(ជប៉ុន)៖ មានទីតាំងស្ថិតនៅទ្វីបអាស៉ីប៉ែកបូព៌ា ប្រទេសជប៉ុនបានជាប់ឈ្មោះជាប្រទេសជួបនូវគ្រោះធម្មជាតិញឹកញាប់ជាងគេមួយនៅលើពិភពលោក ក្នុងនោះគ្រោះរញ្ជួយដីតូចធំ ១,៥០០លើក ព្រមទាំងរលកយក្ស ផ្ទុះភ្នំភ្លើង ខ្យល់ព្យុះ ទឹកជំនន់ និងគ្រោះធម្មជាតិជាច្រើនលើកទៀត តែងតែវាយប្រហារមកលើប្រទេសដីកោះមួយនេះជារៀងរាល់ឆ្នាំ។
តើហេតុអ្វីបានជាប្រទេសអាស៉ីមួយនេះ ជួបនូវគ្រោះធម្មជាតិញឹកញាប់ខ្លាំងយ៉ាងដូច្នេះ?
ប្រទេសជប៉ុនមានកោះសរុប ៦,៨៥២ ក្នុងនោះមានកោះធំៗចំនួន ៥ រួមមាន៖ កោះហុកកៃដូ (Hokaido) កោះហុងស៊ូ (Honshu) កោះស៉ីកុគូ (Shikoku) កោះឃ្យូស៊ូ (Kyushu) និងកោះអូគិណាវ៉ា (Okinawa) ដែលលាតសន្ធឹងតាមបណ្ដោយឆ្នេរមហាសមុទ្រប៉ាស៉ីហ្វិក ចាប់ពីសមុទ្រអុកហូតស្ក៍ (Okhotsk) រហូតដល់សមុទ្រហ្វីលីពីន។
កោះទាំងនោះស្ថិតក្នុងតំបន់ខ្សែក្រវាត់ភ្នំភ្លើងក្រោមបាតមហាសមុទ្រប៉ាស៉ីហ្វិក និងមានភ្នំភ្លើងងើបផុសឡើងជាបន្តបន្ទាប់តាំងពីរាប់រយលានឆ្នាំមុនរហូតមកដល់ពេលបច្ចុប្បន្ន។ នៅពេលសិលាម៉ាកម៉ាក្នុងស្រទាប់ផែនដីមានចលនាឡើង វាបានបង្កឱ្យមានរលករញ្ជួយដីក្រោមបាតសមុទ្រកើតឡើង រីឯនៅក្នុងផ្ទៃមហាសមុទ្រក៏មានចលនាកញ្ជ្រោកឡើងផងដែរ ដែលបង្កឱ្យមានរលកយក្សប៉ះទង្គិចជាមួយដីកោះរបស់ជប៉ុន។
តាមការសិក្សាស្រាវជ្រាវបានរកឃើញកត្តាមួយចំនួន ដែលបង្កឱ្យមានគ្រោះមហន្តរាយធម្មជាតិនៅប្រទេសជប៉ុន គឺដោយសារ៖
* ទី១៖ ជប៉ុនជាប្រទេសប្រជុំកោះ ហើយទីតាំងប្រជុំកោះទាំងនោះបានលយចេញដាច់ឆ្ងាយពីដីទ្វីប ហើយស្ថិតនៅចំចរន្តទិសខ្យល់សមុទ្រ ដែលតែងតែបក់ទៅបក់មកជារៀងរាល់ឆ្នាំ ដូចជា ខ្យល់នាំទឹកភ្លៀង រលកខ្យល់ព្យុះ ក៏ដូចជាព្យុះព្រិលខ្លាំងៗ ដែលកើតឡើងនៅតាមប្រជុំកោះមួយចំនួននៃតំបន់ឆ្នេរប៉ាស៉ីហ្វិកភាគខាងលិច។
* ទី២៖ សណ្ឋានដីរបស់ប្រទេសជប៉ុនមានសភាពរឹង ហើយមានទំនោរចោតទៅរកសមុទ្រ ជាហេតុធ្វើឱ្យងាយរងនូវគ្រោះទឹកជំនន់ ននិងហានិភ័យផ្សេងៗពីសមុទ្រ។
* ទី៣៖ ប្រទេសជប៉ុនស្ថិតនៅក្នុងតំបន់ខ្សែក្រវាត់រញ្ជួយដី មានប្រភពនៅក្រោមបាតមហាសមុទ្រប៉ាស៉ីហ្វិក ដែលតែងតែបង្កឱ្យមានចលនារញ្ជួយដី និងរលកយក្សស៊ូណាមិ។
