(ពិភពលោក)៖ Fresh News Plus ធ្លាប់បានចែករំលែកចំណេះដឹងទូទៅ ស្តីពីសត្វ១០ប្រភេទដែលមានអាយុខ្លីបំផុត ហើយក្នុងនេះមានសត្វខ្លះ រស់នៅបានតែមួយថ្ងៃប៉ុណ្ណោះក៏ស្លាប់ទៅ។
ផ្ទុយមកវិញ លើលោកយើងនេះ មានសត្វខ្លះមានជីវិតរាប់រយឆ្នាំឯណោះ ខណៈសត្វខ្លះទៀត រស់នៅមិនចេះស្លាប់ឡើយ។ តើអ្នកធ្លាប់ស្គាល់សត្វទាំងនោះទេ?
សូមប្រិយមិត្តអ្នកអាន ស្វែងយល់ពីចំណេះដឹងទូទៅ ស្តីពីសត្វ១១ប្រភេទ ដែលមានជីវិតវែងជាងគេបំផុត ក្នុងនោះមានសត្វ ១ប្រភេទ ដែលមានជីវិតអមតៈ ដូចខាងក្រោមនេះ៖
១៖ ត្រីឆ្លាមគ្រីនឡែនដ៍ (Greenland Shark)
ត្រីឆ្លាមគ្រីនឡែនដ៍ ឬអ្នកខ្លះហៅថាត្រីឆ្លាមប្រផេះ អាចរស់នៅបាន ២៧២ឆ្នាំ ហើយមានការអះអាងថា ឆ្លាមប្រភេទនេះមួយចំនួនខ្លះទៀត មានជីវិតរស់នៅជាអតិបរមារហូតដល់ទៅ ៣៩២ឆ្នាំ។ យ៉ាងនេះក្តី ឆ្លាមគ្រីនឡែនដ៍ ត្រូវបានគេចាត់ទុកថាជាប្រភេទសត្វ ដែលជិតនឹងរងការគំរាមកំហែង ដោយសារតែចំនួនឆ្លាមនេះ មានការថយចុះគួរឲ្យកត់សម្គាល់។
ត្រីឆ្លាមហ្គ្រីនឡែនដ៍ រស់នៅក្នុងមហាសមុទ្រអាក់ទិក និងអាត្លង់ទិចខាងជើង ដែលមានជម្រៅជាមធ្យមពី ៤.០០០ទៅ ៧,០០០ហ្វីត។ ត្រីឆ្លាមនេះ លូតលាស់យឺតៗ ដែលមានប្រវែងពី ៨ទៅ ១៤ហ្វីត នៅពេលពេញវ័យ។ គួរជម្រាបថា ឆ្លាមគ្រីនឡែនដ៍ ចាប់ត្រី និងបក្សីជាច្រើនប្រភេទ យកមកធ្វើជាអាហារ។
២៖ លៀសសមុទ្រ ជីអូដាក់ ឬលៀសប្រម៉ោងដំរី (Geoduck Clam)
លៀសសមុទ្រជីអូដាក់ ដែលជាសត្វរស់នៅក្នុងទឹកប្រៃនេះ រស់នៅបានលើសពី ១៦៥ឆ្នាំ។ សត្វប្រភេទនេះ លូតលាស់លឿនណាស់ បន្ទាប់ពីកើតមកភ្លាម ដែលជាមធ្យមវាលូតលាស់បាន ១អ៉ីញក្នុងមួយឆ្នាំ ក្នុងអំឡុងរយៈពេល ៤ឆ្នាំដំបូង។
លក្ខណៈសម្គាល់របស់លៀសសមុទ្រជីអូដាក់ គឺមានក ឬប្រម៉ោយវែង ហើយរូបរាងវាអាចលូតលាស់ មានប្រវែងបានលើសពី ៣ហ្វីត ខណៈដែលសំបកវាវិញ មានប្រវែងមិនលើសពី ៨អ៉ីញឡើយ។ សត្វប្រភេទនេះដែរ មានដើមកំណើតនៅសមុទ្រប៉ាស៉ីហ្វិកភាគខាងជើង ចាប់ពីរដ្ឋកាលីហ្វរញ៉ា ទៅរដ្ឋអាឡាស្កា សហរដ្ឋអាមេរិក។
