(ភ្នំពេញ)៖ លោក រ៉ូឌ្រីហ្គូ ឌូតឺតេ (Rodrigo Duterte) ជាមេធាវី និងជាអ្នកនយោបាយផងនោះបានកាន់តំណែងជាអភិបាលក្រុងដាវ៉ាវ (Davao) អស់រយៈពេល ៧អាណត្តិ នៅក្នុងប្រទេសហ្វីលីពីន។ កាលពីឆ្នាំ២០១៦ ឌូតឺតេ ក៏បានក្លាយជាប្រធានាធិតីទី១៦ របស់ហ្វីលីពីនទៀតផង។
* តើ ឌូតឺតេ ជានរណា?
ឌូតឺតេ ដែលជាអនាគតបុរសខ្លាំងហ្វីលីពីនរូបនេះ គឺជាកូនប្រុសរបស់អភិបាលក្រុងដាវ៉ាវ។ គាត់បានបញ្ចប់ការសិក្សាពីសាលាច្បាប់ នៅឆ្នាំ១៩៧២ ហើយចូលធ្វើការនៅការិយាល័យអយ្យការក្រុងដាវ៉ាវ។ ឌូតឺតេ បានក្លាយជាអភិបាលក្រុងនៅឆ្នាំ១៩៨៨ ហើយត្រូវបានបោះឆ្នោតឲ្យបន្តធ្វើជាអភិបាលក្រុងនេះ ៦ដងទៀត បន្ទាប់ពីគាត់មានឈ្មោះល្បីល្បាញខ្លាំង លើការបង្ក្រាបបទល្មើស។
គាត់បានទទួលជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីហ្វីលីពីន សម្រាប់វគ្គផ្តាច់ព្រាត់ ក្នុងឆ្នាំ២០១៦ ប៉ុន្តែភ្លាមៗនោះគាត់ក៏បានទទួលការរិះគន់ផងដែរ ចំពោះការសម្លាប់ក្រៅប្រព័ន្ធតុលាការ និងការគំរាមកំហែងកាត់ផ្តាច់ចំណងការទូត ជាមួយសហរដ្ឋអាមេរិក។ គោលដៅសំខាន់ របស់លោកប្រធានាធិបតី ដែលគ្រប់គ្រងប្រទេសមានប្រជាជនជាង ១០៩លាននាក់នេះ (គិតត្រឹមឆ្នាំ២០២០) គឺលុបបំបាត់គ្រឿងញៀន។
* អំពីកុមារភាព
ឌូតឺតេ បានកើតនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ១៩៤៥ ក្នុងទីក្រុង Maasin នៃភាគខាងត្បូងនៃឈូងសមុទ្រ Leyte នាប្រទេសហ្វីលីពីន។ ឪពុករបស់គាត់ឈ្មោះ Vicente គឺជាអតីតអភិបាលក្រុង ឯម្តាយគាត់វិញគឺជាគ្រូបង្រៀន និងជាសកម្មជនសហគមន៍។
ក្នុងនាមជាក្មេងក្បាលរឹង ហើយងាយនឹងធ្វើការប្រព្រឹត្តិខុសផងនោះ ឌូតឺតេ ធ្លាប់ត្រូវបានគេបណ្តេញចេញពីសាលាបឋមចំនួន ២ដង។ គាត់អាចកែប្រែខ្លួនបានខ្លះ នៅពេលគាត់ចូលរៀននៅសាកលវិទ្យាល័យ Philippines University។ នៅសកលវិទ្យាល័យនោះហើយ គឺជាទីកន្លែងដែលគាត់ត្រូវទទួលរងឥទ្ធិពល គណបក្សកុម្មុយនីស្តហ្វីលីពីន ដែលអ្នកបង្កើតគណបក្សនេះ គឺលោក José María Sison។ ឌូតឺតេ បានទៅសិក្សាច្បាប់នៅសាកលវិទ្យាល័យ San Beda ហើយទទួលបានសញ្ញាបត្រ នៅឆ្នាំ១៩៧២ ទោះបីជាមានការអះអាងថា គាត់ធ្លាប់បាញ់សម្លាប់មិត្តរួមថ្នាក់ក៏ដោយ។
