(បរទេស)៖ មានព្រឹត្តិការណ៍ជាច្រើនបានកើតឡើងនៅក្នុងប្រវត្តិសាស្ត្រពិភពលោក ក្នុងនោះព្រឹត្តិការណ៍ដែលមហាអំណាចអឺរ៉ុបដាក់អាណានិគមលើបណ្ដានគរនៅទ្វីបអាស៉ី ក៏ជារបត់ប្រវត្តិសាស្ត្រមួយដ៏សំខាន់ផងដែរ ប៉ុន្តែតើអ្នកដឹងទេថា ប្រទេសអាណានិគមណាខ្លះដែលបានមកដល់ទឹកដីអាស៉ីមុនគេបង្អស់?
បើនិយាយពីវត្តមានរបស់ពួកអឺរ៉ុបដែលបានមកដល់ទឹកដីអាស៉ីដំបូងគេ គឺមានប្រវត្តិតាំងពីសម័យក្រិក សម័យរ៉ូមបុរាណមកម្ល៉េះ ប៉ុន្តែនៅពេលដែលពិភពលោកឈានមកដល់សតវត្សរ៍ទី ១៥ បណ្ដារដ្ឋនៅទ្វីបដ៏ធំមួយនេះក៏បានស្គាល់នូវរសជាតិឋិតនៅក្រោមនឹមអាណានិគមរបស់ពួកមហាអំណាចអឺរ៉ុបជាបណ្ដើរៗ។ រហូតដល់សតវត្រ៍ទី ១៩ ទ្វីបអាស៉ីស្ទើរតែទាំងមូលក៏បានស្ថិតក្រោមអាណានិគមរបស់បណ្ដាចក្រភពខ្លាំងៗនៅទ្វីបអឺរ៉ុប ក្នុងនោះមានដូចជាបារាំង អង់គ្លេស អេស្ប៉ាញ ព័រទុយហ្កាល់ ហូឡង់ (នែតដឺលែន) អាល្លឺម៉ង់ និងចក្រភពរុស្ស៉ីជាដើម។
នៅគ្រិស្ដសករាជ ១៤៩៨ កងទ័ពជើងទឹករបស់ចក្រភពព័រទុយហ្កាល់បានចូលឈ្លានពានរដ្ឋហ្កាវ (Goa) របស់ប្រទេសឥណ្ឌា និងបានឆ្លងមហាសមុទ្រឥណ្ឌាបន្តមកដល់ទឹកដីអាស៉ីអាគ្នេយ៍ ដើម្បីចូលឈ្លានពានបណ្ដារដ្ឋនានានៅជ្រោយម៉ាឡាកានៅគ្រិស្ដសករាជ ១៥១១។ កងទ័ព័រទុយហ្កាល់ក៏បានបន្តធ្វើដំណើរកាត់តាមសមុទ្រចិនខាងត្បូងឆ្ពោះទៅកាន់ច្រាំងខាងត្បូងនៃមហាម៉េង (Ming 1368-1644) ដើម្បីដណ្ដើមយកម៉ាកាវនៅគ្រិស្ដសករាជ ១៥៥៧។
នៅគ្រិស្ដសករាជ ១៥៦៥ ចក្រភពអេស្ប៉ាញបានលើកទ័ពជើងទឹកមកច្បាំងដណ្ដើមយកអាណាចក្រសេប៊ូ (Cebu) ហើយក្រោយមកក៏បានបង្កើតរដ្ឋធានីម៉ានីលនៅគ្រិស្ដសករាជ ១៥៧១ ដែលចំណុះក្រោមអំណាចកងទ័ពព័រទុយហ្កាល់។
កងទ័ពហូឡង់បានធ្វើដំណើរដ៏វែងឆ្ងាយតាមផ្លូវសមុទ្រទៅដល់ទឹកដីជប៉ុននៅគ្រិស្ដសករាជ ១៦០០។ ប្រមាណ ១៩ ឆ្នាំក្រោយមក ហូឡង់ក៏បានដណ្ដើមយករាជធានីជ័យកាតា ឬហ្សាការតា ពីអាណាចក្ររបស់ពួកជ្វាដែលកាន់សាសនាឥស្លាម និងបានប្ដូរឈ្មោះទីក្រុងនេះពីជ័យកាតាមកជា «ប៉ាត់តាវៀ»។
