(ពិភពលោក)៖ ក្រោយសង្គ្រាមលោកលើកទី២ មានប្រទេសជាច្រើនបានព្រួយបារម្ភអំពីការរីកសាយភាយឥទ្ធិពលកុម្មុយនីស្តជុំវិញពិភពលោក។ ដូច្នេះហើយទើបនៅឆ្នាំ១៩៥៥ មានបណ្តាប្រទេសចំនួន ៨ បានបង្កើតអង្គការសន្ធិសញ្ញាអាស៉ីអាគ្នេយ៍ ហៅកាត់ថា សេអាតូ (SEATO-the Southeast Asia Treaty Organization)។ សម្រាប់អត្ថបទនេះ Fresh News Plus ចង់ចែករំលែក ក៏ដូចជាពន្យល់អំពីបំណងនៃការបង្កើត និងការរលាយខ្លួនរបស់អង្គការសេអាតូ។
* ក្រោយសង្គ្រាមលោកលើកទី២
ដូចគេដឹងហើយថា សង្គ្រាមលោកលើកពីរបានបញ្ចប់ជាផ្លូវការនៅឆ្នាំ១៩៤៥ បន្ទាប់ពីមានជម្លោះប្រដាប់អាវុធយ៉ាងសាហាវឃោរឃៅ និងសម្លាប់មនុស្សរាប់លាននាក់ អស់ពេលវេលាប្រមាណ ៦ ឆ្នាំនៅអឺរ៉ុប។ ខណៈពេលដែលបណ្តាប្រទេសជាច្រើនដកដង្ហើមបន្ធូរអារម្មណ៍ដោយបង្ហាញសញ្ញាថា សង្គ្រាមត្រូវបានបញ្ចប់ហើយនោះ បែរជាបណ្តាប្រទេសមួយចំនួនទៀតត្រៀមរៀបចំធ្វើសង្គ្រាមដោយឡែកមួយផ្សេងទៀតទៅវិញ។ ក្នុងសង្គ្រាមនេះដែរ មានមហាអំណាចចម្បងៗចំនួន ២ គឺសហរដ្ឋអាមេរិក និងសហភាពសូវៀត។
ប្រទេសទាំងពីរនេះហើយបានជាប់គាំងនៅក្នុងសមរភូមិសកលលោក ដើម្បីភាពលេចធ្លោខាងមនោគមវិជ្ជា ដែលនាំឱ្យមានស្ថានភាពតានតឹងផ្នែកនយោបាយ ហើយបង្កើតបានជាសង្គ្រាមមួយដែលគេហៅថា សង្គ្រាមត្រជាក់។ សហរដ្ឋអាមេរិកប្រឹងប្រែងបញ្ជ្រាបមនោគមវិជ្ជាប្រជាធិបតេយ្យ ខណៈដែលសហភាពសូវៀតដុតដៃដុតជើងខំប្រឹងបញ្ជ្រាបមនោគមវិជ្ជាកុម្មុយនីស្ត។ ក្នុងរយៈពេលតែប៉ុន្មានឆ្នាំដ៏ខ្លីបន្ទាប់ពីសង្គ្រាមលោកលើកទី២ សហរដ្ឋអាមេរិកប្រឹងប្រែងការពារលទ្ធិប្រជាធិបតេយ្យនៅកូរ៉េខាងត្បូង ខណៈនោះដែរ ចិនកុម្មុយនីស្តដែលគាំទ្រដោយសម្ងាត់ដោយសហភាពសូវៀត ក៏បានប្រឹងប្រែងការពារលទ្ធិកុម្មុយនីស្តនៅកូរ៉េខាងជើង។
សង្គ្រាមកូរ៉េបានកត់សម្គាល់ពីការចាប់ផ្តើមនៃគោលនយោបាយទប់ស្កាត់យូរអង្វែងរបស់សហរដ្ឋអាមេរិក ដែលបានបង្ហាញយ៉ាងប្រាកដថា ឥទ្ធិពលនៃលទ្ធិកុម្មុយនីស្តមិនបានរាលដាលដល់ផ្នែកផ្សេងទៀតនៃពិភពលោកឡើយ។ ក្រោយសង្គ្រាមកូរ៉េទាំងពីរបានស្ងប់បន្តិច នៅតំបន់អាស៉ីអាគ្នេយ៍ឯណេះក៏បានលិចឡើងនូវបក្សសម្ព័ន្ធយោធាថ្មីមួយ នោះគឺអង្គការសេអាតូ។