* ក្នុងនាមជាអភិបាលក្រុងដាវ៉ាវ
ដំណើររះឡើងរបស់ ឌូតឺតេ ពីអ្នកច្បាប់ជាន់ខ្ពស់ទៅជាអ្នកនយោបាយ បានចាប់ផ្តើមឡើងក្នុងឆ្នាំ១៩៧៧ នៅពេលដែលគាត់ត្រូវបានគេប្រសិទ្ធនាមថា «ជាមេធាវីពិសេស» អំឡុងពេលគាត់ធ្វើការ នៅឯការិយាល័យអយ្យការទីក្រុងដាវ៉ាវ។ ២ឆ្នាំក្រោយមក គាត់បានក្លាយជាជំនួយការរដ្ឋអាជ្ញាក្រុង ហើយនៅឆ្នាំ១៩៨៦ គាត់ត្រូវបានគេបោះឆ្នោតជ្រើសរើស ជាអភិបាលរងក្រុងដាវ៉ាវផងដែរ។
នៅឆ្នាំដដែលនោះ អតីតប្រធានាធិបតីហ្វីលីពីន Ferdinant Marcos ត្រូវបានគេបណ្តេញចេញពីតំណែង ក្នុងអំឡុងពេលបដិវត្តន៍អំណាចប្រជាជន ហើយសកម្មភាពបដិវត្តន៍ ជំរុញឲ្យមានការកើនឡើង នូវឧក្រិដ្ឋកម្មយ៉ាងខ្លាំង នៅក្នុងទីក្រុងដាវ៉ាវ។ ក្នុងការបោះឆ្នោតជ្រើសរើសអភិបាលក្រុងដាវ៉ាវ នៅឆ្នាំ១៩៨៨ ឌូតឺតេ បានប្រឹងប្រែងកម្ចាត់សកម្មភាពឧក្រិដ្ឋកម្ម តាមរយៈការចេញបំរាមគោចរ និងច្បាប់ផឹកគ្រឿងស្រវឹងជាដើម។
បន្ថែមលើនេះទៅទៀត, គាត់បានបង្កើតក្រុមពិសេស Vagilante មួយឈ្មោះថា «Death Squad» ដែលគាត់អនុញ្ញាតឲ្យក្រុមនេះ សម្លាប់ជនទាំងឡាយណា ដែលល្មើសច្បាប់។ ក្រុមនេះជាទូទៅត្រូវគេស្គាល់ថា «Davao Death Squad» និង «Duterte Death Squad» ដែលក្រុមនេះក៏ត្រូវបានគេរាយការណ៍ថា បានសម្លាប់ជនសង្ស័យថ្នាំញៀន និងសមាជិកក្មេងទំនើង លើសពី ១០០០នាក់ ក្នុងរយៈពេលជាង ២០ឆ្នាំ។
បើទោះបីជាត្រូវបានគេដាក់រហស្សនាមថា «អ្នកធ្វើទណ្ឌកម្ម» ចំពោះវិធីសាស្ត្រដ៏ព្រៃផ្សៃកាចសាហាវរបស់គាត់, ឌូតឺតេ នៅតែទទួលបានជោគជ័យ ក្នុងការកាត់បន្ថយឧក្រិដ្ឋកម្ម។ លើសពីនេះទៅទៀត គាត់ត្រូវបានគេឲ្យពិន្ទុល្អទៅលើការជួយទីក្រុងដាវ៉ាវ ឲ្យកាន់តែស្អាតជាងមុន តាមរយៈការដាក់ចេញបំរាម ហាមការជក់បារី និងវិធានការការពារអ្នកស្រឡាញ់ភេទដូចគ្នា។ ប្រជាប្រិយភាពគាត់ ជួយឲ្យគាត់កាន់តំណែងជាអភិបាលក្រុង អស់រយៈពេល ៧អាណត្តិ។
* យុទ្ធនាការបោះឆ្នោតជ្រើសរើសប្រធានាធិបតី
ឌូតឺតេ បានចូលប្រជែងយកតំណែងប្រធានាធិបតីហ្វីលីពីន នៅឆ្នាំ២០១៥។ ក្នុងចំណោមការឃោសនានានា គាត់បាននិយាយថា នឹងបង្កើតរដ្ឋាភិបាលសភាសហព័ន្ធថ្មី និងធ្វើឲ្យឧស្សាហកម្ម ដែកថែបរបស់ប្រទេសនេះ មានភាពរស់រវើកឡើងវិញ។
