(បរទេស)៖ «ដុល្លារអាមេរិក» ជារូបិយបណ្ណអន្តរជាតិ ដែលធ្វើចរាចរណ៍គ្រប់ទិសទីជុំវិញពិភពលោក។ នៅលើក្រដាសប្រាក់ដុល្លារនីមួយៗ សុទ្ធតែមានរូបបុគ្គលសំខាន់ៗ នៅក្នុងប្រវត្តិសាស្រ្ត ដែលមិនខុសអ្វីពីរូបិយបណ្ណប្រទេសដទៃៗទៀតនោះទេ។ ប៉ុន្តែតើអ្នកមានដឹងដែរឬអត់ថា មានរូបមុខរបស់នរណាខ្លះនៅលើក្រដាសប្រាក់ដុល្លារទាំងនោះ ខណៈមនុស្សចំនួនយល់ច្រឡំថា សុទ្ធតែជារូបមុខប្រធានាធិបតីអាមេរិកទាំងអស់។
តាមពិតទៅនៅលើក្រដាសប្រាក់ «១ដុល្លារ» «២ដុល្លារ» «៥ដុល្លារ» «២០ដុល្លារ» និង «៥០ដុល្លារ» គឺសុទ្ធតែជារូបមុខប្រធានាធិបតីអាមេរិកមែន។ លោក ចច វ៉ាស៉ីនតោន (George Washington) ដែលជាប្រធានាធិបតីអាមេរិកដំបូងបង្អស់ ស្ថិតនៅលើក្រដាសប្រាក់ «១ដុល្លារ»។ លោក ថូម៉ាស់ ជែហ្វឺសុន (Thomas Jefferson) ដែលជាប្រធានាធិបតីអាមេរិកទី៣ ស្ថិតនៅលើក្រដាសប្រាក់ «២ដុល្លារ»។ លោក អាប្រាហាំ លីនខូល (Abraham Lincoln) ដែលជាប្រធានាធិបតីអាមេរិកទី១៦ ស្ថិតនៅលើក្រដាសប្រាក់ «៥ដុល្លារ»។
ចំណែកលោក អ៊ែនឌ្រូ ជែកសុន (Andrew Jackson) ដែលជាប្រធានាធិបតីអាមេរិកទី៧ ស្ថិតនៅលើក្រដាស «២០ដុល្លារ» ខណៈលោក យូលីសី អេស ហ្គ្រែន (Ulysses S. Grant) ដែលជាប្រធានាធិបតីអាមេរិកទី១៨ ស្ថិតនៅលើក្រដាសប្រាក់ «៥០ដុល្លារ»។
គួរជម្រាបថា សម្រាប់ក្រដាសប្រាក់ «១០ដុល្លារ» និង «១០០ដុល្លារ» វិញ គឺពុំមានរូបប្រធានាធិបតីអាមេរិកទេ។ នៅលើក្រដាស «១០ដុល្លារ» គឺជារូបមុខរបស់លោក អាឡិចសាន់ដឺ ហាមៀលតុន (Alexander Hamilton) ដែលជារដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិកដំបូងបង្អស់ ហើយលោកក៏ស្ថិតក្នុងចំណោមសហបិតាស្ថាបនិកទាំង៨រូបរបស់សហរដ្ឋអាមេរិកផងដែរ។ ចំណែកនៅលើក្រដាសប្រាក់ «១០០ដុល្លារ» គឺលោក បេនចាមីន ហ្វ្រ៊ែងគ្លីន ( Benjamin Franklin) ដែលស្ថិតក្នុងចំណោមសហបិតាស្ថាបនិកអាមេរិកដូចគ្នា។
សហបិតាស្ថាបនិកអាមេរិកទាំង៨រូប រួមមានលោក ចច វ៉ាស៉ីនតោន, លោក អាឡិចសាន់ដឺ ហាមៀលតុន, លោក បេនចាមីន ហ្រ្វ៊ែងគ្លីន, លោក ចន អាដាំ (John Adams), លោក ស៊ែម៉ូល អាដាំ (Samuel Adams), លោក ថូម៉ាស់ ជែហ្វឺសុន, លោក ជែម មេឌីសុន (James Madison) និង លោក ចច ចេយ៍ (John Jay) គឺជាក្រុមមេដឹកនាំអាមេរិក ដែលបានបង្រួបបង្រួមរដ្ឋដំបូងបំផុតទាំង១៣របស់សហរដ្ឋអាមេរិក ទៅធ្វើសង្រ្គាមដើម្បីប្រកាសឯករាជ្យពីចក្រភពអង់គ្លេស៕