(លីប៊ី)៖ មេដឹកនាំភាគច្រើននៅលើពិភពលោកតែងតែជ្រើសរើសអង្គរក្សជាបុរសៗ ប្លែកតែអតីតមេដឹកនាំផ្ដាច់ការលីប៊ី លោក ហ្គាដាហ្វី តែម្នាក់ប៉ុណ្ណោះ ដែលជ្រើសរើសអង្គរក្សជំនិតផ្ទាល់ខ្លួនសុទ្ធតែនារីៗ។ តើមានមូលហេតុអ្វីខ្លះនៅពីក្រោយរឿងនេះ?
យោងតាមអតីតស្ត្រីអង្គរក្សផ្ទាល់ខ្លួនម្នាក់របស់លោក មូអាម៉ា អាល់ ហ្គាដាហ្វី (Muammar al-Gaddafi) បានបង្ហាញមូលហេតុគួរឱ្យកោតសរសើរមួយថា ការដែលលោក ហ្គាដាហ្វី ជ្រើសរើសអង្គរក្សផ្ទាល់ខ្លួនជានារីបែបនេះ គឺដោយសារមេដឹកនាំលីប៊ីរូបនេះចង់បង្ហាញទៅកាន់ពិភពលោកថា «ស្ត្រីមានសិទ្ធិស្មើនឹងបុរស» ហើយអ្វីដែលបុរសធ្វើបាន ស្ត្រីក៏អាចធ្វើបានដែរ ដូចជាការចូលបម្រើយោធា ការបំពេញតួនាទីជាកងអង្គរក្សជាដើម។
អតីតនារីអង្គរក្សរូបនេះមានឈ្មោះថា អៃស្សា អ័បឌែល សាឡាម អាលី (Aisha Abdel-Salam Ali) ដែលត្រូវបានជ្រើសរើសចេញពីកងយោធារបស់ប្រទេសលីប៊ី មានឋានៈជាវរសេនីយ៍ទោ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន អ្នកស្រី សាឡាម បានបញ្ជាក់ថា នាងបានចូលធ្វើជាអង្គរក្សរបស់លោក ហ្គាដាហ្វី នៅឆ្នាំ១៩៨៤ ហើយត្រូវបានកងទ័ពឧទ្ទាមដែលប្រឆាំងជាមួយនឹងលោក ហ្គាដាហ្វី ចាប់ខ្លួនអ្នកស្រីបាននៅឆ្នាំ២០១១ នាកំលុងពេលប្រយុទ្ធតទល់គ្នានៅភាគពាយព្យទីក្រុងទ្រីប៉ូលី (Tripoli) រដ្ឋធានីនៃប្រទេសលីប៊ី។
ស្ត្រីសម្បុរខ្មៅរូបនេះបានបន្តទៀតថា ជាទូទៅ ហ្គាដាហ្វី មានអង្គរក្សផ្ទាល់ខ្លួនចំនួនបីនាក់ ដែលតែងតែយកទៅតាមការពារខ្លួននៅគ្រប់ទីកន្លែង ប៉ុន្តែប្រសិនបើ ហ្គាដាហ្វី ចេញទៅក្រៅប្រទេស គឺតែងតែមានការបន្ថែមអង្គរក្សស្រីៗចំនួនបួននាក់ទៀត។ សាឡាម បានបន្តថា នារីណាដែលត្រូវបានជ្រើសរើសឱ្យធ្វើជាអង្គរក្សរបស់លោក ហ្គាដាហ្វី គឺពិតជាសប្បាយចិត្តខ្លាំងណាស់។
ឆ្លើយជាមួយនឹងសំណួរថា «តើអង្គរក្សរបស់ ហ្គាដាហ្វី មានលក្ខណពិសេសបែបណាទៅ?» អ្នកស្រី សាឡាម បានបញ្ជាក់ថា អង្គរក្សទាំងអស់សុទ្ធតែជ្រើសរើសចេញពីជួរកងទ័ព ដែលទទួលការបណ្ដុះបណ្ដាលច្បាស់លាស់ ហើយពួកគេត្រូវតែមានកម្ពស់ខ្ពស់ ពីព្រោះពួកគេត្រូវឈរការពារពីក្រោយ ហ្គាដាហ្វី។
សំណួរមួយទៀតសួរថា «តើអង្គរក្សរបស់ ហ្គាដាហ្វី សុទ្ធតែជាស្រីស្អាតៗមែនឬទេ?» អ្នកស្រីបានឆ្លើយថា «ស្អាតមិនសំខាន់នោះទេ! ពីព្រោះឱ្យតែតុបតែងខ្លួនបន្តិចទៅ នារីទាំងអស់នោះគឺសុទ្ធតែស្រស់ស្អាតហើយ»។
សូមរំឭកថា លោក មូអាម៉ា អាល់ ហ្គាដាហ្វី បានឡើងគ្រប់គ្រងប្រទេសលីប៊ីតាំងពីឆ្នាំ១៩៦៩ តាមរយៈការធ្វើរដ្ឋប្រហារមួយ។ លោកបានក្តោបក្តាប់ប្រទេសមជ្ឈិមបូព៌ាមួយនេះអស់រយៈពេលជាងបួនទសវត្សរ៍ មុនពេលត្រូវបានសម្លាប់ដោយប្រជាជនប្រឆាំងនៅឆ្នាំ២០១១ ដែលមានសហរដ្ឋអាមេរិកនៅពីក្រោយ។
ទោះបីនៅក្នុងតំណែងរបស់ ហ្គាដាហ្វី ប្រទេសលីប៊ីមានការរីកចម្រើនជាងនេះក្ដី ក៏លោកត្រូវបានពិភពលោកចាត់ទុកថាជាជនផ្ដាច់ការ និងក្រាញអំណាចបំផុតនាយុគសម័យថ្មីនេះ៕
|
(អង្គរក្សឈ្មោះ អៃស្សា អ័បឌែល សាឡាម អាលី)