(សហរដ្ឋអាមេរិក)៖ ចាប់តាំងពីឆ្នាំ១៧៨៩ រហូតដល់ពេលបច្ចុប្បន្ន សហរដ្ឋអាមេរិកមានប្រធានាធិបតីចំនួន ៤៥រូប ដែលម្នាក់ៗសុទ្ធតែមានលក្ខណៈពិសេសរៀងៗខ្លួន ប៉ុន្តែមានតែម្នាក់គត់ដែលមានប្រវត្តិកម្រត់ជូរចត់ជាងគេ តាំងពីថ្ងៃឃើញពន្លឺអាទិត្យដំបូង រហូតដល់បិទភ្នែកលាចាកលោកទៅវិញ។

លោកអ្នកប្រាកដជាបានឃើញក្រដាសប្រាក់ ៥ ដុល្លារសហរដ្ឋអាមេរិកហើយ ដែលមានបញ្ចុះរូបភាពលោក អាប្រាហាម លីងខូលន៍ ប្រធានាធិបតីទី១៦ របស់សហរដ្ឋអាមេរិក។ ដើម្បីដឹងថាជីវិតរបស់លោកប្រធានាធិបតីទី១៦រូបនេះ ជួបនូវរឿងជូរចត់កម្សត់វេទនាយ៉ាងណាខ្លះនោះ Fresh News Plus សូមលើកបង្ហាញដូចតទៅ៖

* កំណើតក្នុងខ្ទមកម្សត់ និងការតស៊ូ

ទារក លីងខូលន៍ បានប្រសូត្រឡើងនាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ១៨០៩ ក្នុងខ្ទមកម្សត់តូចមួយនាស្រុកហារឌីន (Hardin) នៃរដ្ឋខិនតាក់គី (Kentucky)។ គ្រួសាររបស់គេជាគ្រួសារកសិករមួយដែលមានជីវភាពក្រខ្សត់ណាស់ ហើយម្ដាយក៏បានទទួលមរណភាពតាំងតែ លីងខូលន៍ នៅវ័យក្មេង រីឯឪពុកក៏ជាមនុស្សប្រមឹកវីវក់នឹងសុរានោះទៅទៀត។ ក្រោយពេលម្ដាយបង្កើតរបស់ លីងខូលន៍ ស្លាប់ទៅបានមួយរយៈក្រោយមក ឪពុករបស់គេក៏បានយកប្រពន្ធក្រោយ ប៉ុន្តែម្ដាយចុងរបស់ លីងខូលន៍ បានចិញ្ចឹមបីបាច់កុមារកម្សត់រូបនេះបានយ៉ាងល្អត្រឹមត្រូវ។

កុមារ លីងខូលន៍ មានភព្វសិក្សារៀនសូត្រនៅក្នុងសាលាបានតែមួយឆ្នាំគត់ប៉ុណ្ណោះ ដោយសារជីវភាពក្រលំបាកពេក គេក៏លែងបានរៀននៅសាលាតទៅទៀត។ ប៉ុន្តែក្មេងឈាមអណ្ដែតម្នាក់នេះ គឺជាមនុស្សចូលចិត្តអានសៀវភៅណាស់។ មានរឿងដ៏គួរឱ្យស្ងើចសរសើរមួយចំពោះ លីងខូលន៍ គឺឱ្យតែគេដឹងថាផ្ទះណាមានសៀវភៅអាន គេតែងតែទៅសុំខ្ចីសៀវភៅទាំងនោះមកអានជាហូរហែ ការអានសៀវភៅសំខាន់ខ្លាំងជាឃ្លានបាយទៅទៀត រហូតមានពេលខ្លះគេត្រូវធ្វើដំណើរដោយថ្មើរជើងរាប់សិបគីឡូម៉ែត្រ ដើម្បីតែទៅសុំខ្ចីសៀវភៅគេយកមកអាននៅផ្ទះ។

លីងខូលន៍ ជាមនុស្សពូកែនិយាយឱ្យគេស្ដាប់ ទើបធ្វើឱ្យមនុស្សភាគច្រើនស្គាល់គាត់ និងចូលចិត្តគាត់ជារឿយៗ ពីព្រោះតែអំពើល្អរបស់គាត់ចំពោះអ្នកដទៃ។ នៅអាយុ១៩ឆ្នាំ គាត់បានចែវទូកពីរដ្ឋអូហៃយ៉ូ (Ohio) ទៅដល់ទីក្រុងញូវអរលាន (New Orleans) នៃរដ្ឋល្វីស្យាណា (Louisiana)។ គឺនៅទីនោះហើយដែលលោកបានឃើញទិដ្ឋភាពដ៏ព្រៃផ្សៃនៃរបបទាសភាព ដែលពួកទាសករត្រូវគេធ្វើទារុណកម្ម និងលក់ដូរដូចជាសត្វតិរច្ឆាន។ ភាពអាណិតអាសូរនេះ បានដាស់ស្មារតីឱ្យលោកខិតខំពុះពារធ្វើគ្រប់បែបយ៉ាង ដើម្បីរំដោះពួកទាសករទូទាំងសហរដ្ឋអាមេរិកឱ្យរួចផុតពីរបបទាសភាពដ៏ឃោរឃៅនេះ។

