(ភ្នំពេញ)៖ ក្រុងលង្វែកត្រូវបានកសាងឡើងដំបូងនៅគ្រិស្ដសករាជ ១៥២៥-១៥២៧ ត្រូវនឹងពុទ្ធសករាជ ២០៦៨-២០៧០ ក្រោមស្នាព្រះហស្ដរបស់ព្រះបាទច័ន្ទរាជា ដែលមានទីតាំងស្ថិតនៅឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងបច្ចុប្បន្ន ប៉ុន្តែរាជធានីដ៏រឹងមាំរបស់ខ្មែរក្រោយសម័យអង្គរមួយនេះ បែរជារងនូវការលុកលុយឈ្លានពានពីសំណាកកងទ័ពសៀមចំនួន ២លើក ហើយត្រូវបានវាយបំបែកជាស្ថាពរនៅគ្រិស្ដសករាជ ១៥៩៤ (ព.ស ២១៣៧)។

ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រខាងលើនេះ មានមហាជនជាច្រើនបានឆ្ងល់ថា តើក្សត្រសៀមអង្គណាដែលមានឫទ្ធានុភាពអាចបំបែកក្រុងលង្វែកដ៏រឹងមាំរបស់ខ្លួនមួយនេះបាន?

ដូច្នេះហើយបានជា Fresh News Plus សូមច្បិចយកចំណុចសង្ខេបអំពីព្រឹត្តិការណ៍សង្គ្រាមបីប្រទេស គឺលង្វែក ស្រីអយុធ្យា និងហង្សាវតី ភ្ជាប់ជាមួយព្រះរាជសាវតាសង្ខេបរបស់ស្ដេចសៀមដែលបំបែកក្រុងលង្វែករបស់ខ្មែរ មកបង្ហាញជូនប្រិយមិត្តគ្រាន់ជាចំណេះដឹងថ្មីមួយទៀត ដែលមានសេចក្ដីសង្ខេបដូចតទៅ៖

នាសម័យនោះ ព្រះរាជាណាចក្រខ្មែរមានរាជធានីធំនៅក្រុងលង្វែក (Longvek) រីឯព្រះរាជាណាចក្រសៀម មានរាជធានីធំនៅក្រុងស្រីអយុធ្យា (Sri Ayutthaya) ចំណែកសម្ពន្ធមិត្តមន-ភូមារាមញ្ញ មានរាជធានីធំនៅក្រុងហង្សាវតី (Hongsawadee) ដែលបច្ចុប្បន្នស្ថិតនៅតំបន់ប្រវត្តិសាស្ត្របាហ្គូ (Bago) ភាគខាងត្បូងប្រទេសមីយ៉ាន់ម៉ា

បន្ទាប់ពីព្រះបាទច័ន្ទរាជាយាងសោយទិវង្គតនៅគ្រិស្ដសករាជ ១៥៦៦ (ព.ស ២១០៩) ព្រះរាជបុត្រច្បងរបស់ព្រះអង្គ គឺព្រះបាទបរមិន្ទរាជាព្រះបាទបរមរាជា បានឡើងស្នងរាជ្យបន្តនៅក្រុងលង្វែក។ ព្រះបាទបរមរាជា ជាព្រះមហាក្សត្រអង់អាចខ្លាំងពូកែ ព្រះអង្គបានបន្តព្រះរាជ្យកិច្ចពីព្រះបិតាក្នុងការទាមទារទឹកដីខ្មែរភាគខាងលិចពីសៀមមកវិញ តាំងតែពីព្រះអង្គឡើងសោយរាជ្យរហូតដល់សោយទិវង្គត។

នៅព្រះរាជាណាចក្រសៀមឯណោះ គឺកំពុងស្ថិតក្រោមការត្រួតត្រារបស់ព្រះរាជាណាចក្រហង្សាវតីរបស់មន-ភូមារាមញ្ញ ដែលគ្រប់គ្រងដោយព្រះចៅបុរិន្ទណង ឬភាសាភូមាហៅថា ព្រះចៅបាយិនណោង (Bayinaung)។ ដោយកងទ័ពភូមាវាយពីភាគខាងលិចផង រីឯកងទ័ពខ្មែររបស់ព្រះបាទបរមរាជាវាយពីភាគខាងកើតផងនោះ ធ្វើឱ្យព្រះមហាក្សត្រសៀម ព្រះចៅមហាធម្មរាជាធិរាជ (Maha Thammarachathirat) បង្ខំចិត្តចុះសន្ធិសញ្ញាជាមួយព្រះបាទបរមរាជា ប្រគល់ខេត្តមួយចំនួនមកឱ្យខ្មែរវិញ។

