(ពិភពលោក)៖ នៅពេលណាគេនិយាយពីក្មេងដែលមានលុយច្រើន ភាគច្រើនគេគិតថា អ្នកទាំងនោះ គឺជាសែស្រឡាយ ឬកូនរបស់អ្នកជំនួញដែលល្បីឈ្មោះ និងមានសហគ្រាស ឬក្រុមហ៊ុនរាប់រយក្នុងដៃទូទាំងពិភពលោក។ តួយ៉ាងដូចជាកូនៗរបស់លោក ប៊ីល ហ្គេតស៍ គឺជាមហាសេដ្ឋីស្រាប់បាត់ទៅហើយ ព្រោះដោយសារមរតកឪពុករបស់ពួកគេ ដែលជាអ្នកមានលំដាប់ពិភពលោក។

ផ្ទុយទៅវិញ ក្មេងមួយចំនួនក្លាយជាអ្នកមាន មិនមែនដោយសារតែមរតកឪពុកម្តាយឡើយ តែជាការមានបានដោយសារសមត្ថភាព និងទេពកោសល្យផ្សេងៗរបស់ពួកគេ ក្នុងការទទួលបានប្រាក់ចំណូល។ តើប្រិយមិត្តអ្នកអានស្គាល់នរណាខ្លះ ដែលជាសេដ្ឋីវ័យក្មេង?

Fresh News Plus សូមចែករំលែកចំណេះដឹងទូទៅមួយ ស្តីពីក្មេងចំនួន ១០រូប ដែលជាមហាសេដ្ឋី នៅក្នុងឆ្នាំ២០២០ ដូចខាងក្រោមនេះ៖

១៖ ព្រះអង្គម្ចាស់ ចច អាឡិចសង់ល្វី មានលុយ១០០០លានដុល្លារ 

 

ក្មេងដែលមានលុយច្រើនបំផុតលើលោកយើងនេះ គឺជាព្រះអង្គម្ចាស់ ចច អាឡិចសង់ល្វី (Prince George Alexander Louis) ដែលមានលុយសរុប ១០០០លានដុល្លារអាមេរិក គិតមកដល់ពេលនេះ។ កើតនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៣ សែស្រឡាញរាជវង្សអង់គ្លេសរូបនេះត្រូវបានគេស្គាល់ជាទូទៅថា ព្រះអង្គម្ចាស់ ចចរបស់ខេមប្រ៊ីដ (Prince George of Cambridge) ដែលជាក្មេងមានលុយច្រើនបំផុត។

នៅពេលដែលមានការវាយតម្លៃរកសេដ្ឋីវ័យក្មេងបំផុត និងថ្មីបំផុតនោះ ព្រះអង្គម្ចាស់ ចច នឹងជាប់ចំណាត់ថ្នាក់លេខ១ លើតារាងឈ្មោះយ៉ាងពិតប្រាកដ។ លុយរបស់ទ្រង់ច្រើននោះ ដោយសារទ្រង់ប្រសូត្រនៅក្នុងសែរាជវង្សនេះឯង។

២៖ ហ្វីប៊ី អាដេលី ហ្គេតស៍ មានលុយ១០០០លានដុល្លារ 

 

ហ្វីប៊ី អាដេលី ហ្គេតស៍ (Phoebe Adele Gates) គឺជាកូនស្រីរបស់មហាសេដ្ឋី ប៊ីល ហ្គេត ប៉ុន្តែក្មេងស្រីរូបនេះ មិនសូវល្បីឈ្មោះលើបណ្តាញសង្គមទេ ដោយសារឪពុកម្តាយរបស់នាង ចូលចិត្តរក្សាឯកជនភាពដល់កូនៗ។ បន្ថែមលើនេះ មិនមានព័ត៌មានច្រើន ក្នុងការរៀបរាប់ពីក្មេងស្រីម្នាក់នេះឡើយ។

