសហភាពសូវៀត (USSR) បានចាប់ផ្តើមភ្លាមៗ គ្រាដែលសំឡេងគ្រាប់កាំភ្លើងបានស្ងប់ស្ងាត់មួយភ្លែត នៅចុងបញ្ចប់នៃសង្គ្រាមលោកលើកទី២។ សាធារណរដ្ឋសង្គមនិយមសហភាពសូវៀត ត្រួតពិនិត្យមើលការចូលរួមនៃរដ្ឋាភិបាលដែលនិយមសហភាពសូវៀតក្នុងតំបន់ជាច្រើន ដែលខ្លួនបានកាន់កាប់ពីពួកណាស៉ីក្នុងសម័យសង្គ្រាម។
ជាការឆ្លើយតប សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តភាគខាងលិចបានស្វែងរកមធ្យោបាយ ដើម្បីទប់ស្កាត់ការពង្រីកឥទ្ធិពលកុម្មុយនីស្តលើទ្វីបអឺរ៉ុបទាំងមូល។ នៅឆ្នាំ១៩៤៧ មេដឹកនាំសហរដ្ឋអាមេរិកបានបញ្ចេញគម្រោងម៉ាស្សល (the Marshall Plan) ដែលជាគំនិតផ្តួចផ្តើមការទូតក្នុងការផ្តល់ជំនួយដល់សម្ព័ន្ធមិត្ត ដើម្បីជួយពួកគេក្នុងការកសាងឡើងវិញនូវសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធដែលត្រូវបានបំផ្លាញដោយសារសង្គ្រាម។
ព្រឹត្តិការណ៍នានានៅឆ្នាំបន្តបន្ទាប់បានជំរុញមេដឹកនាំសហរដ្ឋអាមេរិក ឱ្យប្រកាន់គោលជំហរយោធានិយមកាន់តែខ្លាំងបន្ថែមទៀតចំពោះសហភាពសូវៀត។ នៅខែកុម្ភៈ ឆ្នាំ១៩៤៩ រដ្ឋប្រហារមួយដែលគាំទ្រដោយសហភាពសូវៀត បានផ្តួលរំលំរដ្ឋាភិបាលសេរីនៃប្រទេសឆេកូស្លូវ៉ាគី ហើយទាញយកប្រទេសនោះឱ្យចូលទៅក្នុងជំរំកុម្មុយនីស្តយ៉ាងពេញទំហឹង។ ក្នុងរយៈពេលប៉ុន្មានថ្ងៃក្រោយមក មេដឹកនាំសហរដ្ឋអាមេរិកបានចូលរួមពិភាក្សាបង្កើតសន្ធិសញ្ញាសន្តិសុខរួមជាមួយសម្ព័ន្ធមិត្តអឺរ៉ុបរបស់ពួកគេ។
ដំណើរការនេះបានបង្កើតឱ្យមានហេតុការណ៍បន្ទាប់មួយ នៅក្នុងខែមិថុនាឆ្នាំដដែលនោះ គឺនៅពេលដែលសាធារណរដ្ឋសង្គមនិយមសហភាពសូវៀតពុះទឹកដីប្រទេសអាល្លឺម៉ង់ជាពីរ។ ការកាត់ផ្តាច់រវាងអាល្លឺម៉ង់ខាងលិច និងអាល្លឺម៉ង់ខាងកើត បានបង្ខំឱ្យសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងបារាំង ដឹកជញ្ជូនសម្ភារៈតាមយន្តហោះទៅផ្គត់ផ្គង់ដល់ទីក្រុងនៅអាល្លឺម៉ង់ខាងលិច។ ជាលទ្ធផល ក្រោយសង្គ្រាមលោកលើកទី២ ទ្វីបអឺរ៉ុបត្រូវបានបែងចែកផ្លូវគ្នាដើរសិន។
ចំណាំ៖ តើអ្នកដឹងទេថា? អង្គការណាតូ បានបន្តអត្ថិភាពរបស់ខ្លួនរហូត ទោះបីសម័យសង្គ្រាមត្រជាក់បានបញ្ចប់ទៅហើយក្តី និងទទួលបានសមាជិកថ្មីៗបន្ថែមទៀតនៅអឺរ៉ុបខាងកើត អំឡុងដើមទសវត្ស ១៩៩០។ សកម្មភាពនេះមិនទទួលបានការគាំទ្រពីមេដឹកនាំសហព័ន្ធរុស្ស៉ីឡើយ ហើយវាក៏បានក្លាយជាប្រភពនៃស្ថានភាពដ៏តានតឹងរវាងពួកលោកខាងកើត និងខាងលិច ក្រោយសង្គ្រាមត្រជាក់បានបញ្ចប់ផងដែរ។
