(ពិភពលោក)៖ នៅក្នុងប្រវត្តិសាស្ត្រពិភពលោកយើងនេះធ្លាប់មានចក្រភពដល់ទៅ ១៧៤ ឯណោះ ក្នុងនោះក៏មានចក្រភពខ្មែរ (Khmer Empire) ផងដែរ ប៉ុន្តែចក្រភពដែលធំសម្បើម និងមានឥទ្ធិពលខ្លាំងក្លាបំផុតនោះមានតែ ៥ ប៉ុណ្ណោះ ដោយរួមមានចក្រភពពែក្ស ចក្រភពរ៉ូម ចក្រភពអារ៉ាប់ ចក្រភពម៉ុងហ្គោល និងចក្រភពអង់គ្លេស។
ខាងក្រោមនេះ Fresh News Plus នឹងលើកឡើងអំពីចក្រភពធំៗទាំង ៥ នៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ដែលមានសេចក្ដីដូចតទៅ៖
១៖ ចក្រភពពែក្ស (Persian Empire)
ចក្រភពនេះកសាងឡើងដោយព្រះចៅអធិរាជ ស៉ីរុស (Cyrus the Geat) នៅរវាងឆ្នាំ ៥៥០ មុនគ្រិស្ដសករាជ។ វាបានគ្រប់ដណ្ដប់លើផ្នែកភាគច្រើននៃតំបន់មជ្ឈិមបូព៌ា ដែលមានប្រជាជនប្រមាណជិត ៥០ លាននាក់ ពោលគឺស្មើនឹង ៤៤% នៃប្រជាជនពិភពលោកកាលពីសម័យនោះ។ ពែក្ស គឺជាចក្រភពដំបូងគេបង្អស់ក្នុងប្រវត្តិសាស្ត្រពិភពលោក ដែលបានភ្ជាប់តំបន់ចម្រុះជាច្រើនឱ្យស្ថិតក្រោមការគ្រប់គ្រងរួម ក្នុងនោះរួមមានដែនដីមជ្ឈិមបូព៌ា អាហ្រិកខាងជើង អាស៉ីកណ្ដាល ឥណ្ឌា អឺរ៉ុប និងសមុទ្រមេឌីទែរ៉ាណេ។
នៅអំលុងឆ្នាំ ៣៣០ មុនគ្រិស្ដសករាជ ចក្រភពដ៏ធំមួយនេះត្រូវបានដួលរលំយ៉ាងអាម៉ាសជាទីបំផុត ក្រោមការវាយប្រហាររបស់ព្រះចៅអធិរាជអាឡិចសង់ (Alexander the Great) នៃអាណាចក្រម៉ាសេដូន រួមជាមួយកងទ័ពសម្ពន្ធមិត្តក្នុងពិភពក្រិក។
២៖ ចក្រភពរ៉ូម (Roman Empire)
ចក្រភពមួយនេះបានចាប់ផ្ដើមឡើងនៅពេលដែលសេនាប្រមុខ អ័ហ្គឹសស្ទូស ស៉ីសា (Augustus Caesar) បានក្លាយទៅជាព្រះចៅអធិរាជនៃចក្រភពរ៉ូមនៅឆ្នាំ ២៧ មុនគ្រិស្ដសករាជ។ លុះដល់គ្រិស្ដសករាជ ២៨៥ ចក្រភពដ៏ធំមួយនេះក៏ត្រូវបែកបាក់ជា ២ ទៅជាចក្រភពរ៉ូមខាងកើត និងចក្រភពរ៉ូមខាងលិច។
នៅគ្រិស្ដសករាជ ៤៧៦ ចក្រភពរ៉ូមខាងលិច ត្រូវបានចក្រភពអាល្លឺម៉ង់ផ្ដួលរំលំបានជាស្ថាពរ។ ចំណែកចក្រភពរ៉ូមខាងកើតវិញ បានប្ដូរឈ្មោះទៅជាចក្រភពប៊ីហ្សាន់ទីន (Byzantine) និងបន្តអាយុកាលរហូតដល់សតវត្សរ៍ទី១៥។ លុះដល់គ្រិស្ដសករាជ ១៤៥៣ ចក្រភពប៊ីហ្សាន់ទីននេះក៏ត្រូវចក្រភពអូតូម៉ង់ផ្ដួលរំលំបានជាស្ថាពរ។
