(បរទេស)៖ ក្នុងតំណែងដឹកនាំរបស់លោក មីខាអ៉ីល ហ្គោបាឆូវ (Mikhail Gorbachev) សាធារណរដ្ឋសង្គមនិយមសហភាពសូវៀត (USSR) ត្រូវបានដួលរលំជាស្ថាពរនៅចុងឆ្នាំ១៩៩១ ជាហេតុធ្វើឱ្យបណ្ដារដ្ឋជាច្រើនក្នុងសហភាពដ៏ធំមួយនេះបានប្រកាសឯករាជ្យជាបន្តបន្ទាប់ ប៉ុន្តែតើអ្នកដឹងទេថាមានរឿងរ៉ាវអ្វីខ្លះ ដែលកើតឡើងនៅពីក្រោយការដួលរលំមហាយក្សកុម្មុយនីស្ដមួយនេះ?
ក្នុងដំណាក់កាលប្រណាំងប្រជែងជាមួយសហរដ្ឋអាមេរិកក្នុងសម័យសង្គ្រាមត្រជាក់ បានធ្វើឱ្យសហភាពសូវៀតជួបនឹងវិបត្តិជាច្រើន ទាំងក្នុងប្រទេស និងក្រៅប្រទេស។ នៅក្រៅប្រទេស សហភាពសូវៀតបានបញ្ចេញថវិការបស់ខ្លួនដ៏ច្រើនសន្ធឹកសន្ធាប់យកជួយដល់ប្រទេសក្រីក្រមួយចំនួននៅទ្វីបអាស៉ី អាមេរិកខាងត្បូង និងទ្វីបអាហ្វ្រិក ព្រោះតែគោលបំណងធំតែមួយគត់ គឺការពង្រីកមនោគមវិជ្ជាកុម្មុយនីស្ដ។
ចាប់តាំងពីពេលចងមិត្តជាមួយប្រទេសគុយបាមក សូវៀតបានផ្ដល់ជំនួយថវិកាក្នុងមួយឆ្នាំៗដល់ទៅ ៤ ពាន់លានដុល្លារអាមេរិក ជួយលើវិស័យយោធា និងសេដ្ឋកិច្ចគុយបា ដែលជាប្រទេសកោះតូចមួយនៅក្បែរសហរដ្ឋអាមេរិក។ នៅឆ្នាំ១៩៦៧ សហភាពសូវៀតបានផ្ដល់ជំនួយដល់ក្រុមប្រទេសសម្ព័ន្ធអារ៉ាប់ ដើម្បីប្រឆាំងនឹងរដ្ឋអ៉ីស្រាអែលក្នុងសង្គ្រាមផ្លេកបន្ទោរ។ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ១៩៧៩ សហភាពសូវៀតបានលើកទ័ពចូលលុកលុយប្រទេសអាហ្វហ្កានីស្ថាន ដើម្បីគាំទ្ររបបដឹកនាំថ្មីនៅប្រទេសនេះដែលមាននិន្នាការមករកខ្លួន។ ក្នុងក្របខណ្ឌបក្សសម្ព័ន្ធវ៉ាសូវីនៅអឺរ៉ុបខាងកើត សហភាពសូវៀតក៏បានផ្ដល់ជំនួយដ៏ច្រើនលើសលុប ក្នុងការជួយជ្រោមជ្រែងក្រុមប្រទេសនៅតំបន់នេះផងដែរ។
ចំណែកនៅផ្ទៃក្នុងប្រទេសវិញ រដ្ឋាភិបាលសហភាពសូវៀតបានខិតខំពង្រីកខាងវិស័យកសិកម្ម ប៉ុន្តែបែរជាប្រើប្រាស់ជីគីមី និងថ្នាំពុលហួសប្រមាណទៅលើដី និងដំណាំ ជាហេតុនាំឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន និងធ្វើឱ្យខូចគុណភាពដី ថែមទាំងជះឥទ្ធិពលអាក្រក់យ៉ាងខ្លាំងដល់ការអភិវឌ្ឍវិស័យកសិកម្ម។ អំពើពុករលួយ និងអត្រាមរណៈរបស់កុមារ គឺជាវិបត្តិសង្គមដ៏ចម្បងជាងគេ។
ដោយមើលឃើញនូវវិបត្តិទាំងនេះហើយ លោក មីខាអ៉ីល ហ្គោបាឆូវ ក៏បានដាក់ចេញនូវកំណែទម្រង់ប៉េរ៉េស្ត្រូយកា (Berestroika) ដើម្បីកែទម្រង់នយោបាយ សេដ្ឋកិច្ច និងសង្គមនៅសហភាពសូវៀត ដែលកំពុងឈានទៅរកសភាពទុំជោរទៅហើយនោះ។
ដំបូងឡើយ លោក ហ្គោបាឆូវ បានបើឱ្យមានការវិនិយោគទុនពីក្រៅប្រទេសលើវិស័យឧស្សាហកម្ម ហើយបំផុសឱ្យមានការប្រណាំងប្រជែងតាមទម្រង់សេដ្ឋកិច្ចបែបទីផ្សារសេរី។ ក្នុងវិស័យនយោបាយ លោកបានបើកឱ្យពួកប្រឆាំងបញ្ចេញការរិះគន់ជាចំហលើរបបសង្គមនិយម។ លោកបានរៀបចំឱ្យមានការបោះឆ្នោតជ្រើសរើសមន្ត្រីក្នុងជួរគណបក្ស និងរដ្ឋាភិបាល ដើម្បីសម្ដែងការជឿទុកចិត្ត។
សហភាពសូវៀតបានធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញរបស់ខ្លួននៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ១៩៨៨ ដោយរៀបចំឱ្យមានការបោះឆ្នោតជ្រើសរើសសមាជិកសភាពតាមរយៈប្រជាពលរដ្ឋ ដែលមានគណបក្សច្រើនចូលរួម។ កំណែទម្រង់រដ្ឋធម្មនុញ្ញថ្មីនេះបានចែងពីអាណត្តិប្រធានាធិបតី ដែលមានរយៈពេល ៥ ឆ្នាំ។
អ្នកទោសនយោបាយ និងអ្នកប្រឆាំងទាំងឡាយត្រូវបានដោះលែងឱ្យមានសេរីភាព ចំណែកអ្នកដែលត្រូវនិរទេសទៅដល់តំបន់ត្រជាក់ស៉ីបេរី (Siberia) ក៏ត្រូវអនុញ្ញាតឱ្យត្រលប់មកកាន់ស្រុកកំណើត និងក្រុមគ្រួសាររបស់ខ្លួនវិញដែរ។
សូមជម្រាបថា ក្រោយឡើងកាន់អំណាចជាប្រធានាធិបតីសហភាពសូវៀត លោក ហ្គោបាឆូវ បានប្រកាសថាលោកមិនអនុញ្ញាតឱ្យមានអន្តរាគមន៍យោធានៅតំបន់អឺរ៉ុបខាងកើតទៀតឡើយ។ សម្ដីនេះបានដាស់ស្មារតីដល់ក្រុមប្រទេសដែលនៅក្រោមរណបសហភាពសូវៀត ចាប់ផ្ដើមប្រកាសឯករាជ្យជាបន្តបន្ទាប់ និងបានប្ដូរទៅរករបបប្រជាធិបតេយ្យដូចក្រុមប្រទេសនៅអឺរ៉ុបខាងលិចវិញ ដូចជា ប្រទេសអាល្លឺម៉ង់ខាងកើត ឆេកូស្លូវ៉ាគី ហុងគ្រី ប៊ុលហ្ការី ប៉ូឡូញជាដើម។
កងទ័ពក្រហមរបស់សហភាពសូវៀតដែលដាក់ពង្រាយនៅអឺរ៉ុបខាងកើត ក៏ត្រូវដកចេញមកវិញចាប់ពីឆ្នាំ១៩៩១-១៩៩៤ ខណៈបក្សសម្ព័ន្ធវ៉ាសូវីក៏កាន់តែរង្គោះរង្គើរហូតដល់បាត់រូបរាងទាំងស្រុងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៩១។
នៅក្នុងសហភាពសូវៀតខ្លួនឯង រដ្ឋដែលស្ថិតនៅតាមមាត់សមុទ្របាល់ទិចក៏បានប្រកាសឯករាជ្យជាបន្តបន្ទាប់ ដោយគ្មានការបង្ហូរឈាមនោះឡើយ។ រដ្ឋមួយចំនួននៅអាស៉ីកណ្ដាលក៏ដណ្ដើមបានឯករាជ្យ ហើយបានផ្ដាច់ចេញពីសហភាពសូវៀត។ ចំណែករដ្ឋរុស្ស៉ីក៏បានក្លាយជារដ្ឋឯករាជ្យមួយ ដោយមានប្រធានាធិបតីដំបូងរបស់ខ្លួន មានឈ្មោះថា បូរីស យែលស៉ីន (Boris Yelsin)។ បន្ទាប់មក ប្រទេសរុស្ស៉ីក៏បញ្ចូលទៅក្នុងសហព័ន្ធមួយទៀតជាមួយនឹងអ៊ុយក្រែន បេឡារុស និងរដ្ឋឯករាជ្យមួយចំនួនទៀត ហៅថា សហព័ន្ធរុស្ស៉ី ឬ សមាគមរដ្ឋឯករាជ្យ។
ការបង្កើតសហព័ន្ធរុស្ស៉ីបានធ្វើឱ្យលោក មីខាអ៉ីល ហ្គោបាឆូវ ត្រូវអស់តួនាទីជាប្រធានាធិបតីនៃសហភាពសូវៀត នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ១៩៩១។ ថ្វីដ្បិតអ្នកគាំទ្ររបបសង្គមនិយមចាស់នៅអតីតសហភាពសូវៀត មានការប្រឆាំងនឹងកំណែទម្រង់ប៉េរ៉េស្ត្រូយការបស់លោក ហ្គោបាឆូវ ក៏ពិតមែន ប៉ុន្តែសម្រាប់ទស្សនៈរបស់ប្រជាជនជុំវិញពិភពលោក លោក ហ្គោបាឆូវ គឺជាអ្នកសង្គ្រោះពិភពលោកពីឥទ្ធិពលសង្គ្រាមត្រជាក់៕