ក្រោយពេលស្ដេចភូមា ព្រះចៅបុរិន្ទណង សោយទិវង្គតនៅគ្រិស្ដសករាជ ១៥៨១ (ព.ស ២១២៤) ផុតទៅ ព្រះរាជាណាចក្រសៀម ក៏បានងើបឡើងរើបម្រាស់ពីអំណាចត្រួតត្រារបស់ភូមាជាបន្តបន្ទាប់។ ព្រះវីរក្សត្រសៀមដែលដឹកនាំការបះបោររើបម្រាស់នេះ គឺព្រះអង្គម្ចាស់នរេសូរ (កាលមិនទាន់ក្លាយជាស្ដេចសោយរាជ្យ)។ ព្រះនរេសូរនេះហើយ ដែលក្រោយមកជាអ្នកដឹកនាំកងទ័ពសៀមចូលវាយបំបែកក្រុងលង្វែករបស់ព្រះរាជាណាចក្រខ្មែរ។

* ព្រះចៅនរេសូរ

ព្រះនរេសូរ ឬភាសាថៃហៅថា ព្រះណារេស៊ូន (Naresuan) ឬព្រះណារ៉េត ប្រសូត្រឡើងនាថ្ងៃទី២៥ ខែមេសា គ្រិស្តសករាជ ១៥៥៥ ត្រូវនឹងពុទ្ធសករាជ ២០៩៨ នៅក្រុងពិស្ណុលោក (Pitsanulok) ដែលមានព្រះបិតាព្រះនាម ព្រះមហាធម្មរាជាធិរាជ (កាលនោះត្រួតត្រានៅក្រុងពិស្ណុលោក) និងព្រះមាតាព្រះនាម ព្រះវិសុទ្ធក្សត្រ (Wisutkasat)។ កាលណោះ ក្រុងពិស្ណុលោក និង ក្រុងសុខោទ័យ មានឋានៈជាឧបធានីចំណុះឱ្យរាជធានីទេពមហានគរស្រីអយុធ្យា មានន័យថាជាក្រុងទី២។ ព្រះនរេសូរមានព្រះរៀមមួយព្រះអង្គគឺ ព្រះនាងសោភ័ណកល្យា (Suphankanlaya) និងព្រះអនុជមួយព្រះអង្គព្រះនាម ព្រះឯកាទសរដ្ឋ (Eka Thotsaroth)

នៅគ្រិស្តសករាជ ១៥៦៤ (ព.ស ២១០៧) កងទ័ពភូមារាមញ្ញ-មនបានដណ្ដើមយកក្រុងសុខោទ័យបានសម្រេច ហើយក៏បន្តច្បាំងដណ្ដើមបានក្រុងពិស្ណុលោកពីព្រះចៅមហាធម្មរាជាធិរាជ ក្រោមការដឹកនាំរបស់ព្រះចៅបុរិន្ទណង នៃនគរហង្សាវតី ដែលនគរនេះគឺជានគររបស់ជនជាតិមននៅភាគខាងត្បូងប្រទេសភូមាហើយ ធ្លាប់ជាអ្នកជិតខាងរបស់ខ្មែរ ដូចដែរខ្មែរយើងតែងនិយាយថា ខ្មែរ-មន។ នៅពេលចូលត្រួតត្រាក្រុងពិស្ណុលោកបានជាស្ថាពរហើយ កងទ័ពភូមាបានយាងនាំព្រះញាតិវង្សសៀមមួយចំនួនបញ្ជូនទៅក្រុងហង្សាវតី (ទុកជាចំណាត់ខ្មាំង) ក្នុងនោះក៏មានព្រះរាជកុមារ នរេសូរ ដែលមានព្រះជន្ម ៩ ព្រះវស្សាផងដែរ។ ចំណែកឯព្រះចៅមហាធម្មរាជាធិរាជ ក៏បានចុះចូលជាមួយព្រះចៅបុរិន្ទណងភូមាទាំងបង្ខំ។

ក្រោយបំបែកក្រុងពិស្ណុលោកបានហើយ កងទ័ពហង្សាវតីបានបន្តច្បាំងដណ្ដើមយកខេត្តក្រុងនានារបស់សៀមជាបន្តបន្ទាប់ ព្រមទាំងវាយលុកដល់ក្រុងស្រីអយុធ្យាទៀតផង។ ក្នុងពេលកើតចម្បាំងភូមា-សៀមនៅក្រុងស្រីអយុធ្យា ព្រះចៅមហាចក្រព័ត្តិ (Maha Chakrapat) ដែលជាព្រះមហាក្សត្រសៀមសោយរាជ្យនៅនគរស្រីអយុធ្យាបានសោយទិង្គត ហើយព្រះរាជបុត្រទី២របស់ព្រះអង្គគឺ ព្រះចៅមហិន្ទ្រាធិរាជ (Mahinthrathirat) ដែលត្រូវជាព្រះអនុជបង្កើតរបស់ព្រះម្ចាស់ក្សត្រិយ៍ វិសុទ្ធក្សត្រ បានឡើងស្នងរាជ្យបន្តពីព្រះបិតា។