ទោះបីជាយ៉ាងណាក៏ដោយ ដោយសារកើតជាកូនពៅគេក្នុងគ្រួសារមហាសេដ្ឋី ហ្វីប៊ី អាដេលី ហ្គេតស៍ ត្រូវបានកំណត់ទុកថា នឹងក្លាយជាមរតកជន ដែលនឹងទទួលមរតកយ៉ាងមហាសាល ពីឪពុកម្តាយនាង ក្រោយពេលពួកគាត់លាចាកលោកទៅ។ សម្រាប់ការប៉ាន់ស្មានបណ្តោះអាសន្ន នាងនឹងទទួលបានមរតកលើសពី ១០០០លានដុល្លារអាមេរិក ដែលនាំឲ្យនាងជាប់ឈ្មោះក្នុងបញ្ជី ជាសេដ្ឋីនីទាំងវ័យក្មេង។

៣៖ ប៊្លូ អ៉ីវី ខាតធឺ មានលុយ១០០០លានដុល្លារ 

 

ប៊្លូ អ៉ីវី (Blue Ivy Carter) ជាប់ក្នុងបញ្ជីឈ្មោះ ក្មេងដែលមានលុយច្រើនបំផុត នៅសហរដ្ឋអាមេរិក។ ជាការពិតហើយគ្មានជីវិតណា សំណាងជាងការដែលបានកើតជាកូនអ្នកមានឡើយ ខណៈក្មេងស្រីម្នាក់នេះគឺជាកូនស្រីរបស់តារាងចម្រៀងដ៏ល្បីល្បាញ គឺលោកស្រី ប៊ីយ៉ន់សេ (Beyoncé) និងលោក ចេ ហ្សិត (Jay-Z)។

គេជឿថា ប្ល៊ូ អីវី មានលុយខ្ទង់១០០០លានដុល្លារ ហើយលុយនេះតែងតែកើនឡើងជាលំដាប់។ លើសពីនេះបន្ទាប់ពីមរណភាពឪពុកម្តាយនាង ក្មេងស្រីរូបនេះនឹងទទួលមរតក និងទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារ បន្ថែមទៀតផងដែរ។

៤៖ ស៊ូរី ខ្រួស មានលុយ៨០០លានដុល្លារ 

 

ស៊ូរី ខ្រូស (Suri Cruise) គឺជាមនុស្សម្នាក់ ដែលស្ថិតក្នុងក្រុមក្មេងដែលមានលុយច្រើនបំផុត ដោយសារកើតក្នុងត្រកូលអភិជន គឺលោក ថម ខ្រួស (Tom Cruise) និងលោកស្រី ខាធី ហូលម៉េស (Katie Holmes)។ ក្មេងរូបនេះក៏ដូចជាក្រុមក្មេងដទៃទៀតដែរ ដែលមិនធ្វើការអ្វីសោះ តែមានលុយហូរចូលយ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយលុយទាំងនោះ គឺជាផលចំណែកមរតកសាសន៍ បន្ទាប់ពីឪពុកម្តាយស្លាប់ទៅ។

បន្ថែមលើនេះ ប្រាក់របស់ ស៊ូរី មួយផ្នែកទៀត គឺជាចំណូលដែលបានពីការថតបង្ហាញផលិតផលលើបណ្តាញ Instagram ដោយសារនាងមានអ្នក Follow ច្រើន។ នៅពេលអាយុ១៣ឆ្នាំ ស៊ូរី ជាប់ឈ្មោះក្នុងបញ្ជីក្មេងដែលមានលុយច្រើនបំផុត។

៥៖ ណុកចូលី ភីត និងវីវ្យែនចូលី ភីត មានលុយ២០០លានដុល្លារ 

 