៣៖ បង្គួយ តូតារ៉ា (Tuatara)
បង្គួយតូតារ៉ា គឺជាប្រភេទសត្វ ដែលស្ថិតក្នុងពួក Sphenodontia ហើយពួកវាជាសត្វបង្គួយតែមួយគត់ ដែលសល់តាំងពី ២០០លានឆ្នាំមុន។ បង្គួយប្រភេទនេះ គឺជាសត្វមួយក្នុងចំណោម សត្វឆ្អឹងខ្នង ដែលមានជីវិតយូរជាងគេលើផែនដីយើងនេះ ខណៈដែលពួកវាខ្លះរស់នៅបានប្រហែល ១០០ឆ្នាំឯណោះ។
តូតារ៉ា មាននៅតែប្រទេសញ៉ូហ្សេឡែនដ៍ តែប៉ុណ្ណោះ។ ពួកវានឹងចេះបន្តពូជ បន្ទាប់ពីមានអាយុ ១០ទៅ ២០ឆ្នាំ ហើយបន្តលូតលាស់រហូតដល់អាយុ ៣៥ទៅ ៤០ឆ្នាំ។
៤៖ ជន្លេនសមុទ្របំពង់ ឡាមឺលីប្រាឈៀ (Lamellibrachia Tube Worm)
សត្វសមុទ្រប្រភេទនេះ រស់នៅបានចន្លោះពី ១៧០ទៅ ២៥០ឆ្នាំ។ ជន្លេនបំពង់ ឡាមឺលីប្រាឈៀ មានលក្ខណៈពិសេសមួយប្លែកជាងគេ ក្នុងចំណោមប្រភេទសត្វស្រដៀងៗគ្នាដូចវា ពីព្រោះពួកវាលូតលាស់យឺតៗពេញមួយជីវិត រហូតដល់មានប្រវែងជាង ៦ហ្វីត។
សូមជម្រាបថា ជន្លេនសមុទ្រនេះដែរ ត្រូវបានគេរកឃើញនៅសមុទ្រអាត្លង់ទិក ជាពិសេសនៅតាមផ្នែកទឹករាក់ នៅឯឈូងសមុទ្រម៉ិចស៉ីកូ។
៥៖ សត្វសមុទ្រដែលមានបន្លា រេដស៉ី (Red Sea Urchin)
សត្វសមុទ្រ រេដស៉ី អាចរស់នៅបានចាប់ពី ១០០ទៅ ២០០ឆ្នាំ។ ពួកវា មានតែនៅក្នុងសមុទ្រប៉ាស៉ីហ្វិក ជាពិសេសនៅតាមឆ្នេរសមុទ្រភាគខាងលិច នៃអាមេរិកខាងជើង និងឆ្នេរសមុទ្រភាគខាងជើង នៃប្រទេសជប៉ុន ហើយពួកវារស់នៅតាមទឹករាក់ និងខ្លះទៀតរស់នៅតាមក្រហែងថ្ម។
សត្វសមុទ្រដែលមានបន្លា រេដស៉ី មិនរស់នៅតាមតំបន់ដែលមានរលកធំៗ ហើយពួកវាតាំងខ្លួននៅតាមខ្សែជំនោរទាប រហូតដល់ទៅ ៣០០ហ្វីត។ ពួកវា ធ្វើចលនាតាមបណ្តោយសមុទ្រ ដោយប្រើបន្លា ដែលនៅជុំវិញខ្លួនពួកវា ធ្វើជាទម្រ។
៦៖ បាឡែនក្បាលកោង (Bowhead Whale)