* ការបង្កើតអង្គការណាតូ នាំឱ្យបណ្តាប្រទេសលោកខាងលិចមានកម្លាំងយោធារួមគ្នា
ការពិភាក្សារវាងបណ្តាប្រទេសលោកខាងលិចបានជោគជ័យជាស្ថាពរនៅថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៤៩ នៅគ្រាដែលរដ្ឋមន្ត្រីការបរទេសនៃប្រទេសចំនួន ១២ មកពីទ្វីបអាមេរិកខាងជើង និងបណ្តាប្រទេសអឺរ៉ុបខាងលិច ជួបជុំគ្នាក្នុងរដ្ឋធានីវ៉ាស៉ីនតោនឌីស៉ី សហរដ្ឋអាមេរិក ដើម្បីចុះហត្ថលេខាសន្ធិសញ្ញាអាត្លង់ទិកខាងជើង (the North Atlantic Treaty)។ ដំបូងឡើយ វាជាកតិកាសញ្ញាសន្តិសុខមួយដែលមាន ៥ មាត្រា ដែលបញ្ជាក់យ៉ាងដូច្នេះ «ការវាយប្រហារយោធាប្រឆាំងនឹងប្រទេសហត្ថលេខីណាមួយ នឹងត្រូវចាត់ទុកថាជាការវាយប្រហារប្រឆាំងនឹងពួកគេទាំងអស់»។
នៅពេលរដ្ឋបុរសសហរដ្ឋអាមេរិក Dean Acheson (1893-1971) បានចុះហត្ថលេខាលើឯកសារខាងលើ វាបានឆ្លុះបញ្ចាំងការផ្លាស់ប្តូរមួយដ៏សំខាន់ នៅក្នុងគោលនយោបាយការបរទេសសហរដ្ឋអាមេរិកទៀតផង។ ជាលើកដំបូងចាប់តាំងពីទសវត្សឆ្នាំ១៧០០ សហរដ្ឋអាមេរិកបានភ្ជាប់ជាផ្លូវការនូវចំណងសន្តិសុខរបស់ខ្លួនទៅនឹងប្រជាជាតិនានានៅទ្វីបអឺរ៉ុប ដែលបានក្លាយជាចំណុចសំខាន់សម្រាប់សង្គ្រាមលោកទាំងពីរ។
សមាជិកដំបូងរបស់អង្គការណាតូ រួមមាន ប៊ែលហ្ស៉ិក ចក្រភពអង់គ្លេស កាណាដា ដាណឺម៉ាក បារាំង អៀរឡង់ អ៉ីតាលី លុចសំបួ នែតដឺលែនដ៍ ន័រវេស ព័រទុយហ្កាល់ និងសហរដ្ឋអាមេរិក។ អង្គការណាតូបានរួមគ្នាជាមួយកងកម្លាំងយោធាខាងលិចប្រឆាំងនឹងសហភាពសូវៀត និងសម្ព័ន្ធមិត្តអស់រយៈពេលប្រមាណ៤០ឆ្នាំ ហើយសមាជិករបស់អង្គការនេះចេះតែកើនឡើងមិនឈប់មិនឈរ ដោយសារបុព្វហេតុនៃយុគសម័យសង្គ្រាមត្រជាក់។
ប្រទេសក្រិក និងប្រទេសតួកគី ត្រូវបានបើកឱ្យចូលនៅក្នុងឆ្នាំ១៩៥២ សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ (អាល្លឺម៉ង់ខាងលិច) ក្នុងឆ្នាំ១៩៥៥ និងអេស្ប៉ាញ ក្នុងឆ្នាំ១៩៨២។ ដោយសារមិនសប្បាយចិត្តជាមួយតួនាទីក្នុងអង្គការណាតូ បារាំងបានសម្រេចចិត្តដកបេក្ខភាពចេញពីការចូលរួមយោធាក្នុងអង្គការនេះនៅឆ្នាំ១៩៦៦ ហើយការសម្រេចចិត្តនេះបន្តរហូតដល់ឆ្នាំ១៩៩៥។
