(ប៉េកាំង)៖ ទន្លេយ៉ាងសេ (Yangtze) ដែលមានទីតាំងស្ថិតនៅក្នុងប្រទេសចិនគឺជា ទន្លេដែលមានប្រវែងវែងជាងគេបំផុតប្រចាំទ្វីបអាស៊ី ខណៈបើគិតនៅទូទាំងពិភពលោកវាជាប់លេខបី ហើយបើនិយាយពីទន្លេដែលហូរតែនៅក្នុងប្រទេសមួយប៉ុណ្ណោះនោះ ពោលមិនហូរកាត់ប្រទេសច្រើន គឺ Yangtze វែងជាងគេបង្អស់។
ទន្លេនេះមានប្រភពហូរចេញមកពីទឹកកកនៅភ្នំតាំងហ្គូឡា (Tanggula) ក្នុងតំបន់ទីបេ ហើយធ្វើដំណើរប្រហែល៦,៣០០គីឡូម៉ែត្រ រហូតហូរ ចេញទៅក្នុងសមុទ្រខាងកើត ក្បែរទីក្រុងសៀងហៃ។ ទន្លេយ៉ាងសេហូរឆ្លងកាត់ព្រំប្រទល់ខេត្តរបស់ចិនសរុបចំនួន១០។ ឈ្មោះ Yangtze នេះ ជាទូទៅត្រូវបានហៅដោយប្រទេសដទៃប៉ុណ្ណោះ ខណៈនៅក្នុងប្រទេសចិនផ្ទាល់ គេនិយមហៅថា «ទន្លេឆាងជាំង» ដែលមានអត្ថន័យថា ដងទន្លេដ៏វែង។
ទឹកទន្លេនេះហូរកាត់តំបន់ដែលមានសណ្ឋានដីខុសៗគ្នា រួមមានទាំងតំបន់ខ្ពង់រាប ព្រមទាំងតំបន់វាលទំនាប ក៏ប៉ុន្តែភាគច្រើន គឺប្រមាណបីភាគបួននៃការធ្វើដំណើររបស់វា ទន្លេយ៉ាងសេហូរឆ្លងកាត់តាមតំបន់ភ្នំ ដែលកន្លែងកន្លះមានទេសភាពជ្រលងភ្នំជ្រៅៗយ៉ាង ស្រស់ស្អាត នៅអមដងទន្លេ។ ទន្លេយ៉ាងសេមានដៃទន្លេសរុបប្រហែល៧០០ ក្នុងនោះមានដៃទន្លេធំៗចំនួន៨។
គួរជម្រាបថា ទន្លេយ៉ាងសេដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យកសិកម្ម ឧស្សាហកម្ម និងការធ្វើដំណើរនៅក្នុងប្រទេសចិន។ វាជាផ្លូវទឹកស្នូលរបស់ចិន ហើយជិតមួយភាគបីនៃប្រជាជនចិនសរុបរស់នៅក្នុងតំបន់អាងទន្លេនេះ ដែលជាទីតាំងគ្របដណ្តប់លើផ្ទៃដីប្រមាណជាង១៨០លាន ហិកតា។ ពីដើមមកទន្លេយ៉ាងសេ ត្រូវបានគេចាត់ទុកជា ខ្សែបន្ទាត់ខណ្ឌចែករវាងខាងជើងនិងនិងភាគខាងត្បូងប្រទេសចិន ប៉ុន្តែក្រុម អ្នកជំនាញតំបន់ភូមិសាស្រ្ត ចាត់ទុកខ្សែបន្ទាត់ពិតប្រាកដគឺជាទន្លេឈីងលីង-ហ័រអាយ (Qinling-Huai) ឯណោះវិញទេ៕