(បរទេស)៖ សហភាពសូវៀត (រុស្ស៉ីបច្ចុប្បន្ន) បានបើកសម្ពោធ «យុគសម័យអវកាស» តាមរយៈការបាញ់បង្ហោះ «ស្ពូតនិក (Sputnik)» ដែលជាផ្កាយរណបដំបូងបំផុតរបស់ពិភពលោកយើង។ Sputnik ក្នុងភាសារុស្ស៉ីមានន័យថាផ្កាយរណប។ ផ្កាយរណប Sputnik ត្រូវបានបាញ់បង្ហោះចេញពីមូលដ្ឋានមួយកន្លែង ស្ថិតក្នុងសាធារណរដ្ឋកាហ្សាក់ស្ថាន កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ១៩៥៧។
Sputnik មានអង្កត់ផ្ចិតប្រវែងជិត៥៦សង់ទីម៉ែត្រ និងទម្ងន់ជាង៨០គីឡូក្រាម។ វាធ្វើដំណើរក្រឡឹងផែនដីបានមួយជុំ ជារៀងរាល់រយៈពេល ១ម៉ោងនិង៣៦នាទី ជាមួយល្បឿនធ្វើដំណើរជិត៣ម៉ឺនគីឡូម៉ែត្រក្នុងមួយម៉ោង។ Sputnik មានគន្លងធ្វើដំណើររាងពងក្រពើ ដោយចំណុចជិតផែនដីបំផុតគឺចម្ងាយ២៣០គីឡូម៉ែត្រ និងឆ្ងាយបំផុតចម្ងាយជិត១ពាន់គីឡូម៉ែត្រ។ នៅខែមករា ឆ្នាំ១៩៥៨ Sputnik បានធ្លាក់ចូលមកក្នុងបរិយាកាសផែនដីវិញតាមការគ្រោង ហើយឆេះរលាយបាត់នៅក្នុងស្រទាប់បរិយាកាសតែម្តង។
ការបាញ់បង្ហោះផ្កាយរណបដំបូងបំផុតនេះហើយ ដែលបានបង្កឲ្យសហរដ្ឋអាមេរិកភ័យព្រួយជាខ្លាំង រហូតឈានទៅដល់មាន «ការរត់ប្រណាំងវិស័យបច្ចេកវិទ្យាអវកាស» រវាងមហាអំណាចទាំងពីរនាសម័យនោះ។ ផ្កាយរណបដំបូងបំផុតរបស់សហរដ្ឋអាមេរិកឈ្មោះ «អ៉ិចផ្លរើ Explorer» ត្រូវបានបាញ់បង្ហោះនៅថ្ងៃទី៣១ ខែមករា ឆ្នាំ១៩៥៨។ ប៉ុន្តែពេលនោះ សហភាពសូវៀតសម្រេចបានសមិទ្ធផលធំធេងមួយផ្សេងទៀតបាត់ទៅហើយ តាមរយៈការបញ្ជូនសុនខមួយក្បាលឲ្យគោចរជុំវិញផែនដី ក្នុងយានអវកាស-ផ្កាយរណបឈ្មោះ «Sputnik 2»។
គួរជម្រាបថា កម្មវិធីអវកាសរបស់សូវៀតបានបន្តទទួលជោគជ័យជាច្រើនផ្សេងទៀតមុនសហរដ្ឋអាមេរិក នៅចន្លោះចុងទសវត្សរ៍ឆ្នាំ១៩៥០ និងដើមទសវត្សរ៍ឆ្នាំ១៩៦០ ដូចជាការបញ្ជូនមនុស្សឡើងទីអវកាស ការចេញបណ្តែតខ្លួនក្នុងទីអវកាស (Space Walk) ការគោចរនៅជុំវិញព្រះច័ន្ទ និងសូម្បីតែការបញ្ជូនយានឲ្យចុះចតនៅលើផ្ទៃព្រះច័ន្ទដោយសុវត្ថិភាព (ប៉ុន្តែមិនមានមនុស្សទៅជាមួយទេ)។ យ៉ាងណាក្តី អាមេរិក ក៏បានជំហានយ៉ាងធំនាំមុខសូវៀតវិញ នៅចុងទសវត្សរ៍ឆ្នាំ១៩៦០ តាមរយៈកម្មវិធីអូប៉ូឡូ (Apollo) ដែលបានបញ្ជូនអវកាសយានិកពីររូបនៃបេសកកម្ម Apollo 11 ឲ្យទៅជាន់លើផ្ទៃព្រះច័ន្ទនៅខែកក្កដា ឆ្នាំ១៩៦៩ ហើយត្រឡប់មកវិញដោយសុវត្ថិភាព៕