* ការបង្កើតអង្គការសេអាតូ
នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ១៩៥៥ យ៉ាងហោចណាស់មានប្រទេសចំនួន ៨ បានបង្កើតអង្គការសេអាតូឡើង។ រដ្ឋសមាជិកទាំង ៨ នោះរួមមាន៖ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង ណូវែលសេឡង់ អូស្ត្រាលី ប៉ាគីស្ថាន ថៃ និងហ្វីលីពីន។ បេសកកម្មរបស់ក្រុមនេះគឺសាមញ្ញបំផុត ពោលគឺដើម្បីទប់ស្កាត់លទ្ធិកុម្មុយនីស្តដែលកំពុងរាលដាលយ៉ាងខ្លាំងនៅតំបន់អាស៉ីទាំងមូល។
និយាយមួយបែបទៀត អង្គការសេអាតូ គឺជាអង្គការអន្តរជាតិមួយសម្រាប់ការពារសមូហភាពនៅក្នុងតំបន់អាស៉ីអាគ្នេយ៍។ មុននឹងកើតឡើងរូបរាងជាអង្គការសេអាតូ នៅឆ្នាំ១៩៥៥ ជាដំបូងគេត្រូវគិតដល់សន្ធិសញ្ញាការពារសមូហភាពនៅក្នុងតំបន់អាស៉ីអាគ្នេយ៍ ឬកតិកាសញ្ញាម៉ានីល ដែលត្រូវបានចុះហត្ថលេខានៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ១៩៥៤ នៅក្នុងរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន ដែលវាជាផ្នែកមួយនៃគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក Truman Doctrine ក្នុងគោលបំណងបង្កើតសន្ធិសញ្ញាការពារសមូហភាព និងការប្រឆាំងឥទ្ធិពលកុម្មុយនីស្ត។
អង្គការសេអាតូមានទីស្នាក់ការកណ្តាលនៅរាជធានីបាងកក ប្រទេសថៃ ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៥៥ ក្នុងកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាភិបាលរដ្ឋមន្រ្តី ដែលបង្កើតឡើងដោយសន្ធិសញ្ញានេះ។ អគ្គលេខាធិការដំបូងរបស់អង្គកាសេអាតូ គឺលោក ផូត សារ៉ាស៉ីន (Pote Sarasin) ដែលជាអ្នកនយោបាយ និងជាអ្នកការទូតជនជាតិថៃ ដែលបានធ្វើជាឯកអគ្គរាជទូតថៃប្រចាំសហរដ្ឋអាមេរិកនៅរវាងឆ្នាំ១៩៥២ និងឆ្នាំ១៩៥៧។ គាត់ក៏ធ្លាប់កាន់តំណែងជានាយករដ្ឋមន្ត្រីថៃចាប់ពីឆ្នាំ១៩៥៧ ដល់ថ្ងៃទី១ ខែមករា ឆ្នាំ១៩៥៨ ផងដែរ។
* មូលហេតុអ្វីខ្លះដែលនាំឱ្យមានការចូលរួមជាមួយអង្គការសេអាតូ?