បាឡែនក្បាលកោង ឬបាឡែនអាក់ទិក គឺជាថនិកសត្វដែលរស់នៅបានយូរផងដែរ នៅលើផែនដី។ អាយុជាមធ្យម របស់ត្រីបាឡែននេះ គឺពី ៦០ទៅ ៧០ឆ្នាំ តែយ៉ាងណាក៏ដោយ មានប្រភេទខ្លះ អាចរស់នៅបានដល់ទៅ ១០០ឆ្នាំឯណោះ។
គួរឲ្យដឹងថា បាឡែនក្បាលកោង ត្រូវបានរកឃើញថា រស់ក្នុងទឹកដែលត្រជាក់ៗ នៅឯសមុទ្រអាត្លង់ទិកខាងជើង និងសមុទ្រប៉ាស៉ីហ្វិកខាងជើង។
៧៖ ត្រី ខយ (Koi Fish)
ត្រីខយ គឺជាត្រីសម្រាប់ដាក់លម្អ នៅតាមគេហដ្ឋាន និងត្រូវបានចាត់ទុកថា ជាត្រីទឹកសាប ដែលមានលក្ខណៈសម្បត្តិ មិនសាមញ្ញឡើយ។ ពួកវា មានវដ្តជីវិតប្រមាណ ៤០ឆ្នាំ ខណៈដែលត្រីខយចំណាស់បំផុត ធ្លាប់រស់នៅដល់ទៅ ២០០ឆ្នាំឯណោះ។
ត្រីខយ អាចលូតលាស់ដល់ទៅ ៣ហ្វីត និងមានដើមកំណើតនៅតាមទឹកសាប ឯសមុទ្រកាស្ពៀន (Caspian Sea)។ ត្រីទាំងនេះ អាចរកឃើញនៅក្នុងអាមេរិកខាងជើង, អាមេរិកខាងត្បូង, អាហ្រ្វិក, អឺរ៉ុប និងអាស៉ី។ បើនិយាយដោយឡែក យើងក៏អាចរកវាឃើញ នៅក្នុងអាងថ្មសិប្បនិម្មិត និងស្រះតុប ដែលត្រូវគេតុបតែងផងដែរ។
៨៖ អណ្តើកគោក (Tortoise)
មានវដ្តជីវិត ១៧៧ឆ្នាំ អណ្តើកគោក ត្រូវបានគេចាត់ទុកថា ជាពួកសត្វឆ្អឹងកងមួយប្រភេទ ដែលរស់នៅបានយូរបំផុតលើផែនដី។ កាលពីឆ្នាំ២០០៦ មានអណ្តើកគោកមួយក្បាល ឈ្មោះថា Harriet បានស្លាប់នៅក្នុងសួនសត្វ របស់លោក ស្ទេហ្វ អ៉ីវីន (Steve Irwin)។
សូមរំលឹកថា អណ្តើកគោកមួយក្បាលទៀត បានស្លាប់ក្នុងអាយុ ១៨៧ឆ្នាំ ត្រូវបានចាត់ថ្នាក់ថា ជាប់ឯកទកម្មពិភពលោក (Guinness World Records) គឺជាអណ្តើកគោកដំបូង ដែលចាស់ជាងគេបំផុតលើផែនដីនេះ។ អណ្តើកមួយក្បាលនេះ ធ្លាប់រស់នៅក្នុងប្រទេស ស៉ីហ្សែលលឹស (Seychelles) នៅឯអាហ្វ្រិកខាងកើត។
៩៖ លៀសសមុទ្រ កូហុក (Ocean Quahog)
លៀសសមុទ្រ កូហុក គឺជាសិប្បិសត្វ ដែលអាចរស់នៅបាន ២០០ឆ្នាំ ប៉ុន្តែវដ្តជីវិតរបស់ពួកវា ជាមធ្យមមានត្រឹមតែ ១០០ឆ្នាំប៉ុណ្ណោះ។