នៅឆ្នាំ១៨៣៤ លោកបានខិតខំពុះពារសម្រេចការសិក្សាផ្នែកច្បាប់ រហូតបានក្លាយជាមេធាវីដ៏ឆ្នើមម្នាក់ មានកេរ្តិ៍ឈ្មោះល្បីល្បាញទូទៅរដ្ឋអ៉ីលីណយ (Illinois) ទីដែលលោកបំពេញការងារ។ ចាប់ពីពេលនោះមក លោកកាន់តែមានឈ្មោះបោះសំឡេងរីកសាយភាពស្ទើរតែទូទៅសហរដ្ឋអាមេរិក ជាមួយនឹងការខិតខំបំពេញការងារ ជួយអ្នកក្រខ្សត់ ប្រកាន់អំពើសុចរិតទៀងត្រង់។

* តំណែងជាប្រធានាធិបតី

នៅឆ្នាំ១៨៤៦ លោក អាប្រាហាម លីងខូលន៍ ទទួលបានការជ្រើសរើសជាសមាជិកសភានៅទីក្រុងវ៉ាស៉ីងតោន (Washington) រយៈពេលមួយអាណត្តិ។ នៅឆ្នាំ១៨៥៨ គាត់បានឈរឈ្មោះជាបេក្ខជនក្នុងការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា ប៉ុន្តែមិនជាប់ឆ្នោតនោះឡើយ។ ជាមួយគ្នានោះ លោកបានឃោសនានយោបាយបំផុសប្រជាជនឱ្យរួមគ្នាលុបបំបាត់របបទាសភាពចេញពីសហរដ្ឋអាមេរិកទាំងមូល និងទទួលបានការគាំទ្រយ៉ាងខ្លាំងសម្បើម។

នៅឆ្នាំ១៨៦០ លោក លីងខូលន៍ បានសម្រេចចិត្តចុះឈ្មោះប្រឡងប្រជែងដណ្ដើមយកតំណែងប្រធានាធិបតីឱ្យគណបក្សសាធារណរដ្ឋ ហើយក៏ជាប់ឈ្មោះជាប្រធានាធិបតីទាំងមិនដឹងខ្លួន ខណៈរូបលោកផ្ទាល់មិនមានអ្វីសំខាន់ខ្លាំងជាងគូប្រជែងនៅខាងគណបក្សប្រជាធិបតេយ្យសោះឡើយ ប៉ុន្តែជ័យជម្នះនេះក៏បណ្ដាលមកពីនៅគណបក្សប្រជាធិបតេយ្យមានបញ្ហាជម្លោះផ្ទៃក្នុងផងដែរ កាលណោះ។

មានគ្រាមួយនោះ គាត់បានស្លៀកពាក់សម្លៀកបំបាក់តាមសម័យទំនើបមួយឈុតយ៉ាងសង្ហា ឡើងជិះសេះចេញទៅថ្លែងបទបាឋកថាឱ្យប្រជាជនរបស់គាត់ ប៉ុន្តែនៅតាមផ្លូវធ្វើដំណើរនោះ លោកបានពើបប្រទះនឹងសត្វជ្រូកមួយក្បាលកំពុងជាប់ភក់ផុងរើមិនរួច។ តាមពិតទៅ លោកអាចជិះសេះហួសទៅបាន ប៉ុន្តែលោកបែរជាចុះពីលើខ្នងសេះ ហើយយកកំណាត់ឈើមួយ ដើម្បីគាស់លើកសត្វជ្រូកនោះចេញថ្លុក។ សម្លៀកបំពាក់របស់គាត់ក៏ប្រឡាក់ភក់ស្រមក តែគាត់នៅតែបន្តទៅមុខទៀត ដើម្បីថ្លែងបទបាឋកថា។

នៅពេលឡើងថ្លែងទាំងស្រមេកស្រមកនោះ គ្រប់គ្នាមិនសូវស្ដាប់អំពីបទបាឋកថារបស់លោកឡើយ តែពួកគេបែរជានាំគ្នានិយាយពីមាត់មួយទៅមាត់មួយនូវសន្ដានចិត្ត និងសេចក្ដីមេត្តារបស់លោកទៅវិញ។ នេះហើយគឺជាការចងចាំមួយដែលជនជាតិអាមេរិកាំងតែងតែរំឭកឡើង ប្រកបដោយមោទនភាពចំពោះទង្វើរបស់មហាបុរសរូបនេះ។