ប៉ុន្តែមិនបានមួយឆ្នាំផង ព្រះនគរស្រីអយុធ្យាក៏ត្រូវកងទ័ពភូមាវាយបំបែកបានសម្រេចនៅខែសីហា គ្រិស្តសករាជ ១៥៦៩ (ព.ស ២១១២)។ នៅពេលវាយបំបែកក្រុងស្រីអយុធ្យាបានសម្រេច ព្រះចៅភូមាបុរិន្ទណងបានបង្ខំឱ្យព្រះចៅមហិន្ទ្រាធិរាជផ្ទេររាជ្យសម្បត្តិថ្វាយព្រះចៅមហាធម្មរាជាធិរាជ ដែលជាក្សត្រចំណុះឱ្យខ្លួន ដើម្បីសោយរាជ្យនៅក្រុងស្រីអយុធ្យាជំនួស។

បន្ទាប់មក ព្រះចៅបុរិន្ទណងបានបញ្ជាឱ្យព្រះមហិន្ទ្រាធិរាជ ក្សត្រចាញ់សង្គ្រាមយាងទៅក្រុងហង្សាវតី ដើម្បីការពារគ្រោះកាចទៅថ្ងៃក្រោយ។ ក្នុងពេលគង់នៅក្រុងហង្សាវតីនោះ ព្រះមហិន្ទ្រាធិរាជកើតទុក្ខធ្លាក់ព្រះកាយប្រឈួនជាទម្ងន់ ដោយសារឈឺព្រះទ័យនឹងការឈ្លានពានរបស់ភូមាទៅលើប្រជាជាតិសៀមនាសម័យនោះ រហូតដល់គ្រិស្តសករាជ ១៥៦៩ (ព.ស ២១១២) ព្រះអង្គក៏បានចូលទិវង្គតនៅក្រុងហង្សាវតីក្នុងព្រះជន្មាយុ ៣០ព្រះវស្សា។

សូមជម្រាបថា នៅពេលព្រះចៅបុរិន្ទណងដកទ័ពទៅក្រុងហង្សាវតីជាមួយព្រះមហិន្ទ្រាធិរាជខាងលើនោះ ព្រះនាងសោភ័ណកល្យា ដែលជាព្រះរៀមរបស់ព្រះនរេសូរ ក៏ត្រូវបានយាងទៅក្រុងហង្សាវតីជាមួយព្រះញាតិវង្សសៀមដទៃទៀតដែរ ដោយព្រះនាងត្រូវបង្ខំឱ្យរៀបអភិសេកជាមួយព្រះចៅបុរិន្ទណង ដែលមានព្រះជន្មស្មើនឹងព្រះបិតារបស់ខ្លួន (ព្រះចៅបុរិន្ទណង និង ព្រះចៅមហាធម្មរាជាធិរាជ ប្រសូត្រនៅគ្រិស្តសករាជ ១៥០៩ ដូចគ្នា)។ តែទោះជាយ៉ាងណា ព្រះសោភ័ណកល្យាមិនពេញចិត្តនឹងព្រះរាជពិធីរាជាភិសេកនេះឡើយ។ ថ្វីដ្បិតតែព្រះចៅមហាធម្មរាជាធិរាជ ឡើងសោយរាជ្យសម្បត្តិនៅក្រុងស្រីអយុធ្យាក៏ពិតមែន ប៉ុន្តែព្រះអង្គនៅតែជាក្សត្រចំណុះឱ្យអំណាចក្រុងហង្សាវតីនៃសាសន៍ភូមារាមញ្ញដដែល។

អំពីព្រះនរេសូរវិញ ក្នុងពេលគង់នៅក្រុងហង្សាវតី ព្រះអង្គបានចូលសាងព្រះផ្នួសជាមួយព្រះគ្រូចៅអធិការវត្តស្វេដាហ្កន និងបានសិក្សារៀនសូត្រព្រះធម៌ព្រះពុទ្ធសាសនា ក្បាច់គុន មន្តវិជ្ជាការ យុទ្ធសាស្ត្រ វប្បធម៌ អរិយធម៌ និងរបៀបរបបនៃការរស់នៅរបស់ជនមន-ភូមារាមញ្ញនៅទីនោះផងដែរ។ លុះឈានដល់វ័យជំទង់ ព្រះអង្គបានលាចាកព្រះផ្នួស ហើយបានលួចរត់យាងមកក្រុងស្រីអយុធ្យាវិញ ហើយក៏បានជួបជុំជាមួយព្រះមាតាព្រះបិតាវិញ។ ក្នុងព្រះជន្ម១៦ព្រះវស្សា ព្រះអង្គម្ចាស់នរេសូរត្រូវបានព្រះបិតាត្រាស់បង្គាប់តែងតាំងជាព្រះមហាឧបរាជ និងគ្រប់គ្រងនៅក្រុងពិស្ណុលោក នាគ្រិស្តសករាជ ១៥៧១ (ព.ស ២១១៤) ប៉ុន្តែប្រហែលជាស្ថិតក្រោមចំណុះនគរហង្សាវតីដដែល។

