(ពិភពលោក)៖ អ្នកអាចពិបាកក្នុងការស្រម៉ៃថា ក្នុងលោកនេះមានប្រទេសតូចជាគេបំផុត ប៉ុន្តែវាពិតជាមានប្រាកដមែន។ ប្រទេសនេះ តូចជាងឧទ្យានជាតិ Central Park ដែលជាឧទ្យានជាតិដ៏ល្បីល្បាញ របស់ទីក្រុងញ៉ូវយ៉កទៅទៀត។
តើប្រទេសនោះឈ្មោះអ្វីទៅ? ចង់ជ្រាបច្បាស់ សូមស្វែងយល់ចំណេះដឹងទូទៅរបស់ Fresh News Plus ខាងក្រោមនេះ៖
ផ្អែកតាមផ្ទៃដី, បុរីវ៉ាទីកង់ (Vatican city) គឺជាប្រទេសតូចជាងគេបំផុតក្នុងពិភពលោក។ បើវាស់ទៅប្រហែល ០,២ម៉ាយក្រឡា (ប្រហែល ០,៤៤គីឡូម៉ែត្រក្រឡា ឬ៤៤ហិកតារ) តូចជាងកោះម៉ែនហាថាន់ (Manhattan) ស្ទើរតែ ១២០ដងឯណោះ។ មានមូលដ្ឋាននៅមាត់ច្រាំងខាងលិច នៃទន្លេទីបេ ព្រំដែនរបស់បុរីវ៉ាទីកង់ គឺឡោមព័ទ្ធទៅដោយប្រទេសអ៉ីតាលី។
ទោះបីជារដ្ឋមានអាសនៈផ្លូវការ សម្រាប់សម្តេចប៉ាប នៃព្រះវិហារកាតូលិក តាំងពីឆ្នាំ១៣៧៧ ក៏ដោយ បុរីវ៉ាទីកង់មិនត្រូវប្រកាសឯករាជ្យជាផ្លូវការ រហូតទាល់តែមានសន្ធិសញ្ញា ឡាតឺរ៉ង់ (Lateran) នៅឆ្នាំ១៩២៩។ បន្ទាប់ពីការខំប្រឹងដោះស្រាយបញ្ហាជាច្រើនឆ្នាំ រវាងសម្តេចប៉ាប និងអ្នកនយោបាយនៃប្រទេសអ៉ីតាលី ទាមទារភាពជាអ្នកគ្រប់គ្រងនៅទីនេះ, លោក Benito Mussolini ប្រមុខរដ្ឋាភិបាលអ៉ីតាលី និងសម្តេចប៉ាប Pope Pius XI បានយល់ព្រមតាមកិច្ចព្រមព្រៀង នៃសន្ធិសញ្ញាឡាតឺរ៉ង់ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ១៩២៩ ដែលបង្កើតរដ្ឋឯករាជ្យ គឺបុរីវ៉ាទីកង់ សម្រាប់ព្រះវិហារកាតូលិក។
មកដល់បច្ចុប្បន្ននេះ ប្រជាជនវ៉ាទីកង់ប្រមាណ ៧៥ភាគរយ គឺជាសមាជិករបស់អ្នកបួស ក្នុងព្រះវិហារកាតូលិកនេះតែម្តង។ ព្រះវិហារនេះ គេដាក់ឈ្មោះថា វិមានវ៉ាទីកង់ដ៏ទំនើបសម្រាប់សម្តេចប៉ាប (Vatican's Apostolic Palace)។ ឈ្មោះថាសម្តេចប៉ាប គឺជាមេដឹកនាំសាសនាគ្រិស្តកាតូលិក ទូទាំងពិភពលោក។ សម្តេចប៉ាបសព្វថ្ងៃ មានឈ្មោះថា Jorge Mario Bergoglio ដែលត្រូវបានគេបោះឆ្នោតជ្រើសរើសឲ្យធ្វើជាសម្តេចប៉ាបទី២៦៦ ក្នុងខែមីនា ឆ្នាំ២០១៣ ដោយប្រើឈ្មោះថា សម្តេចប៉ាបហ្វ្រេនស៉ីស (Pope Francis)។
គួរកត់សម្គាល់ថា សូមកុំច្រឡំរវាងពាក្យ បុរីវ៉ាទីកង់ (Vatican city) និងរដ្ឋហូលីស៉ី (Holy See state)។ ហូលីស៉ី គឺជាឈ្មោះរដ្ឋាភិបាល ដែលគ្រប់គ្រងបុរីវ៉ាទីកង់ ហើយឈ្មោះនេះត្រូវបានទទួលស្គាល់ដោយអង្គការសហប្រជាជាតិ ពេលទឹកដីនេះក្លាយជារដ្ឋ ឯករាជ្យ ដែលមានសម្តេចប៉ាប ជាអ្នកគ្រប់គ្រងដូចបានរៀបរាប់ខាងលើនេះ៕
ប្រភព History.com សម្រួលអត្ថបទដោយ Fresh News Plus