(បរទេស)៖ ក្រោយមានការលុបចោលវិញនូវការចោទប្រកាន់ទាំងអស់ចំពោះលោក ចច ហ្ស៉ីមម៉ឺមែន (George Zimmerman) ដែលជា បុរសម្នាក់រស់នៅរដ្ឋផ្លូរីដានៃសហរដ្ឋអាមេរិក ដែលបានបាញ់សម្លាប់យុវជនស្បែកខ្មៅមួយរូបកាលពីឆ្នាំ២០១២ លោកស្រី អាលីសៀ ហ្គាហ្សា (Alicia Garza) ដែលជាសកម្មជនស្បែកខ្មៅម្នាក់ បានបង្ហោះសារមួយលើបណ្តាញសង្គម Facebook នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៣ ដែលរួមមានមាននូវឃ្លា «Black lives matter» មានន័យថា ជីវិតជនជាតិស្បែកខ្មៅក៏មានតម្លៃដែរ។ វាបានក្លាយជាចលនាប្រឆាំងការរើសអើងពូជសាសន៍ដ៏ផុសផុលបំផុតមួយ នៅទូទាំងសហរដ្ឋអាមេរិក និងនៅជុំវិញពិភពលោក។
លោកស្រី Garza បានរៀបរាប់ថា លោកស្រីពិតជាមានអារម្មណ៍សោកសៅយ៉ាងខ្លាំងបន្ទាប់ពីលោក Zimmerman ត្រូវរួចផុតពីការចោទប្រកាន់។ លោកស្រីកាន់តែមានការក្រៀមក្រំថែមទៀត ដោយកត់សម្គាល់ឃើញថា មនុស្សភាគច្រើនហាក់បីដូចជានាំគ្នាទម្លាក់បន្ទោសទៅលើយុវជន ត្រេវ៉ុន ម៉ាទីន (Trayvon Martin) ដែលជាជនរងគ្រោះទៅវិញ ហើយពុំបានផ្ដោតទៅលើហេតុផលពិតប្រាកដ ដែលកើតឡើងចេញពីជំងឺរើសអើងជាតិសាសន៍នោះទេ។ ពេលនោះលោកស្រី ផាទ្រីស ឃូល័រ (Patrice Cullors) ដែលជាសកម្មជនម្នាក់ដែរ និងជាមិត្តភក្តិរបស់លោកស្រី Garza ផ្ទាល់ផងនោះ បានអានសំណេររបស់លោកស្រី Garza ហើយក៏ឆ្លើយតបដោយប្រើពាក្យ hashtag «#BlackLivesMatter» ជាលើកដំបូងបំផុត។
ខណៈពាក្យ #BlackLivesMatter នេះ កាន់តែមានភាពរីកសុះសាយនៅលើ Facebook និង Twitter លោកស្រី Garza និងលោកស្រី Cullors ព្រមទាំងសកម្មជនមួយរូបទៀតគឺលោកស្រី អូផាល ថូមេទី (Opal Tometi) ក៏បានរួមគ្នាបង្កើតបណ្តាញអ្នករៀបចំសកម្មភាពសហគមន៍ និងបណ្តាញសកម្មជនប្រឆាំងការរើសអើងពូជសាសន៍ដោយប្រើប្រាស់ឈ្មោះ «Black Lives Matter»។ មិនយូរប៉ុន្មាន វាបានក្លាយទៅជាពាក្យស្លោក នៃបាតុកម្មប្រឆាំងការរើសអើងពូជសាសន៍នៅក្នុងសហរដ្ឋអាមេរិក ជាពិសេសបន្ទាប់ពីការស្លាប់របស់យុវជន មីឈែល ប្រោន (Michael Brown) និងលោក អេរិក ហ្គាណឺ (Eric Garner) នៅឆ្នាំ២០១៤ ក៏ដូចជាជនស្បែកខ្មៅមួយចំនួនទៀត នៅក្រោមស្នាដៃប៉ូលិសអាមេរិក ឬមួយក៏បុគ្គលដូចជាលោក Zimmerman។
ពេលចលនានេះចាប់ផ្តើមដំបូង ការស្ទង់មតិបានបង្ហាញថា ប្រជាពលរដ្ឋអាមេរិកភាគច្រើនមិនពេញចិត្តនោះទេ តែប៉ុន្មានឆ្នាំក្រោយៗមក Black Lives Matter ក៏ទទួលបានការគាំទ្រកាន់តែច្រើន។ មកដល់ក្រោយមរណភាពរបស់បុរសស្បែកខ្មៅ ចច ផ្លយ (George Floyd) នៅឯទីក្រុងមីននៀផូលិស (Minneapolis) នៃរដ្ឋមីនេសូតា (Minnesota) កាលពីខែឧសភា ឆ្នាំ២០២០ ដែលបានបង្កឲ្យមានការធ្វើបាតុកម្មនៅទូទាំងប្រទេសប្រឆាំងនឹងអំពើហិង្សារបស់ប៉ូលិសនិងការរើសអើសពូជសាសន៍។ សំឡេងគាំទ្រសម្រាប់ចលនា Black Lives Matter កាន់តែកើនឡើងយ៉ាងផុសផុលថែមទៀត។
គួរជម្រាបថា បច្ចុប្បន្នឃ្លា Black Lives Matter នេះ បានក្លាយនិមិត្តរូបនៃចលនាប្រឆាំងការរើសអើងពូជសាសន៍ ជាពិសេសសម្រាប់ជនជាតិស្បែកខ្មៅ មិនថានៅក្នុងសហរដ្ឋអាមេរិក ឬក៏នៅជុំវិញសកលលោកនោះឡើយ៕