នៅគ្រិស្តសករាជ ១៥៨១ (ព.ស ២១២៤) ព្រះចៅបុរិន្ទណងក៏បានសោយទិវង្គតនៅក្រុងហង្សាវតី ហើយព្រះរាជបុត្ររបស់ព្រះអង្គ ដែលជាព្រះមហាក្សត្រសោយរាជ្យនៅនគរអង្គវៈ (Ava) គឺព្រះចៅនិន្ទបុរិន្ទ ក្នុងភាសាភូមាហៅថា ណាន់ដាបាយិន (Nanda Bayin) ក៏បានក្លាយជាព្រះមហាក្សត្រថ្មីនៃប្រជានុរាស្ត្រមន-ភូមារាមញ្ញទាំងមូល ហើយបានត្រាស់បង្គាប់តែងតាំងព្រះអង្គម្ចាស់ម័ង្គរាយ ឬក្នុងភាសាភូមាហៅថា មីងយិនវ៉ា (Mingyin Swa) ជាព្រះមហាឧបរាជ។ ព្រះអង្គម្ចាស់ម័ង្គរាយ ប្រសូត្រនាថ្ងៃទី២៧ ខែវិច្ឆិកាគ្រិស្តសករាជ ១៥៥៨ នៅក្រុងហង្សាវតី។

ត្រង់ចំណុចនេះក៏សូមបញ្ជាក់ដែរថា ផែនដីភូមានាសម័យនោះមាននគរច្រើនជាចំណុះ ដូចជា នគរហង្សាវតី (Hongsawadi) នគរអង្គវៈ (Ava) នគរតុងអ៊ូ (Taungoo) នគរឰរខ័ន (Arakan) នគរព្រហ្ម (Prome) ជាដើម ប៉ុន្តែថ្វីដ្បិតនគរទាំងនេះមានជនជាតិផ្សេងៗរស់នៅក៏ដោយ ក៏ពួកគេស្ថិតក្រោមការបង្រួបបង្រួមរបស់ព្រះមហាក្សត្រភូមាតែមួយ ហើយក៏មានការបញ្ជូនព្រះរាជវង្សភូមាទៅគ្រងរាជ្យនៅនគរទាំងនោះផងដែរ។

ងាកមកព្រឹត្តិការណ៍នៅក្រុងលង្វែកនៃព្រះរាជាណាចក្រខ្មែរឯណេះវិញ៖ នៅគ្រិស្តសករាជ ១៥៧០ (ព.ស ២១១៣) ព្រះបាទបរមរាជា បានយាងទៅគង់នៅខេត្តមហានគរ (សៀមរាប-អង្គរបច្ចុប្បន្ន) ដើម្បីកេណ្ឌកងទ័ពធ្វើសង្គ្រាមរំដោះយកអាណាខេត្តខ្មែរភាគខាងលិច ដែលសៀមបានច្បាំងដណ្ដើមយកពីខ្មែរកាលពីរាជ្យសម័យមុនៗ។

នៅគ្រិស្តសករាជ ១៥៧៤ (ព.ស ២១១៧) កងទ័ពភូមារបស់ព្រះចៅបុរិន្ទណងវាយពីភាគខាងលិច រីឯកងទ័ពខ្មែររបស់ព្រះបាទបរមរាជាវាយកៀបបពីភាគខាងកើត ធ្វើឱ្យព្រះមហាក្សត្រសៀមព្រះចៅមហាធម្មរាជាធិរាជ បង្ខំចិត្តចុះសន្ធិសញ្ញាជាមួយព្រះបាទបរមរាជា ប្រគល់ខេត្តមួយចំនួនមកឱ្យខ្មែរវិញ ក្នុងនោះរួមមានខេត្តនគររាជសីមា ខេត្តច័ន្ទបុរី ខេត្តបស្ចិមបុរី

នៅគ្រិស្តសករាជ ១៥៧៦ (ព.ស ២១១៩) ព្រះបាទបរមរាជា ព្រះមហាក្សត្រខ្មែរដ៏អង់អាចក្លាហានបានយាងសោយទិវង្គនៅក្រុងលង្វែក ហើយព្រះរាជបុត្រច្បង ព្រះបាទសត្ថាទី១ ក៏បានឡើងសោយរាជ្យស្នងពីព្រះបិតានៅក្រុងលង្វែក ចំណែកព្រះរាជបុត្រទី២ ព្រះអង្គម្ចាស់ស្រីសុរិយោពណ៌ ជាព្រះមហាឧបរាជ។