គួរឱ្យកត់សម្គាល់ថា មានតែប្រទេសចំនួន ២ ប៉ុណ្ណោះ ក្នុងចំណោមប្រទេសសមាជិកទាំង ៨ របស់អង្គការសេអាតូ ដែលមានទីតាំងនៅតំបន់អាស៉ីអាគ្នេយ៍ នោះគឺប្រទេសថៃ និងហ្វីលីពីន។ ដូច្នេះ តើមានហេតុផលអ្វីខ្លះដែលសមាជិកដទៃទៀតចូលរួមជាមួយអង្គការសេអាតូ?
ប្រទេសអូស្ត្រាលី និងណូវែលសេឡង់ មានទីតាំងស្ថិតនៅក្នុងតំបន់ប៉ាស៉ីហ្វិកដែលមិនឆ្ងាយពីអាស៉ីអាគ្នេយ៍ទេ ដូច្នេះទីតាំងដែលនៅជិត គឺជាកត្តាធំមួយ។ ប្រទេសប៉ាគីស្ថានក៏មានទីតាំងនៅជិតគ្នាដែរ (គឺនៅអាស៉ីខាងត្បូង) ហើយប្រទេសនេះចូលរួមជាមួយអង្គការសេអាតូ ក៏ដោយសារតែមានក្តីសង្ឃឹមថា នឹងទទួលបានជំនួយពីសេអាតូក្នុងការដោះស្រាយបញ្ហាជាមួយប្រទេសឥណ្ឌា ទោះបីជាប៉ាគីស្ថាន និងឥណ្ឌាមិនស្ថិតក្រោមយុត្តាធិការរបស់អង្គការសេអាតូក៏ដោយ។
ចក្រភពអង់គ្លេស និងបារាំងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអាស៉ីអាគ្នេយ៍ ហើយប្រទេសទាំងពីរបានដាក់អាណានិគមនៅក្នុងតំបន់នេះមុនពេលសង្គ្រាមលោកលើកទី២។ គោលបំណងសំខាន់របស់សហរដ្ឋអាមេរិកក្នុងការចូលរួមជាមួយអង្គការសេអាតូ គឺដើម្បីកាត់បន្ថយឥទ្ធិពលកុម្មុយនីស្ត ជាពិសេសមកពីប្រទេសចិន។
បន្ថែមទៅលើសមាជិករបស់អង្គការសេអាតូ ប្រទេសចំនួន ៣ ទៀតត្រូវបានផ្តល់ឋានៈជាអ្នកសង្កេតការណ៍។ ទោះបីជាប្រទេសទាំង ៣ មិនស្ថិតនៅជាផ្នែកបច្ចេកទេសរបស់អង្គការសេអាតូក៏ដោយ ក៏ប្រទេសទាំងនេះស្ថិតនៅក្រោមការការពាររបស់អង្គការសេអាតូដែរ។ ប្រទេសទាំងនោះ រួមមានប្រទេសឡាវ កម្ពុជា និងវៀតណាម។
អាទិភាពនៃសមាជិករបស់អង្គការសេអាតូ មិនមែនសម្រាប់បណ្តាប្រទេសស្ថិតនៅអាស៉ីអាគ្នេយ៍ទេ។ បើនិយាយពីអូស្ត្រាលី និងណូវែលហ្សេឡង់វិញ អង្គការសេអាតូមិនបានធ្វើឱ្យខ្លួនពេញចិត្ត និងគួរឱ្យចង់ចូលរួមដូចអង្គការអេនហ្ស៊ូស (ANZUS) ឡើយ ដែលអង្គការនេះជាអង្គការការពាររួមមួយជាមួយសហរដ្ឋអាមេរិក។ ជាថ្មីម្តងទៀត ចំពោះចក្រភពអង់គ្លេស និងបារាំងបានចូលរួមមួយផ្នែក ដោយសារតែធ្លាប់មានការដាក់អាណានិគមយូរមកហើយនៅក្នុងតំបន់នេះស្រាប់ និងមួយផ្នែកដោយសារតែការព្រួយបារម្ភលើការវិវត្តនៅក្នុងតំបន់ឥណ្ឌូចិន។
* ហេតុអ្វីបានជាមានប្រទេសតែពីរនៅអាស៉ីអាគ្នេយ៍ចូលរួមជាមួយសេអាតូ?
