(កម្ពុជា)៖ មានចម្ងល់ជាយូរមកហើយទាក់ទងនឹង «ព្រះកិរិយានៃព្រះបដិមាដើមរបស់ព្រះបាទជ័យវរ្ម័នទី៧» ដោយអ្នកស្រាវជ្រាវខ្លះធ្លាប់យល់ឃើញថា ព្រះអង្គមានកាយវិការសមាធិ គង់ពែនព្រះភ្នែន ក្បង់ព្រះហស្តទាំងសងខាងលើព្រះភ្នែន ប៉ុន្តែពុំទាន់មានភស្តុតាងបញ្ជាក់ច្បាស់លាស់អំពីការអះអាងនេះនៅឡើយទេ ទើបតែមួយរយៈពេលក្រោយមក អ្នកជំនាញក៏បានរកឃើញការពិត។
នៅក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៣៣ នៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅ ក្រុមការងារចម្រុះមកពីអាជ្ញាធរជាតិអប្សរា និងសាលាបារាំងចុងបូព៌ា បានបង្ហាញថា ព្រះកិរិយាដើមពិតប្រាកដនៃព្រះបដិមារបស់ព្រះបាទជ័យវរ្ម័នទី៧ គឺស្ថិតក្នុង «ព្រះកិរិយាលើកព្រះហស្ដប្រណម្យត្រឹមដើមទ្រូង»។
ចំពោះការអះអាងបែបនេះ ក្រុមការងារចម្រុះបានបង្ហាញភស្តុតាងជាច្រើនទាក់ទងនឹងការសិក្សាស្រាវជ្រាវទាំងផ្នែកប្រវត្តិសាស្ត្រ បុរាណវិទ្យា ការថតស្កែនវិភាគបែបវិទ្យាសាស្ត្រទៅលើទំហំ និងការផ្គុំបំណែកព្រះហត្ថដែលរក្សាទុកនៅអភិរក្សដ្ឋានអង្គរ ទៅនឹងដងខ្លួននៃបដិមាព្រះបាទជ័យវរ្ម័នទី៧ ពិតជាត្រូវគ្នាគ្រប់ជ្រុងជ្រោយត្រង់ចំណុចដែលតភ្ជាប់គ្នា។
ការរកឃើញនេះជាលទ្ធផលស្រាវជ្រាវថ្មីមួយ ដែលកើតចេញពីកិច្ចសហប្រតិបត្តិការរួមគ្នារវាងអ្នកជំនាញបារាំង និងអាជ្ញាធរជាតិអប្សរា ដែលបានស្រាយបំភ្លឺនូវចម្ងល់ និងភាពប្រទាំងប្រទើសគ្នាលើការយល់ឃើញផ្សេងគ្នាឱ្យងាកមកស្របគ្នាបាន៕