ខណៈដែលសៀមកំពុងជាប់ដៃច្បាំងជាមួយភូមា ព្រះបាទសត្ថាទី១ បែរជាចេញព្រះរាជបញ្ជាឱ្យព្រះមហាឧបរាជស្រីសុរិយោពណ៌ លើកទ័ពទៅជួយសៀមវាយបណ្ដេញកងទ័ពភូមា ព្រោះតែអនុវត្តតាមសន្ធិសញ្ញាខ្មែរ-សៀម ដែលបានចុះកិច្ចព្រៀមព្រៀងកាលពីរជ្ជកាលព្រះបរមរាជា រហូតជួយឱ្យសៀមអាចរើបម្រាស់ខ្លួនពីអំណាចត្រួតត្រារបស់ភូមាបានសម្រេច ហើយបានប្រកាសឯករាជ្យសៀម ចាប់ពីខែឧសភា គ្រិស្តសករាជ ១៥៨៤ (ព.ស ២១២៧)។

ដោយទទួលបានជំនួយពីកងទ័ពខ្មែរពីក្រុងលង្វែក កងទ័ពលាវពីនគរដំរីមួយលាន (Lan Xang) កងទ័ពនគរស្រែមួយលាន (Lan Na – Chiang Mai) កងទ័ពព័រទុយកាល់ (Portuguese) កងទ័ពជប៉ុន (Japanese) ផងនោះ ព្រះអង្គម្ចាស់នរេសូរ បានងើបរើបម្រាស់ពីអំណាចត្រួតត្រារបស់ភូមា ហើយបានប្រកាសឯករាជ្យសៀម ចាប់ពីខែឧសភា គ្រិស្តសករាជ ១៥៨៤ (ព.ស ២១២៧)។

ចំណែកឯព្រះចៅនិន្ទបុរិន្ទ បានបញ្ជាឱ្យព្រះមហាឧបរាជម័ង្គរាយដឹកនាំកងទ័ពមកកម្ចាត់ព្រះអង្គម្ចាស់នរេសូរនៅក្រុងអយុធ្យា នៅគ្រិស្តសករាជ ១៥៨៥ (ព.ស ២១២៨) ប៉ុន្តែកងទ័ពរបស់ព្រះអង្គម្ចាស់ម័ង្គរាយវាយបំបែកក្រុងអយុធ្យាមិនបានសម្រេចសោះ ព្រះអង្គក៏ត្រូវបង្ខំចិត្តដកទ័ពត្រលប់ទៅខេត្តកំពែងពេជ្រ (Kampaengphet) វិញ ប៉ុន្តែជាអកុសល ក្រុងកំពែងពេជ្រក៏កំពុងទទួលរងការវាយបំបែកពីសំណាក់កងទ័ពរបស់ព្រះអង្គម្ចាស់នរេសូរយ៉ាងក្ដៅគគុកផងដែរ ពីព្រោះខេត្តកំពែងពេជ្រ ធ្លាប់ជាទឹកដីរបស់សៀម (ក្រោយដណ្ដើមបានពីខ្មែរ) ដូច្នេះព្រះអង្គម្ចាស់នរេសូរត្រូវតែដណ្ដើមយកមកវិញ។

ព្រះចៅនិន្ទបុរិន្ទ បានលើកទ័ពសំដៅទៅក្រុងអយុធ្យាតាមក្រោយ ដើម្បីជួយព្រះរាជបុត្ររបស់ព្រះអង្គ។ នៅពេលទៅដល់ក្រុងអយុធ្យា កងទ័ពរបស់ព្រះចៅនិន្ទបុរិន្ទបានព្យាយាមវាយបំបែកក្រុងមួយនេះខ្លាំងណាស់ដែរ តែនៅតែមិនបានសម្រេច ទ្រង់ក៏បញ្ជាឱ្យកងទ័ពឡោមព័ទ្ធក្រុងអយុធ្យាអស់រយៈពេល៥ខែ។ រីឯកងទ័ពរបស់ព្រះអង្គម្ចាស់នរេសូរឯណោះវិញ នៅពេលដណ្ដើមយកបានក្រុងកំពែងពេជ្របានហើយ ព្រះអង្គនិងព្រះឯកាទសរដ្ឋ បានដឹកនាំកងទ័ពជើងទឹកចូលទៅបំបែកក្បួនកងទ័ពរបស់ព្រះចៅនិន្ទបុរិន្ទ ដែលកំពុងឡោមព័ទ្ធក្រុងអយុធ្យានោះ។

