(ពិភពលោក)៖ នៅលើពិភពលោកបច្ចុប្បន្នមានតែរបបចំនួនពីរប៉ុណ្ណោះ ដែលគេនិយមជ្រើសរើសយកមកដឹកនាំប្រទេស នោះគឺរបបរាជានិយម និងរបបសាធារណរដ្ឋ ប៉ុន្តែនៅក្នុងរបបទាំងពីរនេះក៏មាននូវលទ្ធិពីរផ្សេងគ្នាទៀតដែរ គឺលទ្ធិប្រជាធិបតេយ្យ និងលទ្ធិសង្គមនិយម (កុម្មុយនីស្ដ)។ តើអ្នកដឹងទេថា ប្រទេសណាដែលកាន់លទ្ធិប្រជាធិបតេយ្យ និងលទ្ធិកុម្មុយនីស្ដដំបូងគេបង្អស់?
លទ្ធិប្រជាធិបតេយ្យត្រូវបានបង្កើតឡើងដំបូងតាំងពីសតវត្សរ៍ទី ៦ មុនគ្រិស្ដសករាជ បន្ទាប់ពីរបបរាជានិយមនៅពិភពក្រិកត្រូវបានផ្ដួលរំលំ។ លទ្ធិនេះបានលេចរូបរាងឡើងដំបូងនៅក្នុងរដ្ឋបុរីអាតែន ប្រទេសក្រិកបុរាណ ប៉ុន្តែវាមិនមានលក្ខណៈដូចគ្នាទាំងស្រុងទៅនឹងលទ្ធិប្រជាធិបតេយ្យនាសម័យបច្ចុប្បន្ននោះឡើយ។
ជនជាតិក្រិកសម័យបុរាណនោះជឿជាក់ថា ដើម្បីឱ្យសង្គមរបស់ពួកគេក្លាយទៅជាសង្គមល្អប្រសើរមួយ ត្រូវតែពឹងផ្អែកទៅលើវិធានច្បាប់ ហើយច្បាប់ទាំងឡាយត្រូវតែតាក់តែងឡើងស្របតាមការរស់នៅរបស់ប្រជាជនជាក់ស្ដែង មិនអាចស្ថិតនៅលើព្រះរាជបញ្ជារបស់ស្ដេចដូចមុនបានឡើយ។ ពួកគេមានទស្សនៈថា «សង្គមល្អប្រសើរមួយ ត្រូវតែដឹកនាំតាមគោលការណ៍ដែលប្រកបដោយក្រមសីលធម៌»។
ចំណែកឯលទ្ធិសង្គមនិយម ឬកុម្មុយនីស្ដនេះវិញ គឺជាទ្រឹស្ដីសមភាពសង្គមរបស់ទស្សនវិទូសញ្ជាតិអាល្លឺម៉ង់ លោក កាល់ ម៉ាក់ (ជាតិជ្វីប) ប៉ុន្តែទ្រឹស្តីនេះត្រូវបានយកទៅអនុវត្តនៅលើទឹកដីសហភាពសូវៀត។
លទ្ធិសង្គមនិយមនេះ ត្រូវបានចាប់ផ្ដើមអនុវត្តដំបូងបង្អស់នៅគ្រិស្ដសករាជ ១៩១៧ ពោលគឺបន្ទាប់ពីបដិវត្តបុលសេវីក (Bolsheviks) ដែលដឹកនាំដោយលោក វ្លាឌីមៀ លេនីន (Vladimir Lenin) តស៊ូផ្ដួលរំលំរបបសក្ដិភូមិនៅចក្រភពរុស្ស៉ីទទួលបានជោគជ័យ ហើយលោកក៏បានជ្រើសរើសលទ្ធិកុម្មុយនីស្ដនេះយកមកដឹកនាំប្រទេសរបស់ខ្លួន គឺសាធារណរដ្ឋសង្គមនិយមសហភាពសូវៀតដ៏ធំល្វឹងល្វើយ។
នាពេលបច្ចុប្បន្ន ប្រទេសដែលប្រកាន់យកលទ្ធិសង្គមនិយមធំជាងគេ គឺសាធារណរដ្ឋប្រជាមានិតចិន ដោយហេតុថា ក្រោយដួលរលំសហភាពសូវៀតនៅគ្រិស្ដសករាជ ១៩៩១ ផុតទៅ អតីតមហាយក្សកុម្មុយនីស្ដមួយនេះ ក៏បានប្ដូរទៅជាសហព័ន្ធរុស្ស៉ីដែលប្រកាន់លទ្ធិប្រជាធិបតេយ្យជំនួសវិញ។
លទ្ធិសង្គមនិយម ឬកុម្មុយនីស្ដ បានចាប់ផ្ដើមអនុវត្តក្រោយលទ្ធិប្រជាធិបតេយ្យដល់ទៅប្រមាណ ២៥ សតវត្សរ៍ឯណោះ៕