(បរទេស)៖ ប្រជាជនអាមេរិកបានចាប់ផ្តើមអនុវត្តទម្លាប់ នៃការបោះឆ្នោតនៅថ្ងៃដើមសប្ដាហ៍ចាប់តាំងពីឆ្នាំ១៨៤៥មក នៅពេលសភាអាមេរិកបានអនុម័តច្បាប់មួយ ដែលកំណត់យកនៅថ្ងៃអង្គារដំបូងបំផុត នៅក្រោយថ្ងៃចន្ទដំបូងបំផុត ក្នុងខែវិច្ឆិកា ជាថ្ងៃបោះឆ្នោតរួមនៅសហរដ្ឋអាមេរិក។ ភាគច្រើនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក ប្រព្រឹត្តទៅនៅថ្ងៃអង្គារនៃសប្តាហ៍ដំបូងរបស់ខែវិច្ឆិកា ប៉ុន្តែប្រសិនបើក្នុងករណីដែលសប្តាហ៍ដំបូងនោះ ពុំមានថ្ងៃចន្ទទេ វានឹងត្រូវចំថ្ងៃអង្គារនៃសប្តាហ៍ទីពីរ។
មុនការអនុម័តច្បាប់ថ្មីខាងលើ រដ្ឋនីមួយៗត្រូវបានអនុញ្ញាតឱ្យធ្វើការរៀបចំការបោះឆ្នោតនៅពេលណាក៏បានដែរ គឺស្រេចតាមតែចិត្ត ឱ្យតែស្ថិតក្នុងរយៈពេល៣៤ថ្ងៃមុនថ្ងៃពុធដំបូងនៃខែធ្នូ ប៉ុន្តែប្រព័ន្ធរៀបចំបែបនេះ មានគុណវិបត្តិធំៗមួយចំនួន។ រដ្ឋដែលរៀបចំបោះឆ្នោតមុន អាចជះឥទ្ធិពលទៅលើគោលជំហររបស់រដ្ឋដែលរៀបចំការបោះឆ្នោតយឺតជាង ហើយរដ្ឋដែលមានការបោះឆ្នោតយឺតយ៉ាវនេះ គឺអាចក្លាយជាអ្នកសម្រេចលទ្ធផលនៃការបោះឆ្នោតទាំងមូល ។ ដោយប្រឈមបញ្ហាទាំងនេះ សភាជាតិអាមេរិកក៏បានសម្រេចកំណត់យកថ្ងៃបោះឆ្នោតរួម ដែលត្រូវបានអនុវត្តតាមរហូតមកទល់បច្ចុប្បន្ន។
ប៉ុន្តែហេតុអ្វីបានជាត្រូវជ្រើសយកថ្ងៃអង្គារ ហើយនៅក្នុងខែវិច្ឆិកា? ចម្លើយគឺដោយសារអំឡុងសតវត្សរ៍ទី១៩ សង្គមអាមេរិកសម្បូរប្រជាជនដែលជាកសិករ។ អំឡុងទសវត្សឆ្នាំ១៨០០ ប្រជាជនអាមេរិកភាគច្រើនជាកសិករ ដែលមានទីលំនៅឆ្ងាយៗពីកន្លែងបោះឆ្នោត។ ដោយសារប្រជាជនជារឿយៗត្រូវចំណាយ ពេលធ្វើដំណើរយ៉ាងហោចណាស់មួយថ្ងៃ ទើបបានទៅដល់ទីតាំងបោះឆ្នោត អ្នកតាក់តែងច្បាប់អាមេរិកត្រូវអនុញ្ញាតចន្លោះពេល២ថ្ងៃសម្រាប់ការបោះឆ្នោត។
ពាក់ព័ន្ធបញ្ហានៃការជ្រើសរើសថ្ងៃវិញ គឺចុងសប្តាហ៍មិនអាចទៅរួចទេ ដោយសារមនុស្សភាគច្រើនចំណាយពេលថ្ងៃអាទិត្យ នៅព្រះវិហារ។ រីឯថ្ងៃពុធគឺជាពេលវេលាទៅផ្សាររបស់ប្រជាកសិករទាំងអស់។ ព្រោះតែហេតុនេះ ទើបថ្ងៃអង្គារត្រូវបានសម្រេចជ្រើសរើស ព្រោះវាគឺជាថ្ងៃ ដែលអាចបង្កភាពងាយស្រួលល្អជាងគេ ដើម្បីប្រារព្ធការបោះឆ្នោត។
វប្បធម៌កសិករនេះ ក៏ជាមូលហេតុដែលធ្វើឲ្យការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក ត្រូវរៀបចំឡើងនៅខែវិច្ឆិកាជានិច្ចផងដែរ។ ការរៀបចំបោះឆ្នោតនៅក្នុងរដូវផ្ការីក ឬនាដើមរដូវក្តៅ គឺត្រូវគេយល់ថា នឹងអាចរំខានដល់រដូវដាំដុះរបស់កសិករ ហើយនៅចុងរដូវក្តៅនិង ដើមរដូវស្លឹកឈើជ្រុះវិញ គឺជាន់គ្នាជាមួយរដូវប្រមូលភោគផលរបស់ប្រជាកសិករ។
ដូច្នេះហើយ ខែវិច្ឆិកាដែលនៅចុងរដូវស្លឹកឈើជ្រុះគឺជាជម្រើសយ៉ាងល្អបំផុត ព្រោះវានៅបន្ទាប់ពីការប្រមូលផលត្រូវបានបញ្ចប់សព្វគ្រប់ ហើយមុនពេលមកដល់នៃរដូវរងា ដែលអាចបង្កបញ្ហាលំបាកក្នុងការធ្វើដំណើរ ដោយសារការធ្លាក់ព្រិល និងអាកាសធាតុត្រជាក់។
គួរជម្រាបថា បច្ចុប្បន្នថ្ងៃបោះឆ្នោតគឺជាថ្ងៃឈប់សម្រាករបស់ប្រជាជន ក្នុងរដ្ឋមួយចំនួនដូចជារដ្ឋដេឡាវែ (Delaware), រដ្ឋហាវ៉ៃ (Hawaii), រដ្ឋញូយ៉ក (New York), រដ្ឋញូចឺស៉ី (New Jersey) និងដែនដីអាមេរិក ផឺតូរីកូ (Puerto Rico) ជាដើម។ ជាមួយគ្នានេះ មានការអំពាវនាវឲ្យថ្ងៃបោះឆ្នោតក្លាយជាថ្ងៃឈប់សម្រាកទូទាំងប្រទេសតែម្តង ដើម្បីឲ្យប្រជាជនអាចទៅបោះឆ្នោតបានកាន់តែស្រួល ដោយពុំចាំបាច់ត្រូវជាប់ការងារ។ ក្រៅពីនេះ ក៏មានការស្នើឲ្យការបោះឆ្នោតប្រព្រឹត្តទៅ២-៣ថ្ងៃ ឬអនុញ្ញាតឲ្យមានការបោះឆ្នោតតាមប្រៃសណីយ៍ ឬកុំព្យូរទ័រជាដើម៕