ណុកចូលី ភីត និងវីវ្យែនចូលី ភីត (Knox Jolie Pitt and Vivienne Jolie Pitt) គឺជាកូនភ្លោះរបស់តារាសម្តែង ប្រេដ ភីត (Brad Pitt) និងលោកស្រី អ៊ែនជេលីណា ចូលី (Angelina Jolie)។ លុយរបស់ពួកគេ បានកើតឡើងបន្តិចម្តងៗ ចាប់តាំងពីពួកគេចាប់កំណើតមកម្លេះ ដោយសារតែការលក់រូបថត។

រូបថតដំបូងរបស់ក្មេងទាំង២ លក់ក្នុងតម្លៃ ១លានដុល្លារអាមេរិក ដែលជារូបថតកូនក្មេងមានតម្លៃថ្លៃបំផុត។ បន្ថែមលើសំណាងពួកគេទៀតនោះ លុយភាគច្រើនបានមកពីចំណែកមរតកសាសន៍ ក្នុងគ្រួសារនេះ។

៦៖ អេមី និងម៉ាក្សមីលៀន ម៉ូនីហ្ស មានលុយ២០០លានដុល្លារ 

 

អេមី និងម៉ាក្សមីលៀន ម៉ូនីហ្ស (Emme and Maxmilian Muniz) ត្រូវបានចាត់ទុកថា ជាក្មេងដែលមានលុយច្រើនបំផុតផងដែរ ដោយសារកើតមកក្នុងត្រកូលតារាងចម្រៀងល្បីល្បាញ គឺលោក ម៉ាក អាន់តូនី (Marc Anthony) និងតារាងសម្តែង ជេនីហ្វឺ ឡូប៉េហ្ស៍ (Jenifer Lopez)។ ចាប់តាំងពីថ្ងៃកើតមកដំបូង ក្មេងទាំង២នេះ ក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងភ្លាម ហើយបានចំណូលពីភាពល្បីល្បាញនេះឯង។

លើសពីនេះទៅទៀត មូលហេតុដ៏ចម្បង ដែលធ្វើឲ្យពួកគេមានប្រាក់ចំណូលទាំងនៅក្មេង ដោយសារតែកិត្តិសព្ទម្តាយ ដែលជាតារាងសម្តែងអាមេរិក។ ប្រាក់សន្សំរបស់ក្មេងទាំងពីរ ត្រូវបានគេប៉ាន់ប្រមាណថា មានចំនួនប្រហែល ២០០លានដុល្លារអាមេរិក។

៧៖ ដានីលីន ប៊ឺឃើត មានលុយ៥៩លានដុល្លារ 

 

ដានីលីន ប៊ឺឃើត (Danneilynn Birkhead) គឺជាក្មេងម្នាក់ជាប់ឈ្មោះក្នុងបញ្ជី អ្នកមានវ័យក្មេងក្នុងពិភពលោក ដោយសារតែមរតកដែលផ្តល់ពីម្តាយរបស់នាង គឺលោកស្រី អាន់ណា នីកូល (Anna Nicole)។

ក្រៅពីការស្នងមរតកម្តាយ ដែលធ្វើឲ្យខ្លួនក្លាយជាសេដ្ឋីនីវ័យក្មេង ប៊ឺឃើត ក៏ចាប់ផ្តើមមានឈ្មោះជាតារាល្បីផងដែរ បន្ទាប់ពីនាងត្រូវបានជ្រើសរើសឲ្យឈរឈ្មោះជា Guess Girl's Spring Line in 2013 ។

៨៖ នីក ដាឡយស្យូ មានលុយ៣០លានដុល្លារ 

 

