(ពិភពលោក)៖ សមាគមប្រជាជាតិអាស៉ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន-ASEAN (Association of South East Asian Nations) ត្រូវបានបង្កើតឡើងដើម្បីធ្វើសហប្រតិបត្តិការគ្នានៅក្នុងតំបន់។ បើមើលទៅលើគោលដៅ និងគោលបំណងក្នុងការបង្កើតអាស៊ាន គឺដើម្បីពង្រឹងសន្តិសុខ និងរក្សាសន្តិភាព។
Fresh News Plus សូមចែករំលែកចំណេះដឹងទូទៅ ស្តីពីអាស៊ានដូចខាងក្រោមនេះ៖
១៖ ប្រវត្តិអាស៊ាន
អាស៊ាន ត្រូវបានចុះហត្ថលេខាបង្កើតឡើងដោយប្រទេសចំនួន៥ រួមមាន ឥណ្ឌូនេស៉ី ម៉ាឡេស៉ី សិង្ហបូរី ថៃ និងហ្វីលីពីន កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧ ក្នុងទីក្រុងបាំងកក ប្រទេសថៃ។ ប្រទេសទាំង៥នោះ គេហៅថា បិតាស្ថាបនិកនៃអាស៊ាន (Founding Father of ASEAN) ។
ប្រទេសស្ថាបនិកទាំង៥នោះ លើកលែងប្រទេសថៃ សុទ្ធសឹងតែជាដែនដីដែលទើបទទួលបានអធិបតេយ្យភាពថ្មីថ្មោង ពីនឹមអាណានិគមក្នុងសម័យនោះ។ គួបផ្សំនឹងការចាប់ផ្ដើមនៃសង្គ្រាមត្រជាក់ផង ទើបជំរុញឲ្យប្រទេសទាំង៥ ប្រកៀកស្មាគ្នាបង្កើតសមាគមនេះឡើង ដោយមានគោលដៅរួមជំរុញឲ្យមានសន្តិភាព ស្ថិរភាព កំណើនសេដ្ឋកិច្ច រួមទាំងការអភិវឌ្ឍសង្គម និងវប្បធម៌ ក្នុងតំបន់អាស៉ីអាគ្នេយ៍ទាំងមូល។
ចាប់ពីឆ្នាំ១៩៨៤មក ទើបបណ្ដាប្រទេសដទៃ៥ទៀតក្នុងតំបន់នេះ រួមមានប៊្រុយណេ វៀតណាម ឡាវ មីយ៉ាន់ម៉ា និងកម្ពុជា ដែលជាកូនពៅបានក្លាយជាសមាជិក នៃសមាគមនេះជាបន្តបន្ទាប់។
កាលបរិច្ឆេទ ការចូលជាសមាជិកសម្រាប់ប្រទេសទាំង៥ទៀតនោះ រួមមាន៖
* ព្រុយណេ ចូលជាសមាជិកទី៦ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៨៤
* វៀតណាម ចូលជាសមាជិកទី៧ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ១៩៩៥
* ឡាវ និងមីយ៉ាន់ម៉ា ចូលជាសមាជិកទី៨ និងទី៩ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ១៩៩៧
* កម្ពុជា ចូលជាសមាជិកទី១០ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ បន្ទាប់ពីមានសន្តិភាពពេញលេញ
* ទីម័រខាងកើត និងប៉ាពូញូគីណេ ក៏បានសុំចូលជាសមាជិកអាស៊ាន នៅថ្ងៃខាងមុខផងដែរ។
២៖ គោលបំណងនៃការបង្កើតអាស៊ាន
ដូចដែលបានកំណត់ នៅក្នុងសន្ធិសញ្ញាអាស៊ាន គោលបំណងរបស់អាស៊ាន មានដូចជា៖
* បង្កើនល្បឿនកំណើនសេដ្ឋកិច្ច វឌ្ឍនភាពសង្គម និងការអភិវឌ្ឍវប្បធម៌នៅក្នុងតំបន់
* លើកកម្ពស់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់
* ជំរុញកិច្ចសហប្រតិបត្តិការ និងការឧបត្ថម្ភជួយគ្នាទៅវិញទៅមក ដោយមិនរំពឹងផលប្រយោជន៍តបស្នង
* ផ្ដល់ជំនួញដល់គ្នាទៅវិញទៅមក ក្នុងទម្រង់ជាការបណ្ដុះបណ្ដាល និងការស្រាវជ្រាវឧបករណ៍
* កិច្ចសហប្រតិបត្តិការដើម្បីធ្វើឱ្យមានភាពល្អប្រសើរខាងវិស័យកសិកម្ម និងឧស្សាហកម្ម ដើម្បីលើកកម្ពស់ជីវភាពប្រជាជន
* លើកកម្ពស់ការសិក្សានៅអាស៉ីអាគ្នេយ៍
* រក្សាមិត្តភាពដើម្បីប្រយោជន៍កិច្ចសហប្រតិបត្តិការជាមួយអង្គការអន្តរជាតិ ដែលមានគោលបំណងដូចគ្នា ឬស្រដៀងគ្នា។