* ការបង្រួបបង្រួមសហរដ្ឋ និងការពុះពារលុបបំបាត់របបទាសភាព

ប្រធានាធិបតីសហរដ្ឋអាមេរិកទី១៦រូបនេះ បានដឹកនាំប្រទេសក្នុងសម័យសង្គ្រាមស៉ីវិល (១៨៦១-១៨៦៥) ដែលជាវិបត្តិដ៏ធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក។ រដ្ឋភាគខាងត្បូងមួយចំនួនបានព្យាយាមបំបែកខ្លួនចេញពីសហភាព ដើម្បីប្រឆាំងមិនឱ្យមានការលុបបំបាត់របបទាសភាព។ សង្គ្រាមបានចាប់ផ្ដើម និងអូសបន្លាយអស់ពេល ៤ឆ្នាំ ដោយរដ្ឋខាងត្បូងចំនួន ២៣រដ្ឋ មានប្រជាជនចំនួន ២២លាននាក់ បានបង្កការប្រឆាំងជាមួយរដ្ឋខាងជើងចំនួន ១១រដ្ឋ ដែលមានប្រជាជនចំនួន ៩លាននាក់។

ទីបំផុតនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ១៨៦៥ កងទ័ពសម្ពន្ធ (ខាងត្បូង) ក៏ព្រមចុះចាញ់កងទ័ពសហភាព (ខាងជើង) នៅសមរភូមិអាបប៉ូម៉ាតុក្ស (Appomattox)។ របបទាសភាពក៏ត្រូវបានបញ្ចប់ក្នុងអាណត្តិដឹកនាំរបស់លោក អាប្រាហាម លីងខូលន៍។ លើសពីនេះទៀត លោកក៏ត្រូវបានគេចាត់ទុកថា ជាអ្នករួមចំណែកបញ្ជ្រៀសសហរដ្ឋអាមេរិកទាំងមូលមិនឱ្យមានការបែកបាក់គ្នាផងដែរ។

* អវសានជីវិត

បន្ទាប់ពីលុបបំបាត់របបទាសភាពបានសម្រេចនាថ្ងៃទី១៥ ខែមេសា ឆ្នាំ១៨៦៥ ហើយ លោក អាប្រាហាម លីងខូលន៍ និងក្រុមគ្រួសារបានទៅមើលការសម្ដែងល្ខោននៅទីក្រុងវ៉ាស៉ីនតោន ហើយក៏ត្រូវតួល្ខោនម្នាក់ឈ្មោះ ចន វីលខេស ប៊ូត (John Wilkes Booth) លួចធ្វើឃាតបានសម្រេច។ លោក អាប្រាហាម លីងខូលន៍ និងភរិយា គឺលោកស្រី ម៉ារី ថូដ លីងខូលន៍ (Mary Todd Lincoln) ក៏បានទទួលមរណភាពនារាត្រីថ្ងៃទី១៥ ខែមេសា ឆ្នាំ១៨៦៥ នោះតែម្ដងទៅ។

ការលួចធ្វើឃាតប្រធានាធិបតីរបស់ខ្លួនពីសំណាក់តួល្ខោនរូបនោះ គឺដោយសារគេមិនសុខចិត្តនឹងការបរាជ័យរបស់ក្រុមរដ្ឋខាងត្បូង ដែលចាញ់សង្គ្រាមក្រោមដៃក្រុមរដ្ឋខាងជើង និងការលុបបំបាត់របបទាសភាពក្រោមដៃរបស់លោក ប្រាហាម លីងខូលន៍ នេះឯង។

នេះហើយជាប្រវត្តិកម្សត់របស់លោក អាប្រាហាម លីងខូលន៍ ដែលបានឆ្លងកាត់ភាពជូរចត់លំបាកវេទនា លាយឡំជាមួយការតស៊ូតាំងពីវ័យកុមាររហូតបានក្លាយជាប្រធានាធិបតីមួយរូប ដែលមានឆន្ទៈ និងស្នាដៃចំពោះជាតិមាតុភូមិ ចំពោះប្រជាពលរដ្ឋទូទាំងសហរដ្ឋអាមេរិក។ សូម្បីតែការស្លាប់របស់លោក ក៏មច្ចុរាជមិនប្រណីមេត្តាផ្ដល់ឱកាសឱ្យលោកបានស្លាប់ដោយភាពមរម្យនោះឡើយ៕