* ទី៤៖ ប្រទេសជប៉ុនស្ថិតក្នុងតំបន់ខ្សែក្រវាត់ភ្នំភ្លើងក្រោមបាតសមុទ្រ ដែលភ្នំភ្លើងស្ទើរតែទាំងអស់នៅលើពិភពលោក ត្រូវបានប្រមូលផ្តុំនៅតាមឆ្នេរនៃមហាសមុទ្រនេះ ពោលគឺក្រៅពីប្រទេសជប៉ុន ក្រុមភ្នំភ្លើងសំខាន់ទាំងនោះមាននៅប្រជុំកោះស៊ូម៉ាត្រា នៃប្រទេសឥណ្ឌូនេស៉ី ប្រទេសនូវែលសេឡង់ ប្រទេសឈីលីជាដើម។
កាលពីឆ្នាំ១៩២៣ ជប៉ុនមានប្រវត្តិជួបគ្រោះរញ្ជួយដីចំរាជធានីក្រុងតូក្យូ ដោយវាបានសម្លាប់មនុស្សជាង ១៤ម៉ឺននាក់។
នាកំលុងពេលចុងក្រោយនេះ មានគ្រោះរញ្ជួយដីធំៗមួយចំនួនបានកើតឡើងផងដែរ ដូចជាកាលពីឆ្នាំ១៩៩៥ គ្រោះរញ្ជួយដីឈ្មោះ ហានស៉ីន (Great Hanshin) បានកើតឡើងនៅទីក្រុងកូបេ (Kobe) ដែលមានកម្លាំងរញ្ជួយ ៦.៨រិចទ័រ ដោយបានសម្លាប់ជីវិតមនុស្សប្រមាណ ៦,៤០០នាក់ និងខូចខាតជាទំហំទឹកប្រាក់ប្រមាណ ២០០ពាន់លានដុល្លារអាមេរិក។
ចំណែកគ្រោះរញ្ជួយដីដ៏ខ្លាំងមួយទៀតឈ្មោះ ថូហុគូ (Thohoku) បានកើតឡើងកាលពីឆ្នាំ២០១១ ដែលមានកម្លាំងរញ្ជួយកម្រិត ៩.១រិចទ័រ ដោយបានបង្កជារលកយកស៊ូណាមិដ៏ធំមួយ។ តាមរយៈទីភ្នាក់ងារនគរបាលជាតិ គ្រោះធម្មជាតិដ៏អាក្រក់នេះបានសម្លាប់ជីវិតមនុស្សបប្រមាណ ១៥,៨៩៨នាក់ របួសចំនួន ៦,១៥៧នាក់ និងបាត់ខ្លួនចំនួន ២,៥៣១នាក់ទៀត។
បន្ថែមពីនេះ វាបានធ្វើឱ្យខូចខាតដល់រោងចក្រនុយក្លែអ៊ែរនៅទីក្រុងហ្វូកុស៊ីម៉ា ដែលបានបង្កជាវិបត្តិមួយរបស់ជប៉ុនរហូតដល់សព្វថ្ងៃ។ ព្រឹត្តិការណ៍ធម្មជាតិឆ្នាំ២០១១នេះ បានក្លាយជាគ្រោះមហន្តរាយធម្មជាតិដ៏សាហាវបំផុតក្នុងប្រវត្តិសាស្ត្រជប៉ុន និងត្រូវបានចាត់ចូលក្នុងលំដាប់ទី៤ ក្នុងពិភពលោក ចាប់តាំងពីឆ្នាំ១៩០០មក។
យោងតាមសន្ទស្សន៍ហានិភ័យពិភពលោកប្រចាំឆ្នាំ២០១៣ ជប៉ុនជាប្រទេសដែលមានហានិភ័យ ដោយសារគ្រោះមហន្តរាយធម្មជាតិខ្ពស់បំផុតលំដាប់ទី ១៥ ក្នុងពិភពលោក។ ដោយសាររស់នៅក្នុងជីវិតដែលត្រូវប្រឈមនឹងបញ្ហាគ្រោះធម្មជាតិគ្រប់ពេលបែបនេះហើយ ទើបធ្វើឱ្យប្រទេសមួយនេះរឹងមាំ និងត្រៀមខ្លួនជានិច្ចដើម្បីការពារប្រជាជនរបស់ខ្លួន ប្រកបដោយភាពច្នៃប្រឌិតបំផុត៕