គួរកត់សម្គាល់ថា អំឡុងពេលឃោសនា មានរឿងចម្រូងចម្រាស់ជាច្រើន។ ប៉ុន្តែនៅក្នុងឆ្នាំ២០១៦ ឌូតឺតេ ត្រូវបានឲ្យឈ្មោះជាផ្លូវការ ជាប្រធានាធិបតីទី១៦ របស់ប្រទេសហ្វីលីពីន ហើយលោកក៏ជាមនុស្សដំបូងបំផុត ដែលមកពីកោះ Mindanao នៃភាគខាងត្បូងប្រទេស។
សូមជម្រាបដែរថា អំឡុងយុទ្ធនាការឃោសនាបោះឆ្នោតនោះ យុទ្ធនាការដ៏គួរឲ្យចាប់អារម្មណ៍របស់ ឌូតឺតេ គឺគាត់សន្យាថាសម្លាប់ឧក្រិដ្ឋជនរាប់ពាន់នាក់ និងបញ្ចប់ឧក្រិដ្ឋកម្មនានា ដោយប្រើពេលត្រឹមតែ ៦ខែប៉ុណ្ណោះ។ គោលនយោបាយក្នុងស្រុករបស់គាត់ ផ្តោតលើការប្រយុទ្ធនឹងការជួញដូរគ្រឿងញៀនខុសច្បាប់ តាមរយៈដាក់គោលដៅ «សង្គ្រាមគ្រឿងញៀនហ្វីលីពីន»។ យោងតាមនគរបាលជាតិហ្វីលីពីន អ្នកស្លាប់មានចំនួនលើសពី ៧០០០នាក់ ក្នុងឆ្នាំ២០១៧ ហើយក្រោយមក នគរបាលមិនបង្ហាញទិន្នន័យនៃការស្លាប់ទៀតទេ។
បន្ទាប់ពីមានការរិះគន់ពីអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិថា ការសម្លាប់ក្រៅប្រព័ន្ធតុលាការបានកើនឡើង ចាប់តាំងពីការបោះឆ្នោត ឌូតឺតេ បានគំរាមដកហ្វីលីពីនចេញ ពីអង្គការសហប្រជាជាតិ និងបង្កើតអង្គការថ្មីមួយជាមួយប្រទេសចិន និងពួកប្រទេសអាហ្វ្រិក។ បន្ថែមលើនេះ គាត់បានប្រកាសពីបំណង ក្នុងការបន្ត «គោលនយោបាយការបរទេសឯករាជ្យ» ហើយក៏ចង់ផ្តាច់ចំណងការទូតជាមួយអាមេរិក និងឈប់ទាក់ទងជាមួយសហភាពអឺរ៉ុប ដើម្បីភ្ជាប់ទំនាក់ទំនងឲ្យកាន់តែជិតស្និតជាមួយមហាយក្សចិន និងមហាអំណាចរុស្សីផងដែរ។
* ក្នុងនាមជាប្រធានាធិបតីហ្វីលីពីន
បន្ទាប់ពីចូលកាន់តំណែងជាផ្លូវការ ឌូតឺតេ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដើម្បីចែកចាយឲ្យបានទូលំទូលាយនូវឯកសារ និងការងារជំនួញរបស់រដ្ឋាភិបាល ហើយគាត់ក៏បានប្រកាសពីគម្រោងធ្វើឲ្យប្រសើរឡើង អាកាសយានដ្ឋានអន្តរជាតិផងដែរ។ ក្រុម Vagilante ក៏បន្តសកម្មភាពខ្លួន ក្រោមការឃ្លាំមើលរបស់គាត់ ហើយឧក្រិដ្ឋជនរាប់ពាន់នាក់ ត្រូវបានប្រគល់ឲ្យអាជ្ញាធរ។ ដោយមើលឃើញថា ជាមេដឹកនាំដ៏ស្វិតស្វាញ និងមានប្រសិទ្ធិភាព ឌូតឺតេ ទទួលបានការឲ្យពិន្ទុ ៩១ភាគរយ កាលពីចុងខែកក្កដា ឆ្នាំ២០២០នេះ។