៣៖ និមិត្តសញ្ញាអាស៊ាន និងទង់ជាតិប្រទេសសមាជិកអាស៊ាន
* ពណ៌ខៀវ៖ តំណាងឲ្យសន្តិភាព និងស្ថិរភាព
* ពណ៌ក្រហម៖ តំណាងឲ្យសេចក្តីក្លាហាន និងភាពស្វាហាប់
* ពណ៌ស៖ តំណាងឲ្យភាពបរិសុទ្ធ និងស្មោះត្រង់
* ពណ៌លឿង៖ តំណាងឲ្យភាពសម្បូររុងរឿង
* ដើមស្រូវទាំង១០៖ តំណាងឲ្យសុបិន្តរបស់បិតាបង្កើតអាស៊ាន ដែលចង់ប្រមូលផ្តុំប្រទេសទាំង១០ នៅអាស៉ីអាគ្នេយ៍ឲ្យក្លាយជាសមាគមមួយ ដែលមានសាមគ្គីភាព
* ពណ៌ទាំងអស់របស់ទង់អាស៊ាន៖ តំណាងឲ្យពណ៌នៃទង់ជាតិរបស់ប្រទេសជាសមាជិកទាំងអស់
* ទង់អាស៊ាន៖ តំណាងឲ្យសមាគមអាស៊ានមួយ ដែលមានស្ថិរភាព និងសន្តិភាព។
៤៖ អគ្គលេខាធិការដ្ឋាន និងកិច្ចប្រជុំអាស៊ាន
* អគ្គលេខាធិការដ្ឋានអាស៊ាន
មជ្ឈមណ្ឌលរដ្ឋបាលរបស់អាស៊ាន គឺអគ្គលេខាធិការដ្ឋានអាស៊ានមានមូលដ្ឋាន នៅរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូនេស៉ី ដែលមានអគ្គលេខាធិការទទួលបន្ទុកសម្របសម្រួល និងអនុវត្តសកម្មភាពនានារបស់អាស៊ាន។ អគ្គលេខាធិការនោះ ត្រូវតែងតាំងដោយកិច្ចប្រជុំកំពូលអាស៊ាន មានអាណត្តិ៥ឆ្នាំ ប្ដូរវេនគ្នាទៅតាមលំដាប់អក្ខរក្រម នៃឈ្មោះជាភាសាអង់គ្លេសរបស់រដ្ឋជាសមាជិក។
ធម្មនុញ្ញអាស៊ានកំណត់ថា ការជ្រើសរើសអគ្គលេខាធិការត្រូវផ្អែកលើលក្ខខណ្ឌដូចជា សុចរិតភាព បទពិសោធន៍ការងារ សមត្ថភាព និងសមភាពយេនឌ័រ។ អគ្គលេខាធិការដ្ឋាន មានតួនាទីសម្របសម្រួលការអនុវត្តគម្រោង និងសកម្មភាពរបស់អាស៊ាន។
* កិច្ចប្រជុំអាស៊ាន
រាល់ការសម្រេចចិត្តសំខាន់ៗដែលពាក់ព័ន្ធនឹងជោគវាសនារបស់សមាគមអាស៊ាន គឺត្រូវធ្វើដោយកិច្ចប្រជុំកំពូលអាស៊ាន ដែលប្រព្រឹត្តទៅជារៀងរាល់ឆ្នាំ នៅប្រទេសដែលមានតួនាទីជាប្រធានអាស៊ាន។ ក្រៅពីកិច្ចប្រជុំកំពូល នៅមានកិច្ចប្រជុំដទៃទៀតដូចជា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីជំនាញតាមផ្នែកជាដើម។
ការសម្រេចចិត្តសំខាន់ៗ ដែលពាក់ព័ន្ធនឹងជោគវាសនាអាស៊ាន គឺយោងលើកុងសង់ស៉ី (ការសម្រេចជាឯកច្ឆន) ដូចមានបង្ហាញក្នុងគោលការណ៍គ្រឹះស្រាប់។ តាំងពីបង្កើតមក អាស៊ានបានអនុវត្តន៍គោលការណ៍គ្រប់គ្រងនេះ យ៉ាងល្អបំផុតបើទោះបីពេលខ្លះ មានបញ្ហាប្រឈមក្នុងតំបន់ក្តី។
* ប្រធានអាស៊ាន
មាត្រា៣១ នៃធម្មនុញ្ញអាស៊ានចែងថា «ប្រធានអាស៊ានត្រូវប្ដូរវេនជារៀងរាល់ឆ្នាំតាមលំដាប់អក្ខរក្រម នៃឈ្មោះជាភាសាអង់គ្លេសរបស់រដ្ឋសមាជិក» ហើយរដ្ឋសមាជិកដែលទទួលបានឋានៈជាប្រធានអាស៊ាននោះ ត្រូវធ្វើជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំមួយចំនួនទៀត។ កន្លងមកប្រទេសកម្ពុជា ធ្លាប់ធ្វើជាប្រធានអាស៊ានបានចំនួន២ដង គឺលើកទី១ នៅឆ្នាំ២០០២ និងលើកទី២ នៅឆ្នាំ២០១២។
៥៖ ការបង្កើតតំបន់សន្តិភាព សេរី និងអព្យាក្រឹត ZOPFAN ( Zone of Peace Freedom and Neutrality)
ZOPFAN ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ១៩៧១ ក្នុងទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៉ី។
