(បរទេស)៖ Tsar Bomba ដែលមានន័យជាភាសារុស្សីថា «ស្តេចគ្រាប់បែក» និងមានឈ្មោះផ្លូវការថា «RDS-220» ជាគ្រាប់បែកនុយក្លេអ៊ែររបស់សហភាពសូវៀត ដែលត្រូវបានបំផ្ទុះសាកល្បងលើកោះ Novaya Zemlya នៅឯមហាសមុទ្រអាក់ទិក (ប៉ូលខាងជើង) កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ ១៩៦១។ វាជាប់ឈ្មោះជាគ្រាប់បែកនុយក្លេអ៊ែរមានកម្លាំងខ្លាំងបំផុត ដែលត្រូវបានបំផ្ទុះធ្វើតេស្ត។
គ្រាប់បែកនេះត្រូវបានផលិតឡើងដោយរូបវិទូល្បីៗរបស់សហភាពសូវៀត នៅក្នុងនោះរួមមានទាំងលោក អាន់ដ្រេ សាខារ៉ូវ (Andrey Sakharov) ផងដែរ នៅឆ្នាំ១៩៦១ ជាពេលដែលសង្គ្រាមត្រជាក់រវាងសូវៀតនិងសហរដ្ឋអាមេរិក មានភាពតានតឹងកាន់តែខ្លាំងឡើង។ គ្រាប់បែកនុយក្លេអ៊ែរ Tsar Bomba អាចមានកម្លាំងរហូតដល់១០០មេហ្គាតោនឯណោះ ប៉ុន្តែឥទ្ធិពលនៃការផ្ទុះក្នុងកម្លាំងខ្ពស់បែបនេះ ត្រូវគេយល់ថា វាហាក់ដូចជាគ្រោះថ្នាក់ខ្លាំងពេក សម្រាប់ស្ថានភាពធ្វើតេស្ត។
ដូច្នេះហើយ វាត្រូវបានគេកែប្រែឲ្យបញ្ចេញថាមពលនៅត្រឹម ៥០មេហ្គាតោនវិញ ដែលបើតាមការប៉ាន់ស្មានគឺប្រហែលស្មើនឹង ៣,៨០០ដង នៃកម្លាំងគ្រាប់បែកនុយក្លេអ៊ែរ ដែលអាមេរិកបានទម្លាក់ទៅលើទីក្រុងហ៊ីរ៉ូស៊ីម៉ា នាអំឡុងសង្គ្រាមលោកលើកទី២ ហើយប្រតិកម្មនុយក្លេអ៊ែររបស់វា ក៏ត្រូវបានគេកែសម្រួលផងដែរ ដើម្បីបន្ថយឥទ្ធិពលក្រោយការបំផ្ទុះ សម្រាប់ការធ្វើតេស្ត។ Tsar Bomba ជាប្រភេទ គ្រាប់បែកនុយក្លេអ៊ែរ Hydrogen ឬ Thermonuclear ដែលមានអានុភាពខ្លាំងឆ្ងាយជាងពួកគ្រាប់បែកនុយក្លេអ៊ែរជំនាន់ទី១ ប្រភេទ Atomic ខណៈគ្រាប់បែកនុយក្លេអ៊ែរពីរគ្រាប់ ដែលអាមេរិកប្រើ គឺជាប្រភេទ Atomic នេះ។
ចុងក្រោយគ្រាប់បែកនោះ មានទម្ងន់២៧តោន ជាមួយបណ្តោយប្រវែង៨ម៉ែត្រ និងអង្កត់ផ្ចិត២ម៉ែត្រ។ ទោះមានឈ្មោះផ្លូវការ RDS-220 ក៏ដោយ វាទទួលបានរហស្សនាមជាច្រើន ក្នុងនោះរហស្សនាមដែលលេចធ្លោជាងគេគឺ Tsar Bomba ដែលមានន័យ «ស្តេចគ្រាប់បែក» នៅក្នុងចំណោមបណ្តាប្រទេសលោកខាងលិច។
យន្តហោះទម្លាក់គ្រាប់បែកមួយគ្រឿងធុន Tu-95V ត្រូវបានកែច្នៃសម្រាប់ដឹកគ្រាប់បែកនុយក្លេអ៊ែរនេះ។ គ្រាប់បែក Tsar Bomba ត្រូវបានបំពាក់នូវឆ័ត្រយោងពិសេសមួយ ដែលនឹងជួយបន្ថយល្បឿនទម្លាក់ខ្លួនរបស់វា ដើម្បីអនុញ្ញាតឲ្យយន្តហោះនោះ អាចទៅដល់ចម្ងាយសុវត្ថិភាព ពីចំណុចផ្ទុះបានទាន់ពេលវេលា។