វត្តមានរបស់កងទ័ពអាណានិគមទាំងបីខាងលើនេះ ហាក់មិនទាន់មានការប្រកួតប្រជែងគ្នាខ្លាំង ហើយក៏មិនទាន់ចូលជ្រៅទៅដល់បណ្ដានគរនៅលើដែនដីគោកនៅឡើយដែរ។ ទីតាំងដែលពួកគេត្រូវការ ភាគច្រើនគឺស្ថិតនៅតាមច្រាំងសមុទ្រ។ គេត្រូវរង់ចាំដល់មានវត្តមានរបសអង់គ្លេស និងបារាំងដែលចេញទ័ពមកដល់ទ្វីបអាស៉ីក្រោយគេនៅសតវត្សរ៍ទី ១៨ ទើបព្រឹត្តិការណ៍អាណានិគមនៅលើទ្វីបមួយនេះចាប់ផ្ដើមពុះកញ្ជ្រោលខ្លាំងឡើងៗ។
ចក្រភពអង់គ្លេសបានលើកទ័ពចូលទន្ទ្រានយកទឹកដីឥណ្ឌានៅដើមសតវត្សរទី ១៨។ ក្រោយមក ក៏បានបន្តវាយយកប្រទេសភូមា ម៉ាឡេស៉ី ព្រុយណេ និងដែនដីហុងកុងពីមហាឆេង (Qing 1644-1912)។
ចំណែកឯកងទ័ពចក្រភពបារាំងក៏បានមកដល់ឥណ្ឌូចិននៅគ្រិស្ដសករាជ ១៨៥៨ និងដាក់អាណានិគមលើនគរកម្ពុជា អាណាចក្រតុងកឹង អាណាចក្រអណ្ណាម និងដែនដីកូសាំងស៉ី (កម្ពុជាក្រោម) អាណាចក្រវៀងចន្ទន៍របស់ឡាវ និងផ្នែកខ្លះនេះប្រទេសចិន។
នៅមុនសង្គ្រាមលោកលើកទី១ ទឹកដីឥណ្ឌា និងអាស៉ីអាគ្នេយ៍បានធ្លាក់ក្រោមនឹមអាណានិគមរបស់មហាអំណាចអឺរ៉ុបស្ទើរតែទាំងស្រុង លើកលែងតែប្រទេសសៀមតែមួយគត់ដែលអាចរួចផុតពីក្រញ៉ាំលោកខាងលិច នេះក៏ដោយសារចក្រភពអង់គ្លេស និងចក្រភពបារាំងបានព្រមព្រៀងគ្នានៅគ្រិស្ដសករាជ ១៨៩៦ ដោយទុកអាណាចក្រមួយនេះជាតំបន់ទ្រនាប់ ឬជាតំបន់សរវាងដែនដីអាណានិគមរបស់មហាអំណាចទាំងពីរ។
គេប្រហែលជាភ្លេចមហាអំណាចអឺរ៉ុបពីរទៀត គឺចក្រភពរុស្ស៉ី និងចក្រភពអាល្លឺម៉ង់ ដែលបានបញ្ជូនកងទ័ពរបស់ខ្លួនចូលឈ្លានពានទឹកដីអាស៉ីនឹងគេដែរ។ ចាប់ពីគ្រិស្ដសករាជ ១៨៣៩-១៨៩៥ ចក្រភពរុស្ស៉ីបានចូលឈ្លានពានបណ្ដារដ្ឋនៅតំបន់អាស៉ីកណ្ដាល និងប្រទេសតួកគី។ ចំណែកចក្រភពអាល្លឺម៉ង់ក៏បានចូលត្រួតត្រាផ្នែកខ្លះនៃទឹកដីមហាឆេងនៅគ្រិស្ដសករាជ ១៨៩៧ ផងដែរ៕