(សិង្ហបុរី)៖ ប្រទេសសិង្ហបុរី ឬសាំងហ្កាពួរ ជាទឹកដីប្រជុំកោះតូចៗស្ថិតនៅចុងខាងត្បូងនៃឧបទ្វីបម៉ាឡេស៉ី និងជាប្រទេសអភិវឌ្ឍន៍ដ៏ខ្លាំងក្លាមួយនៅក្នុងសមាគមអាស៊ាន ដែលគេតែងហៅថា «នាគអាស៉ី»។
ការក្ដោបក្ដាប់ច្រកសមុទ្រអន្តរជាតិ និងកំពង់ផែពាណិជ្ជកម្មអន្តរជាតិដ៏សំខាន់បំផុតប្រចាំតំបន់អាស៉ីអាគ្នេយ៍ បានរួមចំណែកធ្វើឱ្យប្រទេសដែលមានផ្ទៃដីសរុប ៧២៥.៧ គីឡូម៉ែត្រក្រឡាមួយនេះ មានការរីកចម្រើនរហូតមកដល់សព្វថ្ងៃ។
តើប្រទេសនាគសេដ្ឋកិច្ចមួយនេះមានប្រវត្តិកំណកំណើតយ៉ាងដូច្នេះ និងបានបង្កើតកំពង់ផែពាណិជ្ជកម្មអន្តរជាតិតាំងពីពេលណាមក?
នៅគ្រិស្ដសករាជ ១២៩៩ ព្រះបាទស័ង្ខឧត្តមា (Sang Nila Utama) បានបង្កើតអាណាចក្រទេវសឹក (Temasek) នៅលើកោះសិង្ហបុរីបច្ចុប្បន្ន។ ក្រោយៗមកទៀត ប្រជុំកោះនេះក៏បានធ្លាក់ក្រោមការគ្រប់គ្រងរបស់ចក្រភពមច្ចបហិទ (Majapahit) របស់ជ្វា និងចក្រភពអយុធ្យារបស់សៀមផងដែរ។
រហូតដល់សតវត្សរ៍ទី១៤ ទឹកដីដដែលនេះបានស្ថិតក្រោមការគ្រប់គ្រងរបស់ព្រះបាទបរមេស្វរៈ (Parameswara) ដែលព្រះអង្គបានប្រទាននាមថ្មីដល់ព្រះនគររបស់ទ្រង់ថា អាណាចក្រសិង្ហបុរៈ (Singapura)។
ពាក្យសិង្ហបុរៈនេះ គឺក្លាយមកពីពាក្យសំស្ក្រឹត សិង្ហៈ បូកនឹង បុរៈ។ ពាក្យសិង្ហៈ ឬសីហៈ ប្រែថា សត្វតោ ប៉ុន្តែប្រជាជនមានជំនឿថាសត្វតោមានអំណាចខ្លាំងក្លាជាងអស់សត្វចតុបាតទាំងពួង ដែលខ្មែរយើងហៅថា រាជសីហ៍ រីឯពាក្យបុរៈ ឬបុរី ប្រែថា ទីក្រុង។ ដូច្នេះពាក្យសិង្ហបុរៈនេះមានន័យថា ទីក្រុងរបស់រាជសីហ៍។
មកដល់សតវត្សរ៍ទី១៩ ពោលគឺនៅថ្ងៃទី២៨ ខែមករា គ្រិស្ដសករាជ ១៨១៩ កងទ័ពអាណានិគមអង់គ្លេសដែលដឹកនាំដោយទេសាភិបាល ស្តេមហ្វដ រ៉ាហ្វល (Stamford Raffles) បានទិញកោះសិង្ហបុរីនេះពីព្រះចៅម៉ាឡេ ស៊ុលតង់ (Sultan of Johor) ដើម្បីកាន់កាប់ផ្លូវពាណិជ្ជកម្មផ្ដាច់មុខពីពួកអាណានិគមហូឡង់។ កាលណោះ ប្រជាជននៅលើកោះនេះមានមិនលើសពី ២០០ នាក់ឡើយ។
