(ពិភពលោក)៖ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ស្ថិតនៅទីក្រុងឡាអេ ប្រទេសនែតដឺលែន (ហូឡង់) ហើយនៅទីក្រុងនេះក៏មានតុលាការអន្តរជាតិមួយទៀតដែរ គឺតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC)។ តុលាការយុត្តិធម៌អន្តរជាតិ និងតុលាការព្រហ្មទណ្ឌអន្តរជាតិមានតួនាទីខុសគ្នាស្រឡះ ប៉ុន្តែតើអ្នកដឹងទេថា តុលាការអន្តរជាតិទាំងពីរនេះមានភាពខុសគ្នាយ៉ាងណាខ្លះ?

Fresh News Plus នឹងចែករំលែកចំណេះដឹងទូទៅ ស្តីពីភាពខុសគ្នារវាងតុលាការព្រហ្មទណ្ឌអន្តរជាតិ និងតុលាការយុត្តិធម៌អន្តរជាតិ ដូចខាងក្រោមនេះ៖

១៖ តុលាការយុត្តិធម៌អន្តរជាតិ (ICJ-International Court of Justice)
នេះគឺជាស្ថាប័នដ៏មួយក្នុងចំណោមស្ថាប័នសំខាន់ៗទាំង ៦ របស់អង្គការសហប្រជាជាតិ (UN) ព្រោះតុលាការនេះត្រូវបានគេបង្កើតឡើងដោយអង្គការសហប្រជាជាតិ និងទទួលថវិកាប្រចាំឆ្នាំពីអង្គការសហប្រជាជាតិ។ ប្រទេសទាំងឡាយណាដែលជាសមាជិករបស់អង្គការសហប្រជាជាតិ គឺស្ថិតនៅក្រោមដែនយុត្តាធិការ ឬដែនអំណាចរបស់តុលាការយុត្តិធម៌អន្តរជាតិ។

តុលាការយុត្តិធម៌អន្តរជាតិ មានតួនាទីដោះស្រាយទំនាស់រវាងប្រទេសជាតិមួយជាមួយនឹងប្រទេសជាតិមួយទៀត។ ឧទាហរណ៍ ដូចជារឿងក្តីប្រាសាទព្រះវិហាររវាងកម្ពុជា និងប្រទេសថៃជាដើម។ តុលាការនេះក៏មានភារៈដោះស្រាយការរំលោភបំពាន និងការបកស្រាយសន្ធិសញ្ញានានាដែរ។

តុលាការយុត្តិធម៌អន្តរជាតិ គឺជំនួសឱ្យអង្គការនៃតុលាការអចិន្រ្តៃយ៍យុត្តិធម៌អន្តរជាតិ (PCIJ) ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩២០ ដោយសង្គមប្រជាជាតិ ប៉ុន្តែបន្ទាប់ពីសង្គ្រាមលោកលើកទីពីរត្រូវបានបញ្ចប់់ទៅ ទាំងអង្គការសង្គមប្រជាជាតិ និងតុលាការអចិន្ត្រៃយ៍យុត្តិធម៌អន្តរជាតិ ក៏ត្រូវបានជំនួសដោយស្ថាប័នថ្មី ក្នុងនោះអង្គការសង្គមប្រជាជាតិ ត្រូវបានជំនួសដោយអង្គការសហប្រជាជាតិ រីឯតុលាការអចិន្ត្រៃយ៍យុត្តិធម៌អន្តរជាតិ ត្រូវបានជំនួសដោយតុលាការយុត្តិធម៌អន្តរជាតិ (ICJ) វិញដែរ។