៣៖ ចក្រភពអារ៉ាប់ (Arabian Empire)
ចក្រភពនេះក៏ត្រូវបានគេហៅថា ចក្រភពកាលីផេត (Caliphate) ផងដែរ ដែលត្រូវបានបង្កើតដោយព្យាការីមូស្លីម មហាម៉ាត់។ មុនពេលមហាម៉ាត់ស្លាប់នៅគ្រិស្ដសករាជ ៦៣២ ចក្រភពនេះមានវិសាលភាពគ្របដណ្ដប់លើពិភពអារ៉ាប់ស្ទើរតែទាំងអស់។
នៅរយៈពេល ១០០ឆ្នាំ ចក្រភពអារ៉ាប់បានពង្រីកទឹកដីធំជាងចក្រភពរ៉ូមដល់ទៅ ៣-៤ ដងឯណោះ។ មរតកចុងក្រោយបង្អស់របស់ចក្រភពនេះ គឺសាសនាឥស្លាម ដែលមានមនុស្សប្រតិបត្តិតាមជាង ១.៩ពាន់លាននាក់នាពេលបច្ចុប្បន្ន។
៤៖ ចក្រភពម៉ុងហ្គោល (Mongol Empire)
ចក្រភពម៉ុងហ្គោល គឺជាចក្រភពមួយដែលមានផ្ទៃដីត្រួតត្រាជាប់ៗគ្នាធំជាងគេបំផុតលើពិភពលោក។ ចក្រភពនេះត្រូវបានបង្កើតឡើងដោយព្រះចៅអធិរាជសង្គ្រាម សង់ស៉ី ខាន់ ចាប់ពីគ្រិស្ដសករាជ ១២០៦។
នាសម័យនោះ ប្រជាជនម៉ុងហ្គោលមានតែប្រមាណ ២ លាននាក់ប៉ុណ្ណោះ ប៉ុន្តែពួកគេអាចវាយត្រួតត្រាលើនគរភាគច្រើននៅទ្វីបអាស៉ីឆ្លងដល់ទ្វីបអឺរ៉ុប ប៉ុន្តែកងទ័ពម៉ុងហ្គោលក៏ធ្លាប់ស្គាល់នូវភាពបរាជ័យក្នុងពេលចូលឈ្លានពានជប៉ុន និងអេហ្ស៉ីបផងដែរ។
មុនការដួលរលំរលាយទាំងស្រុង ចក្រភពដ៏ធំមហិមាមួយនេះធ្លាប់ត្រូវបានបែកខ្ញែកកជា ៤ ចំណែក។ រហូតដល់គ្រិស្ដសករាជ ១៣៦៨ ចក្រភពទាំងមូលក៏ត្រូវបានដួលរលំជាស្ថានពរ។
៥៖ ចក្រភពអង់គ្លេស (British Empire)
នៅចំណុចកំពូលរបស់ខ្លួន ចក្រភពអង់គ្លេសមានវិសាលភាពលាតសន្ធឹងទៅដល់ ១ ភាគ ៤ នៃពិភពលោកទាំងមូល ដែលជាចក្រភពធំជាងគេបំផុតក្នុងចំណោមចក្រភពធំៗដទៃទៀត ប៉ុន្តែដែនដីត្រួតត្រាមិនស្ថិតនៅជាប់គ្នាដូចចក្រភពម៉ុងហ្គោលឡើយ។
ចក្រភពអង់គ្លេសធ្លាប់ត្រួតត្រាលើប្រទេសជាច្រើននៅទ្វីបអាស៉ី និងអាស៉ីប៉ាស៉ីហ្វិក ទ្វីបអាមេរិក រួមទាំងរដ្ឋទាំង ១៣ របស់សហរដ្ឋអាមេរិក ទ្វីបអាហ្វ្រិក និងនៅតាមបណ្ដាកោះតូចធំជាច្រើនទៀតជុំវិញពិភពលោក៕