(បរទេស)៖ ISO គឺជាឈ្មោះអង្គការស្តង់ដាអន្តរជាតិ International Organization for Standardization។ អង្គការ ISO ផ្ទាល់អះអាងថា ពាក្យ ISO នេះ មិនមែនចេញមកពីឈ្មោះពេញ International Organization for Standardization ឡើយ គឺវាចេញមកពីពាក្យក្រិច «ISOS» ដែលមានន័យថា «ស្មើភាព» ឯណោះទៅវិញ។

អង្គការ ISO គឺជាស្ថាប័នធំជាងគេបំផុត ខាងអភិវឌ្ឍន៍និងចេញផ្សាយស្តង់ដាលក្ខណៈអន្តរជាតិជាច្រើន នៅជុំវិញពិភពលោក។ ស្តង់ដាទាំងអស់នេះ មានសារៈសំខាន់ជាខ្លាំង សម្រាប់អនុវត្តលើការគ្រប់គ្រងចំពោះប្រតិបត្តិការ ផលិតកម្ម សេវាកម្ម និងគុណភាពរបស់ក្រុមហ៊ុនអាជីវកម្មនីមួយៗ។

ពេលដែលក្រុមហ៊ុននីមួយៗនៅជុំវិញសកលលោក អនុលោមតាមស្តង់ដារួមដូចគ្នា នោះបច្ចេកទេសនៃការគ្រប់គ្រង របៀបរបបអាជីវកម្ម ការគ្រប់គ្រងលើផលិតកម្ម ព្រមទាំងគុណភាព ផលិតផល និងសេវាកម្ម ជាដើម គឺទាំងអស់ត្រូវបានកំណត់ស្តង់ដាត្រឹមត្រូវជាអន្តរជាតិ។ មកទល់ពេលនេះ អង្គការ ISO បានចេញផ្សាយស្តង់ដាជាង២២,០០០ស្តង់ដា មានសមាជិកជាង១៦០ប្រទេស និងមានគណៈកម្មាធិការ បច្ចេកទេសសម្រាប់ការអភិវឌ្ឍស្តង់ដាយ៉ាងតិច៨០០។

ខណៈ ISO អភិវឌ្ឍស្តង់ដាអន្តរជាតិដូចជា ISO 9001 ជាដើមក៏ដោយ គឺ ISO មិនជាប់ពាក់ព័ន្ធក្នុងការផ្ទៀងផ្ទាត់លើ ដំណើការអនុវត្តស្តង់ដារបស់ខ្លួន ដោយក្រុមហ៊ុនអាជីវកម្មណាមួយ ឬក៏ចេញវិញ្ញាបនបត្រឲ្យពួកគេឡើយ ព្រោះវាជាកិច្ចការរបស់ស្ថាប័នពាក់ព័ន្ធដទៃទៀត ដែលជាភាគីទី៣។ ស្តង់ដា ISO ត្រូវបានបង្កើតឡើងសម្រាប់វិស័យជាច្រើន ដោយនីមួយៗគឺមានលេខសម្គាល់របស់ខ្លួនគឺចាប់ពីលេខ១ (ISO 1) រហូតដល់រាប់ម៉ឺន (ISO 50000...)។

ក្នុងចំណោមនោះ លេខស្តង់ដាល្បីជាងគេគឺ ISO 9000 សម្រាប់ការបង្កើតប្រព័ន្ធគ្រប់គ្រងគុណភាពអាជីវកម្ម។ គុណភាព គឺជាកត្តាដ៏សំខាន់ដើម្បីជួយឲ្យអាជីវកម្មមួយ រក្សាជំហរប្រកួតប្រជែងនៅក្នុងឧស្សាហកម្មនានា។ ត្រកូលស្តង់ដា ISO 9000 រួមមានលេខស្តង់ដាល្បីៗដែលគេចំណាំឃើញគឺ ISO 9001, ISO 9002, ISO 9003, និង ISO 9004 ជាដើម។ ស្តង់ដាគុណភាពរបស់ ISO ផ្តល់ការណែនាំដល់ក្រុមហ៊ុនអាជីវកម្ម និងជួយពួកគេបង្កើតនូវឧបករណ៍ចាំបាច់នានា ដើម្បីពង្រឹងគុណភាពជាលំដាប់ ហើយធានាថាពួកគេនឹងអាចបំពេញតាមតម្រូវការរបស់អតិថិជនបានជាប់ជានិច្ច និងធ្វើឲ្យអតិថិជនអាចមានជំនឿទុកចិត្តខ្ពស់។

គួរជម្រាបថា បច្ចុប្បន្នស្តង់ដា ISO 9001:2015 (2015 មានន័យថាជំនាន់ចេញផ្សាយឆ្នាំ២០១៥) គឺជាស្តង់ដាតែមួយគត់ នៅក្នុងត្រកូលស្តង់ដា ISO 9000 ដែលក្រុមហ៊ុនអាជីវកម្មអាចយកទៅអនុវត្តតាម ហើយអាចទទួលបានវិញ្ញាបនបត្រ។ មកទល់ពេលនេះ មានក្រុមហ៊ុនអាជីវកម្មមិន តិចជាង១លាននោះឡើយ នៅតាមបណ្តាប្រទេសជាង១៧០ ដែលមានការទទួលស្គាល់ ISO 9001។ ស្តង់ដា ISO 9001 ពិសេសជាង ISO 9002, 9003, និង 9004 ត្រង់ថា វាគ្របដណ្តប់លើផ្នែកគុណភាពបានគ្រប់ជ្រុងជ្រោយល្អជាងគេបង្អស់។

លេខស្តង់ដាល្បីៗមួយចំនួនទៀតរបស់ ISO រួមមានដូចជា ISO 14001 និង ISO 50001 ដែលផ្តោតលើខាងផ្នែកបរិស្ថាន និង ISO 27001 ដែលផ្តោតទៅលើសន្តិសុខព័ត៌មានជាដើម៕