យន្ដហោះ Tu-95V បានហោះហើរចេញពីឧបទ្វីបកូឡានៅថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៦១ ហើយវាត្រូវបានចូលរួមអមដំណើរដោយ យន្តហោះសង្កេតការណ៍មួយគ្រឿងផងដែរ។ នៅម៉ោងប្រមាណជា ១១៖៣២នាទីព្រឹក (ពេលវេលានៅទីក្រុងម៉ូស្គូ) គ្រាប់បែក Tsar Bomba ត្រូវបានទម្លាក់ពីលើទីតាំងធ្វើតេស្ត មីតយូសីខា បេ (Mityushikha Bay) ដែលស្ថិតនៅកោះណូវ៉ាយ៉ា ហ្សេមលីយ៉ា (Novaya Zemlya)។
វាបានផ្ទុះនៅកម្ពស់ ៤គីឡូម៉ែត្រពីផ្ទៃដី ហើយបង្កើតចេញជាដុំពពកផ្សែងមានរូបរាងដូចផ្សិត ដែលជះដល់កម្ពស់ជាង ៦០គីឡូម៉ែត្រ។ ពន្លឺនៃការបំផ្ទុះរបស់វាវិញ អាចត្រូវមើលឃើញបាននៅដល់ចម្ងាយប្រមាណជាង ១,០០០គីឡូម៉ែត្រពីតាំងនោះ។ សេវើនី (Severny) ដែលជាភូមិមួយគ្មានមនុស្សរស់នៅ នៅចម្ងាយប្រហែល ៥៥គីឡូម៉ែត្រ និងអគារនានាដែលនៅចម្ងាយជាង ១៦០គីឡូម៉ែត្រ ត្រូវបានបំផ្លិចបំផ្លាញ។ លើសពីនេះទៅទៀត បើតាមការប៉ាន់ស្មាន កំដៅភាយចេញពីការបំផ្ទុះនោះ អាចបង្កឱ្យមានការឆេះរលាកកម្រិតធ្ងន់ ចំពោះមនុស្សនិងសត្វ ដែលស្ថិតនៅចម្ងាយរហូតដល់១០០គីឡូម៉ែត្រ។
ទោះបីការអភិវឌ្ឍគ្រាប់ Tsar Bomba ទទួលបានភាពជោគជ័យក៏ពិតមែន គ្រាប់បែកនុយក្លេអ៊ែរនេះ មិនដែលធ្លាប់ត្រូវបានពិចារណាយកទៅប្រើប្រាស់ជាក់ស្តែងនោះឡើយ។ ដោយសារតែទំហំរបស់វា គ្រាប់បែកនេះពុំអាចបំពាក់នៅលើមីស៉ីលផ្លោងបាលីស្ទិកបានឡើយ។ ផ្ទុយទៅវិញ វាត្រូវការយន្តហោះដើម្បីដឹកទៅកាន់គោលដៅ ដែលមិនមែនជាមធ្យោបាយល្អទេ ទោះបីអាមេរិកធ្លាប់ប្រើវិធីសាស្រ្តនេះ ដើម្បីទម្លាក់គ្រាប់បែកបរមាណូនៅជប៉ុន កាលពីសម័យសង្រ្គាមលោកក៏ដោយ។
ហេតុដូច្នេះហើយគ្រាប់បែកនុយក្លេអ៊ែរ Tsar Bomba ត្រូវបានគេចាត់ទុកថា ជាសព្វាវុធឃោសនាមួយតែប៉ុណ្ណោះរបស់សូវៀត។ ក្រោយការបំផ្ទុះធ្វើតេស្តឆ្នាំ១៩៦១ មានកិច្ចប្រឹងប្រែងកាន់តែសស្រាក់សស្រាំឡើង ដើម្បីរឹតត្បិតសកម្មភាពបំផ្ទុះសាកល្បងអាវុធនុយក្លេអ៊ែរ។ ទីបំផុតនៅឆ្នាំ១៩៦៣ សន្ធិសញ្ញាមួយដែលហាមឃាត់ការធ្វើតេស្តអាវុធនុយក្លេអ៊ែរនៅទីអវកាស នៅក្រោមផ្ទៃទឹក និងនៅក្នុងបរិយាកាស ពោលវាអាចប្រព្រឹត្តទៅបានតែនៅក្រោមដីប៉ុណ្ណោះ ត្រូវបានចុះហត្ថលេខដោយសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងសហភាពសូវៀត ហើយក្រោយមក ប្រទេសជាច្រើនផ្សេងទៀតក៏បានចូលរួមក្នុងសន្ធិសញ្ញានេះផងដែរ៕