(បរទេស)៖ ការរាតត្បាតជាសកលនៃជំងឺផ្តាសាយអេស៉្បាញដ៏កាចសាហាវកាលពីឆ្នាំ១៩១៨-១៩២០ បានឆ្លងដល់មនុស្សប្រហែល ៥០០ លាននាក់នៅជុំវិញពិភពលោក គឺប្រមាណជាមួយភាគបីនៃចំនួនប្រជាជនសរុបនៅលើផែនដីនាពេលនោះ។ វាបានឆក់យកជីវិតជនរងគ្រោះចន្លោះ ២០-៥០ លាននាក់។
ក្នុងដំណាក់កាលដំបូង ជំងឺផ្តាសាយអេស៉្បាញបានលុកលុយនៅអឺរ៉ុប សហរដ្ឋអាមេរិក និងផ្នែកខ្លះនៃទ្វីបអាស៉ី មុនពេលរីករាតត្បាតយ៉ាងឆាប់រហ័សពាសពេញពិភពលោក។ ខណៈនោះពុំមានថ្នាំ ឬវ៉ាក់សាំងមួយសម្រាប់ព្យាបាលប្រភេទជំងឺផ្តាសាយនេះឡើយ។ មនុស្សម្នាត្រូវបានបង្គាប់ឱ្យពាក់ម៉ាស ហើយសាលារៀន រោងភាពយន្ត និងអាជីវកម្មត្រូវបិទទ្វារ ស្របពេលដែលសាកសពនៅកកស្ទះពេញកន្លែងផ្ទុកសាកសព មុនពេលដែលជំងឺនេះបានសាបរលាបបាត់ទៅវិញដោយខ្លួនវា។
* ការលេចឡើងនៃជំងឺផ្តាសាយអេស៉្បាញ ដែលជាជំងឺផ្តាសាយប្រភេទថ្មី
រលកឆ្លងរាលដាលដំបូងនៃជំងឺផ្តាសាយអេស៉្បាញបានចាប់ផ្តើមនៅដើមឆ្នាំ១៩១៨ តែហាក់មិនទាន់សូវមានសភាពធ្ងន់ធ្ងរខ្លាំងនោះទេ។ អ្នកដែលឆ្លងភាគច្រើនគ្រាន់តែចេញរោគសញ្ញាផ្តាសាយស្រាលៗធម្មតា ដូចជាគ្រុនរងា ក្តៅខ្លួន និងអស់កម្លាំង ហើយក៏ធូរស្បើយវិញនៅប៉ុន្មានថ្ងៃក្រោយ ខណៈតួលេខអ្នកបាត់បង់ជីវិតមានចំនួនយ៉ាងទាប។
យ៉ាងណាមិញ ពេលមកដល់ខែសីហា ឆ្នាំដដែល រលកឆ្លងរាលដាលជាលើកទីពីរ (Second Wave) នៃជំងឺផ្តាសាយអេស៉្បាញបានវិវត្តទៅជាមានលក្ខណៈកាចសាហាវជាខ្លាំង។ អ្នកដែលឆ្លងក្នុងរលកទីពីរនេះបានបង់ជីវិតក្នុងពេលត្រឹមប៉ុន្មានម៉ោង ឬប៉ុន្មានថ្ងៃតែប៉ុណ្ណោះ ក្រោយពីចេញរោគសញ្ញា ដោយស្បែករបស់ពួកគេបានប្រែពណ៌ទៅជាខៀវ ហើយសួតពោរពេញដោយទឹកដែលធ្វើឱ្យអ្នកជំងឺទាំងនោះពិបាកដកដង្ហើម។
បើតាមក្រុមអ្នកជំនាញ មូលហេតុដែលបណ្តាលឱ្យជំងឺផ្តាសាយអេស៉្បាញផ្តាច់ជីវិតមនុស្សយ៉ាងរង្គាល គឺដោយសារតែវិស័យសុខាភិបាល សម័យនោះនៅមានភាពទន់ខ្សោយខ្លាំង ដោយគ្មានឧបករណ៍ជួយការដកដង្ហើម ឬមធ្យោបាយដើម្បីអភិវឌ្ឍវ៉ាក់សាំងឡើយ។ បន្ថែមពីលើនេះ វិធានការធ្វើចត្តាឡីស័កក៏មិនសូវមាន ហើយការផ្សព្វផ្សាយព័ត៌មានអំពីការរាតត្បាតនៃជំងឺនេះ ក៏ពុំសូវទូលំទូលាយថែមទៀត បូករួមទាំងការដែលវាកើតឡើងចំពេលសង្រ្គាមលោកលើកទី១។
រលកឆ្លងរាលដាលលើកទីពីរនេះបានសម្លាប់មនុស្សច្រើនជាងគេ ដោយចាប់ផ្តើមពីខែសីហា ដល់ចុងឆ្នាំ១៩១៨។ ជំងឺផ្តាសាយអេស៉្បាញបានអូសបន្លាយដល់ជិតពាក់កណ្តាលឆ្នាំ១៩២០ ជាមួយរលកឆ្លងរាលដាលលើកទី៣ និងលើកទី៤ មុនពេលវាសាបរលាបបាត់ទៅវិញ។ សរុបរយៈពេលនៃការរាតត្បាតចាប់ពីឆ្នាំ១៩១៨-១៩២០ ជំងឺផ្តាសាយនេះបានសម្លាប់មនុស្សចន្លោះ ២០-៥០ លាននាក់ ក្នុងចំណោមអ្នកឆ្លងប្រហែល ៥០០ លាននាក់។ តួលេខនេះ គឺជាការប៉ាន់ស្មាន ព្រោះកាលនោះមិនមានការកត់ត្រាទិន្នន័យច្បាស់លាស់ប៉ុន្មានទេ។
* ហេតុអ្វីបានជាគេហៅវាថាជំងឺផ្តាសាយអេស៉្បាញ?