* កតិកាសញ្ញាវ៉ាសូវី ជាការបង្កើតសម្ព័ន្ធមិត្តកុម្មុយនីស្ត
ការបង្កើតកតិកាសញ្ញាវ៉ាសូវី គឺជាមធ្យោបាយមួយដើម្បីឆ្លើយតបទៅនឹងការបង្កើតអង្គការណាតូ។ វាត្រូវបានជំរុញដោយផ្ទាល់ បន្ទាប់ពីការរៀបចំអាវុធឡើងវិញរបស់អាឡឺម៉ង់ខាងលិច និងការចូលជាសមាជិកអង្គការណាតូនៅឆ្នាំ១៩៥៥ ។ ក្រោយសង្គ្រាមលោកលើកទី១ និងសង្គ្រាមលោកលើកទី២ មេដឹកនាំសូវៀតមានអារម្មណ៍ភ័យព្រួយអំពីអាល្លឺម៉ង់ ដែលកំពុងក្លាយជាមហាអំណាចយោធាម្តងទៀត ខណៈដែលបណ្តាប្រទេសអឺរ៉ុបផ្សេងទៀត ក៏ព្រួយបារម្ភអំពីបញ្ហានេះដែរ។
នៅពាក់កណ្តាលទស្សវត្សឆ្នាំ១៩៥០ សហរដ្ឋអាមេរិក និងសមាជិកអង្គកាណាតូមួយចំនួនទៀត បានចាប់ផ្តើមគាំទ្រការបង្កើតអាល្លឺម៉ង់ខាងលិច ដែលជាផ្នែកមួយនៃសម្ព័ន្ធមិត្ត និងអនុញ្ញាតឱ្យប្រទេសនេះ បង្កើតកងទ័ពស្ថិតនៅក្រោមការរឹតបន្តឹងយ៉ាងតឹងរឹង។ សូវៀតបានព្រមានថា សកម្មភាពបង្កហេតុបែបនេះ នឹងបង្ខំពួកគេឱ្យរៀបចំសន្តិសុខថ្មី ក្នុងតំបន់របស់ខ្លួន ហើយសូវៀតពិតជារៀបចំដូចការនិយាយមែន។ អាឡឺម៉ង់ខាងលិចបានចូលរួមជាផ្លូវការជាមួយអង្គការណាតូ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ១៩៥៥ ហើយក្រោយមកកតិកាសញ្ញាវ៉ាសូវី ត្រូវបានចុះហត្ថលេខាប្រមាណ ២ សប្តាហ៍ប៉ុណ្ណោះ គឺនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៥។
ប្រទេសដែលចូលរួមជាមួយសម្ព័ន្ធមិត្តសហភាពសូវៀត រួមមាន អាល់បានី ប៊ុលហ្ការី ឆេកូស្លូវ៉ាគី សាធារណរដ្ឋប្រជាធិបតេយ្យអាល្លឺម៉ង់ (អាល្លឺម៉ង់ខាងកើត) ហុងគ្រី ប៉ូឡូញ និងរ៉ូម៉ានី។ ក្រុមនេះនៅតែបន្តអត្ថិភាពរបស់ខ្លួនរហូតដល់សង្គ្រាមត្រជាក់បានបញ្ចប់ ជាមួយនឹងការរុះរើរបស់រដ្ឋាភិបាលកុម្មុយនីស្តទាំងអស់នៅអឺរ៉ុបខាងកើត ក្នុងឆ្នាំ១៩៨៩ និងឆ្នាំ១៩៩០។
ដូចអង្គការណាតូដែរ កតិកាសញ្ញាវ៉ាសូវីផ្តោតលើគោលបំណងបង្កើតការការពារដែលមានការសម្របសម្រួលមួយ ក្នុងចំណោមប្រទេសជាសមាជិករបស់ខ្លួន ដើម្បីទប់ស្កាត់ការវាយប្រហាររបស់សត្រូវ និយាយជារួមដើម្បីទប់ទល់សត្រូវដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក។ កតិកាសញ្ញានេះក៏មានសមាសធាតុសន្តិសុខផ្ទៃក្នុង ដែលផ្តល់ផលប្រយោជន៍ដល់សហភាពសូវៀតទៀតផង៕