(បរទេស)៖ កន្លែងដែលមានទឹកប្រៃបំផុតនៅលើផែនដី គឺនៅអាងដនហ័ន ឬទន្លេដនហ័ន នៃជ្រលងភ្នំស្ងួត (Dry valleys) ភាគឦសានទ្វីបអង់តាក់ទិក ខណៈនៅក្នុងទឹកទន្លេនេះមានអំបិលជាធាតុផ្សំដល់ទៅ ៤០% គឺប្រៃជាងទឹកសមុទ្រធម្មតាដល់ទៅ ១៨ ដងឯណោះ រហូតដល់ថ្នាក់មិនអាចកកជាទឹកកកបានឡើយ ទោះសីតុណ្ហភាពបរិយាកាសជុំវិញធ្លាក់មកនៅ -៥០ អង្សាសេក៏ដោយ។
ទោះបីជាគេហៅវាថាជា «ទន្លេ» តែលក្ខណៈពិតរបស់វាស្រដៀងនឹងអាងទឹកទំហំធំច្រើនជាង ពីព្រោះវាមានជម្រៅមិនដល់ ១៥ សង់ទីម៉ែត្រឡើយ។
ទន្លេដនហួន ត្រូវគេរកឃើញដោយចៃដន្យក្នុងឆ្នាំ១៩៦១ និងដាក់ឈ្មោះតាមអ្នកបើកឧទ្ធម្ភាគចក្ររបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក ២នាក់ ម្នាក់ជាអនុនាវីឯក ដូណាល់ត៍ រ៉ូ និងម្នាក់ទៀតឈ្មោះ ចន ហិកគី ឈ្មោះអ្នកទាំងពីរនាក់នេះត្រូវបានបង្រួមគ្នាទៅជា «Don Juan» តាមភាសាអង់គ្លេស ឬហៅតាមភាសាអេស្ប៉ាញថា «ដនហ័ន»។ គេបានចាត់ទុកទាហានទាំងពីរនាក់នេះ ជាអ្នកបើកឧទ្ធម្ភាគចក្រដឹកក្រុមរុករកចូលទៅសិក្សាស្រាវជ្រាវប្រភពទឹកនៅទីនោះដំបូងគេបង្អស់។
ទន្លេដនហួន ជាប្រភពទឹកដ៏គួរឱ្យចាប់អារម្មណ៍បំផុតលើភពផែនដី ដោយសារតែជ្រលងភ្នំស្ងួតនៃទ្វីបអង់តាក់ទិកជាផ្ទៃដីស្ងួត និងត្រជាក់បំផុតនៅលើផែនដី។ ទឹកនៅក្នុងទន្លេនេះមិនមែនបានមកពីលើមេឃនោះទេ តែតាមពិតវាស្រូបមកពីក្រោមផ្ទៃដី ហើយចាប់ផ្ដើមប្រៃបន្តិចម្ដងៗនៅពេញផ្ទៃទឹកខាងលើ។
ចាប់តាំងពីការស្រាវជ្រាវលើកដំបូងមក កម្រិតទឹកនៅក្នុងទន្លេក៏បានស្រកអស់ជាងពាក់កណ្ដាល ហើយភាវៈមានជីវិតដែលធ្លាប់អាស្រ័យនៅ ក៏៏បានបាត់បង់អស់ដោយពុំដឹងមូលហេតុ។ តែទោះបីជាយ៉ាងណាក៏នៅតែឃើញថា នៅក្នុងទឹកនោះនៅមានឧស្ម័ននីដ្រូអុកស៉ីត (Nitrous Oxide) ដែលគេជឿថាវាកើតឡើងពីភាវៈមានជីវិតដែលបានងាប់ទៅ ប៉ុន្តែបច្ចុប្បន្នមានការពិសោធន៍ឱ្យឃើញថា វាគ្រាន់តែជាឧស្ម័នដែលជាអនុផលមកពីប្រតិកម្មគីមីរវាងអំបិលក្នុងទន្លេ និងថ្មភ្នំភ្លើងនៅក្បែរនោះប៉ុណ្ណោះ។
ទោះបីទន្លេដនហួននេះគ្មានត្រី ប៉ុន្តែវាពោរពេញទៅដោយសារាយ ដែលជាប្រភពអាហាររបស់អតិសុខុមប្រាណម្យ៉ាងឈ្មោះ ហាឡូបាក់តេរី។ ពួកវាត្រូវបានចាត់ចូលទៅក្នុងដួមេនអាខៀ ជាទម្រង់នៃភាវៈមានជីវិតដែលចំណាស់បំផុតលើលោក៕