គេសង្កេតឃើញថា ពួកវារស់នៅកន្លែងជាច្រើន ដូចជា ឆ្នេរសមុទ្រខាងកើត នៃអាមេរិកខាងជើង ដល់ប្រទេសអ៊ែកឡង់, កោះស្ហែតឡែនដ៍ (Shetland) ប្រទេសស្កុតឡែនដ៍, និងកាឌីហ្ស (Cadiz) ប្រទេសអេស្ប៉ាញ។ លៀសសមុទ្រ កូហុក កប់ខ្លួនឯងនៅក្នុងសមុទ្រ ដើម្បីធ្វើជាចំណីឲ្យទៅពួកសារាយសមុទ្រល្អិតៗ។
១០៖ បញ្ញើក្អែក អាន់តាកទិក (Antarctic Sponge)
បញ្ញើក្អែក អាន់តាកទិក រស់នៅក្នុងជម្រៅទឹកប្រហែល ៣២៥ទៅ ៦៥០០ហ្វីត ហើយនៅក្នុងទឹ កដែលមានអាកាសធាតុត្រជាក់ក្រៃលែង។ សត្វប្រភេទនេះ មានការលូតលាស់ខ្សោយណាស់ ខណៈដំណើរការក្នុងសារពាង្គកាយ ក៏យឺតខ្លាំងណាស់ដែរ ដែលធ្វើឲ្យពួកវាមានអាយុវែង។
ក្រុមអ្នកស្រាវជ្រាវ បានសិក្សាទៅលើពពួកបញ្ញើក្អែកប្រភេទនេះមួយប្រភេទ ឈ្មោះ Anoxycalyx joubini ដោយរកឃើញថា លទ្ធភាពដែលពួកវាអាចរស់នៅបាន មានដល់ទៅ ១៥០០០ឆ្នាំ។ ការសិក្សាដូចគ្នា ក៏បង្ហាញដែរថា ពពួក Cinachyra antarctica ដែលមិនរស់នៅក្នុងទឹកជ្រៅ ដូចពពួក Anoxycalyx joubini អាចរស់នៅបានចាប់ពី ១៥៥០ឆ្នាំឡើងទៅ។
១១៖ ខ្ញែរសមុទ្រអមតៈ តួរីតុបស៉ីស (Turritopsis)
តួរីតុបស៉ីស គឺជាខ្ញែរអមតៈ ដែលស្ថិតនៅក្នុងពពួកជេលលីហ្វីស (Immortal Jellyfish)។ ពួកវា គឺជាភាវសមុទ្រដែលមានជីវិតអមតៈ ដោយវាមានជីវិតរស់នៅ តាំងពីអំឡុងពេលកកើតជីវិតដំបូង នៅលើផែនដីកាលពីជាង ៥០០លានឆ្នាំមុនមកម្ល៉េះ។
គេបានពន្យល់ថា តួរីតុបស៉ីស មានរូបរាងដូចជាខ្ញែរសមុទ្រតូចៗធម្មតាដែរ ដែលមានទ្រង់ទ្រាយដូចជាកណ្ដឹងប្រវែង ៥មីលីម៉ែត្រ ឡោមព័ទ្ធដោយពុកមាត់ពិសមិនតិចជាង ៨០សរសៃ រីឯដងខ្លួនរបស់វាមានសភាពថ្លា អាចមើលឃើញឆ្លុះដល់ក្នុងពោះដែលមានពណ៌ក្រហមភ្លឺ។