កងទ័ពរបស់ព្រះចៅនិន្ទបុរិន្ទក៏ត្រូវកងទ័ពរបស់ព្រះអង្គម្ចាស់នរេសូរវាយបកវិញ តាមចម្បាំងផ្លូវទឹកនៅទន្លេចៅព្រះពញា (Chao Praya)

បរាជ័យដ៏ធ្ងន់ធ្ងរក្នុងសង្គ្រាមនេះ ព្រះចៅនិន្ទបុរិន្ទសឹងតែត្រូវក្ស័យព្រះជន្មដោយសារកាំភ្លើងធំរបស់ទ័ពព្រះអង្គម្ចាស់ នរេសូរផ្លោងចំប៉មខ្ពស់មួយរបស់ព្រះចៅនិន្ទបុរិន្ទ ដែលកំពុងឈរបញ្ជាទ័ពជាមួយព្រះអង្គម្ចាស់ម័ង្គរាយ ធ្វើឱ្យប៉មនោះឆេះបាក់ធ្លាក់លើព្រះចៅនិន្ទបុរិន្ទ បណ្ដាលឱ្យឆេះរោលរាលពេញព្រះភក្ត្រ និងព្រះកាយមួយកំណាត់លើ។
ក្នុងពេលព្រះចៅនិន្ទបុរិន្ទកំពុងរងរបួសធ្ងន់ ព្រះអង្គម្ចាស់ម័ង្គរាយជាអ្នកបញ្ជាកងទ័ពហង្សាវតីជំនួស ហើយព្រះអង្គក៏បង្ខំព្រះទ័យដកកងទ័ពត្រលប់ទៅក្រុងហង្សាវតីវិញ ជាបន្ទាន់នៅគ្រិស្តសករាជ ១៥៨៧ (ព.ស ២១៣០)។

នាអំលុងខែមិថុនា គ្រិស្តសករាជ ១៥៩០ (ព.ស ២១៣៣) ព្រះចៅមហាធម្មរាជាធិរាជ បានយាងសោយទិវង្គតក្នុងជន្មាយុ ៧៥ ព្រះវស្សានៅក្រុងស្រីអយុធ្យា។ ព្រះចៅនរេសូរ ក៏បានឡើងគ្រងរាជ្យបន្តពីព្រះបិតា ជាព្រះមហាក្សត្រនៃអាណាចក្រទាំងមូលក្នុងព្រះជន្មាយុ ៣៥ ព្រះវស្សានៅក្រុងស្រីអយុធ្យា និងបានត្រាស់បង្គាប់តែងតាំងព្រះអង្គម្ចាស់ឯកាទសរដ្ឋ ជាព្រះមហាឧបរាជ។ កន្លងទៅ៤ខែក្រោយមក ពោលគឺក្នុងគ្រិស្តសករាជ ១៥៩០ ដដែល ព្រះមហាឧបរាជម័ង្គរាយ បានលើកទ័ពមកវាយលុកក្រុងស្រីអយុធ្យាសាជាថ្មីទៀត ប៉ុន្តែបែរជាទទួលបរាជ័យក្នុងចម្បាំងជាមួយកងទ័ពរបស់ព្រះចៅនរេសូរ ព្រះមហាក្សត្រថ្មីនៃក្រុងអយុធ្យា។

ដោយមិនអស់ព្រះទ័យនឹងការបរាជ័យនេះ នៅគ្រិស្តសករាជ ១៥៩២ (ព.ស ២១៣៥) ព្រះអង្គម្ចាស់ភូមាម័ង្គរាយ បានលើកទ័ពមកច្បាំងជាមួយអយុធ្យាម្ដងទៀត ហើយព្រះចៅនរេសូរ និងព្រះអង្គម្ចាស់ឯកាទសរដ្ឋ ក៏បានលើកទ័ពទៅតទល់ជាមួយកងទ័ព ព្រះអង្គម្ចាស់ម័ង្គរាយ នៅខេត្តសោភ័ណបុរី (Suphanburi) ដើម្បីការពារបន្ទាយនៅទីនោះ។ ក្នុងសមរភូមិសង្គ្រាមនាពេលនោះ ដំរីចម្បាំងរបស់ព្រះចៅនរេសូរបានចុះប្រេង ហើយក៏ផ្អើលរត់ទៅចូលក្នុងចំណោមកងទ័ពភូមាដ៏ច្រើនមហិមា។