ទោះបីជាមានឈ្មោះសំដៅដល់បណ្តាប្រទេសក្នុងតំបន់អាស៉ីអាគ្នេយ៍ក៏ដោយ អង្គការសេអាតូភាគច្រើនរួមបញ្ចូលប្រទេសទាំងឡាយណា ដែលស្ថិតនៅក្រៅតំបន់ផងដែរ ឱ្យតែពួកគេយល់ថាទទួលបានផលប្រយោជន៍។ ដូចគេដឹងហើយថា សមាជិកអង្គការសេអាតូមាន ៨ រួមមានប្រទេសអូស្ត្រាលី (ដែលបានគ្រប់គ្រងរដ្ឋបាលប៉ាពូអាស៉ីនូវែលហ្គីណេ) បារាំង ណូវែលសេឡង់ ប៉ាគីស្ថាន (រួមបញ្ចូលទាំងប៉ាគីស្ថានខាងកើត ដែលបច្ចុប្បន្នគឺប្រទេសបង់ក្លាដេស) ហ្វីលីពីន ថៃ ចក្រភពអង់គ្លេស (ដែលបានគ្រប់គ្រងរដ្ឋបាលហុងកុង ប័រណេអូខាងជើង និងសារ៉ាវ៉ាក់) និងសហរដ្ឋអាមេរិក។
ការចូលរួមជាមួយអង្គការសេអាតូរបស់ប្រទេសហ្វីលីពីន និងថៃ ដោយសារតែពួកគេមានទំនាក់ទំនងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ជាពិសេសហ្វីលីពីន ហើយពួកគេបានប្រឈមមុខនឹងការបះបោរកុម្មុយនីស្តពីក្រុមបុគ្គលដែលប្រឆាំងនឹងរដ្ឋាភិបាល។ ថៃបានក្លាយជាសមាជិកអង្គការនេះ នៅពេលរកឃើញ «តំបន់ស្វយ័តថៃ» ដែលបានបង្កើតថ្មីក្នុងខេត្តយូណាន ភាគខាងត្បូងប្រទេសចិន ដែលជាក់ស្តែងកំពុងរងការគំរាមកំហែងពីការធ្វើវិទ្ធង្សនាកុម្មុយនីស្តចិននៅលើទឹកដីរបស់ខ្លួន។
បណ្តាប្រទេសក្នុងតំបន់ផ្សេងទៀត មានដូចជាប្រទេសភូមា និងឥណ្ឌូណេស៉ីបានយកចិត្តទុកដាក់ខ្លាំងចំពោះស្ថិរភាពផ្ទៃក្នុង ជាជាងការគំរាមកំហែងពីឥទ្ធិពលកុម្មុយនីស្ត ហេតុដូច្នេះហើយបានជាពួកគេបដិសេធមិនចូលរួមជាមួយអង្គការសេអាតូ។ ប្រទេសម៉ាឡេស៉ី (កាលណោះរួមបញ្ចូលទាំងសិង្ហបុរី) ក៏ជ្រើសរើសការមិនចូលរួមជាមួយអង្គការសេអាតូដែរ។ មានការអះអាងថា ការដែលម៉ាឡេស៉ីមិនចូលរួមជាមួយសេអាតូ ដោយសារខ្លួនមានទំនាក់ទំនងយ៉ាងល្អជាមួយចក្រភពអង់គ្លេស ហើយគេជឿថាអង់គ្លេសអាចការពារម៉ាឡេស៉ីពីឥទ្ធិពលកុម្មុយនីស្តបាន។