តុលាការយុត្តិធម៌អន្តរជាតិ គឺជាក្រុមប្រឹក្សាមួយមានចៅក្រមចំនួន ១៥ រូប ដែលត្រូវបានជ្រើសតាំងដោយមហាសន្និបាត និងក្រុមប្រឹក្សាសន្តិសុខ មានអាណត្តិរយៈពេល ៩ ឆ្នាំ។ ចៅក្រមមកពីគ្រប់សញ្ជាតិនៃប្រទេសសមាជិកសុទ្ធតែមានសិទ្ធិបម្រើការងារក្នុងតុលាការនេះបាន ប៉ុន្តែក្នុងអាណត្តិនីមួយៗគេមិនឱ្យមានចៅក្រម ២ រូប ដែលមានសញ្ជាតិតែមួយបំពេញការងារដំណាលគ្នានោះទេ។

ទោះបីជាតុលាការយុត្តិធម៌អន្តរជាតិ គឺជាស្ថាប័នដ៏សំខាន់មួយរបស់អង្គការសហប្រជាជាតិ ក៏តុលាការនេះមិនមានទីតាំងស្ថិតនៅទីក្រុងញូវយ៉ក ដូចអង្គការសហប្រជាជាតិដែរ ពោលគឺតុលាការយុត្តិធម៌អន្តរជាតិមានទីតាំងរដ្ឋបាលផ្ទាល់ខ្លួននៅទីក្រុងឡាអេ ឈ្មោះថា Peace Palace។

២៖ តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC-International Criminal Court)
តុលាការព្រហ្មទណ្ឌអន្តរជាតិ គឺជាតុលាការឯករាជ្យមួយមិននៅក្រោមអង្គការសហប្រជាជាតិនោះទេ។ តុលាការនេះត្រូវបានបង្កើតឡើងក្រោមលក្ខន្តិកៈមួយ ដែលគេបានព្រមព្រៀងគ្នានៅទីក្រុងរ៉ូម ប្រទេសអ៉ីតាលី។

តុលាការព្រហ្មទណ្ឌអន្តរជាតិបានចាប់ផ្តើមប្រតិបត្តិការនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០០២ នៅពេលដែលចូលជាធរមាននៃលក្ខន្តិកៈទីក្រុងរ៉ូម ដែលជាសន្ធិសញ្ញាពហុភាគី ដើរតួជាឯកសារគ្រឹះ និងការប្រព្រឹត្តទៅរបស់តុលាការ។ ថវិកាមួយភាគធំសម្រាប់ដំណើរការនៃតុលាការនេះ បានមកពីប្រទេសជាសមាជិក និងមួយចំនួនទៀតបានមកពីវិភាគទានរបស់អង្គការសហប្រជាជាតិ ក៏ដូចជាបានពីអង្គការអន្តរជាតិនានា និងក្រុមហ៊ុនមួយចំនួនទៀតដែរ។

ប្រទេសដែលជាសមាជិកនៃអង្គការព្រហ្មទណ្ឌអន្តរជាតិ គឺជាប្រទេសណាដែលបានផ្តល់សច្ចាប័នទទួលស្គាល់លក្ខន្តិកៈទីក្រុងរ៉ូម។ គិតត្រឹមឆ្នាំ២០១៩ មានរដ្ឋជាសមាជិកតុលាការនេះចំនួន ១២៣ ហើយ។

សូមជម្រាបថា តុលាការព្រហ្មទណ្ឌអន្តរជាតិមានចៅក្រមរហូតដល់ទៅ ១៨ រូប ហើយចៅក្រមទាំង ១៨ នេះត្រូវបានជ្រើសរើសសម្រាប់រយៈពេល ៩ ឆ្នាំ ដោយប្រទេសជាសមាជិកនៃតុលាការនេះ។ បេក្ខជនចៅក្រមនីមួយៗ ត្រូវតែជាជនជាតិនៃប្រទេសជាសមាជិកទាំងនោះផងដែរ។

ចំពោះតួនាទីរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិវិញ គឺតុលាការនេះមិនមានយុត្តាធិការ ឬដែនអំណាចទៅលើទំនាស់រវាងប្រទេស និងប្រទេសទេ តែមានអំណាចចាត់ការតាមច្បាប់ទៅលើបុគ្គលណា ដែលប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌកម្រិតធ្ងន់ ដូចជាឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាមជាដើម។ ឧទាហរណ៍ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលកាត់ក្តីអតីតមេដឹកនាំក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ។