ជុំវិញព្រះកាយរបស់ព្រះអង្គពោរពេញទៅដោយកងទ័ពសត្រូវ ព្រះចៅនរេសូរ ក៏បានបបួលព្រះអង្គម្ចាស់ម័ង្គរាយច្បាំងដោយលំពែងលើខ្នងដំរីចម្បាំងមួយទល់មួយ ដើម្បីដោះទាល់មួយគ្រា ពីព្រោះប្រសិនបើច្បាំងដោយកម្លាំងទ័ពច្បាស់ណាស់ថា ភាគីព្រះចៅនរេសូរនឹងចាញ់ក្សិណក្ស័យព្រះជន្មមិនខាន ប៉ុន្តែប្រសិនបើច្បាំងមួយទល់មួយ ប្រហែលជាអាចឈ្នះ ឬអាចចាញ់។ ដោយសេចក្ដីប្រមាទ និងអំនួត ម្យ៉ាងដោយជឿជាក់ថាដំរីចម្បាំងរបស់ព្រះអង្គមានកម្លាំងខ្លាំងមហិមាផង ព្រះមហាឧបរាជម័ង្គរាយ ក៏បានយល់ព្រមជាមួយព្រះចៅនរេសូរ។

ក្នុងចម្បាំងលើខ្នងដំរីនាពេលនោះ ប្រវត្តិសាស្ត្រថៃប្រសិទ្ធនាមថា សង្គ្រាមយុទ្ធហត្ថី (Songkram Yutthahatthi)។ ជាអកុសល ក្នុងសង្គ្រាមយុទ្ធហត្ថីនេះ ព្រះមហាឧបរាជម័ង្គរាយជាអ្នកទទួលបរាជ័យ ដោយត្រូវព្រះចៅនរេសូរកាប់ចំនួន២លំពែងចំព្រះសុរង និងព្រះកច្ឆៈខាងស្ដាំ សុគតលើកដំរីចម្បាំងនាគ្រិស្តសករាជ ១៥៩៣ (ព.ស ២១៣៦)។ ជ័យជម្នះក្នុងសមរភូមិយុទ្ធហត្ថីនៅសោភ័ណបុរីទាំងមូលបានទៅលើកងទ័ពសៀមរបស់ព្រះចៅនរេសូរ និងព្រះមហាឧបរាជឯកាទសរដ្ឋ។

បន្ទាប់ពីទទួលបានជ័យជម្នះក្នុងសង្គ្រាមនៅខេត្តសោភ័ណបុរី ព្រះចៅនរេសូរ និងព្រះឯកាទសរដ្ឋ បានដឹកនាំកងទ័ពទៅកាន់ក្រុងកុម្ភៈ (Kumpa) និងបានបន្តទៅដល់នគរស្រីធម្មរាជ (Nakhon Sri Thammarat)

បន្ទាប់ពីវាយយកនគរស្រីធម្មរាជនៅភាគខាងត្បូងបានសម្រេចហើយ ព្រះចៅនរេសូរបានបន្តលើកទ័ពមកវាយលុកក្រុងលង្វែករបស់ខ្មែរ នារជ្ជកាលព្រះបាទជ័យជេដ្ឋាទី១ ដែលត្រូវជាព្រះរាជបុត្ររបស់ព្រះបាទសត្ថាទី១។ ក្នុងយុទ្ធនាការលុកលុយក្រុងលង្វែកលើកទី១ នៅគ្រិស្ដសករាជ ១៥៨៨ (ព.ស ២១៣១) ព្រះអង្គបានបញ្ជាឱ្យចៅហ្លួងសេនា រាជមនោ (Rat Manu) ដែលជាមេទ័ពជំនិតរបស់នរេសូរ ដឹកនាំទ័ពសៀមចូលវាយយកលង្វែក ប៉ុន្តែមិនបានសម្រេចនោះឡើយ ដោយសារក្រុងលង្វែកមានកំពែងការពាររឹងមាំ។

លុះដល់គ្រិស្តសករាជ ១៥៩៣ (ព.ស ២១៣៦) ទើបសៀមលើកទ័ពមកជាលើកទី២ ព្រមទាំងវាយយកក្រុងលង្វែកបានសម្រេចជាស្ថាពរនៅគ្រិស្ដសករាជ ១៥៩៤ (ព.ស ២១៣៧)។

នៅខែធ្នូ គ្រិស្តសករាជ ១៥៩៥ (ព.ស ២១៣៨) ព្រះចៅនរេសូរ និងព្រះអង្គម្ចាស់ឯកាទសរដ្ឋ បានលើកទ័ពចូលវាយលុកក្រុងហង្សាវតីវិញម្ដង ប៉ុន្តែមិនអាចវាយបែកក្រុងហង្សាវតីនោះឡើយ ដូច្នេះហើយព្រះអង្គក៏បានដកទ័ពត្រលប់មកក្រុងស្រីអយុធ្យាវិញ។