វាស៉ីសត្វផ្សេងៗជាអាហា រដោយប្រើពុកមាត់បញ្ចេញពិសដាក់ឱ្យស្រងល់ ហើយកៀរបញ្ចូលក្នុងមាត់។ មាត់របស់វានេះទៀតសោត ក៏ប្រើជាទ្វារធំបញ្ចេញលាមកផងដែរ ចំណែកឯខ្ញែរសមុទ្រញី ក៏ភ្ញាស់ពងតាមទ្វារធំនេះដែរ ក្រោយពីខ្ញែរសមុទ្រឈ្មោលបាញ់ទឹកកាមចូល។
ពងដែលបង្កាត់ពូជរួចនឹងអណ្ដែតទៅជាប់នឹងថ្មក្រោមបាតសមុទ្រ ហើយលូតលាស់ទៅជា ផូលីព( Polyp) ដែលមើលទៅស្រដៀងនឹងកូនផ្កាសមុទ្រ។ ក្រោយមក ផូលីពនឹងបែកខ្នែងប្រែក្លាយជាខ្ញែរសមុទ្រពេញវ័យ ហើយដំណើរការបន្តពូជទាំងអស់ នឹងចាប់ផ្ដើមជាថ្មីម្ដងទៀតតាមលំនាំដូចគ្នានេះ។
ខ្ញែរសមុទ្រអមតៈពេញវ័យ ដែលបន្តពូជរួច ពួកវាមិនងាប់នោះទេ វានឹងប្ដូរខ្លួនទៅជាផូលីពម្ដងទៀត ដោយពុកមាត់របស់វានឹងរួញទៅវិញ រាង្គកាយរបស់វាក៏រួញដែរ ហើយធ្លាក់ទៅបាតមហាសមុទ្រ ដើម្បីផ្ដើមដំណើរជីវិតជាថ្មីម្ដងទៀត។ កោសិកាដែលធំពេញវ័យរបស់ពួកវា នឹងរលាយទៅជារូបបែបដើម។ ទីបំផុត ពួកវានឹងត្រលប់ទៅជាក្មេងខ្ចីម្ដងទៀត ហើយវានៅតែរស់នៅបែបនេះម្ដងហើយម្ដងទៀត។
ការបន្តពូជដោយបំបែកខ្នែងដូចខ្ញែរសមុទ្រនេះ កើតមានក្នុងភាវៈមានជីវិតរាប់ពាន់ប្រភេទ ហើយរយៈពេលជាង ៥០០លានឆ្នាំកន្លងមកនេះ ស្ទើរតែគ្មានការផ្លាស់ប្ដូរឡើយ។ ប៉ុន្តែអ្វីដែលធ្វើឱ្យខ្ញែរសមុទ្រមានភាពអមតៈ ពិសេសជាងគេនោះ គឺវាមានការវិវត្តជាដរាប ដែលគ្មានភាវៈមានជីវិតណាអាចប្រៀបធៀបបានឡើយ។
ប្រភពរស់នៅរបស់ខ្ញែរសមុទ្រអមតៈនេះ ត្រូវបានគេរកឃើញថាមានច្រើននៅសមុទ្រការីបៀន ទ្វីបអាមេរិកកណ្ដាល។ ប៉ុន្តែ វាមិនមែនជាអាហារសម្រាប់មនុស្សយកមកបរិភោគ ដើម្បីបង្កើនអាយុ ឬសម្រាប់ធ្វើឱ្យជីវិតអមតៈនោះទេ។
ខ្ញែរសមុទ្រអមតៈមួយចំនួន ទាំងញី ទាំងឈ្មោល ក៏តែងមានជំងឺស្លាប់កើតលើពួកវាផងដែរ ចំណែកខ្ញែរសមុទ្ររស់ ក៏នៅតែមានជីវិតរស់នៅរហូតមក។ ប៉ុន្តែទោះបីយ៉ាងនេះក្ដី គឺក៏នៅមិនទាន់ដឹងថា អនាគតរបស់ភាវអមតៈនេះ នឹងទៅជាយ៉ាងណានោះឡើយ៕
ប្រភព៖ treehugger ប្រែសម្រួលដោយ Fresh News Plus