តុលាការព្រហ្មទណ្ឌអន្តរជាតិមិនបំពានអធិបតេយ្យភាព ឬក៏មិនមានតួនាទីជាន់គ្នាជាមួយប្រទេសដទៃទេ ត្រង់ថាតុលាការនេះមិនលូកលាន់កាត់ទោសជនណា ដែលស្ថាប័នច្បាប់នៃប្រទេសណាមួយចាត់វិធានការស្របតាមគតិយុត្តិហើយនោះទេ។ តុលាការព្រហ្មទណ្ឌអន្តរជាតិចាត់ការតែរឿងក្តីព្រហ្មទណ្ឌកម្រិតធ្ងន់ណា ដែលម្ចាស់ប្រទេសព្រងើយកន្តើយមិនដោះស្រាយ ឬក៏រដ្ឋាភិបាលនៃប្រទេសនោះចាត់ការដោះស្រាយដែរ តែគ្រាន់តែប្រើប្រាស់ប្រព័ន្ធតុលាការដែលនៅក្រោមសម្ពាធរដ្ឋាភិបាលនោះ ដើម្បីជួយកាពារឧក្រិដ្ឋជនមិនឱ្យទទួលខុសត្រូវចំពោះអំពើឧក្រិដ្ឋដែលជននោះបានប្រព្រឹត្តទៅវិញ។

តាមនីតិវិធីរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ដើម្បីឱ្យតុលាការព្រហ្មទណ្ឌអន្តរជាតិបើកការស៉ើបអង្កេតលើករណីណាមួយបាន លុះណាតែមានការជូនដំណឹងទៅតុលាការនេះផ្ទាល់ ដោយផ្ដល់នូវព័ត៌មានដែលគួរឱ្យទុកចិត្តបាន មានន័យថា ព័ត៌មានដែលមានភស្តុតាងត្រឹមត្រូវអំពីឧក្រិដ្ឋកម្មណាមួយនោះ។ ការស្រែកឱ្យគេជួយតាមរយៈការផ្សព្វផ្សាយព័ត៌មានលើវិទ្យុ ឬកាសែត ជួនកាលអាចមិនឮដល់តុលាការនេះ ដើម្បីឱ្យមានការចាត់ការតាមផ្លូវច្បាប់បាននោះទេ។

សូមបញ្ជាក់ថា តុលាការយុត្តិធម៌អន្តរជាតិ និងតុលាការព្រហ្មទណ្ឌអន្តរជាតិ សុទ្ធតែត្រូវទទួលបានការរិះគន់ពីតម្លាភាពនៃតុលាការ លើការដោះស្រាយវិវាទដែលពាក់ព័ន្ធនឹងប្រទេសមហាអំណាចមួយចំនួនផងដែរ ដោយសារតុលាការទាំងនេះទទួលបានវិភាគទានពីប្រទេសមហាអំណាចទាំងនោះ។ បន្ថែមលើនេះ ក៏មានប្រទេសមួយចំនួនដកសមាជិកភាពពីតុលាការអន្តរជាតិទាំងពីរនេះទៀតផង៕


ទីស្នាក់ការកណ្តាលនៃតុលាការយុត្តិធម៌អន្តរជាតិ


និមិត្តសញ្ញានៃតុលាការយុតិ្តធម៌អន្តរជាតិ


ចៅក្រមនៃតុលាការយុត្តិធម៌អន្តរជាតិ (រូបតំណាង)


អគារទីស្នាក់ការកណ្តាលតុលាការព្រហ្មទណ្ឌអន្តរជាតិ


ចៅក្រម នៃតុលាការព្រហ្មទណ្ឌអន្តរជាតិ (រូបតំណាង)


និមិត្តសញ្ញា នៃតុលាការព្រហ្មទណ្ឌអន្តរជាតិ