នៅគ្រិស្តសករាជ ១៥៩៩ (ព.ស ២១៤២) ព្រះចៅនរេសូរ និងព្រះអង្គម្ចាស់ឯកាទសរដ្ឋ បានដឹកនាំកងទ័ពចូលលុកលុយក្រុងហង្សាវតីម្ដងទៀត ប៉ុន្តែរាជធានីរបស់មនមួយនេះ ត្រូវបានវាយកម្ទេចដោយកងទ័ពនគរតុងអ៊ូមុនបាត់ទៅហើយ។

នៅគ្រិស្តសករាជ ១៦០០ (ព.ស ២១៤៣) ព្រះចៅនរេសូរ និងព្រះអង្គម្ចាស់ឯកាទសរដ្ឋ បានដឹកនាំទ័ពចូលទៅវាយលុកក្រុងតុងអ៊ូ ប៉ុន្តែច្បាំងបំបែកមិនបានសម្រេចនោះឡើយ ហើយព្រះអង្គក៏បានដកទ័ពមកក្រុងអយុធ្យាវិញ នាខែឧសភា ឆ្នាំដដែល។ លុះដល់ខែវិច្ឆិកា គ្រិស្តសករាជ ១៦០០ (ព.ស ២១៤៣) ព្រះចៅនិន្ទបុរិន្ទក៏បានចូលទិវង្គតនៅក្រុងហង្សាវតី ក្នុងព្រះជន្មាយុ៦៥ព្រះវស្សា។

នៅគ្រិស្តសករាជ ១៦០៣ (ព.ស ២១៤៦) ព្រះចៅក្រុងអង្គវៈមួយព្រះអង្គទៀតបានក្លាយជាព្រះមហាក្សត្រ នៃប្រជានុរាស្ត្រភូមារាមញ្ញជំនួសព្រះចៅនិន្ទបុរិន្ទ ដោយមានព្រះបរមនាមថា ព្រះចៅស្រីសុធម្មរាជា ក្នុងភាសាភូមាហៅថា ព្រះចៅណេយ៉ោងយ៉ាន (Nyaungyan) ប្រសូត្រនៅគ្រិស្តសករាជ ១៥៥៥ និងសោយទិវង្គតនៅគ្រិស្តសករាជ ១៦០៥។

នៅគ្រិស្តសករាជ ១៦០៤ (ព.ស ២១៤៧) ព្រះចៅនរេសូរ និងព្រះមហាឧបរាជឯកាទសរដ្ឋ បានដឹកនាំកងទ័ពទៅច្បាំងជាមួយនគរអង្គវៈ ដោយឆ្លងកាត់តាមនគរស្រែមួយលាន-ឈៀងម័យ ប៉ុន្តែក្នុងពេលនោះព្រះអង្គក៏បានធ្លាក់ព្រះកាយប្រឈួនជាទម្ងន់។ ព្រះរោគរបស់ទ្រង់កាន់តែមានសភាពខ្លាំងឡើងៗ រហូតដល់សោយទិវង្គតនាគ្រិស្តសករាជ ១៦០៥ (ព.ស ២១៤៨) នៅនគរស្រែមួយលាន-ឡានណា-ឈៀងម័យ ក្នុងព្រះជន្មាយុ ៥០ព្រះវស្សា។ ក្រោយព្រះចៅនរេសូរយាងសោយទិវង្គត ព្រះចៅឯកាទសរដ្ឋ ក៏បានឡើងស្នងរាជ្យសម្បត្តិបន្តពីព្រះរៀម។

ព្រះចៅនរេសូរ មានព្រះមហេសីចំនួន៣ព្រះអង្គ រួមមាន៖ ព្រះមហេសីដើមជាជនជាតិមនគឺ ព្រះនាងចៅគ្រូមុនីច័ន្ទ (Chao Khrua Manichan) រៀបអភិសេកនៅឆ្នាំ១៥៩០ ព្រះមហេសីទី២ជាជនជាតិសៀមគឺ ព្រះនាងឯកក្សត្រិយ៍ (Ek-Kasattre) រៀបអភិសេកនៅឆ្នាំ១៥៩៥ និងព្រះមហេសីទី៣ជាជនជាតិភូមាគឺ ព្រះនាងចូឌាមីពញា (Yodia Me Praya) រៀបអភិសេកនៅឆ្នាំ១៦០០។

ព្រះចៅនរេសូរ ត្រូវបានប្រជានុរាស្ត្រសៀមថ្វាយព្រះគោរមងារថា សម្ដេចព្រះនរេសូរមហារាជ ឬ Prabath Samdeth Pra Naresuan Maharat ឬ King Naresuan the Great ជាព្រះមហាវីរក្សត្រដ៏អង់អាចក្លាហានមួយព្រះអង្គក្នុងចំណោមព្រះមហាវីរក្សត្រ៧ព្រះអង្គ ក្នុងប្រវត្តិសាស្ត្រជនជាតិនិយាយភាសាត័យ