ក្រោយទិញកោះសិង្ហបុរីនេះបានហើយ ចក្រភពអង់គ្លេសបានក្លាយជាអ្នកកាន់កាប់ច្រកសមុទ្រម៉ាឡាកាផ្ដាច់មុខទាំងស្រុង។ រហូតដល់គ្រិស្ដសករាជ ១៨៣០ សិង្ហបុរីបានក្លាយជាកំពង់ផែពាណិជ្ជកម្មអន្តរជាតិដ៏សំខាន់មួយនៅតំបន់អាស៉ីអាគ្នេយ៍។
មូលហេតុដែលនាំឱ្យសិង្ហបុរីក្លាយជាតំបន់ពហុបំណងដ៏មានសក្ដានុពលយ៉ាងដូច្នេះ ដោយសារទីតាំងនេះមានលក្ខណៈពិសេស ៣ យ៉ាង៖
ទី១៖ មានទីតាំងភូមិសាស្ត្រល្អដែលជាចំណុចប្រសព្វសម្រាប់ភ្ជាប់ទំនាក់ទំនងតាមផ្លូវសមុទ្ររវាងចិន ឥណ្ឌា និងពួកអឺរ៉ុប។
ទី២៖ ជាកំពង់ផែអន្តរជាតិសេរី ខុសពីកំពង់ផែប៉ាតាវីយ៉ានៅប្រទេសឥណ្ឌូណេស៉ី និងហ្វីលីពីន ដែលជាកំពង់ផែក្នុងស្រុក ហើយតម្រូវឱ្យបង់ពន្ធថែមទៀត។
ទី៣៖ បម្រើសេវាកម្មឱ្យសេដ្ឋកិច្ចចក្រភពអង់គ្លេសយ៉ាងពេញទំហឹង ដែលរីកចម្រើនផ្នែកឧស្សាហកម្មមុនគេនៅសតវត្សរ៍ទី១៩។
ក្នុងសម័យសង្គ្រាមលោកលើកទី២ នៅពេលស្ថិតក្រោមអាណានិគមជប៉ុន គ្រិស្ដសករាជ ១៩៤២ សិង្ហបុរីត្រូវបានប្ដូរឈ្មោះទៅជាសូមូកុ (Shomauko) ហើយក៏ធ្លាក់ក្រោមអាណានិគមអង់គ្លេសវិញនៅគ្រិស្ដសករាជ ១៩៤៥។
បណ្ដារដ្ឋម៉ាឡេរួមទាំងរដ្ឋសិង្ហបុរីផងនោះបានទទួលឯករាជ្យពីចក្រភពអង់គ្លេសជាស្ថាពរនៅថ្ងៃទី៣១ ខែសីហា គ្រិស្ដសករាជ ១៩៥៧ និងបានបង្កើតជាសហព័ន្ធម៉ាឡេស៉ីនៅគ្រិស្ដសករាជ ១៩៦៣ ប៉ុន្តែនៅគ្រិស្ដសករាជ ១៩៦៥ លោក លី ក្វាន់យូ និងលោក យូសូហ្វ អ៉ីសាក់ (Yusof Ishak) បានទាមទារផ្ដាច់សិង្ហបុរីពីសហព័ន្ធម៉ាឡេស៉ី ដែលកាលណោះសហព័ន្ធម៉ាឡេស៉ី ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ទួនគូ អាប់ឌុលរ៉ាម៉ាន់ (Tunku Abdul Rahman)។
រហូតដល់ថ្ងៃទី០៩ ខែសីហា គ្រិស្ដសករាជ ១៩៦៥ ទើបសិង្ហបុរីផ្ដាច់ខ្លួនចេញពីសហព័ន្ធម៉ាឡេស៉ីបានសម្រេច។ តាំងពីពេលនោះមក ប្រទេសសិង្ហបុរីក៏បានប្ដូរឈ្មោះជាផ្លូវការថា «Republic of Singapore» និងបានបន្តមានវត្តនៅលើផែនទីពិភពលោករហូតមកដល់ពេលបច្ចុប្បន្ន៕