* សមាជិកអាស៊ាន ប្តេជ្ញាខិតខំរក្សាតំបន់អាស៉ីអាគ្នេយ៍ ឲ្យទៅជាតំបន់សន្តិភាព សេរីភាព និងអព្យាក្រឹត្យ ដោយមិនស្ថិតក្រោមអន្តរាគមន៍ នៃមហាអំណាចបរទេសឡើយ
* សមាជិកអាស៊ានខិតខំបង្កើនកិច្ចសហប្រតិបត្តិការឲ្យកាន់តែទូលាយ ដោយពង្រឹងសាមគ្គីភាព និងមិត្តភាពរវាងគ្នានឹងគ្នា
* បន្ថូរភាពតានតឹងអន្តរជាតិ និងធ្វើឲ្យសម្រេចបានសន្តិភាពដ៏យូរអង្វែងមួយនៅអាស៉ីអាគ្នេយ៍
* គោរពបូរណភាពដែនដី ដោះស្រាយទំនាស់ដោយសន្តិភាពវិធី និងមិនជ្រៀតចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយឡើយ។
៦៖ សន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការ TAC (Treaty of Amity and Cooperation)
នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៧៩ TAC ត្រូវបានចុះហត្ថលេខាក្នុងសម័យប្រជុំកំពូលអាស៊ាន នៅកោះបាលី ប្រទេសឥណ្ឌូនេស៉ី។
ក្នុងទំនាក់ទំនងរវាងគ្នានឹងគ្នា សមាជិកអាស៊ានមានគោលការណ៍ដូចតទៅ៖
* គោរពគ្នាទៅវិញទៅមកលើឯករាជ្យ អធិបតេយ្យភាព សមភាព បូរណភាពទឹកដី និងអត្តសញ្ញាណជាតិ នៃសមាជិកទាំងអស់
* គោរពសិទ្ធិរបស់រដ្ឋនីមួយៗ ក្នុងការដឹកនាំប្រទេសរបស់ខ្លួន ឲ្យចៀសផុតពីការបង្ខិតបង្ខំពីខាងក្រៅ
* មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងគ្នាទៅវិញទៅមក
* ដោះស្រាយទំនាស់ដោយមធ្យោបាយសន្តិវិធី
* ប្រឆាំងចំពោះការគំរាមប្រើកម្លាំងទ័ព
* រួមសហការគ្នាយ៉ាងល្អ រវាងសមាជិកទាំងអស់
* ធ្វើឲ្យតំបន់អាស៉ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ។
៧៖ ការបង្កើតតំបន់ពាណិជ្ជកម្មសេរី AFTA (Asean Free Trade Area)
នៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៩៣ AFTA ត្រូវបានប្រកាសបង្កើតឡើងជាផ្លូវការ។ AFTA មានគោលដៅទាក់ទងនឹងការបញ្ចុះតម្លៃផលិតផលមួយចំនួន បន្ទាប់មកនឹងបើកឲ្យមានពាណិជ្ជកម្មសេរី។ ការបង្កើត AFTA មានគោលបំណងទាក់ទាញការវិនិយោគទុន និងការរកទីផ្សារ នៅតំបន់ឥណ្ឌូចិនផងដែរ។
សន្និសីទថ្នាក់រដ្ឋមន្ត្រី ការបរទេសអាស៊ានលើកទី២៧ នៅទីក្រុងបាំងកក ថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ១៩៩៤ បានចេញសេចក្តីថ្លែងការណ៍មួយ បញ្ជាក់ជាថ្មី ពីទិសដៅ AFTA រួមមាន៖
* សម្រេចអនុវត្តន៍លើការបន្ថយតម្លៃទំនិញតាមកម្មវិធីឆ្នាំ១៩៩៤
* លើកទឹកចិត្តចំពោះលំហូរចូល នៃវិនិយោគទុនបរទេស
* ឯកភាពចំពោះការភ្ជាប់ពាណិជ្ជកម្មជាមួយតំបន់ដទៃទៀតក្នុងពិភពលោក។
៨៖ ការបង្កើតវេទិកាតំបន់អាស៊ាន ARF Asean Regional Forum)
នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ១៩៩៤ ARF ត្រូវបានបង្កើតជាផ្លូវការ ក្នុងគោលបំណងរឹតចំណងមិត្តភាព ក្នុងបណ្តាប្រទេសអាស៊ាន និងបណ្តាប្រទេសនានា នៅក្នុងតំបន់អាស៉ីប៉ាស៉ីហ្វិក។ ARF មានតួនាទីពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមក ក្នុងតំបន់អាស៉ីប៉ាស៉ីហ្វិក ដោយកាចរចានានា លើកិច្ចសហប្រតិបត្តិការ ផ្នែកនយោបាយ និងសន្តិសុខក្នុងតំបន់៕