(សៀមរាប)៖ ប្រាសាទអង្គរវត្ត ឬ អង្គរតូច ដែលបច្ចុប្បន្នស្ថិតនៅខេត្តសៀមរាបនោះ ត្រូវបានកសាងឡើងដំបូងនាដើមសតវត្សរ៍ទី១២ ក្រោមស្នាព្រះហស្តព្រះបាទសូរ្យវរ្ម័នទី២ (១១១៣-១១៥០?) ក្នុងបុព្វហេតុឧទ្ទិសថ្វាយព្រះបរមវិស្ណុ ដែលជាព្រះមហាអាទិទេពមួយអង្គក្នុងព្រហ្មញ្ញសាសនា។ លុះដល់រជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ (១១៨១-១២១៨?) ផ្នែកមួយចំនួនទៀតនៃមហាប្រាសាទនេះក៏ត្រូវបានជួសជុល និងសាងសង់បន្ថែមផងដែរ។
ទម្រាំសម្រេចបានអច្ឆរិយៈវត្ថុដ៏មហស្ចារ្យនេះ បុព្វបុរសខ្មែរបានប្រើប្រាស់ថ្មជាច្រើនលានដុំ ដែលសុទ្ធតែមានទម្ងន់ធ្ងន់ៗ តម្រៀបបណ្ដាក់លើគ្នាប្រកបដោយភាពប៉ិនប្រសប់ គួរឱ្យកោតស្ងប់ស្ងែងខ្លាំងបំផុត។
ប៉ុន្តែតើមានមហាជនភាគច្រើនមិនបានដឹងទេថា នៅពីក្រោមគ្រឹះមហាប្រាសាទអង្គរវត្តដ៏ល្បីល្បាញមានអ្វីខ្លះនោះ ហើយក៏មានអ្នកឆ្ងល់ដែរថា តើមានកត្តាអ្វីខ្លះដែលអាចឱ្យមហាសំណង់ដ៏ធំមួយនេះអាចតាំងជំហររឹងមាំរាប់រយឆ្នាំបាន។ ជុំវិញចម្ងល់នេះ Fresh News Plus បានសាកសួរផ្ទាល់ជាមួយលោក ឡុង កុសល មន្ត្រីអ្នកនាំពាក្យរបស់អាជ្ញាធរជាតិអប្សរា ដែលជាអង្គភាពមានសមត្ថកិច្ចអភិរក្សការពារនៅតំបន់អង្គរនាពេលបច្ចុប្បន្ន ដើម្បីបង្ហាញជាចំណេះដឹងថ្មីមួយទៀត។
លោក ឡុង កុសល បានឱ្យដឹងថា ប្រាសាទអង្គរវត្តត្រូវបានកសាងឡើងអំពីថ្មភក់ និងថ្មបាយក្រៀម (នៅផ្នែកខាងក្នុង) យ៉ាងច្រើនសន្ធឹកសន្ធាប់។ ចំពោះទម្ងន់ជាក់លាក់យ៉ាងណានោះ គេមិនអាចបញ្ជាក់បានឡើយ ប៉ុន្តែបើតាមការវាយតម្លៃរបស់អ្នកជំនាញ ប្រាសាទអង្គរវត្តយើងអាចមានទម្ងន់ដល់ទៅរាប់លានតោន ព្រោះថ្មធំតូចមួយដុំៗក៏មានទម្ងន់ធ្ងន់ៗណាស់ដែរ។
លោកបានបន្ថែមថា បើតាមអ្នកជំនាញដែលបានលើកយកភស្តុតាងវិទ្យាសាស្ត្រមកបញ្ជាក់ថា កត្តាដែលធ្វើឱ្យមហាប្រាសាទដ៏ធ្ងន់មហិមានេះអាចតាំងជំហររឹងមាំបានក៏ដោយសារកត្តាសំខាន់ៗពីរនៃគ្រឹះ រួមមាន៖
* ទី១. ដីខ្សាច់៖ ដីខ្សាច់នេះត្រូវបានបង្ហាប់យ៉ាងហាប់ណែនបំផុតនៅក្រោមបាតគ្រឹះ មុនពេលសាងសង់ប្រាសាទអង្គរ។ ត្រង់ចំណុចនេះអ្នកជំនាញបញ្ជាក់ថា នៅពេលដែលខ្សាច់ជោកជាំដោយទឹក ខ្សាច់នឹងខាំជាប់គ្នាមិនងាយរបេះចេញពីគ្នាឡើយ ហើយមានសមត្ថភាពអាចទ្រាំទ្រទម្ងន់ប្រាសាទបានយ៉ាងរឹងមាំ។
* ទី២. ទឹក៖ ថ្វីដ្បិតទឹកជាអង្គធាតុរាវ ប៉ុន្តែវាបានជួយបង្កើនកំហាប់ខ្សាច់ដែលនៅក្រោមគ្រឹះប្រាសាទអង្គរវត្ត ឱ្យនៅតែស្ថិតក្នុងសភាពហាប់ណែនជានិច្ច ទោះបីឆ្លងកាត់រយៈពេលរាប់រយឆ្នាំក៏ដោយ ពោលគឺឱ្យមានទឹកសម្រាប់បង្កើនកំហាប់ខ្សាច់គ្រប់គ្រាន់ គ្រឹះប្រាសាទអង្គរវត្តក៏នៅតែមានជំហររឹងមាំដែរ។ ចំពោះទឹកនៅក្នុងកសិន្ធុជុំវិញប្រាសាទអង្គរវត្ត ក៏មានការពាក់ព័ន្ធដោយផ្ទាល់ជាមួយនឹងស្ថិរភាពទឹកនៅក្រោមគ្រឹះប្រាសាទអង្គរវត្តផងដែរ។
សូមជម្រាបថា ប្រាសាទអង្គរវត្តត្រូវបានកសាងឡើងឡើងតំណាងឱ្យ «ភ្នំព្រះសុមេរុ» ដែលជាព្រះបរមឋាននៃព្រះអាទិទេពក្នុងទេវកថាហិណ្ឌូសាសនា។ ព័ទ្ធជុំវិញដោយកសិន្ធុ (គូទឹក) ដែលមានបណ្តោយប្រវែង ១,៥០០ម៉ែត្រ និងទទឹង ១,៣០០ម៉ែត្រ ជម្រៅបច្ចុប្បន្ននៅសល់ ៣ម៉ែត្រ។ ចម្ងាយផ្លូវចូលចាប់ពីជណ្ដើរនាគឆ្លងកសិន្ធុ រហូតទៅដល់ក្ដារបែនមានប្រវែង ២៥០ម៉ែត្រ។ រីឯកំពូលប្រាង្គកណ្ដាលដែលខ្ពស់ធំជាងគេបំផុតមានកម្ពស់ ៦៥ម៉ែត្រ៕