ជំងឺផ្តាសាយអេស៉្បាញមិនមែនមានប្រភពចេញពីប្រទេសអេស៉្បាញឡើយ ប៉ុន្តែការផ្សព្វផ្សាយព័ត៌មានអំពីជំងឺនេះ គឺចេញមកពីអេស៉្បាញ។ កំលុងសង្រ្គាមលោកលើកទី១ អេស៉្បាញ គឺជាប្រទេសអព្យាក្រឹត្យដែលប្រព័ន្ធសារព័ត៌មានដំណើរការដោយសេរីភាព មិនដូចនៅតាមបណ្តាប្រទេសអឺរ៉ុបដទៃទៀតឡើយ។ ប្រទេសដែលពាក់ព័ន្ធក្នុងសង្រ្គាមបានដាក់ការរឹតត្បិតលើប្រព័ន្ធផ្សព្វផ្សាយ ដើម្បីកុំឱ្យមានការផ្សាយដែលប៉ះពាល់ដល់ស្មារតីកងទ័ព។ ដោយសារតែបណ្តាព័ត៌មាននៅអេស៉្បាញបានចុះផ្សាយយ៉ាងសកម្មអំពីជំងឺផ្តាសាយថ្មីខាងលើ មនុស្សភាគច្រើនក៏បានជឿថាវាមានប្រភពចេញពីទីនោះតែម្តងទៅ។
* ជំងឺផ្តាសាយអេស៉្បាញមានប្រភពចេញមកពីណា?
មកទល់សម័យបច្ចុប្បន្ននេះ អ្នកវិទ្យាសាស្រ្តនៅតែមិនអាចដឹងច្បាស់នោះឡើយអំពីប្រភពដើមរបស់ជំងឺផ្តាសាយអេស៉្បាញ ដោយមានត្រឹមទ្រឹស្តី និងការសង្ស័យដែលចង្អុលទៅកាន់បារាំង ចិន ចក្រភពអង់គ្លេស ឬមួយក៏សហរដ្ឋអាមេរិកប៉ុណ្ណោះ។
* ជំងឺផ្តាសាយនេះបានបញ្ចប់ទៅវិញយ៉ាងដូចម្តេច?
ការរាតត្បាតនៃជំងឺផ្តាសាយអេស៉្បាញបានផុតរលត់ទៅវិញនៅជិតពាក់កណ្តាលឆ្នាំ១៩២០ ដោយសារតែលែងមានការឆ្លងរាលដាលខ្លាំងតទៅទៀតដោយឯកឯង ហើយប្រហែលអ្នកឆ្លងភាគច្រើនបានអភិវឌ្ឍអង់ទីគ័រការពារខ្លួនពីជំងឺនេះ។
គួរជម្រាបថា ចាប់តាំងពីពេលនោះមក ក៏មានជំងឺផ្តាសាយមួយចំនួនទៀតដែលឆ្លងរាតត្បាតជាសកលផងដែរ ក៏ប៉ុន្តែមិនសាហាវដល់ជំងឺផ្តាសាយអេស៉្បាញទេ។ ក្នុងនោះការរាលដាលនៃជំងឺផ្តាសាយមួយចាប់ពីឆ្នាំ១៩៥៧-១៩៥៨ បានផ្តាច់ជីវិតមនុស្សខ្ទង់ ២ លាននាក់ជុំវិញពិភពលោក និងមួយទៀតពីឆ្នាំ១៩៦៨-១៩៦៩ បានសម្លាប់មនុស្សប្រហែល ១ លាននាក់។
បច្ចុប្បន្ននេះ មនុស្សលើភពផែនដីយើងកំពុងតែប្រឈមការរាតត្បាតនៃជំងឺរំលាកសួតថ្មីមួយដែលឆ្លងរាតត្បាតជាសកល ហៅថា COVID-19៕