ពេលកាន់តំណែងជាប្រធានាធិបតីនេះ ទោះបីជាត្រូវបានទទួលរងនូវការត្រួតពិនិត្យ ពីអន្តរជាតិកាន់តែខ្លាំងឡើង នៅក្នុងតួនាទីថ្មីរបស់គាត់ក៏ដោយ ឌូតឺតេ បានបដិសេធមិនបកក្រោយ ក្នុងការអនុវត្តអ្វីដែលគាត់បានសន្យាឡើយ។ ក្នុងចំណោមសេចក្តីអត្ថាធិប្បាយសំខាន់ៗ ពាក់ព័ន្ធការអនុវត្តតាមការសន្យាគាត់ផងនោះ ឌូតឺតេ បាននិយាយទៅកាន់ប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ជុំវិញការសម្លាប់ក្រៅប្រព័ន្ធតុលាការនៅហ្វីលីពីន ហើយបានប្រៀបធៀបខ្លួនគាត់ទៅនឹង អាដូហ្វ ហ៉ីត្លែរ ដោយសារគាត់ចង់បំបាត់ចោលអ្នកញៀនគ្រឿងញៀន។
អំឡុងពេលធ្វើទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិន ក្នុងខែតុលា ឌូតឺតេ បានប្រកាសថា គាត់កំពុងចែកផ្លូវគ្នាជាមួយអាមេរិក។ ទោះបីជាយ៉ាងណា ក្រោយមកគាត់បានបង្ហាញភាពទន់ភ្លន់វិញ ប៉ុន្តែគាត់បានធ្វើឲ្យមនុស្សជាច្រើនឆ្ងល់ថា តើគាត់នឹងព្យាយាមផ្តល់តុល្យភាពអំណាច (រវាងអាមេរិក និងចិន) នៅក្នុងតំបន់ប៉ាស៉ីហ្វិកឬអត់។
ឌូតឺតេ បានរៀនយកចិត្តស្តាប់មតិអ្នកដទៃទ្វេដង ក្នុងការភ្ជាប់ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកវិញ។ នៅក្នុងខែវិច្ឆិកា គាត់បានជួបជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំកំពូលនៃសមាគមប្រជាជាតិអាស៉ីអាគ្នេយ៍ ដែលបានធ្វើឡើងក្នុងទីក្រុង Manila ។ បើតាមអ្នកនាំពាក្យរបស់គាត់ មេដឹកនាំទាំង២ បានពិភាក្សាគ្នាពីបញ្ហា ដែលកំពុងកើតមាន ជាមួយនឹងការប្រើប្រាស់គ្រឿងញៀនយ៉ាងខ្លាំង នៅក្នុងប្រទេសហ្វីលីពីន ប៉ុន្តែមិននិយាយពីប្រធានបទ ពាក់ព័ន្ធបញ្ហាសិទ្ធិមនុស្សឡើយ។ ប្រធានាធិបតីសហរដ្ឋអាមេរិក បានជ្រើសរើសការផ្តោតលើតំបន់ ដែលមានមូលដ្ឋានរួមគ្នា ដោយកត់សម្គាល់ថា «យើងមានទំនាក់ទំនងដ៏អស្ចារ្យ»។
* អំពីគ្រួសារនិងភរិយា
ឌូតឺតេ បានរៀបការជាមួយលោកស្រី Elizabeth Zimmerman អតីតអ្នកបម្រើតាមយន្តហោះ នៅឆ្នាំ១៩៧៣។ នៅឆ្នាំ២០០០ អ្នកទាំង២ បានលែងលះគ្នាវិញ ដោយបន្សល់បំណុលជីវិតចំនួន ៣នាក់។ កូន២នាក់ក្នុងចំណោម៣នាក់ គឺ Paolo និង Sara ដើរតាមឪពុកខ្លួន ដោយធ្វើជាអ្នកនយោបាយ។ បន្ថែមលើនេះ ឌូតឺតេ មានកូនស្រីម្នាក់ឈ្មោះ Honeylet Avanceña ជាមួយប្រពន្ធដោយឡែកផងដែរ (common-law wife)៕