រដ្ឋមួយចំនួនទៀតដែលទើបតែទទួលបានឯករាជ្យពីអាណានិគមឥណ្ឌូចិនរបស់បារាំង (រួមមាន វៀតណាមខាងជើង វៀតណាមខាងត្បូង កម្ពុជា និងឡាវ) ត្រូវបានរារាំងមិនឱ្យមានការចូលរួមជាមួយបណ្តាបក្សសម្ព័ន្ធយោធាអន្តរជាតិឡើយ ក៏ដោយសារតែកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ ដែលត្រូវបានចុះហត្ថលេខានៅថ្ងៃទី២០ ខែកក្កដា (ឆ្នាំនៃការបញ្ចប់សង្គ្រាមឥណ្ឌូចិនលើកទី១)។
ទោះបីជាយ៉ាងណាក៏ដោយ ជាមួយនឹងការគំរាមកំហែងនៅតែបន្តកើតមានពីវៀតណាមកុម្មុយនីស្តខាងជើង និងលទ្ធភាពនៃទ្រឹស្តីដូមីណូជាមួយឥណ្ឌូចិន ប្រែទៅជាព្រំដែនកុម្មុយនីស្ត, អង្គការសេអាតូទទួលបានប្រទេសទាំងនេះក្រោមការការពាររបស់ខ្លួន ដែលនេះជាសកម្មភាពមួយត្រូវបានគេចាត់ទុកថាជាដំណោះស្រាយដ៏សំខាន់មួយសម្រាប់សហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងសង្គ្រាមវៀតណាម ប៉ុន្តែកម្ពុជាបានច្រានចោលការការពារមកលើខ្លួនក្នុងឆ្នាំ១៩៥៦។
* មុខងាររបស់អង្គការសេអាតូ
ក្តីសុបិន្តដ៏សំខាន់របស់អង្គការសេអាតូ គឺដើម្បីបញ្ឈប់ការរីករាលដាលលទ្ធិកុម្មុយនីស្ត ហើយអង្គការសេអាតូធ្វើការងារនេះដោយវិធីជាច្រើន។ ទីមួយ ប្រទេសនីមួយៗបានចូលរួមក្នុងសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំ ដែលមានការចូលរួមពីកងកម្លាំងប្រដាប់អាវុធផ្សេងៗ ដើម្បីហ្វឹកហាត់ជាមួយគ្នា។ ទីពីរ អង្គការសេអាតូប្រឹងប្រែងធ្វើការយ៉ាងខ្លាំង ដើម្បីកសាងសេដ្ឋកិច្ចដល់បណ្តាប្រទេសក្នុងតំបន់ ក្រោមហេតុផលថា បើសិនជាប្រជាជននៅអាស៉ីអាគ្នេយ៍រីករាយនឹងជីវភាពដ៏ល្អប្រសើរ ពួកគេនឹងមិនជឿលង់លើលទ្ធិកុម្មុយនីស្តឡើយ។ អង្គការសេអាតូក៏ទទួលខុសត្រូវសម្រាប់រៀបចំព្រឹត្តិការណ៍ក្នុងតំបន់ផ្សេងៗ និងលើកកម្ពស់គំនិតផ្តួចផ្តើមលើប្រព័ន្ធអប់រំផងដែរ។
* ថវិកា
ការចូលរួមវិភាគទានជាមធ្យមដល់ថវិកាស៉ីវិល និងយោធារវាងឆ្នាំ១៩៥៨ និងឆ្នាំ១៩៧៣ រួមមានសហរដ្ឋអាមេរិក ២៥% ចក្រភពអង់គ្លេស ១៦% បារាំង ១៣.៥% អូស្ត្រាលី ១៣.៥% ប៉ាគីស្ថាន ៨% ហ្វីលីពីន ៨% ថៃ ៨% រីឯណូវែលសេឡង់ ៨% ដែរ។
* តើអង្គកាសេអាតូត្រូវរលាយនៅឆ្នាំណា, ដោយសារមូលហេតុអ្វី?