នីក ដាឡយស្យូ (Nick Daloisio) គឺជាបុគ្គលមួយរូប ដែលធ្វើឲ្យខ្លួនគាត់ក្លាយជាសេដ្ឋីវ័យក្មេងដោយខ្លួនឯង នៅក្នុងសហរាជាណាចក្រ United Kingdom (អង់គ្លេស និងអៀកឡង់ខាងកើត)។ លុយរបស់គាត់ បានមកពីជំនាញកម្មវិធីខាងកុំព្យូទ័រ និងក្រុមហ៊ុន ដែលគាត់បង្កើតឡើងកាលពីគាត់មានអាយុ ១៥ឆ្នាំ។ ក្នុងនាមជាអ្នកជំនាញខាងបច្ចេកវិទ្យា ផលិតផលដែលត្រូវបានក្មេងប្រុសរូបនេះបង្កើតគឺ Summly ដែលជាកម្មវិធីទូរស័ព្ទសម្រាប់ iOS ហើយគាត់លក់ទៅក្រុមហ៊ុន Yahoo ក្នុងតម្លៃ ៣០លានដុល្លារអាមេរិក។

នីក ក៏ត្រូវបានផ្តល់ឈ្មោះថា «តក្កករប្រចាំឆ្នាំ» ដោយសារព័ត៌មាន the Wallstreet Jounal និងត្រូវបានយកមកផ្សាយថា ជាបុគ្គលមានលក្ខណៈពិសេស ក្នុងបញ្ជីឈ្មោះ «ក្មេងដ៏មានឥទ្ធិពលបំផុត» នៅក្នុងទស្សនាវដ្តី Time។ គាត់ទទួលបានពាន the Apple Design Award កាលពីឆ្នាំ២០១៤ ហើយទទួលបានប្រាក់រង្វាន់ជាច្រើនទៀតផងដែរ។

៩៖ អាប៊ីជេល ប្រេស្លីន មានលុយ១២លានដុល្លារ 

 

អាប៊ីជេល ប្រេស្លីន (Abigail Breslin) គឺជាតារាចម្រៀង និងជាតារាសម្តែងជនជាតិអាមេរិក ដែលបានចាប់ផ្តើមអាជីព កាលពីគាត់មានអាយុបាន ៣ឆ្នាំ។ ថ្មីៗនេះ គាត់ត្រូវបានគេឲ្យចំណាត់ថ្នាក់ ថាជាអ្នកសម្តែងដែលមានលុយច្រើនក្នុងពិភពលោក ក្នុងចំណោមអ្នកសម្តែងដទៃទៀត។ គាត់ថតរឿងដំបូង នៅក្នុងឆ្នាំ២០០២ គឺរឿងដែលមានចំណងជើងថា «Signs»។

រឿងនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីទស្សនិកជនជុំវិញពិភពលោក ហើយក៏ទទួលបានជោគជ័យខ្លាំង។ ក្រោយមក នាងដើរតួក្នុងរឿងកំប្លែង «Little Miss Sunshine» ដែលជាប្រការជោគជ័យមួយ របស់ក្រុមហ៊ុនផលិតរឿង និងធ្វើឲ្យនាងទទួលបានប្រាក់ចំណូលខ្ទង់លានតែម្តង។

១០៖ ចាដែន ស្មីត មានលុយ៨លានដុល្លារ 

 

ចាដែន ស្មីត (Jaden Smith) គឺជាកូនប្រុសរបស់តារាសម្តែង វីល ស្មីត (Will Smith)។ គាត់ចាប់ផ្តើមសម្តែង កាលពីឆ្នាំ២០០៦ ក្នុងរឿង The Pursuit Of Happyness ជាមួយឪពុកគាត់ ហើយបានឈ្នះពានរង្វាន់ MTV ដោយសារសមត្ថភាពសមត្ថភាពសម្តែង នៅក្នុងរឿងដំបូងនេះតែម្តង។

បន្ទាប់ពីនោះមក គាត់បានដើរតួក្នុងរឿងផ្សេងទៀត ហើយរឿងដែលល្បីល្បាញខ្លាំង រួមមាន The Karate Kid និង The Day the Earth Stood Still ៕

ប្រភព៖ TUKO សម្រួលអត្ថបទដោយ Fresh News Plus