អង្គការសេអាតូក៏មានចំណុចខ្សោយដែរ ថ្វីដ្បិតបង្កើតឡើងមកដោយមានគោលបំណងសំខាន់ក្នុងការទប់ឥទ្ធិពលកុម្មុយនីស្ត ប៉ុន្តែបរាជ័យក្នុងការបង្កើតទៅហើយ ក៏ព្រោះតែជម្លោះផ្ទៃក្នុង និងជម្លោះបង្អាក់ការប្រើប្រាស់យោធារបស់ខ្លួន។
ដើម្បីដោះស្រាយបញ្ហាដែលជាប់ទាក់ទងនឹងចលនាទ័ពព្រៃ និងការបះបោរក្នុងតំបន់ អង្គការសេអាតូបានត្រឹមអំពាវនាវរកតែការពិគ្រោះយោបល់ប៉ុណ្ណោះ ពោលគឺទុកឱ្យប្រជាជាតិដែលជួបបញ្ហានោះ ដោះស្រាបបញ្ហានៃការគំរាមកំហែងផ្ទៃក្នុងដោយខ្លួនឯងដដែល។
មិនដូចអង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើង (NATO) ទេ, អង្គការសេអាតូមិនមានយន្តការឯករាជ្យសម្រាប់ទទួលបានការស៉ើបការណ៍សម្ងាត់ ឬពង្រាយកម្លាំងយោធាឡើយ ដូច្នេះសក្តានុពលសម្រាប់សកម្មភាពសមូហភាពត្រូវបានកំណត់។ ម៉្យាងវិញទៀត ដោយសារតែវារួមបញ្ចូលតែសមាជិកអាស៊ាន ២ ប្រទេស ធ្វើឱ្យអង្គការសេអាតូប្រឈមនឹងការចោទប្រកាន់ថាជាទម្រង់ថ្មីនៃអាណានិគមនិយមលោកខាងលិច។ ភាពខុសគ្នាផ្នែកភាសា និងវប្បធម៌រវាងរដ្ឋជាសមាជិក ក៏បានបង្កជាបញ្ហារបស់ខ្លួនធ្វើឱ្យអង្គការសេអាតូមានការលំបាកក្នុងការសម្រេចគោលដៅជាច្រើន។
នៅដើមទសវត្សឆ្នាំ១៩៧០ សមាជិកបានចាប់ផ្តើមដកខ្លួនចេញពីអង្គការសេអាតូ។ ទាំងប៉ាគីស្ថាន និងបារាំងមិនបានគាំទ្រអន្តរាគមន៍របស់សហរដ្ឋអាមេរិកនៅវៀតណាមទេ ហើយប្រទេសទាំងពីរបានដកខ្លួនចេញពីអង្គការនេះនៅដើមទសវត្សឆ្នាំ១៩៧០។ ប្រទេសប៉ាគីស្ថានបានចាកចេញពីសេអាតូជាផ្លូវការនៅឆ្នាំ១៩៧៣ ពីព្រោះអង្គការនេះបានបរាជ័យក្នុងការផ្តល់ជំនួយដល់ខ្លួនក្នុងការបន្តប្រឆាំងជាមួយឥណ្ឌា។ ម្យ៉ាងទៀត នៅពេលដែលសង្គ្រាមនៅវៀតណាមបានបញ្ចប់ក្នុងឆ្នាំ១៩៧៥ ហេតុផលដ៏ធំសម្រាប់វត្តមានរបស់អង្គការសេអាតូត្រូវបានបាត់បង់។
សរុបមក អង្គការសេអាតូត្រូវបានរំសាយចោលជាផ្លូវការនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ១៩៧៧ បន្ទាប់ពីសមាជិកជាច្រើនបាត់បង់ផលប្រយោជន៍ និងដកខ្លួនចេញ៕